ខេត្ត Dien Bien ទាញយកឧត្តមភាព​ដើម្បីអភិវឌ្ឍន៍​ទេសចរណ៍

Chia sẻ
(VOVWORLD) - ខេត្ត Dien Bien កំពុងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទេសចរណ៍ដោយផ្អែកលើសសរស្តម្ភសំខាន់ៗរួមមាន ៖ ទេសចរណ៍ប្រវត្តិសាស្ត្រ និងជំនឿ; ទេសចរណ៍អត្តសញ្ញាណវប្បធម៌ជាតិ និងទេសភាពធម្មជាតិ។ ខេត្តបានកំណត់ការអភិវឌ្ឍន៍ទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ; និងជាក្បាលរថភ្លើងដើម្បីបង្កើតកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចក្នុងស្រុក និងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ឡើងវិញ។

សារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu នៅទីក្រុង Dien Bien Phu គឺជាគោលដៅដែលមិនអាចខ្វះបានសម្រាប់ភ្ញៀវទេសចរក្នុងដំណើរទៅទស្សនាខេត្ត Dien Bien ។ ភាពទាក់ទាញនៃសារមន្ទីរបានមកពី ផ្ទាំងគំនូរ Panorama អំពីយុទ្ធនាការ Dien Bien Phu ដែលជាផ្ទាំងគំនូរ Panorama ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាផ្ទាំងគំនូរមួយក្នុងចំណោមផ្ទាំងគំនូរធំជាងគេទាំងបីនៅលើពិភពលោក។ នៅក្នុងផ្ទាំងគំនូរនេះ រូបភាពនិងព្រឹត្តិការណ៍ទាំងអស់ត្រូវបានដាក់បញ្ចូលនិងចងភ្ជាប់គ្នាយ៉ាងរលូនទៅតាមវឌ្ឍនភាពនៃយុទ្ធនាការ នាំមកជូនអ្នកទស្សនានូវទិដ្ឋភាពយ៉ាងពេញលេញ និងរស់រវើកអំពីជ័យជំនះរបស់កងទ័ព និងប្រជាជនវៀតណាមក្នុងយុទ្ធនាការ Dien Bien Phu កាលពី៧០ឆ្នាំមុន (១៩៥៤-២០២៤)។ ភ្ញៀវទេសចរណ៍ Kieu Thi Trang មកពីទីក្រុង Son La ខេត្ត Son La បានចែករំលែកថា៖ “ខ្ញុំមានអារម្មណ៍រំភើបនិងមោទនភាពខ្លាំងណាស់នៅពេលមកទីនេះ។ រូបភាពនៅទីនេះជួយខ្ញុំឱ្យយល់កាន់តែច្បាស់អំពីការលំបាកនិងការបាត់បង់ដែលដូនតាបានឆ្លងកាត់ ដើម្បីមានយើងសព្វថ្ងៃនេះ ; ខ្ញុំសង្ឃឹមថានឹងមានឱកាសវិលត្រលប់មកទីនេះទៀត ដើម្បីស្វែងយល់បន្ថែមទៀតអំពីប្រវត្តិសាស្ត្រវីរភាពដ៏អង់អាចក្លាហានដែលបុព្វបុរសបានបន្សល់ទុក”។

ខេត្ត Dien Bien ទាញយកឧត្តមភាព​ដើម្បីអភិវឌ្ឍន៍​ទេសចរណ៍ - ảnh 1សារមន្ទីរជ័យជំនះ Dien Bien Phu ។ រូបថត៖ VOV

សារមន្ទីរជ័យជំនះ Dien Bien Phu គឺជាទីតាំងមួយក្នុងចំណោមទីតាំងរាប់សិបដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជ័យជម្នះជាប្រវត្តិសាស្ត្រដែលត្រូវបានខេត្ត Dien Bien ដាក់បញ្ចូលទៅក្នុងវិស័យទេសចរណ៍។

ជាទឹកដីសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ និងមានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ រមណីយដ្ឋាននិងទេសចរណ៍សហគមន៍ ក្រៅពីទេសចរណ៍ប្រវត្តិសាស្ត្រ ខេត្ត Dien Bien បានរៀបចំសកម្មភាពជាច្រើនដែលផ្សារភ្ជាប់ទៅនឹងភូមិវប្បធម៌នានាក្នុងតំបន់។ លេចធ្លោក្នុងនោះ គឺពិធីបុណ្យផ្កាជើងគោ ដែលប្រព្រឹត្តិទៅនៅពាក់កណ្តាលខែមីនាជារៀងរាល់ឆ្នាំ រួមជាមួយនឹងសកម្មភាពវប្បធម៌ជាច្រើនដែលបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកកាន់ទឹកដី Dien Bien ដ៏រួសរាយរាក់ទាក់នេះ។

ជាមួយនឹងការផ្លាស់ប្តូរក្នុងការធ្វើអាជីវកម្មទេសចរណ៍ នៅឆ្នាំ២០២៣ ជាលើកដំបូងដែលទីក្រុង Dien Bien បានស្វាគមន៍ភ្ញៀវទេសចរចំនួន ១ លាននាក់មកទស្សនានិងទទួលបទពិសោធន៍ នេះបានបង្កើតសន្ទុះកំណើនសម្រាប់ទេសចរណ៍ក្នុងស្រុក ជាពិសេសក្នុងបរិបទដែលឆ្នាំ២០២៤ ខេត្តបានធ្វើជាម្ចាស់ផ្ទះនៃ ទេសចរណ៍ជាតិ - Dien Bien ឆ្នាំ ២០២៤។ លោក Nguyen Minh Phu ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dien Bien បានឲ្យដឹងថា៖  “ចំនួនភ្ញៀវទេសចរ ១ លាននាក់មកកាន់ខេត្ត Dien Bien គឺជាសញ្ញាល្អណាស់ បើទោះបីជាថ្មីៗនេះ អាកាសយានដ្ឋាន Dien Bien ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នដើម្បីកែលំអរនិងជួសជុលក៏ដោយ។ សម្រេចបានលទ្ធផលនេះ គឺដោយដារមានការចូលរួមប្រកបដោយទំនួលខុសត្រូវនិងវិជ្ជមាននៃប្រព័ន្ធនយោបាយទាំងមូល ហើយការយល់ដឹងរបស់សហគមន៍និងប្រជាជនអំពីទេសចរណ៍ត្រូវបានលើកកម្ពស់”។

ខេត្ត Dien Bien ទាញយកឧត្តមភាព​ដើម្បីអភិវឌ្ឍន៍​ទេសចរណ៍ - ảnh 2ពិព័រណ៍សិល្បៈបើកឆ្នាំទេសចរណ៍ជាតិ - Dien Bien និងពិធីបុណ្យផ្កាជើងគោ ឆ្នាំ២០២៤ ។ រូបថត៖ dangcongsan.vn

ជាមួយប្រធានបទ “សិរីរុងរឿង Dien Bien Phu - បទពិសោធន៍គ្មានទីបញ្ចប់” ឆ្នាំនេះ Dien Bien ជាម្ចាស់ផ្ទះនៃឆ្នាំទេសចរណ៍ជាតិ។ នេះគឺជាឱកាសសម្រាប់ទេសចរណ៍ Dien Bien ដើម្បី “ហោះឡើង” បង្កើតរបកគំហើញក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ លោក Le Thanh Do ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃឆ្នាំទេសចរណ៍ជាតិ - Dien Bien ឆ្នាំ ២០២៤ មានកម្មវិធី និងព្រឹត្តិការណ៍ជួយជ្រោមជ្រែងជិត ១៧០៖  “ខេត្ត Dien Bien បានត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរមកទស្សនាកម្សាន្តបណ្តាទេសភាពដ៏ស្រស់ស្អាតនិងអត្តសញ្ញាណវប្បធម៌របស់ជនជាតិចំនួន ១៩; ក៏ដូចជាទស្សនា និងស្វែងយល់អំពីកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃសមរភូមិ Dien Bien Phu កាលពី ៧០ ឆ្នាំមុន”។

អនុវត្តន៍គោលដៅប្រែក្លាយទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ  ខេត្ត Dien Bien កំពុងជំរុញការអភិវឌ្ឍន៍ឧស្សាហកម្ម “គ្មានផ្សែង” តាមទិសដៅវិជ្ជាជីវៈ គុណភាព និងប្រសិទ្ធភាព។ ជាមួយនឹងទស្សនៈ យកភ្ញៀវទេសចរជាគោលដៅនៃសេវាកម្ម ខេត្តកំពុងអនុវត្តន៍គោលដៅទទួលភ្ញៀវទេសចរណ៍ចំនួន ១,៣ លាននាក់នៅឆ្នាំ២០២៤នេះ៕

ប្រតិកម្មទៅវិញ