Do Nhu Diem - វិចិត្រករជក់ចិត្តជាមួយគំនូរឃោសនា Dien Bien Phu

Chia sẻ
(VOVWORLD) - ចំពោះវិចិត្រករ Do Nhu Diem សញ្ញាសម្គាល់ប្រវត្តិសាស្ត្រជ័យជំនះនៅ Dien Bien Phu ឆ្នាំ ១៩៥៤ គឺជាប្រភពបំផុសគំនិតនិពន្ធដែលគ្មានទីបញ្ចប់។ លោកតែងតែសញ្ជឹងគិតចំពោះសំណួរជាច្រើនថា៖ តើធ្វើយ៉ាងដូចម្ដេច ដើម្បីសញ្ញាសម្គាល់នេះបំភ្លឺដល់មនុស្សឲ្យបានច្រើនជំនាន់? តើធ្វើយ៉ាងដូចម្ដេចដើម្បីគំរូវីវភាពក្នុងការតស៊ូប្រយុទ្ធទាំងនេះនៅស្ថិតស្ថេរជាមួយពេលវេលាជានិច្ច ហើយរំឭកដល់យុវជនវ័យក្មេងអំពីសេចក្ដីស្នេហាជាតិ និងមោទនភាពជាតិ? ប្រការទាំងនេះត្រូវបានវិចិត្រករផ្តាំផ្ញើទៅក្នុងស្មាដៃគំនូរឃោសនាក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ។
Do Nhu Diem - វិចិត្រករជក់ចិត្តជាមួយគំនូរឃោសនា Dien Bien Phu - ảnh 1វិចិត្រករ Do Nhu Diem ។ រូបថត៖ VOV

ក្នុងការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក វិចិត្រករ Nhu Diem បានចូលជួរទ័ព ហើយមានភារកិច្ចគូរគំនូរឃោសនា។ គំនូររបស់លោកសុទ្ធតែមានប្រធានបទជុំវិញរូបភាពយុទ្ធជន។ ក្នុងស្នាដៃនីមួយៗ លោកសុទ្ធតែយកចិត្តទុកដាក់លើស្នាមគំនូសនីមួយៗ ដើម្បីបង្កើតជាគំនូរដែលមានលក្ខណៈទូទៅខ្ពស់ ពណ៌ចុះសម្រុងគ្នា ហើយមានលក្ខណៈនិមិត្តសញ្ញា ទាន់ហេតុការណ៍ និងបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លា។ ប្រការទាំងនោះបានបង្កើតលក្ខណៈដាច់ដោយឡែកក្នុងផ្ទាំងគំនូរឃោសនារបស់វិចិត្រករ Nhu Diem។ ចំពោះលោក  នៅពេលដែលលាយម្សៅពណ៌ឲ្យសមស្របដោយខ្លួនឯង និងគូរគំនរនីមួយៗដោយខ្លួនឯងប៉ុណ្ណោះ ទើបបង្ហាញបានព្រលឹងក្នុងស្នាដៃនីមួយៗរបស់ប្រជាជាតិ ក្នុងនោះមានជ័យជំនះ Dien Bien Phu ផងដែរ ។

“ជ័យជម្នះ Dien Bien Phu ល្បីល្បាញទ្វីបទាំងប្រាំ អង្រួនភពផែនដី។ មនុស្សជាច្រើនបានគូរគំនូរអំពីប្រធានបទនេះហើយ ប៉ុន្តែខ្ញុំមិនដើរតាមគន្លងរបស់ពួកគេឡើយ។ ចំពោះខ្ញុំ នៅពេលគូរគំនូអំពីយុទ្ធនាការ Dien Bien Phu ចាំបាច់ត្រូវបង្ហាញបានចំណុចដ៏សំខាន់ៗដូចជា៖ បងៗកងទ័ពតែងតែពាក់មួក ពាក់ឯកសណ្ឋាន ហើយកងជីវពលសុទ្ធតែបានលីថង់អង្ករលើស្មា  និងកាបូបយួរ។ ចំណុចទាំងនេះគឺខុសប្លែកបើធៀបនឹងសង្គ្រាមដទៃទៀត ពោលគឺមានត្រឹមតែក្នុងយុទ្ធនាការ Dien Bien Phu ប៉ុណ្ណោះ។  ប្រសិនបើមិនបង្ហាញចំណុចទាំងនេះឲ្យបានពេញលេញ គឺមិនអាចបង្ហាញពីលក្ខណៈដ៏វិសេសវិសាលនៃយុទ្ធនាការនេះឡើយ”។

ទោះបីជាមានអាយុជាង ៧០ ឆ្នាំហើយក៏ដោយ ប៉ុន្តែជារៀងរាល់ថ្ងៃ វិចិត្រករ Nhu Diem នៅតែចំណាយពេលវេលាសញ្ជឹងគិត ស្វែងយល់របៀបបង្ហាញថ្មី ដើម្បីពណ៌នាយ៉ាងដិតដល់រូបភាពរបស់កងទ័ព និងប្រជាជនក្នុងផ្ទាំងគំនូរនីមួយៗ។  យោងតាមលោកបានឲ្យដឹងថា ស្នាដៃគំនូរឃោសនានីមួយៗត្រូវបានបង្ហាញយ៉ាងពិតៗ និងត្រឹមត្រូវពីសំលៀកបំពាក់រហូតដល់បរិបទសម័យសង្គ្រាម សូម្បីតែចំណុចមួយក៏មិនអាចខុសបានឡើយ។ ហើយគោលការណ៍នេះត្រូវបានលោកបំពាក់បំប៉នដល់កូនប្រុសរបស់ខ្លួន គឺវិចិត្រករ Do Duc Do។ វិចិត្រករ Do Duc Do បានចែករំលែកថា៖

“តាំងពីកុមារភាព ខ្ញុំបានដើរតាមលោកឪពុក ហើយបានគូរគំនូរឃោសនា និងផ្ទាំងប៉ាណូធំៗ។ កាលពីអតីតកាល គេគូរគំនូរដោយម្សៅពណ៌តែប៉ុណ្ណោះរួចមកលាយជាមួយម្សៅអង្ករដំណើប។ ឪពុកគឺជាលោកគ្រូរបស់ខ្ញុំ។ នៅពេលធំដឹងក្ដី ខ្ញុំបានប្រកបរបររបស់លោកឪពុក។ ក្នុងដំណើរគូរគំនូរ លោកឪពុកតែងតែរំលឹកខ្ញុំអំពីប្រធានបទ សំលៀកបំពាក់ និងឧបករណ៍នានា ធ្វើយ៉ាងណាឱ្យចំពេលវេលា។ វិចិត្រករត្រូវសិក្សាគំនូរឃោសនាឲ្យបានស៊ីជម្រៅ។ បច្ចុប្បន្ននេះ មានបច្ចេកវិទ្យាបោះពុម្ព និងគូរលើម៉ាស៊ីន ប៉ុន្តែលោកឪពុកតែងតែលើកទឹកចិត្តខ្ញុំឱ្យគូរដោយដៃ។ ស្នាដៃដែលគូរដោយដៃគឺមានភាពរស់រវើក ហើយពណ៌ទន់ភ្លន់ជាងផងដែរ”។

Do Nhu Diem - វិចិត្រករជក់ចិត្តជាមួយគំនូរឃោសនា Dien Bien Phu - ảnh 2ស្នាដៃអំពី Dien Bien ។ រូបថត៖ VOV

អស់រយៈពេលជាង ៥០ ឆ្នាំនៃការនិពន្ធប្រធានបទសង្គ្រាមបដិវត្តន៍ ក្នុងនោះមានរយៈពេល ២០ ឆ្នាំ នៃការខ្វីឃ្មាតជាមួយគំនូរឃោសនាក្រោមប្រធានបទជ័យជំនះ Dien Bien Phu មក វិចិត្រករ Nhu Diem ទទួលបានពានរង្វាន់ធំៗជាច្រើនក្នុងការប្រឡងគំនូរឃោសនាធំៗនៅទូទាំងប្រទេស។នៅពាក់កណ្តាលខែមេសាកន្លងទៅ វិចិត្រករ Do Nhu Diem បានបន្តទទួលបានជោគជ័យនៅពេលដេលឈ្នះពានរង្វាន់លេខ ១ និងលេខ២ ក្នុងការប្រឡងគំនូរឃោសនារំលឹកខួបលើកទី ៧០ ទិវាជ័យជំនះ Dien Bien Phu ។ ចំពោះវិចិត្រករ Nhu Diem ពានរង្វាន់ដូចជា "និស្ស័យ" របស់លោកជាមួយនឹងប្រធានបទនេះអញ្ចឹង។ វាយតំលៃអំពីគំនូរឃោសនារបស់វិចិត្រករ Nhu Diem លោក Nguyen Quoc Huy អនុប្រធាននាយកដ្ឋានវប្បធម៌មូលដ្ឋាន ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានឲ្យដឹងថា៖

“តាមរយៈគំនូរឃោសនាដែលគូរដោយដៃ វិចិត្រករបានបង្ហាញអំពីពណ៌ រូបភាព និងពាក្យស្លោកយ៉ាងសង្ខេប។ ខ្លឹមសារឃោសនាក្នុងគំនូរក៏មានគុណតម្លៃជាច្រើន ដើម្បីបង្ហាញដល់ប្រជាជនអំពីគោលបំណង និងអត្ថន័យនៃជ័យជំនះជាប្រវត្តិសាស្ត្រ Dien Bien Phu”។

វិចិត្រករ Nhu Diem ធ្លាប់រៀបចំពិពណ៌អំពីគំនូរឃោសនាផ្ទាល់ខ្លួន ហើយស្មាដៃជាច្រើនត្រូវបានតាំងបង្ហាញនៅសារមន្ទីរហូជីមិញ សារមន្ទីរ Thai Binh និងបោះពុម្ពផ្សាយសៀវភៅសម្រាំងគំនូរឃោសនា។ ជាពិសេស លោកក៏មានកិត្តិយសដែលមានស្នាដៃគំនូរឃោសនាចំនួន ២ ផ្ទាំងអំពីបរិស្ថាន ត្រូវបានតាំងបង្ហាញនៅសារមន្ទីរ Victorya and Albert Museum ចក្រភពអង់គ្លេសផងដែរ៕

ប្រតិកម្មទៅវិញ