តភ្ជាប់ទេសចរណ៍រវាង​តំបន់​ដីសណ្ដទន្លេ Cuu Long ជាមួយ​មូលដ្ឋាន​នានា

Chia sẻ
(VOVWORLD) - អាកាសយានដ្ឋានអន្តរជាតិ Can Tho គឺជាច្រកទ្វារដ៏សំខាន់មួយ ដែលតភ្ជាប់តំបន់ណាមបូខាងលិច និងតំបន់ដីសណ្ដទន្លេ Cuu Long ជាមួយនឹងមូលដ្ឋាននានាលើទូទាំងប្រទេស និងអន្តរជាតិ។ ដូច្នេះហើយ ជើងហោះហើរត្រង់ពីមូលដ្ឋាននានាទៅកាន់អាកាសយានដ្ឋាន Can Tho គឺជាតម្រូវការចំបាច់ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់។

ចំនួនភ្ញៀវទេសចរណ៍សរុបដែលមកកាន់តំបន់ដីសណ្តទន្លេ Cuu Long ក្នុងឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណមានចំនួនជិត ៤៥ លាននាក់ កើនឡើង ២០,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលក្នុងនោះមានភ្ញៀវអន្តរជាតិជាង ១,៨ លាននាក់ ទទួលបានប្រាក់ចំណូលជិត ៤៦ ទ្រីលានដុង (១,៨ ពាន់លានដុល្លារអាមេរិគ) កើនឡើង ៤២,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ទោះជាយ៉ាងណាក៏ដោយ យោងតាមលោកស្រី Le Dinh Minh Thy នាយិការក្រុមហ៊ុន Vietravel សាខា Can Tho បានឲ្យដឹងថា នៅតែមានចំណុចកកស្ទះដែលបណ្តាលឲ្យទេសចរណ៍ក្នុងតំបន់មិនទាន់អភិវឌ្ឍន៍ឲ្យបានសមស្រប់ទៅនឹងសក្តានុពលរបស់ខ្លួន រួមទាំងការតភ្ជាប់តាមផ្លូវអាកាស។ បច្ចុប្បន្ន សមត្ថភាពដឹកអ្នកដំណើររបស់អាកាសយានដ្ឋានអន្តរជាតិ Can Tho មានកម្រិតទាបជាងដំណាក់កាលមុនជំងឺ Covid-១៩ ជាពិសេសផ្លូវហោះហើរក្នុងស្រុក៖  “បច្ចុប្បន្ននេះ យើងមានជើងហោះហើរពីទីក្រុង Can Tho ត្រឹមតែ ៤ ជើងប៉ុណ្ណោះ ខណៈដែលពីមុនយើងមានរហូតដល់ ១១ ជើង ដូច្នេះហើយ “ការកកស្ទះ” អាកាសចរណ៍បានប៉ះពាល់យ៉ាងខ្លាំងដល់ការតភ្ជាប់ការធ្វើដំណើរកម្សាន្ត ក៏ដូចជាការតភ្ជាប់អ្នកដំណើរពីតំបន់ផ្សេងទៀតទៅកាន់តំបន់ដីសណ្ដទន្លេ Cuu Long។ នៅចំពោះមុខស្ថានភាពដូច្នេះ នាពេលខាងមុខ ប្រសិនបើតំបន់ដីសណ្តទន្លេ Cuu Long ចង់កសាងពាណិជ្ជសញ្ញាទេសចរណ៍របស់ខ្លួន ត្រូវមានដំណោះស្រាយតភ្ជាប់ជើងហោះហើរទៅនិងមកទីក្រុង Can Tho ឡើងវិញ តាមរយៈការសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ ដោយអំពាវនាវឱ្យក្រុមហ៊ុនអាកាសចរណ៍ចូលរួមក្នុងការហោះហើររវាងអាកាសយានដ្ឋាន Can Tho ទៅកាន់មូលដ្ឋាននានាទូទាំងប្រទេស”។

តភ្ជាប់ទេសចរណ៍រវាង​តំបន់​ដីសណ្ដទន្លេ Cuu Long ជាមួយ​មូលដ្ឋាន​នានា - ảnh 1អាកាសយានដ្ឋានអន្តរជាតិ Can Tho ។ រូបថត៖ dangcongsan.vn

មិនត្រឹមតែអាកាសយានដ្ឋានអន្តរជាតិ Can Tho មិនទាន់ទាញយកសក្តានុពលពេញលេញនោះទេ អាកាសយានដ្ឋានអន្តរជាតិ Phu Quoc ក៏បានកាត់បន្ថយជើងហោះហើរក្នុងស្រុកមួយចំនួនផងដែរ។ ជាមួយគ្នានោះ នៅអាកាសយានដ្ឋាន Ca Mau ជើងហោះហើរតែងតែមានមនុស្សច្រើន ប៉ុន្តែដោយសារតែផ្លូវរត់សម្រាប់ហោះឡើងនិងចុះនៅមានកម្រិត វាត្រូវកាត់បន្ថយសមត្ថភាពប្រតិបត្តិការ។ លោក Tran Viet Phuong ប្រធានសមាគមទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long បានបញ្ជាក់ថា ការអភិវឌ្ឍន៍អាកាសចរណ៍មិនទាន់បំពេញតាមតម្រូវការធ្វើដំណើររបស់ភ្ញៀវទេសចរ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការនាំភ្ញៀវទេសចរទៅកាន់តំបន់ដីសណ្តទន្លេ Cuu Long។ ក្រៅពីនេះ ការតភ្ជាប់ផ្លូវគោក និងផ្លូវទឹកក៏មិនសូវងាយស្រួលនោះដែរ។ ដូច្នេះ យោងតាមលោក Tran Viet Phuong ថា បើទេសចរណ៍តំបន់ ចង់ “ហោះឡើង” វាចាំបាច់ត្រូវតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ៖ “នាពេលថ្មីៗនេះ ទីក្រុងហូជីមិញ និងខេត្ត ក្រុងនានានៅតំបន់ដីសណ្ដទន្លេ Cuu Long បានចុះហត្ថលេខាលើបទប្បញ្ញត្តិស្តីពីការតភ្ជាប់ទេសចរណ៍ ប៉ុន្តែខ្ញុំគិតថា ប្រសិនយើងបង្កើតគណៈកម្មាធិការសម្របសម្រួលមួយ វានឹងកាន់តែមានប្រសិទ្ធភាពជាង។ ទាក់ទិននឹងការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទេសចរណ៍ ខ្ញុំគិតថា យើងត្រូវធ្វើពិពិធកម្ម និងកៀងករប្រភពជាច្រើនសម្រាប់ការអភិវឌ្ឍន៍នាពេលខាងមុខ"។    

តភ្ជាប់ទេសចរណ៍រវាង​តំបន់​ដីសណ្ដទន្លេ Cuu Long ជាមួយ​មូលដ្ឋាន​នានា - ảnh 2លោក Tran Viet Phuong ប្រធានសមាគមទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long។ រូបថត៖ baodautu.vn

ការសុក្រិតបណ្តាផ្លូវល្បឿនលឿន និងបើកជើងហោះហើរត្រង់អន្តរតំបន់ និងអន្តរជាតិបន្ថែមទៀតទៅកាន់តំបន់ដីសណ្ដទន្លេ Cuu Long ត្រូវបានចាត់ទុកថា ជាដំណោះស្រាយដ៏សំខាន់មួយក្នុងការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់។ ដូច្នេះហើយ នៅដើមឆ្នាំ២០២៤ នេះ សមាគមទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long បានស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ឆាប់សម្របសម្រួលជាមួយក្រសួងគមនាគមដឹកជញ្ជូន ដើម្បីអនុវត្តដំណោះស្រាយពង្រីកជើងហោះហើរអន្តរជាតិ ពីតំបន់ទេសចរណ៍សំខាន់ៗ ទៅកាន់តំបន់នេះ ទន្ទឹមនឹងនោះបន្តគោលនយោបាយកាត់បន្ថយពន្ធ កាត់បន្ថយថ្លៃផ្តល់អាជ្ញាប័ណ្ណអាជីវកម្ម ៥០% ជំរុញខ្លាំងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅតំបន់ដីសណ្តទន្លេ Cuu Long។ នាពេលខាងមុខ មូលដ្ឋានជាច្រើនក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ក៏បានស្វែងរកទិសដៅថ្មីសម្រាប់ទេសចរណ៍របស់ខ្លួន ដោយផ្តោតលើការជំរុញប្រៀបខ្លាំងរបស់មូលដ្ឋាននីមួយៗ ជៀសវាងនាំចេញផលិតផលទេសចរណ៍ចំដែនគ្នា ទៅកាន់ទីផ្សារ។ លោក Nguyen Thuc Hien អនុប្រធានគណៈកម្មាធីការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា ក្នុងនាមជាទីក្រុងស្ថិតនៅកណ្តាលនៃតំបន់ដីសណ្តទន្លេ Cuu Long ទីក្រុង Can Tho បានចុះហត្ថលេខា និងសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយខេត្ត/ក្រុងជាង ២០ ទូទាំងប្រទេស និងកំពុងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយខេត្ត/ក្រុងផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទេសចរណ៍។ ការពង្រីកកិច្ចសហប្រតិបត្តិការនេះ រួមចំណែកដល់ការបង្កើតខ្សែទេសចរណ៍អន្តរតំបន់ ជាមួយនឹងផលិតផលទេសចរណ៍ថ្មីថ្មោង ទាក់ទាញភ្ញៀវទេសចរ៖ “ទីក្រុង Can Tho កំពុងផ្តោតលើការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ប្រកបដោយគុណភាព ចម្រុះ មានលក្ខណៈពិសោធន៍ និងមានតម្លៃបន្ថែមខ្ពស់ ស្រប់តាមនិន្នាការរបស់ទីផ្សារ និងសមស្របទៅនឹងតម្រូវការរបស់អតិថិជននីមួយៗ; កសាងនិងដាក់ពង្រាយគំរូសាកល្បងសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងទេសចរណ៍ជនបទ” ។

ធ្វើអត្ថាធិប្បាយអំពីយុទ្ធសាស្ត្រទេសចរណ៍នៃតំបន់ដីសណ្តទន្លេ Cuu Long លោកស្រី Cao Thi Ngoc Lan អនុប្រធានអចិន្ត្រៃយ៍នៃសមាគមទេសចរណ៍វៀតណាមបានវាយតម្លៃថា ដើម្បីស្តារឡើងវិញយ៉ាងឆាប់រហ័ស និងអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព សមាគមទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long ផ្តល់អទិភាពលើការកសាងយន្តការអមដំណើររបស់ផ្នែកនៅតាមមូលដ្ឋាននីមួយៗ ក៏ដូចជាអង្គភាពនានាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទេសចរណ៍ ដូចជាការដឹកជញ្ជូន អាកាសចរណ៍ និងសេវាកម្ម ដើម្បីបង្កើតកម្លាំងរួម៕

ប្រតិកម្មទៅវិញ