Quang Ninh - គំរូធ្វើ​វារីវប្បកម្ម​​សមុទ្រប្រកបដោយនិរន្តរភាព

Chia sẻ
(VOVWORLD) - ការអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រសំដៅកាត់បន្ថយការធ្វើអាជីវកម្ម ការពារធនធានជលផល និងកសាងផ្នែកជលផលប្រកបដោយនិរន្តរភាព។ ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នាយករដ្ឋមន្ត្រីបានអនុម័តលើគម្រោងវារីវប្បកម្មសមុទ្ររហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ ខេត្ត Quang Ninh គឺជាតំបន់ត្រួសត្រាយមួយរបស់ប្រទេសជាតិ ក្នុងការអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ ហើយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។

ទស្សនអភិវឌ្ឍន៍របស់ខេត្ត Quang Ninh គឺអភិវឌ្ឍសេដ្ឋកិច្ចមហាសមុទ្របៃតង ប្រើប្រាស់ធនធានសមុទ្រប្រកបដោយនិរន្តរភាពសម្រាប់កំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅនិងការងាររបស់ប្រជាជន ធានាប្រព័ន្ធអេកូឡូស៊ីសមុទ្រនិងមហាសមុទ្រ ដោយមិនប្តូរធនធានបរិស្ថានយកកំណើននិងអភិវឌ្ឍន៍សេដ្ឋកិច្ចនោះឡើយ។ ខេត្តបានចេញសេចក្តីសម្រេចជាច្រើនដើម្បីអភិវឌ្ឍន៍តាមទិសដៅបង្កើនតម្លៃបន្ថែមនិងនិរន្តរភាព។ បច្ចុប្បន្ននេះ  វារីវប្បកម្មសមុទ្រនៅខេត្ត Quang Ninh ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ បរិមាណជលផលបានកើនឡើងពីជិត ៨៩ ពាន់តោនក្នុងឆ្នាំ ២០១៣ ឡើងដល់ជាង ១៧៥ ពាន់តោនក្នុងឆ្នាំ ២០២៣។ តំបន់វារីវប្បកម្មប្រមូលផ្តុំបានកើនឡើងទាំងទំហំនិងទិន្នផល ដោយបង្កើនផ្ទៃទឹកធ្វើវារីវប្បកម្មសរុបដល់ជាង ៣២.០០០ ហិកតា កើនឡើងជាង ១០.០០០ ហិកតា បើបប្រៀបធៀបនឹងឆ្នាំ ២០១៣។ ជាពិសេស អនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីការប្រគល់សមុទ្រដល់អង្គការនិងបុគ្គលធ្វើអាជីវកម្មនិងប្រើប្រាស់ ខេត្ត Quang Ninh គឺជាខេត្តដំបូងគេមួយនៅទូទាំងប្រទេសដែលសាកល្បងការប្រគល់សមុទ្រ ជាមួយនឹងគោលដៅខ្ពស់បំផុតក្នុងការយកមនុស្សជាមជ្ឈមណ្ឌល។

Quang Ninh - គំរូធ្វើ​វារីវប្បកម្ម​​សមុទ្រប្រកបដោយនិរន្តរភាព - ảnh 1លោក Cao Tuong Huy ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh។ រូបថត៖ nhandan.vn

លោក Cao Tuong Huy ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានឲ្យដឹងថា៖ “យើងខ្ញុំបានរៀបចំផែនការធ្វើវារីវប្បកម្មនៅគ្រប់តំបន់សមុទ្រនៅទូទាំងខេត្ត។ នេះគឺជាមូលដ្ឋានច្បាប់ដ៏សំខាន់ដើម្បីទាក់ទាញការវិនិយោគ។ ក្រៅពីនោះយើងក៏មានយន្តការនិងគោលការណ៍ជាច្រើន ដើម្បីទាក់ទាញវិនិយោគិន ជាពិសេសវិនិយោគិនបរទេស នាំយកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកមកកាន់ខេត្ត Quang Ninh។ ឈរលើមូលដ្ឋាននោះ ខេត្តបានបង្កលក្ខខណ្ឌអំណោយផលបំផុតក្នុងការបែងចែកតំបន់សមុទ្រក្នុងខេត្តដល់ប្រជាជន និងអាជីវកម្ម”។

យុទ្ធសាស្ត្រធ្វើវារីវប្បកម្មសមុទ្ររបស់ខេត្ត Quang Ninh គឺយកកសិករជាស្នូល យកតម្លៃបន្ថែមជាគោលដៅឆ្ពោះទៅរកពហុគុណតម្លៃ។ រួមបញ្ចូលគ្នានូវវារីវប្បកម្មសមុទ្រ ជាមួយនឹងការធ្វើអាជីវកម្មជលផលដោយបច្ចេកវិទ្យាខ្ពស់ ប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព ផ្សារភ្ជាប់ជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ។ STP Group គឺជាសហគ្រាសមួយដែលរួមអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រប្រកបដោយប្រសិទ្ធភាពនៅខេត្ត Quang Ninh។ ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគំរូវារីវប្បកម្មឆ្លាស់គ្នា រួមបញ្ចូលជាមួយទេសចរណ៍ និងស្វែងរកទីផ្សារបរទេសដោយមានបំណងចង់បង្កើនតម្លៃលើផ្ទៃទឹក ១ ហិកតា។ លោកស្រី Nguyen Thi Hai Binh អគ្គនាយិការក្រុមហ៊ុន STP Group បានឲ្យដឹងថា៖ “យើងកំពុងដាំដុះសារ៉ាយសមុទ្រជាមួយប្រភេទសត្វសមុទ្រមានសំបកពីរ ហើយនាពេលខាងមុខយើងនឹងចិញ្ចឹមគុជវិញ។ យើងបានចិញ្ចឹមជាច្រើនស្រទាប់ ដោយប្រើប្រាស់ប្រព័ន្ធទ្រុងអណ្តែតទឹក HDPE ។ នៅលើប្រព័ន្ធអេកូឡូស៊ីបែបនេះ យើងនឹងបង្កើនតម្លៃបន្ថែមរបស់សត្វចិញ្ចឹមជាច្រើនប្រភេទ ការរួមបញ្ចូលការដាំដុះនិងការចិណ្ចឹមបែបនេះនឹងបង្កើនតម្លៃបន្ថែមនៅលើផ្ទៃទឹក១ ហិកតាដែលត្រូវបានប្រគល់ជូន។ ផលិតផលទាំងនេះនឹងត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ជាមួយនឹងតម្លៃ ៣ - ៤ ដងច្រើនជាងតម្លៃបច្ចុប្បន្ន”។

លោក Tran Dinh Luan ប្រធាននាយកដ្ឋានជលផល ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃថា៖ “វារីវប្បកម្មសមុទ្រប្រកបដោយនិរន្តរភាពជួយឲ្យប្រជាកសិករស្ថេរភាពជីវភាពរស់នៅកាន់តែប្រសើរឡើង។ វិធីសាស្រ្តរបស់ Quang Ninh គឺប្តេជ្ញាពិនិត្យឡើងវិញនិងកែសម្រួលដង់ស៊ីតេទ្រុងនិងតំបន់ធ្វើវារីវប្បកម្ម ព្រមទាំងរៀបចំផែនការឡើងវិញនូវតំបន់វារីវប្បកម្មដែលបានអភិវឌ្ឍន៍ដោយឯកឯង។ ខេត្ត Quang Ninh បានដាក់ចេញស្ដង់ដារជាក់លាក់អំពីសម្ភារ និងអនុវត្តបច្ចេកវិទ្យាទំនើប។ ចំពោះការប្រគល់ផ្ទៃទឹកសមុទ្រដើម្បីធ្វើវារីវប្បកម្មនៅគ្រប់ទីកន្លែងគឺពិបាកអនុវត្តណាស់ ប៉ុន្តែខេត្ត Quang Ninh ធ្វើបាន។ ប្រសិនបើមានការប្តេជ្ញាចិត្តខ្ពស់ ខេត្តក្រុងផ្សេងទៀតក៏អាចអនុវត្តបានតាមគំរូរបស់ Quang Ninh ដែរ”។

Quang Ninh - គំរូធ្វើ​វារីវប្បកម្ម​​សមុទ្រប្រកបដោយនិរន្តរភាព - ảnh 2គំរូវារីវប្បកម្មសមុទ្ររបស់ប្រជាជននៅទីក្រុង Van Don ខេត្ត Quang Ninh។ រូបថត៖ dangcongsan.vn

ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្ត Quang Ninh ការធញវើវារីវប្បកម្មសមុទ្រនឹងក្លាយជាផ្នែកសេដ្ឋកិច្ចមុខព្រួញនាពេលខាងមុខ។ គម្រោងបារីវប្បកម្មសមុទ្ររបស់រដ្ឋាភិបាលក៏បានកំណត់ថា ខេត្ត Quang Ninh នឹងក្លាយជាមជ្ឈមណ្ឌលវារីវប្បកម្មសមុទ្រជាតិ។ លោក Nguyen Xuan Ky លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh បានឲ្យដឹងថា៖ “ខេត្តបានដាក់ផែនការលើផ្ទៃទឹកជាង ៤៥,០០០ ហិកតា សម្រាប់វារីវប្បកម្មសមុទ្រ ជាមួយនឹងទិដ្ឋភាពនៃការអភិវឌ្ឍន៍យ៉ាងទូលំទូលាយក្នុងទិសដៅទំនើប ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដែលមិនប៉ះពាល់ដល់បរិស្ថាន បន្ថែមតម្លៃ និរន្តរភាព និងរួមបញ្ចូលជាមួយការអភិរក្ស ការពារ និងអភិវឌ្ឍន៍ធនធានជលផល។ អភិវឌ្ឍវិស័យទេសចរណ៍ ឧស្សាហកម្ម និងការពារអធិបតេយ្យភាព និងសន្តិសុខនៃសមុទ្រ និងកោះរបស់មាតុភូមិក្នុងតំបន់។ ជាពិសេសការច្នៃប្រឌិតរចនាសម្ព័នពូជ និងផលិតផលចិញ្ចឹមឱ្យសមស្របទៅនឹងគុណសម្បត្តិនៃតំបន់នីមួយៗ ការលើកកម្ពស់ផលិតភាព និងគុណភាពនៃអាហារសមុទ្រ ការអភិវឌ្ឍន៍តំបន់វារីវប្បកម្មសមុទ្រប្រមូលផ្តុំ និងអនុវត្តសមិទ្ធិផលវិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាព បច្ចេកវិទ្យាទំនើបក្នុងផលិតកម្ម អង្គការផលិតកម្មទំនើប...”។

ជោគជ័យដែលទទួលបានក្នុងការអនុវត្តគំរូវារីវប្បកម្មសមុទ្រនៅខេត្ត Quang Ninh បានរួមចំណែកដល់ការផ្លាស់ប្តូរយ៉ាងសំខាន់លើសុខភាពគុណភាពបរិស្ថានធម្មជាតិ លើកកំពស់ការធ្វើកសិកម្មសមុទ្រប្រកបដោយនិរន្តរភាព កសាងម៉ាកយីហោអាហារសមុទ្រ Quang Ninh ជាមួយតម្លៃថ្មី៕

ប្រតិកម្មទៅវិញ