សិល្បការិនីប្រជាជន Tuong Vi - អ្នកពូនជ្រុំដួងចិត្តដោយ​ក្តីស្រឡាញ់សិល្បៈ

Chia sẻ
(VOVWORLD) - សិល្បការិនីប្រជាជនTuong Vi ក៏ជាមនុស្សដែលមានទឹកចិត្តទូលំទូលាយ និងមេត្តាធម៌ ។ លោកស្រីបានលះបង់ជាច្រើន ដើម្បីជួយឧបត្ថម្ភមនុស្សអកុសលសាបព្រួសគ្រាប់ពូជសិល្បៈដល់កុមារកំព្រា កុមារពិការ និងកុមារជួបការលំបាកជាច្រើនតាមរយៈផ្ទះសិល្បៈមេត្តាធម៌។ 
សិល្បការិនីប្រជាជន Tuong Vi - អ្នកពូនជ្រុំដួងចិត្តដោយ​ក្តីស្រឡាញ់សិល្បៈ - ảnh 1សិល្បការិនីប្រជាជន Tuong Vi។ រូបថត៖ vov.vn

នាថ្ងៃទី ១១ ឧសភា សិល្បការិនីប្រជាជនTuong Vi បានទទួលមរណភាពក្នុងអាយុ ៨៦ ឆ្នាំ។មរណភាពរបស់សិល្បការិនីប្រជាជនTuong Vi បានបន្សល់ទុក្ខក្ដីអាលោះអាល័យជាច្រើនក្នុងដួងចិត្តមិត្តរួមការងារនិងទស្សនិកជន។ 

ជាមួយនឹងទឹកដមសម្លេងដ៏ពីរោះ(soprano coloratura)  និងបច្ចេកទេសបញ្ចេញសម្លេងដ៏ល្អឥតខ្ចោះ សិល្បការិនីប្រជាជន Tuong Vi ត្រូវបានក្រុមអ្នកជំនាញវាយតម្លៃថាជាសំឡេងដ៏កម្រនៃខឿនតន្ត្រីវៀតណាម។ លោកស្រីធ្លាប់សម្តែងប្រកបដោយជោគជ័យនូវបទចម្រៀងជាច្រើនបទដូចជា៖ នារីបិតចម្រូង

ស្នូរសំឡេងចាប៉ីTa Lư, អូនជាផ្កាPơ Lang, ក្រមុំទន្លេLa, បក្សីនាំដំណឹងសប្បាយ, អ្នកជិះទូកដនៅ ទន្លេ Pô Cô, ដើមឈើ Kơ-nia, ទឹកជ្រោះលេនីន។ក្នុងនោះបទចម្រោងក្រោមចំណងជើងថា "នារីបិតចម្រូង"គឺជាបទចម្រៀងដែលបង្កើតកេរ្កិ៍ឈ្មោះរបស់លោកស្រីក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ។ ស្នូរសំឡេងរបស់លោកស្រីគឺពិរោះរណ្តំចិត្ត ពិពណ៌នាពីភាពសប្បាយរីករាយ ហើយត្រូវបានមនុស្សជាច្រើនវាយតម្លៃថា "ពិរោះជាងសម្លេងបក្សីយុំ"។ ការសំដែងរបស់សិល្បការិនីTuong Vi បានក្លាយជាគំរូល្អឯកសម្រាប់អ្នកចម្រៀងជំនាន់ក្រោយៗ។ 

សិល្បការិនីប្រជាជន Tuong Vi កើតនៅឆ្នាំ ១៩៣៨ ក្នុងគ្រួសារដែលគ្មានអ្នកណាម្នាក់ប្រកបអាជីពលិល្បៈនៅទីក្រុង Tam Ky ខេត្ត Quang Nam ។ នាឆ្នាំ ១៩៥៦ នៅពេលដែលចាប់ផ្តើមសិក្សាថ្នាក់វិជ្ជាបង្រៀនចម្រៀងលោកស្រីបានបង្ហាញយ៉ាងច្បាស់កាសើសំលេងទឹកដមដ៏កម្ររបស់ខ្លួន។ ក្រោយមក លោកស្រីបានបន្តឆ្លងកាត់ដំណាក់កាលបណ្តុះបណ្តាលនៅថ្នាក់វិជ្ជាបង្រៀនចម្រៀងនៅវិទ្យាស្ថានតន្ត្រីហាណូយ ហើយបន្តការសិក្សានៅវិទ្យាស្ថាន Sofia ប៊ុលហ្គារី។ ក្នុងអំឡុងពេលតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក សំឡេងច្រៀងរបស់លិល្បការិនីTuong Vi ត្រូវបានថតជាច្រើនដង ហើយបានចាក់ផ្សាយតាមវិទ្យុសម្លេងវៀតណាម ដើម្បីលើកទឹកចិត្តដល់ស្មារតីប្រយុទ្ធរបស់កងទ័ព និងប្រជាជននៅសមរភូមិ។ សិល្បការិនីក៏បានដើរតាមក្រុមសិល្បករទៅសម្តែងនៅតាមទីកន្លែងជាច្រើននៅលើសមរភូមិ ហើយជាសិល្បការិនីជំនាន់ដំបូង ដែលបានច្រៀងជូនយុទ្ធជនពិការ។ ក្នុងរបៀបច្រៀងរបស់លោកស្រី មហាជនអាចឃើញពីភាពក្ដីក្លៀវក្លា សេចក្ដីស្រឡាញ់ស្រុកកំណើត ទឹកដី ដែលផ្សារភ្ជាប់ជាមួយស្នូរចម្រៀងនីមួយៗ ។ លោកស្រីធ្លាប់ត្រូវបានជ្រើសរើសទៅសម្ដែងនៅតាមប្រទេសជាច្រើននៅលើពិភពលោកដូចជា៖ សហភាពសូវៀត (រុស្សីបច្ចុប្បន្ន) ប៉ូឡូញ ឈីលី គុយបា។ លោកស្រីទទួលបានពានរង្វាន់ទាំងក្នុងនិងក្រៅប្រទេសជាច្រើនដូចជា៖ មេដាយមាសនៅមហោស្រពសម្លេងច្រៀងជាតិ (១៩៦២) មេដាយមាសនៅមហោស្រពតន្ត្រីអន្តរជាតិSofia (១៩៦៨)។ 

មិនត្រឹមតែល្បីឈ្មោះក្នុងនាមជាអ្នកចម្រៀងប៉ុណ្ណោះទេ សិល្បការិនី Tuong Viក៏បាននិពន្ធបទចម្រៀងជាច្រើនបទតាមបែបបដិវត្តន៍ទៀតផង ដូចជា៖ ក្រុមការងារនាវិកយើងចេញដំណើរ ស្រុកកំណើតរបស់បងគឺជាសមុទ្រ ប្អូនស្តាប់សំឡេងជីវិត។ លើសពីនេះ លោកស្រីក៏បាននិពន្ធទាំងតន្ត្រីកុមារទៀតផងដូចជា៖ ជីវិតផ្តល់ឱ្យប្អូននូវអក្សរភ្លេង បេះដូងអើយកុំសោកសៅក្តីសុបិន្តរបស់អ្នូនគឺសន្តិភាព។ ជាមួយនឹងការរួមវិភាគទានក្នុងសិល្បៈ សិល្បការិនី Tuong Vi ទទួលបានកិត្តិនាមជាសិល្បការិនីឆ្នើមនាឆ្នា ១៩៨៤ និងសិល្បៈការិប្រជាជននាឆ្នាំ ១៩៩៣។ លោកស្រីក៏ទទួលបានកិត្តិយសជាសិល្បការិនីដែលមានឈ្មោះក្នុងសព្វវចនាធិប្បាយយោធាវៀតណាមដែលបានបោះពុម្ពនាឆ្នាំ ១៩៩៦។

សិល្បការិនីប្រជាជន Tuong Vi - អ្នកពូនជ្រុំដួងចិត្តដោយ​ក្តីស្រឡាញ់សិល្បៈ - ảnh 2សិល្បការិនីប្រជាជន Tuong Vi បង្រៀនតន្ត្រីដល់កុមារ រូបថតឯកសារ៖ VOV



ក្រោយពីចូលនិវត្តន៍ពីអាជីពនាឆ្នាំ ១៩៩២ សិល្បការិនីប្រជាជន Tuong Vi បានបើកថ្នាក់បង្រៀនតន្ត្រីដល់កុមារកំព្រា ហើយបានបង្កើតមជ្ឈមណ្ឌលសិល្បៈសប្បុរសធម៌ចំនួន ៣ នៅទីក្រុងហាណូយ ទីក្រុងដាណាង និងខេត្តក្វាងណាម។ មជ្ឈមណ្ឌលទាំងនេះគឺជាកន្លែងចិញ្ចឹមបីបាច់ បណ្តុះបណ្តាលនិងបំផុសក្ដីសុបិនដល់កុមារដែលមានស្ថានភាពលំបាក កុមារពិការ កុមារកំព្រា ហើយស្រលាញ់សិល្បៈ។ មនុស្សរាប់ពាន់នាក់ត្រូវបានបង្រៀនលេងចាប៉ី និងនិពន្ធតន្ត្រីឥតគិតថ្លៃនៅតាមមជ្ឈមណ្ឌលរបស់សិល្បការិនីTuong Vi ។ មនុស្សជាច្រើនក្នុងចំណោមពួកគេបានក្លាយទៅជាមនុស្សដ៏ល្បីល្បាញ ក្នុងនោះមានតន្ត្រីករពិការភ្នែក Ha Chuong ដែលជាកូនសិស្សដំបូងរបស់សិល្បការិនីប្រជាជន Tuong Vi នៅពេលទើបបង្កើតក្លឹបសិល្បៈមេត្តាធម៌  ក្រោយមកជាមជ្ឈមណ្ឌលសិល្បៈមេត្តាធម៌នៅទីក្រុងហាណូយដែលត្រូវបានលោកស្រីបង្កើត។ ក្នុងរយៈពេលប្រមាណ៣០ឆ្នាំប្រកបអាជីពសិល្បៈ តន្ត្រីករ Ha Chuong តែងតែទទួលបានការជួយឧបត្ថម្ភ គាំទ្រពីសិល្បការិនីប្រជាជន Tuong Vi។ លោក Ha Chuong បាននិយាយថា ឈ្មោះសិល្បៈHa Chuong ក៏ត្រូវបានសិល្បការិនីប្រជាជន Tuong Vi ដាក់ឲ្យលោក។

“ក្នុងដូងចិត្តរបស់ Chuong លោកស្រីTuong Vi គឺជាអ្នកម្តាយទីពីររបស់ខ្លួន ហើយមានទីតាំងដ៏សំខាន់ជាពិសេសក្នុងអាជីពសិល្បៈរបស់ខ្លួន។ តាំងពីការបោះជំហានដំបូង ខ្ញុំតែងតែទទួលបានការជួយឧបត្ថម្ភ គាំទ្រ និងការយកចិត្តទុកដាក់ដោយស្ងៀមស្ងាត់របស់អ្នកម្តាយ”។

ក្នុងការចងចាំរបស់ទស្សនិកជន និងមិត្តរួមការងារ សិល្បការិនីប្រជាជន Tuong Vi គឺជាគំរូនៃទេពកោសល្យ សិល្បការិណីដែលពោរពេញទៅដោយភាពក្លៀវក្លា ច្នៃប្រឌិត និងទឹកចិត្តមេត្តា។ ទោះបីជាលោកស្រីបានលាចាកលោកហើយកីដោយ  ប៉ុន្តែឈ្មោះរបស់សិល្បការិនីTuong Viនឹងត្រូវបានរំលឹកដោយក្តីគោរព និងស្រលាញ់រាប់អានជារៀងរហូត៕

ប្រតិកម្មទៅវិញ