មួយឆ្នាំធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន ៤១៖ អ្នកគ្រូជាមួយក្ដីសុបិនរបស់ខ្លួន

Chia sẻ
(VOVWORLD) - ក្នុងអំឡុងពេល ១ ឆ្នាំសិក្សារៀនសូត្រថ្នាក់អនុបណ្ឌិតនៅចក្រភពអង់គ្លេស អ្នកគ្រូ Nguyen Huong Thao បានធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន ៤១ នៅទ្វីបចំនួន ៤ គឺអាស៊ី អឺរ៉ុប អាមេរិក និងអាហ្វ្រិក ហើយនៅតែបានបញ្ចប់ការសិក្សាជាមួយលទ្ធផលល្អប្រសើរ។ នៅគ្រប់ទីកន្លែងមកដល់ អ្នកស្រី Thaoបានបំផុសគំនិតដល់ស្ត្រីជុំវិញខ្លួន នាំមកនូវថាមពលវិជ្ជមាន ជួយពួកគេមានទំនុកចិត្តធ្វើអ្វីដែលពួកគេចូលចិត្ត និងរួមចំណែកផ្លាស់ប្តូរការយល់ដឹងអំពីតួនាទីរបស់ស្ត្រីនៅក្នុងសង្គម។
មួយឆ្នាំធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន ៤១៖ អ្នកគ្រូជាមួយក្ដីសុបិនរបស់ខ្លួន - ảnh 1អ្នកគ្រូ Nguyen Huong Thao បានធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន ៤១ នៅទ្វីបចំនួន ៤ គឺអាស៊ី អឺរ៉ុប អាមេរិក និងអាហ្វ្រិក។ រូបថត៖ FB

“ចរិតរបស់នាងខ្ញុំគឺចាប់ពីការលេងកីឡា ឬរៀនភាសាបរទេសណាមួយ នាងខ្ញុំសុទ្ធតែធ្វើដល់ទីបញ្ចប់ ហើយមិនបោះបង់ចោលឡើយ។ ទោះជាអាយុក្មេងឬចាស់ក៏មិនកំណត់ក្តីសុបិន្តរបស់ខ្លួនឡើយ។ នៅពេលដែលចង់ធ្វើអ្វីមួយ នាងខ្ញុំអាចធ្វើវាឲ្យទាន់តែបាន។ នាងខ្ញុំគិតថាការទៅសាលារៀនរបស់ខ្លួនក៏ជារឿងដ៏ល្អមួយសម្រាប់សិស្សានុសិស្សដែលមានអាយុច្រើនដើម្បីមានកម្លាំងចិត្តផងដែរ”។

នេះគឺជាហេតុផលដែលអ្នកស្រី Nguyen Huong Thao សម្រេចចិត្តទៅសិក្សាថ្នាក់អនុបណ្ឌិតនៅចក្រភពអង់គ្លេសនៅពេលមានអាយុ ៣៦-៣៧ ឆ្នាំ។ ការសិក្សារៀនសូត្រនៅបរទេសក្នុងវ័យនេះមិនមែនជាការងាយស្រួលនោះទេ ព្រោះពេលនោះអ្នកស្រីមានការងារធ្វើ ហើយមានគ្រួសារស្ថិរភាពហើយ។ ប៉ុន្តែការសិក្សានៅបរទេស និងការស្វែងយល់ពិភពលោកគឺជាក្ដីសុបិនអចិន្ត្រៃយ៍របស់ Huong Thao។ ហើយអ្នកស្រីបានតាំងចិត្តធ្វើឲ្យបានសម្រេច។

“នាងខ្ញុំមានផែនការនេះតាំងពីពេលចាប់ផ្តើមរៀនភាសាអង់គ្លេសមក។ នាងខ្ញុំរៀនភាសាអង់គ្លេសចាប់ពីពេលមានអាយុ ២៣ឆ្នាំ។ តាំងពីតូច ខ្ញុំបានសិក្សាជំនាញភាសាបារាំង ក្រោយមកសិក្សានៅមហាវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេសផ្នែកពាណិជ្ជកម្មកម្មរបរទេសជាភាសាបារាំង ហើយមានអាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៅទីក្រុងប៉ារីសផងដែរ។ វិលត្រឡប់មកធ្វើការរយៈពេលពីរឆ្នាំនៅធនាគារពាណិជ្ជភាគហ៊ុននៅទីក្រុងហាណូយ ខ្ញុំបានយល់ឃើញថា ដើម្បីអភិវឌ្ឍន៍ ឬធ្វើការងារណាមួយឱ្យបានល្អប្រសើរនៅវៀតណាម គឺត្រូវតែពូកែភាសាអង់គ្លេស ទើបនាងខ្ញុំសម្រេចចិត្តសិក្សាដោយខ្លួនឯង។ កាលខ្ញុំរៀនភាសាបារាំង ខ្ញុំបានទៅបារាំង ដូច្នេះខ្ញុំក៏ចង់រៀនភាសាអង់គ្លេស ដើម្បីទៅប្រទេសដែលនិយាយភាសាអង់គ្លេសផងដែរ។ ខ្ញុំបានចិញ្ចឹមក្ដីសុបិននោះ ហើយចំណាយពេលជាង ១០ ឆ្នាំដើម្បីសម្រេច”។

មួយឆ្នាំធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន ៤១៖ អ្នកគ្រូជាមួយក្ដីសុបិនរបស់ខ្លួន - ảnh 2អ្នកស្រី Huong Thao និងលោកគ្រូ អ្នកគ្រូ។ រូបថត៖ FB

ពេលសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Westminster អ្នកស្រី Huong Thao បានសិក្សាយ៉ាងស្វិតស្វាញជាមួយនឹងការប្តេជ្ញាចិត្តដើម្បីបញ្ចប់ការសិក្សាជាមួយលទ្ធផលល្អប្រសើរ ប៉ុន្តែនៅតែរៀបចំពេលវេលាដើម្បីបង្រៀនភាសាអង់គ្លេសតាមអ៊ីនធឺណិត និងទៅស្វែងយល់គោលដៅនានា។ អ្នកស្រី Huong Thao បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់សាលារៀន និងសហគមន៍ជនវៀតណាម និងជួយមនុស្សគ្រប់រូប។ Huong Thao តែងតែនាំមកនូវថាមពលវិជ្ជមានដល់មនុស្សជុំវិញខ្លួន។ 

ក្នុងឆ្នាំ ២០២៣Thao បានទៅសហរដ្ឋអាមេរិកពីរដង ដើម្បីស្វែងយល់សហរដ្ឋអាមេរិកតាមរយៈកីឡាដែលនាងចូលចិត្តគឺរត់ប្រណាំង។ ចូលរួមពានរង្វាន់រត់ប្រណាំង Los Angeles ចម្ងាយ ៤២ គីឡូម៉ែត្រ Thao ត្រូវបានមហាសេដ្ឋី Tim Leatherman ប្រធានក្រុមហ៊ុន Leatherman ផ្ដល់ទឹកប្រាក់យ៉ាងច្រើនដើម្បីជួយឧបត្ថម្ភយុទ្ធនាការរៃអង្គាសថវិកាសម្រាប់អង្គការ TMF របស់សហរដ្ឋអាមេរិក ដើម្បីស្រាវជ្រាវ និងព្យាបាលជំងឺដូចជាជំងឺAlzheimer ។

រឿងរ៉ាវរបស់ Nguyen Huong Thao ធ្វើដំណើរទេសចរណ៍ឆ្លងកាត់ប្រទេសចំនួន ៤១ ក្នុងរយៈពេល ១ ឆ្នាំត្រូវបានចែករំលែកយ៉ាងច្រើននៅលើបណ្តាញសង្គមវៀតណាមអំពី "អ្នកម្តាយ គ្រូបង្រៀន អ្នករត់ប្រណាំង និងមនុស្សដែលមានក្ដីសុបិន"។ ដើម្បីសម្រេចក្តីបានសុបិនរបស់ខ្លួនHuong Thao ទទួលបានការជួយឧបត្ថម្ភ និងលើកទឹកចិត្តយ៉ាងច្រើនពីក្រុមគ្រួសារ និងសាច់ញាតិ។ លោក Pham Quoc Huy Linh ប្តីរបស់អ្នកស្រីThao បានឲ្យដឹងថា៖

“ខ្ញុំដឹងថានេះគឺជាក្ដីសុបិនតាំងពីយូរណាស់មកហើយរបស់ប្រពន្ធខ្ញុំ។ ខ្ញុំមិននិកស្មានថាប្រពន្ធខ្ញុំនៅតែអាចសម្រេចបាន នៅពេលមានអាយុ ៣៧ ឆ្នាំ។ ប្រពន្ធខ្ញុំជាមនុស្សមិនដែលបោះបង់ចោលគោលដៅឡើយ ដូច្នេះខ្ញុំគាំទ្រគាត់ណាស់”។

ក្នុងដំណើរស្វែងរកបទពិសោធន៍ Huong Thao តែងតែមានមោទនៈភាពជាស្ត្រីវៀតណាមមួយរូបដែលមានទំនុកចិត្ត ម្ចាស់ការ ស្វាហាប់ ហើយបាននាំវប្បធម៌ និងរូបភាពទឹកដីវៀតណាមតែម្នាក់ឯងទៅជុំវិញពិភពលោក។ ការធ្វើដំណើររយៈពេល ១ឆ្នាំឆ្លងកាត់ប្រទេសចំនួន ៤១គឺជាការចងចាំដែលមិនអាចបំភ្លេចបានសម្រាប់ Huong Thao ហើយក៏ជាឱកាសសម្រាប់នាងរៀនជំនាញថ្មីៗជាច្រើន ក៏ដូចជារបៀបសម្របខ្លួន និងដោះស្រាយបញ្ហាក្នុងបរិយាកាសថ្មី។ អាស្រ័យហេតុនេះ Huong Thao ក៏បានរួមចំណែកបំផុសគំនិតដល់មនុស្សនៅជុំវិញខ្លួន លើកទឹកចិត្តពួកគេឱ្យមានទំនុកចិត្តបន្ថែមដើម្បីសម្រេចក្តីសុបិន មិនថាស្ថិតក្នុងវ័យណាក៏ដោយ៕

ប្រតិកម្មទៅវិញ