កំណត់និងកសាងម៉ាកយីហោទេសចរណ៍ Ha Giang

Vinh Phong
Chia sẻ
(VOVWORLD) - ខេត្ត Ha Giang នៅភាគខាងជើងប្រទេសវៀតណាម មានសក្តានុពល និងគុណសម្បត្តិជាច្រើនសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍។ ខេត្ត Ha Giang កំពុងឆ្ពោះទៅរកគោលដៅនៃការកំណត់ទីតាំងទេសចរណ៍របស់ខេត្តនៅលើផែនទីទេសចរណ៍វៀតណាមនិងពិភពលោក ទន្ទឹមនឹងនោះ នាំវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។

Ha Giang មានសក្តានុពល និងគុណសម្បត្តិជាច្រើនសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍។ ចាប់តាំងពីឆ្នាំ ២០១០ នៅពេលដែលខ្ពង់រាបថ្ម Dong Van ត្រូវបានអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាសមាជិកនៃបណ្តាញឧទ្យានភូគព្ភសាស្ត្រសកល  UNESCO នោះម៉ាកយីហោទេសចរណ៍ Ha Giang បានអភិវឌ្ឍជាបន្តបន្ទាប់។ ខេត្តបានឆ្លៀតយកតម្លៃរបស់ខ្ពង់រាបថ្ម ផ្សារភ្ជាប់ជាមួយការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិចំនួន ១៩ ដែលរស់នៅក្នុងតំបន់ ព្រមទាំងជំរុញកម្មវិធីផ្សព្វផ្សាយនានាផងដែរ។ មកទល់ពេលនេះ រូបភាពទេសចរណ៍ Ha Giang មានលក្ខណៈពិសេសផ្ទាល់ខ្លួន។ លោកស្រី Trieu Thi Tinh អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានឲ្យដឹងថា៖ “Ha Giang ផ្តោតសំខាន់លើការអភិរក្សតម្លៃវប្បធម៌ប្រពៃណី និងរក្សាបេតិកភណ្ឌដែលធម្មជាតិបានផ្តល់ជូន Ha Giang ជាពិសេសគឺសួនឧទ្យានភូគព្ភសាស្ត្រខ្ពង់រាបថ្ម Dong Van។ បច្ចុប្បន្ននេះ យើងបានរក្សាពិធីបុណ្យប្រពៃណីសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិដែលមក Ha Giang ទទួលបានបទពិសោធន៍។ នេះជាវិធីសាស្រ្ត និងទិសដៅអភិវឌ្ឍន៍ទេសចរណ៍របស់ Ha Giang” ។

កំណត់និងកសាងម៉ាកយីហោទេសចរណ៍ Ha Giang - ảnh 1ខេត្ត Ha Giang មានទីតាំងស្ថិតនៅភាគខាងជើងប្រទេសវៀតណាម មានសក្តានុពល និងគុណសម្បត្តិជាច្រើនសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍។ រូបថត៖ TT

ខេត្ត Ha Giang មានបំណងចង់អភិវឌ្ឍន៍ទេសចរណ៍ឲ្យក្លាយជាវិស័យសេដ្ឋកិច្ចសំខាន់នៅឆ្នាំ ២០២៥ ដោយទាក់ទាញភ្ញៀវទេសចរជាង ៣ លាននាក់។ ខេត្តបានកំណត់គោលដៅរហូតដល់ឆ្នាំ ២០៣០ ខ្ពង់រាបថ្ម Dong Van នឹងត្រូវបានទទួលស្គាល់ជាតំបន់ទេសចរណ៍ជាតិ ដោយទាក់ទាញភ្ញៀវទេសចរចំនួន ៥ លាននាក់ក្នុងមួយឆ្នាំ; ប្រាក់ចំណូលសរុបពីទេសចរណ៍ត្រូវបានប៉ាន់ប្រមាណមានចំនួន ២០.៦០០ ពាន់លានដុង (ជាង ៨០០ លានដុល្លារអាមេរិក) រួមចំណែក ១៤,៣៤% ដល់ផលិតផលសរុបក្នុងតំបន់; បង្កើតការងារធ្វើសម្រាប់ពលករជាង ២០.០០០ នាក់។ ក្រៅពីផ្តោតលើការអភិវឌ្ឍន៍ទេសចរណ៍ដោយផ្អែកលើតម្លៃបេតិកភណ្ឌ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍វប្បធម៌ ខេត្ត Ha Giang កំពុងបង្កើត និងធ្វើអាជីវកម្មអេកូទេសចរណ៍ រមណីយដ្ឋាន និងទេសចរណ៍កសិកម្ម។ លោកស្រី Trieu Thi Tinh បានបន្ថែមថា៖ “ការថែរក្សាពាណិជ្ជសញ្ញាទេសចរណ៍ Ha Giang គឺពិបាកណាស់សម្រាប់យើងខ្ញុំ ការកំណត់ទីតាំងផលិតផលឱ្យកាន់តែពិសេសគឺត្រូវការដំណើរមួយ។ ក្នុងរយៈពេលថ្មីៗនេះ ជាមួយនឹងការដឹកនាំ និងតម្រង់ទិសដ៏ជិតស្និទ្ធរបស់អាជ្ញាធរមូលដ្ឋាន យើងអាចបញ្ជាក់ថា ម៉ាកយីហោរបស់ Ha Giang ត្រូវបានកំណត់ទីតាំង និងអភិវឌ្ឍន៍។ យើងបាននិងកំពុងកសាងពាណិជ្ជសញ្ញាទេសចរណ៍សម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ”។

ក្នុងសិក្ខាសាលាកំណត់និងកសាងពាណិជ្ជសញ្ញាទេសចរណ៍ Ha Giang ដែលបានប្រព្រឹត្តិទៅនៅចុងខែមីនាកន្លងទៅ មជ្ឈដ្ឋានអ្នកជំនាញបានចាត់ទុកថា តាមរយៈការធ្វើអាជីវកម្មតម្លៃស្នូល ផលិតផលទេសចរណ៍វិសេសវិសាល តាមទិសបៃតង និងនិរន្តរភាព ... បានបង្ហាញថា Ha Giang គឺជាគោលដៅទេសចរណ៍ទើបលេចចេញនៅតំបន់អាស៊ី។ លោក Lee Kyung Taek អនុប្រធានការិយាល័យតំណាងអគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូង (KTO) ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖ “ខ្ញុំចាត់ទុកថា Ha Giang បន្តកែសម្រួលនិងដំឡើងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ។ Ha Giang មានទេសភាពធម្មជាតិដ៏សម្បើមអស្ចារ្យ និងស្រស់ស្អាតណាស់ ដូច្នេះហើយចាំបាច់ត្រូវបង្កើតផលិតផលអន្តរកម្មជាមួយបណ្តាខេត្តក្នុងតំបន់។ ការទាញយកកត្តាធម្មជាតិជាមួយនឹងកីឡាក្រោមទឹក កន្ត្រកខ្សែកាប ស្ពានសម្រាប់គយគន់ទេសភាព... ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរកូរ៉េខាងត្បូង គឺចាំបាច់ណាស់”។

កំណត់និងកសាងម៉ាកយីហោទេសចរណ៍ Ha Giang - ảnh 2ខេត្ត Ha Giang មានបំណងចង់អភិវឌ្ឍន៍ទេសចរណ៍ឲ្យក្លាយជាវិស័យសេដ្ឋកិច្ចសំខាន់នៅឆ្នាំ ២០២៥ ដោយទាក់ទាញភ្ញៀវទេសចរជាង ៣ លាននាក់។ រូបថត៖ TT

យោងតាមលោកបណ្ឌិត Vu Nam ដេប៉ាតឺម៉ង់ទេសចរណ៍ និងសណ្ឋាគារ នៃមហាវិទ្យាល័យសេដ្ឋកិច្ចជាតិបានឲ្យដឹងថា Ha Giang ត្រូវការត្រៀមខ្លួនឱ្យបានល្អទាក់ទងនឹងធនធានមនុស្ស; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្រុក ទីរួមស្រុក និងគោលដៅទេសចរណ៍នានា ដើម្បីបង្កើតលំហទេសចរណ៍វិសេសវិសាល ប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនោះ Ha Giang ត្រូវអភិវឌ្ឍហើយស្នើផែនការនិងគោលការណ៍ថ្មីថ្មោង ស្របតាមនិន្នាការអភិវឌ្ឍន៍៖ “Ha Giang ត្រូវយកចិត្តទុកដាក់លើតម្លៃខុសប្លែក បើធៀបនឹងតំបន់ផ្សេងទៀតក្នុងប្រទេស និងពិភពលោក។ ក្នុងការកសាងផលិតផលទេសចរណ៍ Ha Giang ត្រូវបង្កើត “អារម្មណ៍ខុសប្លែក” ដើម្បីឱ្យភ្ញៀវទេសចរជ្រើសរើស និងទិញផលិតផលទេសចរណ៍ក្នុងស្រុក។ តាមនោះ ផលិតផលទេសចរណ៍មានភាពទាក់ទាញ និងតម្លៃកាន់តែខ្ពស់; ភ្ញៀវទេសចរកាន់តែច្រើននឹងជ្រើសរើសមកកាន់ទីនេះ និងបង្កើតការប្រកួតប្រជែងសម្រាប់ទេសចរណ៍ Ha Giang”។

បច្ចុប្បន្ន ខេត្តទាំងមូលមានសហគ្រាសនិងសហករណ៍ចំនួន ៥៤ ដែលមានលេខកូដផ្នែក និងធ្វើអាជីវកម្មសេវាធ្វើដំណើរ; និងកន្លែងស្នាក់នៅជិត ៩០០ កន្លែង។ នាប៉ុន្មានឆ្នាំកន្លងទៅ ទេសចរណ៍ Ha Giang ត្រូវបានបោះឆ្នោតជ្រើសរើសជាគោលដៅគួរឲ្យទាក់ទាញ មានអត្តសញ្ញាណពិសេស ទេសភាពធម្មជាតិដ៏សម្បើមអស្ចារ្យ ។ កត្តាអំណោយផលទាំងនេះ ជាមួយនឹងការកសាងពាណិជ្ជសញ្ញាទេសចរណ៍ Ha Giang ប្រកបដោយជោគជ័យនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច នាំឲ្យជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ជនជាតិភាគតិចខេត្ត Ha Giang កាន់តែរីកចម្រើន៕

ប្រតិកម្មទៅវិញ