ទីផ្សារក្នុងស្រុក - មូលដ្ឋានគ្រឹះសម្រាប់សហគ្រាសស្ដារ និងអភិវឌ្ឍន៍ឡើងវិញ

Chia sẻ
(VOVWORLD) - ជំងឺរាតត្បាតកូវីដ ១៩ មិនត្រឹមតែប៉ះពាល់ដល់សកម្មភាពនាំចេញប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការធ្វើចរាចរណ៍ ទំនិញពាណិជ្ជកម្មទៀតផង។ ក្នុងបរិបទនេះ ទីផ្សារក្នុងស្រុកដែលមាន ប្រជាជនប្រមាណ ១០០ លាននាក់ ត្រូវបានចាត់ទុកជាមូលដ្ឋានសម្រាប់សហគ្រាសធ្វើអាជីវកម្ម ជំនះពុះពារលើការលំបាក ក៏ដូចជាជំរុញកំណើនផងដែរ។
ទីផ្សារក្នុងស្រុក - មូលដ្ឋានគ្រឹះសម្រាប់សហគ្រាសស្ដារ និងអភិវឌ្ឍន៍ឡើងវិញ - ảnh 1លោកស្រី Tran Thi Phuong Lan ប្រធានស្តីទីមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងហាណូយ 

ជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឲ្យប្រជាជនមានទម្លាប់កាត់បន្ថយការចំណាយ និងទិញឥវ៉ាន់ ដែលនាំឲ្យប៉ះពាល់ដល់មុខទំនិញមិនចាំបាច់ និងសេវាកម្មលែងកម្សានយ៉ាងធ្ងន់ធ្ងរ។ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២១ ការលក់រាយទំនិញ និងប្រាក់ចំណេញសេវាកម្មប្រើប្រាស់សរុបបានថយចុះជាង ៧%។ ប្រាក់ចំណូលពីការលក់រាយទំនិញក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២១ បានថយចុះ ៣,៣៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ ជំងឺកូវីដ ១៩ បានជះឥទ្ធិពលដល់គ្រប់ជ្រុងជ្រោយនៃជីវភាពរស់នៅសង្គមម ដោយបង្ខំឱ្យសហគ្រាសត្រូវមានការច្នៃប្រឌិត និងប្រតិកម្មយ៉ាងឆាប់រហ័ស ដើម្បីសម្របខ្លួននឹងនិន្នាការ និងរបៀបប្រើប្រាស់ថ្មី។ ដូច្នេះ ការផ្លាស់ប្ដូរគំរូធ្វើអាជីវកម្ម ចាប់ពីផលិតកម្ម ដល់ការចែកចាយ ការដឹកជញ្ជូន និងការបញ្ចេញលក់ គឺជាដំណោះស្រាយដ៏ល្អបំផុតដើម្បីជួយសម្រួលសហគ្រាសអភិវឌ្ឍន៍ក្នុងបរិបទថ្មី។ លោក Vu Vinh Phu អ្នកជំនាញពាណិជ្ជកម្មម្នាក់បានឲ្យដឹងថា៖ ដើម្បីជំរុញតម្រូវការទីផ្សារក្នុងស្រុក គឺចាំបាច់ត្រូវរៀបចំផែនការអភិវឌ្ឍន៍ផលិតកម្ម និងប្រព័ន្ធចែកចាយ ជំរុញខ្លាំងសកម្មភាពតភ្ជាប់ការផ្គត់ផ្គង់ តម្រូវការ និងការតភ្ជាប់គ្នារវាងសហគ្រាស និងខេត្ត ក្រុងនានា ដើម្បីជួយសម្រួលដល់ការបញ្ចេញលក់ផលិតផល៖ “នាបច្ចុប្បន្ននេះ ចាំបាច់ត្រូវបង្កើតខ្សែសង្វាក់ចែកចាយផលិតកម្មឲ្យបានច្រើន ហើយបែងចែកប្រាក់ចំណេញ គ្រប់គ្រងគុណភាព និងបង្កើតប្រព័ន្ធស្តុកទុកយុទ្ធសាស្ត្រសម្រាប់ទំនិញចាំបាច់។ ទន្ទឹមនឹងនេះ បង្កើនការគ្រប់គ្រងគុណភាពក្នុងខ្សែសង្វាក់តម្លៃ កសាងឃ្លាំងស្តុកយុទ្ធសាស្ត្រ កាត់បន្ថយចំណាយ logistic ដឹកជញ្ជូន។ យើងត្រូវផ្ដោតសំខាន់លើការគ្រប់គ្រងទីផ្សារ ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ និងការក្លែងបន្លំពាណិជ្ជកម្ម រៀបចំប្រព័ន្ធចែកចាយឱ្យបានល្អប្រសើរ ដើម្បីធ្វើឲ្យផ្សារទំនើបអភិវឌ្ឍន៍ ក៏ដូចជាបង្កើតការតភ្ជាប់ក្នុងខ្សែសង្វាក់តម្លៃប្រកបដោយសមភាព សមស្របផងដែរ”។

ក្នុងបរិបទបច្ចុប្បន្ននេះ ការតភ្ជាប់ខ្សែសង្វាក់ផលិតកម្ម និងការចែកចាយ ការតភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការ និងការតភ្ជាប់ពាណិជ្ជកម្មរវាងខេត្ត-ក្រុង ចាំបាច់ត្រូវជំរុញការអនុវត្តយ៉ាងខ្លាំងក្លា។ ជាក់ស្ដែង ទីក្រុងហាណូយនឹងជំរុញខ្លាំងសកម្មភាពជំរុញប្រើប្រាស់ទំនិញក្នុងស្រុក ពង្រីកទីផ្សារក្នុងស្រុក សំដៅជំរុញផលិតកម្ម ធ្វើអាជីវកម្ម និងស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងដំណាក់កាលប្រក្រតីភាពថ្មី។ លោកស្រី Tran Thi Phuong Lan ប្រធានស្តីទីមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងហាណូយ បានឲ្យដឹងថា៖ “យើងកំពុងត្រៀមរៀបចំផែនការបម្រើបុណ្យតេតនៅភូមិសាស្ត្រទីក្រុងហាណូយទាំងមូល ឲ្យបានសមស្របនឹងស្ថានភាពនៃជំងឺរាតត្បាត ដោយផ្ដោតសំខាន់លើការជំរុញខ្លាំងកម្មវិធីជំរុញតម្រូវការ ពន្លឿនពាណិជ្ជកម្ម ដើម្បីជំរុញការលក់ចេញសរុប និងប្រាក់ចំណូលក្នុងទីក្រុងហាណូយ។ទន្ទឹមនឹងនេះ បន្តសម្របសម្រួលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីតាមដានយ៉ាងដិតដល់ការវិវឌ្ឍនៃជំងឺរាតត្បាត និងការឆ្លើយតបរបស់បណ្ដាប្រទេស ដើម្បីចាត់វិធានការសមស្របក្នុងការស្វែងរកទីផ្សារនាំចេញទំនិញ ក៏ដូចជាជំរុញខ្លាំងពាណិជ្ជកម្មអេឡិចត្រូនិកបម្រើតម្រូវការរបស់ប្រជាជនផងដែរ”។

ទីផ្សារក្នុងស្រុក - មូលដ្ឋានគ្រឹះសម្រាប់សហគ្រាសស្ដារ និងអភិវឌ្ឍន៍ឡើងវិញ - ảnh 2អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Do Thang Hai

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Do Thang Hai បានឲ្យដឹងថា៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍ផ្គត់ផ្គង់ តម្រូវការ និងតម្លៃទំនិញចាំបាច់  ដើម្បីចាត់វិធានការណ៍កែសម្រួលឲ្យបានទាន់ពេលវេលា និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ខេត្ត ក្រុងនានា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើចរាចរណ៍ទំនិញនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ បង្កើនសកម្មភាពជំរុញ តភ្ជាប់រវាងអ្នកផលិត អ្នកផ្គត់ផ្គង់ ជាមួយអ្នកចែកចាយអង្គការជំរុញពាណិជ្ជកម្មក្នុងស្រុកនៅតាមមូលដ្ឋាន៖ “តាមគម្រោង ក្នុងឆ្នាំ ២០២១ នេះ ការលក់រាយទំនិញ និងប្រាក់ចំណូលពីសេវាកម្មសរុបនឹងកើនឡើងប្រមាណ ពី ៣ ទៅ ៤% បើប្រៀបធៀបនឹងឆ្នាំ ២០២០។ ចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ ផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មបានផ្តោតសំខាន់លើការដោះស្រាយការលំបាកសម្រាប់ផលិតកម្ម ធ្វើអាជីវកម្ម ជាពិសេសគឺសហគ្រាសផលិតកម្មធំៗ សំដៅស្តារឡើងវិញ សកម្មភាពផលិតកម្មយ៉ាងឆាប់រហ័ស រក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសគឺឆ្លៀតយកពេលវេលាដែលតម្រូវការទំនិញកាន់តែកើនឡើងក្នុងឱកាសចុងឆ្នាំ ផងដែរ”។

ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ សហគ្រាសមិនត្រឹមតែបានលើកកំពស់គុណភាពទំនិញប៉ុណ្ណោះទេ ថែមទាំងបានកសាងយុទ្ធសស្ត្រសមស្របក្នុងការកសាងពាណិជ្ជសញ្ញា ដើម្បីរក្សាទីផ្សារយ៉ាងរឹងមាំ។ ដោយមានប្រជាជនចំនួនជិត ១០០ លាននាក់ បច្ចុប្បន្ននេះ គឺជាពេលវេលាដ៏ល្អដើម្បីជំរុញខ្លាំងចលនា ជនវៀតណាមផ្ដល់អាទិភាពលើការប្រើប្រាស់ទំនិញវៀតណាម ដើម្បីបង្កើតការតភ្ជាប់រវាងសហគ្រាស និងខេត្ត ក្រុងនានា សំដៅសម្រួលការបញ្ចេញលក់ផលិតផល ធ្វើអាជីវកម្មលើទីផ្សារក្នុងស្រុកប្រកបដោយប្រសិទ្ធភាព ក៏ដូចជាទាញយកឱកាសតាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីជួយសហគ្រាសស្ដារការអភិវឌ្ឍឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ