ទីក្រុងហូជីមិញ៖ សមាជិកនៃបណ្តាញទីក្រុងសិក្សាសកល

Chia sẻ
(VOVWORLD) - ៤៩ ឆ្នាំក្រោយរំដោះ (១៩៧៥ - ២០២៤) ទីក្រុងហូជីមិញសព្វថ្ងៃនេះ កំពុងអភិវឌ្ឍន៍ទៅជាមជ្ឈមណ្ឌលរដ្ឋបាលទីក្រុងទំនើបនៃតំបន់អាស៊ីអាគ្នេយ៍។ នាពេលថ្មីៗនេះ ទីក្រុងហូជីមិញត្រូវបានទទួលស្គាល់ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ជាសមាជិកនៃបណ្តាញទីក្រុងសិក្សារៀនសូត្រសកល។

បណ្តាញទីក្រុងសិក្សារៀនសូត្រសកល (GNLC) នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) គឺជាបណ្តាញអន្តរជាតិនៃទីក្រុងដែលមានបេសកកម្មរួម ក្នុងការលើកកម្ពស់ការសិក្សាអស់មួយជីវិតនៅក្នុងសហគមន៍ប្រទេសសាមី។ បណ្តាញទីក្រុងសិក្សារៀនសូត្រសកលបច្ចុប្បន្ននេះ មានទីក្រុងជាសមាជិកចំនួន ៣៥៦ មកពីជុំវិញពិភពលោក ចែករំលែកការបំផុសគំនិត ចំណេះដឹង និងទម្លាប់ល្អបំផុត។

ទីក្រុងហូជីមិញ៖ សមាជិកនៃបណ្តាញទីក្រុងសិក្សាសកល - ảnh 1តំណាងការិយាល័យអង្គការយូណេស្កូប្រចាំនៅវៀតណាមបានប្រគល់វិញ្ញាបនបត្រ “បណ្តាញទីក្រុងសិក្សារៀនសូត្រសកល” ដល់ទីក្រុងហូជីមិញ។ រូបថត៖ VOV

ទីក្រុងហូជីមិញបានក្លាយជាសមាជិកផ្លូវការនៃ "បណ្តាញទីក្រុងសិក្សារៀនសូត្រសកល" របស់អង្គការយូណេស្កូ បានបង្ហាញពីការទទួលស្គាល់របស់ពិភពលោកចំពោះគោលនយោបាយ ការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់វៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក ក្នុងការធានាការអប់រំប្រកបដោយគុណភាព តម្លាភាព ទូលំទូលាយ ជំរុញឱកាសសិក្សារៀនសូត្រអស់មួយជីវិតសម្រាប់មនុស្សគ្រប់រូប; រួមចំណែកលើកកំពស់ឋានៈរបស់វិស័យអប់រំវៀតណាមលើឆាកអន្តរជាតិ។

ទីក្រុងហូជីមិញ៖ សមាជិកនៃបណ្តាញទីក្រុងសិក្សាសកល - ảnh 2លោក Jonathan Wallace Baker ប្រធានតំណាងអង្គការយូណេស្កូប្រចាំនៅវៀតណាម។ រូបថត៖ VOV

លោក Jonathan Wallace Baker ប្រធានតំណាងអង្គការយូណេស្កូប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖ “អង្គការយូណេស្កូយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់ទីក្រុងហូជីមិញ ក្នុងការអភិវឌ្ឍន៍និងអនុម័តលើក្រុមលក្ខណៈវិនិច្ឆ័យសម្រាប់សាលារៀនរីករាយ ដោយផ្អែកលើក្របខ័ណ្ឌនៃសាលារៀនរីករាយសកលរបស់អង្គការយូណេស្កូ ជាមួយនឹងគោលការណ៍អនុវត្តន៍នៅក្នុងសាលាបឋមសិក្សា និងមធ្យមសិក្សានៅក្នុងភូមិសាស្ត្រទីក្រុង។ គំរូនេះនឹងជាចំណុចស្នូលនៃការច្នៃប្រឌិតផ្នែកអប់រំ ដាក់សុភមង្គលជាកត្តាគន្លឹះ ក្នុងការលើកកម្ពស់គុណភាពសិក្សា”។

នាប៉ុន្មានឆ្នាំកន្លងទៅ វិស័យអប់រំនិងបណ្តុះបណ្តាលរបស់ទីក្រុងហូជីមិញបានអភិវឌ្ឍទាំងបរិមាណនិងគុណភាព ក្លាយជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ បណ្តាញសាលារៀននៅគ្រប់កម្រិត បានគ្របដណ្តប់លើខ័ណ្ឌ/ស្រុក និងទីក្រុង Thu Duc ដោយមានគ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាលជាង ៥.៧០០ ពីថ្នាក់មត្តេយ្យសិក្សាដល់កម្រិតសាកលវិទ្យាល័យ។ ទីក្រុងហូជីមិញបានបង្កើតឱកាសនិងលក្ខខណ្ឌសម្រាប់ប្រជាជនក្នុងការសិក្សារៀនសូត្រអស់មួយជីវិត ដើម្បីលើកកម្ពស់ការយល់ដឹង អភិវឌ្ឍជំនាញនិងរួមចំណែកផ្លាស់ប្តូរធនធានមនុស្សរបស់ប្រទេសជាតិ បង្កើតជំហានលោតផ្លោះក្នុងទិន្នផលការងារនិងគុណភាពជីវភាពរស់នៅរបស់ប្រជាជន។

ទីក្រុងហូជីមិញ៖ សមាជិកនៃបណ្តាញទីក្រុងសិក្សាសកល - ảnh 3លោកស្រី Nguyen Thi Le ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ រូបថត៖ VOV

លោកស្រី Nguyen Thi Le ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖ “ ទីក្រុងហូជីមិញ បានបង្កើតគម្រោងអប់រំឆ្លាតវៃ និងការសិក្សារៀនសូត្រអស់មួយជីវិត ដំណាក់កាល ២០២១-២០៣០។ រហូតមកដល់ពេលនេះ ទីក្រុងមានគ្រួសារជាង ១,៦លានគ្រួ ដែលទទួលបានកិត្តិនាមជាគ្រួសារសិក្សារៀនសូត្រ មានត្រកូលសិក្សាជាង ១.០០០ និងប្រជាជនជាង ១០.០០០ នាក់ត្រូវបានទទួលស្គាល់ជាពលរដ្ឋសិក្សារៀនសូត្រ។ ទីក្រុងនឹងបន្តអភិវឌ្ឍឲ្យក្លាយជាមជ្ឈមណ្ឌលអប់រំឈានមុខគេនៅអាស៊ីអាគ្នេយ៍ និងសម្រេចបាននូវកិត្យានុភាពនិងចំណាត់ថ្នាក់ខ្ពស់ក្នុងការវាយតម្លៃនិងការទទួលស្គាល់ពិភពលោក។ ទីក្រុងហូជីមិញនឹងខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបមានឱកាសសិក្សារៀនសូត្រនិងអភិវឌ្ឍន៍។ ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀតនៃបណ្តាញទីក្រុងសិក្សារៀនសូត្រសកល ដើម្បីចែករំលែកបទពិសោធន៍ សិក្សាពីគ្នាទៅវិញទៅមក និងកសាងបរិយាកាសសិក្សាកាន់តែប្រសើរឡើង សម្រាប់មនុស្សគ្រប់រូប” ។

ក្នុងឱកាសទទួលបានកិត្តិនាមជាបណ្តាញទីក្រុងសិក្សារៀនសូត្រសកល គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានបើកកម្មវិធីសកម្មភាពកសាង “ទីក្រុងសិក្សារៀនសូត្រសកលរបស់អង្គការយូណេស្កូ ដំណាក់កាល ២០២៤ - ២០៣០”។ ទីក្រុងបានស្នើកម្មវិធីសកម្មភាព ដើម្បីធ្វើឱ្យទីក្រុងក្លាយទៅជាកន្លែងដែលមនុស្សគ្រប់រូប មិនថាមានអាយុ ឬសញ្ជាតិណាក៏ដោយ ក៏អាចបន្តការសិក្សា ដោយបង្កើតបរិយាកាសសិក្សាបើកចំហ។ លោក Nguyen Ho Hai លេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងហូជីមិញបានឲ្យដឹងថា៖ “ដើម្បីពង្រីកលទ្ធផលឲ្យកាន់តែល្អប្រសើរនាពេលខាងមុខ ទីក្រុងហូជីមិញបង្កើនស្មារតីនៃការសិក្សារៀនសូត្រដោយខ្លួនឯង ហាត់ពត់លត់ដំដោយខ្លួនឯង បំផុសគំនិតនិងឆន្ទៈក្នុងការរៀនសូត្រអស់មួយជីវិតដល់មនុស្សគ្រប់គ្នា។ បន្តលើកកម្ពស់ប្រសិទ្ធភាពនៃគំរូនិងអត្ថន័យក្នុងការងារជំរុញការសិក្សា លើកកម្ពស់ទេពកោសល្យ និងការកសាងសង្គមសិក្សាដែលទីក្រុងសម្រេចបាននាពេលថ្មីៗនេះ។ ជាពិសេស ផ្តោតលើការអនុវត្តកម្មវិធីបរិវត្តកម្មឌីជីថល វេទិកាសមស្រប និងការចែករំលែកទិន្នន័យរបស់ទីក្រុង ហើយចាត់ទុកថា នេះជាបដិវត្តន៍មួយដែលបង្កើតការអភិវឌ្ឍន៍រួមរបស់ទីក្រុងហូជីមិញ”។

៤៩ ឆ្នាំក្រោយរំដោះ ទីក្រុងហូជីមិញបានត្រៀមខ្លួនជាស្រេចសម្រាប់ដំណើរឆ្ពោះទៅអនាគត ដែលប្រជាពលរដ្ឋគ្រប់រូបជាពលរដ្ឋឌីជីថល ពលរដ្ឋសិក្សារៀនសូត្រសកល; ទន្ទឹមនឹងនោះ កសាងសហគមន៍សិក្សា សង្គមសិក្សា ហើយរួមគ្នាកសាងពិភពសិក្សា៕


ប្រតិកម្មទៅវិញ