វេជ្ជបណ្ឌិត Toan “ឆ្អឹង” ជាមួយនឹងបំណងប្រាថ្នានាំមកនូវសុភមង្គលជូនអ្នកជំងឺ

Chia sẻ
(VOVWORLD) - នៅមន្ទីរពេទ្យ Viet Duc សហការីនិងអ្នកជំងឺតែងតែ ហៅ លោកសាស្ត្រាចារ្យរង បណ្ឌិត គ្រូពេទ្យប្រជាជន Ngo Van Toan ដោយរហស្សនាមថា Toan "ឆ្អឹង"។ លោកគឺជាអ្នកជំនាញមួយរូបក្នុងចំណោមអ្នកជំនាញជួរមុខក្នុងវិស័យសាច់ដុំឆ្អឹងនិងវះកាត់ជួសជុលសន្លាក់នៅវៀត ណាម។ ជាមួយនឹងជំនាញរបស់ខ្លួន លោកវេជ្ជបណ្ឌិត Ngo Van Toan បាននាំមកនូវសុភមង្គលជូនអ្នកជំងឺជាច្រើន ជាពិសេសកុមារក្រីក្រដែលពិការអវយវៈពីកំណើត។ តាមរយៈសកម្មភាពពិនិត្យ និងវះកាត់ដោយឥតគិតថ្លៃនៃក្លឹប Sala ដែលលោកបានបង្កើតជាង ១២ ឆ្នាំមុន លោកវេជ្ជបណ្ឌិត Toan "ឆ្អឹង" រួមជាមួយកូនសិស្ស និងសហការីបាននាំមកនូវក្ដីសប្បាយរីករាយជូនអ្នកជំងឺកុមារជាច្រើននៅតាមបណ្ដាខេត្តព្រៃភ្នំភាគខាងជើង។

“គ្រួសារមិនមានលទ្ធភាពវះកាត់ឲ្យកូនទេ ដូច្នេះហើយ នៅពេលដែលខ្ញុំដឹងថាមានកម្មវិធីវះកាត់មនុស្សធម៌ ខ្ញុំបាននាំកូនមកពិនិត្យនៅទីនេះ។ ខ្ញុំសប្បាយចិត្តណាស់ព្រោះថា កូនអាចកែបានភាពខូចអវយវៈ”។

ដោយបានដឹងថា ក្រុមវេជ្ជបណ្ឌិតពីរដ្ឋធានីហាណូយ មកពិនិត្យនិងវះកាត់ជូនកុមារដែលរងភាពខូចអវយវៈដោយឥតគិតថ្លៃនោះ អ្នកស្រី Lu Thi Doan ក៏ដូចជាគ្រួសារជាច្រើនទៀត នៅតំបន់ឆ្ងាយដាច់ស្រយាល នៃខេត្ត Lang Son បាននាំកូនទៅកាន់មន្ទីរពេទ្យពហុព្យាបាលខេត្ត តាំងពីព្រឹកព្រលឹម។ Lang Son គឺជាគោលដៅមួយក្នុងដំណើរពិនិត្យ និងព្យាបាលជំងឺជូនកុមារនៅតំបន់ខ្ពង់រាបនៃក្លឹប Sala ដែលលោកសាស្ត្រាចារ្យរង បណ្ឌិត គ្រូពេទ្យប្រជាជន Ngo Van Toan ធ្វើជាប្រធាន។

ក្នុងរយៈពេល៣ថ្ងៃស្នាក់នៅ Lang Son លោកវេជ្ជបណ្ឌិត Ngo Van Toan រួមជាមួយកូនសិស្ស និងសហការីនៅមន្ទីរពេទ្យ Viet Duc និងមន្ទីរពេទ្យពហុព្យាបាលខេត្ត Lang Son បានពិនិត្យនិងផ្ដល់ប្រឹក្សាដល់ករណីជិត ៧០ ធ្វើការវះកាត់ជូនអ្នកជំងឺចំនួន ១៦ នាក់ ក្នុងនោះភាគច្រើនជាកុមារដែលរងភាពខូចអវយវៈពីកំណើត។ នេះត្រឹមតែជាផ្នែកតូចមួយ ក្នុងចំណោមអ្នកជំងឺកុមាររាប់ពាន់នាក់ ដែលត្រូវបានវេជ្ជបណ្ឌិតសមាជិកនៃក្លឹប Sala ពិនិត្យនិងព្យាបាលជំងឺក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ។ នៅតាមខេត្តនីមួយៗដែលក្រុមវេជ្ជបណ្ឌិតមកដល់ ប្រជាជនមិនត្រឹមតែទទួលបានការពិនិត្យនិងវះកាត់ដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែអ្នកជំងឺជាជនជាតិភាគតិចដែលមានស្ថានភាពលំបាក ក៏ត្រូវបានក្លឹប Sala ឧបត្ថម្ភចំណាយលើការធ្វើដំណើរ ជូនអំណោយ ហើយឧបត្ថម្ភការចំណាយព្យាបាលមួយផ្នែកឬពេញលេញទៀតផង។ សកម្មភាពដ៏មានអត្ថន័យទាំងអស់នេះ សុទ្ធតែផ្ដើមចេញពីគំនិតរបស់ប្រធានក្លឹប លោកវេជ្ជបណ្ឌិត Ngo Van Toan ដោយមានបំណងចង់នាំមកនូវក្ដីសប្បាយរីករាយជូនអ្នកជំងឺកុមារ។ លោកវេជ្ជបណ្ឌិត Toan បានចែករំលែកថា៖

“យើងជាវេជ្ជបណ្ឌិតជំនាញឆ្អឹង ហើយមានបំណងចង់នាំវិជ្ជាជីវៈរបស់ខ្លួនទៅបម្រើអ្នកជំងឺ។ ខ្ញុំមិនមានមហិច្ឆតាធំនោះទេ វគ្គវះកាត់នីមួយៗមានអ្នកជំងឺរាប់រយនាក់ ប៉ុន្តែត្រឹមតែវះកាត់ឲ្យអ្នកជំងឺ ១០ នាក់ប៉ុណ្ណោះគឺបានហើយ។ វះកាត់ឲ្យអ្នកជំងឺណាមួយគឺជួយបានអ្នកជំងឺនោះ ប៉ុន្តែត្រូវតែធានាថាអ្នកជំងឺទទួលបានសមិទ្ធិផលវេជ្ជសាស្រ្តល្អបំផុត។ ទីពីរគឺ អ្នកជំងឺទទួលបានឧបត្ថម្ភការចំណាយដើម្បីប៉ុន្មានថ្ងៃសម្រាកនៅមន្ទីរពេទ្យបន្ទាប់ពីការវះកាត់នឹងមិនសូវមានការលំបាកទេ”។

ដោយមានការយោគយល់និងចែករំលែកជាមួយទឹកចិត្តរបស់លោកវេជ្ជបណ្ឌិត Ngo Van Toan មានចំពោះអ្នកជំងឺកុមារ តាំងពីការបង្កើតមក ក្លឹប Sala Club ទទួលបានការជួយឧបត្ថម្ភនិងរួមវិភាគទានយ៉ាងច្រើនពីសប្បុរសជន ក្នុងនោះមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាករជាច្រើន ដែលជាសហការី និងកូនសិស្សរបស់លោក Toan។ លោកវេជ្ជបណ្ឌិត Phan Ba Hai អនុប្រធានដេប៉ាតឺម៉ង់វះកាត់អវយវៈខាងលើនិងវេជ្ជសាស្ត្រកីឡា មន្ទីរពេទ្យ Viet Duc ដែលជាសមាជិកសកម្មម្នាក់នៃក្លឹប Sala បានឲ្យដឹងថា៖

“លោកគ្រូ Toan ចូលចិត្តធ្វើការងារសប្បុរសធម៌ ហើយតែងតែមានបំណងចង់ទៅពិនិត្យនិងព្យាបាលជូនកុមារពិការនៅវៀតណាម។ ខ្ញុំបានទៅជាមួយលោកគ្រូដើម្បីពិនិត្យករណីកុមារជាច្រើននៅតំបន់ព្រំដែនភាគខាងជើង និងតំបន់ឆ្ងាយដាច់ស្រយាល។ ជួបប្អូនៗដែលមកពិនិត្យក្នុងស្ថានភាពលំបាកខ្លាំងណាស់។ លំបាកដោយសារស្ថានភាពគ្រួសារ គ្មានលទ្ធភាព លំបាកដោយសាររងភាពខូចអវយវៈពីកំណើត។ មើលឃើញស្ថានភាពបែបនេះ លោកគ្រូបានចោទសួរថា ហេតុអ្វីយើងមិនទៅពិនិត្យជូនកុមារដោយផ្ទាល់ដើម្បីឲ្យប្អូនៗមិនសូវមានការលំបាក? ខ្ញុំពិតជាយោគយល់ជាមួយគំនិតនោះរបស់លោកគ្រូ ហើយក៏ចង់រួមចំណែកនូវកម្លាំងនិងជំនាញ ដែលខ្ញុំបានរៀន ដើម្បីដើរតាមលោកគ្រូជួយបងប្អូនជនរួមជាតិ។ ដូច្នេះហើយ នៅពេលដែលលោកគ្រូរៀបចំដំណើរបែបនេះ ខ្ញុំតែងតែរួមដំណើរ ហើយរហូតមកដល់ពេលនេះ ខ្ញុំនៅតែទៅពីរដងក្នុងមួយឆ្នាំជាមួយលោកគ្រូ”។

ជាមួយនឹងអាយុជិត ៧០ ឆ្នាំ និងបទពិសោធន៍ឯកទេសជាង ៤០ ឆ្នាំ លោកវេជ្ជបណ្ឌិត Ngo Van Toan ត្រូវបានវាយតម្លៃថា ជាអ្នកដែលមានសមត្ថភាពជំនាញខ្ពស់ និងជាវេជ្ជបណ្ឌិតដែលមានបាតដៃមាសផ្នែកវះកាត់សន្លាក់ឆ្អឹងនៅវៀតណាម។ មិនត្រឹមតែពិនិត្យព្យាបាលជំងឺដោយអស់ពីចិត្តប៉ុណ្ណោះទេ លោកវេជ្ជបណ្ឌិត Toan ថែមទាំងលើកទឹកចិត្តអ្នកជំងឺឱ្យមានជំនឿជាក់ និងកម្លាំងចិត្តដើម្បីជំនះលើជំងឺទៀតផង។

“ក្នុងវិជ្ជាជីវៈពេទ្យ គោលការណ៍មូលដ្ឋានគឺត្រូវមើល ពិនិត្យ សួរសុខទុក្ខ ពិនិត្យរោគសញ្ញា... ហើយពន្យល់ឲ្យអ្នកជំងឺ។ ខ្ញុំមានគោលការណ៍ផ្ទាល់ខ្លួន នោះគឺត្រូវពន្យល់ដោយស្មោះស្ម័គ្រ។ ពន្យល់យ៉ាងម៉េចដែលគេងាយយល់បំផុត មិនមែនប្រើពាក្យវេជ្ជសាស្រ្ត ដែលអ្នកជំងឺនឹងមិនយល់នោះទេ ត្រូវប្រើពាក្យសាមញ្ញបំផុតតាមដែលអាចធ្វើទៅបាន។ ចំណែកពេលធ្វើការវះកាត់ ត្រូវតែមានភ្នែកមុតស្រួចដូចសត្វស្ទាំង បេះដូងក្លាហានដូចសត្វតោ និងបាតដៃទន់ភ្លន់ កក់ក្តៅរបស់នារីវ័យក្មេង។ ភ្នែកត្រូវតែមុតស្រួចទើបពេលវះកាត់អាចមើលឃើញបញ្ហាបានច្បាស់។ ត្រូវតែក្លាហាន មិនមែនឃើញតែបញ្ហាលំបាកគឺមិនធ្វើនោះទេ ក្លាហានដើម្បីសម្លឹងមើលបញ្ហា និងប្ដេជ្ញាចិត្ត។ មានបាតដៃទន់ភ្លន់ កក់ក្តៅដើម្បីធ្វើការវះកាត់ ជួយសង្គ្រោះព្យាបាលអ្នកជំងឺ”។

រហូតមកដល់ពេលនេះ ក្រោយពីបានចូលនិវត្តន៍ជិត ១០ ឆ្នាំ ហើយ លោកវេជ្ជបណ្ឌិត Toan "ឆ្អឹង" នៅតែត្រូវបានថ្នាក់ដឹកនាំនៃមន្ទីរពេទ្យ Viet Duc អញ្ជើញឱ្យបន្តធ្វើការក្នុងតួនាទីជាទីប្រឹក្សាជំនាញ អនុវត្តន៍ការពិនិត្យនិងវះកាត់ករណីលំបាក។ ទន្ទឹមនឹងនោះ លោកនៅតែទៅកាន់សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយយ៉ាងញឹកញាប់ដើម្បីចូលរួមបង្រៀនថ្នាក់វេជ្ជបណ្ឌិតជាន់ខ្ពស់និងអ្នកស្រាវជ្រាវ។ ទោះបីជាមានអាយុជិត ៧០ឆ្នាំទៅហើយក្តី ប៉ុន្តែលោកនៅតែបន្តធ្វើការ លះបង់កម្លាំងកាយចិត្តសម្រាប់ខឿនវេជ្ជសាស្ត្រនៃប្រទេសជាតិ ក៏ដូចជាបន្តនាំមកនូវក្ដីសប្បាយរីករាយជូនអ្នកជំងឺកុមារដែលមានស្ថានភាពលំបាកផងដែរ៕

ប្រតិកម្មទៅវិញ