លោក​គ្រូ Vu Van Tung ​បុគ្គលត្រូវបានលើកតម្កើងក្នុងកម្មវិធីរុងរឿងវៀតណាមឆ្នាំ ២០២៤

Chia sẻ
(VOVWORLD) - លោកគ្រូ Vu Van Tung គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលឆ្នើមទាំង ១០ ដែលត្រូវបានលើកតម្កើងក្នុងកម្មវិធីរុងរឿងវៀតណាមឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៩ ខែឧសភា។ 
លោក​គ្រូ Vu Van Tung ​បុគ្គលត្រូវបានលើកតម្កើងក្នុងកម្មវិធីរុងរឿងវៀតណាមឆ្នាំ ២០២៤ - ảnh 1លោកគ្រូ Vu Van Tung (ពាក់អាវក្រហម និងខៀវ) កំពុងជូនភនំប៉័ងដល់សិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ Dinh Nup (នៅឃុំ Po To ស្រុក Ia Pa ខេត្ត Gia Lai)។ រូបថត៖ Hoang Cu

អស់រយៈពេលជិត ១០ ឆ្នាំបំពេញការងារនៅសាលាវិទ្យាល័យ និងអនុវិទ្យាល័យ Dinh Nup ឃុំ Po To ស្រុក Ia Pa ខេត្ត Gia Lai លោកគ្រូVu Van Tung តែងតែខ្វល់ខ្វាយថា តើធ្វើយ៉ាងណាឲ្យកូនសិស្សបរិភោគឲ្យបានឆ្អែត ស្លៀកពាក់ឲ្យបានសមរម្យ ហើយនឹងនរចិត្តទៅសាលារៀន។ តាមរយៈសកម្មភាពជាក់ស្ដែង លោកគ្រូ Vu Van Tung បានចលនា រៃអង្គាស និងជួយឧបត្ថម្ភសិស្សានុសិស្ស ដែលមានស្ថានភាពលំបាកជាច្រើន៖

“ដល់ពេលសិស្សបានពាក់កណ្ដាលពេលសិក្សាកូនសិស្សជាច្រើនបានចាកចេញពីថ្នាក់រៀន ហើយវិលត្រឡបទៅផ្ទះវិញ។ ពេលខ្លះមានត្រឹមតែលោកគ្រូម្នាក់ និងកូនសិស្សម្នាក់ប៉ុណ្ណោះ។ ពេលសួរនាំ កូនសិស្សបានឆ្លើយថាទៅផ្ទះយកអីហូប។ ខ្ញុំគិតថាត្រូវតែធ្វើអ្វីមួយដើម្បីឲ្យកូនសិស្សទៅសាលារៀន ដូច្នេះហើយ “ទូនំប៉័ង សូន្យ ដុងបានចេញជារូបរាង”។

នេះគឺជាប្រសាសន៍របស់លោកគ្រូ Vu Van Tung មកពីស្រុក Dien Chau ខេត្ត Nghe An។ ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកប្រវត្តិសាស្ត្រក្នុងឆ្នាំ ២០០៥ នៅសាកលវិទ្យាល័យ Da Lat លោកបានបំពេញការងារនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ Dinh Nup ឃុំ Po To ស្រុក Ia Pa ខេត្ត Gia Lai ។

យល់ដឹងយ៉ាងច្បាស់លាស់អំពីការលំបាក និងកង្វះខាតរបស់សិស្សានុសិស្ស កាលពី ៣ ឆ្នាំមុន ពោលគឺនាឆ្នាំ ២០២១ លោកគ្រូ Tung បានបង្កើតគំរូ “ទូនំប៉័ង ០ ដុង” ដើម្បីផ្គត់ផ្គង់អាហារពេលព្រឹកដល់សិស្សានុសិស្សជនជាតិភាគតិច។ ដំបូងឡើយ ទូនំប៉័ងអាចផ្គត់ផ្គង់នំប៉័ងប្រហែល ៦០ ដើម សម្រាប់សិស្សានុសិស្សប៉ុណ្ណោះជារៀងរាល់ថ្ងៃ។ ក្រោយមក ដោយមានការជួយឧបត្ថម្ភអស់ពីចិត្តពីសំណាក់សប្បុរសជន និងភាពរីកសាយភាយនៃគំរូនេះមក នាបច្ចុប្បន្ន ជារៀងរាល់ព្រឹក  “ទូនំប៉័ង សូន្យដុង” បានឧបត្ថម្ភអាហារពេលព្រឹកដល់សិស្សានុសិស្សជាង២០០នាក់នៅតាមសាលារៀន និងប្រជាពលរដ្ឋក្រីក្រដែលរស់នៅក្បែរនោះ។ ប្រាក់ចំណាយសរុបសម្រាប់អនុវត្តន៍គំរូនេះដល់បច្ចុប្បន្នគឺប្រមាណ៤០០ លានដុង (ជិត ១៧ ០០០ ដុល្លារអាមេរិក)៖

“រូបភាពរបស់លោកគ្រូ និងកូនសិស្សត្រូវបានរីកសាយភាយ ដូច្នេះហើយទទួលបានការយោគយល់ និងការចែករំលែករបស់សប្បុរសជននៅទូទាំងប្រទេស។ តាមនោះ ជួយសិស្សានុសិស្សកាន់តែស្រឡាញ់សាលារៀនពីមួយថ្ងៃទៅមួយថ្ងៃ”។

ដោយបានដោះស្រាយបញ្ហាហូបចុក សិស្សានុសិស្សសប្បាយរីករាយទៅសាលារៀន។ អាស្រ័យហេតុនោះ លោកគ្រូ Tung បន្តអនុវត្តន៍គំរូ “ផ្តល់មុខរបរចិញ្ចឹមជីវិត”។ លោកគ្រូ Tungបានផ្តល់យោបល់ដល់សាលា សហជីពសាលាបើកកិច្ចប្រជុំជាមួយចាស់ភូមិ និងមេភូមិដើម្បីជួយឧបត្ថម្ភសិស្សានុសិស្សដែលមានស្ថានភាពលំបាក។ ពីប្រភពថវិកាចលនាមក លោកគ្រូTung បានទិញគោពូជចំនួន ៨ ក្បាល ហើយចិញ្ចឹមវានៅក្នុងជង្រុករបស់ប្រជាជន ដើម្បីបង្កើតមូលនិធិចិញ្ចឹមជីវភាព ជួយឧបត្ថម្ភយ៉ាងយូរអង្វែងដល់សិស្សានុសិស្សជាមួយទឹកប្រាក់ជាង ១២០ លានដុង(ជាង ៤៧០០ ដុល្លារអាមេរិក)។ បច្ចុប្បន្ននេះ សត្វចិញ្ចឹមបានបង្កាត់ពូជ និងលូតលាស់បានល្អ ហើយគោចិញ្ចឹមចំនួន ១៥ ក្បាលមានតម្លៃជាង ២០០ លានដុង (ប្រហែល ៨៥០០ ដុល្លារអាមេរិក) ត្រូវបានប្រគល់ជូនដល់សិស្សានុសិស្សក្រីក្រចំនួន ១៨ នាក់ ដែលមានស្ថានភាពលំបាកពិសេសនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យDinh Nup និងសាលារៀនក្នុងភូមិសាស្ត្រស្រុកIa Pa និងតំបន់ជុំវិញ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងបង្កើតកម្លាំងចលករសម្រាប់សិស្សានុសិស្សទៅសាលារៀន។ អ្នកស្រី Dinh Thi K'Long ម្តាយរបស់សិស្សម្នាក់បានចែករំលែកថា៖

“លោកគ្រូ Tung បានជួយឧបត្ថម្ភគោ ១ក្បាល កង់១ គ្រឿង និងអង្ករ។ ខ្ញុំ និងប្ដីខ្ញុំមិនចេះអក្សខ្មាសគេណាស់ ដូច្នេះហើយយើងខ្ញុំត្រូវខិតខំប្រឹងប្រែងនាំកូនទៅសាលារៀនឲ្យចេះអាក្សរ ទើបយើងខ្ញុំនឹងនរចិត្តផងដែរ”។

តាមរយៈគំរូ “ទូនំប៉័ង ០ ដុង” ក្រោយរយៈពេល ៣ ឆ្នាំអនុវត្តន៍មក ផ្ទះចំនួន ៣ ខ្នងសម្រាប់សិស្សានុសិស្សដែលមានស្ថានភាពលំបាកពិសេសត្រូវបានសាងសង់ និងប្រគល់ជូន ជាមួយទឹកប្រាក់សរុបជាង ២០០ លានដុង (៨៥០០ ដុល្លារអាមេរិក)។

ចំពោះលោក Tungការធ្វើដំណើរជិត ១០០ គីឡូម៉ែត្រជារៀងរាល់ថ្ងៃ ទៅផ្ទះនាំសិស្សានុសិស្សទៅសាលារៀន ឬទៅកាន់ខ្ទម ចម្ការនៅឆ្ងាយ ស្នាក់នៅទាំងយប់ដើម្បីចលនាសិស្សានុសិស្សទៅសាលារៀនគឺជាការងារជាប្រចាំ។ ដូច្នេះហើយ ថ្នាក់បង្រៀនរបលោកគ្រូ Tungមិនមានករណីសិស្សានុសិស្សឈប់រៀនឡើយ។

យោងតាមលោកគ្រូ Vu Van Tung គោលដៅចុងក្រោយនៃសកម្មភាពរបស់លោកគឺបង្កល្ខណៈងាយស្រួលបំផុតសម្រាប់សិស្សានុសិស្សមានឱកាសទៅសាលារៀន ទទួលចំណេះដឹង និងហាត់ពត់លត់ដំសីលធម៌ រួមចំណែកកសាងស្រុកកំណើត និងប្រទេសជាតិនាពេលអនាគត។ ចែករំលែកភាពសប្បាយរីករាយ និងកិត្តិយស នៅពេលដែលត្រូវបានលើកតម្កើងក្នុងកម្មវិធីរុងរឿងវៀតណាមឆ្នាំ ២០២៤ នាថ្ងៃទី ១៩ ឧសភា នៅទីក្រុងហាណូយ លោកគ្រូVu Van Tung បានចាត់ទុកថា នេះគឺជាអំណោយដ៏មានអត្ថន័យថ្វាយលោកប្រធានហូជីមិញ ជាមនុស្សដែលលោកបានសិក្សារៀនសូត្រ និងធ្វើតាមអស់មួយជីវិត៖

“ក្នុងរយៈពេលកន្លងទៅ ខ្ញុំតែងតែធ្វើតាមគំរូរបស់លោកប្រធានហូជីមិញ។ ចំពោះគ្រូបង្រៀន លោកប្រធានហូជីមិញបានទន្មានយើងខ្ញុំថា ក្នុងនាមជាគ្រូបង្រៀន គឺត្រូវហាត់ពត់លត់ដំទាំងសីលធម៌ និងទេពកោសល្យ។ ទេពកោសល្យគឺជាវប្បធម៌ និងជំនាញ។ សីលធម៌គឺជានយោបាយ ហើយបើមានបំណងចង់ឲ្យសិស្សានុសិស្សមានសីលធម៌គឺលោកគ្រូ អ្នកគ្រូផ្ទាល់ខ្លួនត្រូវតែមានសីលធម៌ ហើយធ្វើជាគំរូ។ ដូច្នេះហើយ ទោះបីជាជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែដូចទៅប្រសាសន៍របស់លោកប្រធានហូជីមិញថា “គ្មានអ្វីពិបាកឡើយខ្លាចតែចិត្តមិនតស៊ូ ជីកភ្នំ និងលុបសមុទ្រ ប្តេជ្ញាចិត្តនឹងសម្រេចបាន។ ដូច្នេះហើយ ខ្ញុំក៏បានប្តេជ្ញាចិត្តធ្វើឲ្យបានផងដែរ”។

ពីការខិតខំប្រេងប្រែងអស់ពីចិត្តរបស់លោកគ្រូ Vu Van Tung សិស្សានុសិស្សជាច្រើននៅឃុំ Po To ស្រុក Ia Pa បានធំដឹងក្ដី។ នៅពេលដែលរំលឹកអំពីលោកគ្រូ Tung អ្នកភូមិនៅទីនេះតែងតែហៅលោកតាមឈ្មោះជាទីស្រឡាញ់ថា "Đinh Tùng " ដូចជាកុលបុត្រនៃជនជាតិភាគតិចនៅទីនេះ។ មិត្តរួមអាជីពរបស់លោកគ្រូTung តែងតែកោតសរសើរចំពោះសកម្មភាពដ៏ស្រស់ស្អាត និងមានន័យរបស់លោកផងដែរ៕

ប្រតិកម្មទៅវិញ