ខេត្ត Dien Bien ជំរុញខ្លាំង​ការទាក់ទាញទុន​វិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - ក្រោយរយៈពេល ៧០ ឆ្នាំនៃការសាងសង់និងអភិវឌ្ឍន៍ ពីគំនរបាក់បែក ដែលបណ្តាលមកពីសង្រ្គាម ខេត្ត Dien Bien សព្វថ្ងៃនេះបាន "ផ្លាស់ប្តូរមុខមាត់" ជាមួយនឹងតំបន់ទីក្រុងធំទូលាយនិងតំបន់ជនបទថ្មី។ ស្តែងចេញពីសក្ដានុពលនិងគុណសម្បត្តិដែលមានស្រាប់នៃធនធានព្រៃឈើ រ៉ែ វារីអគ្គិសនី និងទេសចរណ៍ ខេត្ត Dien Bien បាននិងកំពុងផ្តោតលើការទាក់ទាញទុនវិនិយោគសម្រាប់ការអភិវឌ្ឍន៍កាន់តែលឿន និងប្រកបដោយចីរភាព។      

ក្រុមហ៊ុនភាគហ៊ុន Dai An ខេត្ត   Hai Duong គឺជាសហគ្រាសមួយដែលយកចិត្តទុកដាក់និងស្រាវជ្រាវការវិនិយោគលើគម្រោងនានាក្នុងខេត្ត Dien Bien។ នាពេលថ្មីៗនេះ ក្រុមហ៊ុនបានធ្វើដំណើរស្រាវជ្រាវ ហើយមានបំណង់ចង់វិនិយោគលើវិស័យដូចជា៖ អភិវឌ្ឍន៍តំបន់ទីក្រុងថ្មីនៅទីក្រុង Dien Bien Phu; អភិវឌ្ឍន៍រុក្ខជាតិឱសថក្រោមម្លប់ព្រៃឈើនៅស្រុក Tuan Giao រួមជាមួយនឹងតំបន់ទេសចរណ៍ធម្មជាតិមួយចំនួននៅក្នុងតំបន់។ លោកស្រី Truong Tu Phuong ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន Dai An បានឲ្យដឹងថា៖ “មកដល់ទីនេះ Dai An មានអារម្មណ៏ថា ត្រូវតែមានទទួលខុសត្រូវចំពោះបងប្អូនជនរួមជាតិ។ យើងយកចិត្តទុកដាក់លើការអភិវឌ្ឍន៍តំបន់ទីក្រុង ដើម្បីរួមចំណែកប្រែក្លាយ Dien Bien ទៅជាទីក្រុងលំដាប់ទី II នៅឆ្នាំ ២០២៥”។

ខេត្ត Dien Bien ជំរុញខ្លាំង​ការទាក់ទាញទុន​វិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1គម្រោងរបស់ Vin group កំពុងត្រូវបានសាងសង់នៅទីក្រុង Dien Bien។ រូបថត៖ VOV

យោតាមការស្ថិតិក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ខេត្ត Dien Bien បានអនុម័តលើគោលការណ៍វិនិយោគសម្រាប់គម្រោងចំនួន ៤២ លើវិស័យវារីអគ្គិសនី ពាណិជ្ជកម្ម - សេវាកម្ម កសិកម្ម -  រុក្ខាប្រមាញ់ តំបន់លំនៅដ្ឋានក្នុងទីក្រុង ... ដោយមានទុនចុះបញ្ជីសរុបជិត ១៧ ទ្រីលានដុង (ជិត ៧០០ លានដុល្លារ)។ យោងតាមលោក Bui Van Thang អនុប្រធានមន្ទីរផែនការ និងវិនិយោគខេត្ត Dien Bien បានឲ្យដឹងថា ខេត្ត Dien Bien បានធ្វើសមកាលកម្មនូវដំណោះស្រាយជាច្រើន ដើម្បីទាក់ទាញធនធានវិនិយោគទាំងក្នុងនិងក្រៅខេត្ត។ ទន្ទឹមនឹងនោះគឺជំរុញការវិនិយោគ ដែលផ្សារភ្ជាប់នឹងការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ លោក Bui Van Thang បានមានប្រសាសន៍ថា៖

“ខេត្ត Dien Bien បានរៀបចំកិច្ចប្រជុំជាប្រចាំ ជាមួយសមាគមធុរកិច្ច និងវិនិយោគិនក្នុងខេត្ត ដើម្បីវាយតម្លៃស្ថានភាពអនុវត្តនិងដោះស្រាយបញ្ហាលំបាកដែលជាទំនួលខុសត្រូវរបស់ទីភ្នាក់ងាររដ្ឋបាល; ផ្តោតលើការកសាង និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវកម្មវិធីកែលម្អសន្ទស្សន៍ប្រកួតប្រជែងថ្នាក់ខេត្ត (PCI) ដើម្បីបន្តទាក់ទាញការវិនិយោគ ដោយរំពឹងថា ចំនួនគម្រោងនិងដើមទុនវិនិយោគសរុបដែលបានចុះបញ្ជីនឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ”។

អនុវត្តគោលការណ៍របស់ខេត្តស្តីពីការទាញយកសក្តានុពលនិងគុណសម្បត្តិក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងទេសចរណ៍ ដើម្បីទាក់ទាញការវិនិយោគ នាពេលថ្មីៗនេះ អង្គការ អង្គភាពជាច្រើនក្នុងខេត្ត Dien Bien បានផ្តោតការយកចិត្តទុកដាក់វិនិយោគលើផលិតផលកសិកម្មសំខាន់ៗក្នុងស្រុក។ ក្រុមហ៊ុនចំកាត់ តែ Phan Nhat នៅទីក្រុង Dien Bien Phu គឺជាឧទាហរណ៍មួយ។ បន្ទាប់ពីការបង្កើតនិងដំណើរការអស់រយៈពេលជាង ១០ ឆ្នាំមក ក្រុមហ៊ុនបានសាងសង់តំបន់ផលិតវត្ថុធាតុដើមនៅក្នុងស្រុក Muong Ang ដែលមានផ្ទៃដី រហូតដល់ ២០ ហិកតា។ លោក Phan Xuan Nhat ម្ចាស់ម៉ាក់យីហោតែ Phan Nhat Dien Bien បានឲ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមសាងសង់តំបន់វត្ថុធាតុដើមមក តែ Phan Nhat បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគំរូផលិតកម្មតែសរីរាង្គ។ បច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុនត្រូវបានចុះបញ្ជីនៅក្នុងបញ្ជីផលិតផលពិសេស មានសក្តានុពលក្លាយជាប្រៀបខ្លាំងរបស់ Dien Bien៖ “ក្រុមហ៊ុនបានបង្កើតមនសិការ គឺតែងតែខិតខំបង្កើតផលិតផលល្អបំផុតដើម្បីនាំមកនូវគុណតម្លៃដ៏ល្អប្រសើរសម្រាប់ខេត្ត Dien Bien”។

ខេត្ត Dien Bien ជំរុញខ្លាំង​ការទាក់ទាញទុន​វិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 2តែ Phan Nhat Dien Bien មានផលិតផលចំនួន ២ ដែលមានគុណភាពលំដាប់ផ្កាយ ៤ ។ រូបថត៖ VOV

ខេត្ត Dien Bien បានកំណត់គោលដៅរហូតដល់ឆ្នាំ២០២៥ ដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព ។ ដូច្នេះហើយ ការទាក់ទាញទុនវិនិយោគត្រូវបានកំណត់ជាដំណោះស្រាយដ៏សំខាន់មួយដើម្បីសម្រេចបាននូវគោលដៅនេះ។ នាពេលកន្លងទៅ ខេត្តបានសកម្ម អំពាវនាវ ជំរុញ និងទាក់ទាញវិនិយោគិន សាជីវកម្ម និងក្រុមហ៊ុនធំៗនៅទូទាំងប្រទេស មកសិក្សាស្រាវជ្រាវ ស្វែងយល់ ស្ទាបស្ទង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងអនុវត្តគម្រោងវិនិយោគធំៗដូចជា៖ សម្ព័ន្ធក្រុមហ៊ុន Sun Group ; Vin Group ; ក្រុមហ៊ុន Deo Ca និង Onew ជាដើម។ នាពេលខាងមុខ ដើម្បីទាក់ទាញការវិនិយោគឱ្យឆ្លើយតបទៅនឹងការរំពឹងទុក ស្របនឹងសក្តានុពលនិងគុណសម្បត្តិរបស់ខ្លួន  ខេត្ត Dien Bien នឹងយកចិត្តទុកដាក់ជាពិសេសក្នុងការកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម។ លោក Le Thanh Do ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien បានសង្កត់ធ្ងន់ថា៖ “នាពេលខាងមុខ ខេត្តនឹងបន្តលើកកម្ពស់ការទទួលខុសត្រូវ គំនិតផ្តួចផ្តើម និងការប្រឌិតរបស់ជួរកម្មាភិបាល ជាពិសេសប្រមុខស្ថាប័ន និងអង្គភាពផ្ទាល់ក្នុងការដោះស្រាយនីតិវិធីរដ្ឋបាលជូនប្រជាពលរដ្ឋ និងអាជីវកម្មក្នុងការវិនិយោគ។ ខេត្តបន្តកែលម្អសន្ទស្សន៍នៃការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផ្តល់ធនធានមនុស្សប្រកបដោយគុណភាព និងមានការទទួលខុសត្រូវ ឲ្យចូលរួមក្នុងការអនុវត្តគម្រោងរបស់វិនិយោគិន ក៏ដូចជាធុរកិច្ច”។

ខេត្ត Dien Bien កំពុងផ្តោតសំខាន់លើការរួមបញ្ចូលធនធានវិនិយោគពីថវិការដ្ឋ ជាមួយនឹងការទាក់ទាញការវិនិយោគពីធនធានសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនើប ដោយផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ទីក្រុង; អនុវត្តយ៉ាងសកម្មនូវផែនការមេរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលលោកនាយករដ្ឋមន្ត្រីទើបតែអនុម័ត។ ទន្ទឹមនឹងនោះ ពិនិត្យ និងកែសម្រួលឡើងវិញនូវតំបន់ទីក្រុងនៃទីក្រុង Dien Bien Phu រួមជាមួយនឹងតំបន់ទីក្រុងដទៃទៀតរបស់ខេត្ត និងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាជីវកម្មធំៗដូចជា៖ CME ក្រុមហ៊ុនភាគហ៊ុន Dai An និងក្រុមហ៊ុន Agroup ធ្វើការស្រាវជ្រាវ  និងបណ្តាក់ទុនក្នុងគម្រោងធំៗមួយចំនួននៅក្នុងមូលដ្ឋាន៕

ប្រតិកម្មទៅវិញ