របរផ្សំឱសថបុរាណរបស់ជនជាតិ Tay នៅ Ba Che ខេត្ត Quang Ninh

Chia sẻ
(VOVWORLD) - ជាច្រើនជំនាន់មកហើយ ជនជាតិ Tay បានចេះប្រើប្រាស់ស្លឹកឈើព្រៃ និងរុក្ខជាតិឱសថធ្វើជាថ្នាំព្យាបាលជំងឺ។ តាំងពីតាមផ្លូវចូលភូមិ រហូតដល់ក្នុងព្រៃស្រោង ប្រជាជនអាចរកឃើញរុក្ខជាតិឱសថបាន ប៉ុន្តែជនជាតិ Tay នៅតាមតំបន់នីមួយៗ មានវិធីផ្សំថ្នាំព្យាបាលជំងឺផ្សេងៗគ្នា។ នៅស្រុក Ba Che ខេត្ត Quang Ninh ជនជាតិ Tay នៅទីនេះមានមុខរបរផ្សំឱសថបុរាណដោយខ្លួនឯងដែលបានជួយព្យាបាលជំងឺសម្រាប់មនុស្សជាច្រើន។
របរផ្សំឱសថបុរាណរបស់ជនជាតិ Tay នៅ Ba Che ខេត្ត Quang Ninh - ảnh 1រុក្ខជាតិឱសថត្រូវបានបងប្អូនជនជាតិ Tay ប្រមូលនៅក្នុងព្រៃ។

លោកស្រី Duong Thi Minh នៅឃុំ Dap Thanh ស្រុក Ba Che ខេត្ត Quang Ninh បានប្រកបរបរផ្សំឱសថបុរាណអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ។ តាំងពីកុមារភាពមក លោកស្រី Minh បានដើរតាមជីដូនជីតា ឪពុកម្តាយចូលទៅក្នុងព្រៃ ដើម្បីស្វែងរករុក្ខជាតិឱសថ ដូច្នេះហើយលោកស្រីមានចំណេះដឹងយ៉ាងជ្រៅជ្រះអំពីរុក្ខជាតិឱសថធម្មជាតិ។ លោកស្រីបាននិយាយថា កញ្ចប់ថ្នាំនីមួយៗរបស់លោកស្រីគឺត្រូវបានផ្សំពីរុក្ខជាតិឱសថពីរបីទៅរាប់សិបប្រភេទ៖

“នេះជាដើមម្លូមួយប្រភេទ ដែលអាចព្យាបាលអាការៈ ដូចជា ខ្យល់ចាប់ ឈឺសន្លាក់ឆ្អឹង ឈឺពោះ រាគ និងអាចប្រើជាថ្នាំសម្រាប់អ្នកក្អកបានផងដែរ។ ចំណែកនេះជារុក្ខជាតិឱសថសម្រាប់អ្នកដែលត្រូវបាក់ឆ្អឹង បើយកវាមកចង នឹងឆាប់ជាសះស្បើយ។ ហើយនេះជារុក្ខជាតិឱសថសម្រាប់មនុស្សចាស់ជរា កុមារខ្ជិលហូបអាហារ និងទ្រុឌទ្រោមរាងកាយ បើយកមកដាំថ្នាំយកទឹកផឹក នឹងជួយហូបបាយឆ្ងាញ់ ហើយមនុស្សចាស់នឹងមានសុខភាពល្អជាង”។

យោងតាមលោកស្រី Duong Thi Minh សម្រាប់អ្នកផ្សំថ្នាំ គឺទៅកាន់កន្លែងណាមួយ ក៏អាចរកឃើញរុក្ខជាតិឱសថបានដែរ។ ជារៀងរាល់ថ្ងៃ លោកស្រីបេះបានរុក្ខជាតិឱសថពីរបីប្រភេទ ប្រភេទខ្លះហាលឲ្យស្ងួតសម្រាប់ប្រើពេលក្រោយ ប្រភេទខ្លះទៀតត្រូវប្រើភ្លាមៗ ទើបមានប្រសិទ្ធភាពឱសថ។ មានរុក្ខជាតិឱសថជាច្រើននៅក្នុងធម្មជាតិ ប៉ុន្តែមិនមែនគ្រប់គ្នាទេដែលអាចស្គាល់ពួកវាបាន មានតែអ្នកប្រកបរបរផ្សំថ្នាំប៉ុណ្ណោះ ទើបអាចផ្សំស្លឹក ដើម ផ្លែឈើ ទៅជាថ្នាំព្យាបាលជំងឺដ៏មានប្រសិទ្ធភាព។

“រុក្ខជាតិឱសថត្រូវបានកឃើញនៅទីកន្លែងជាច្រើន សូម្បីតែនៅជិតផ្ទះក៏មានដែរ ឬប្រភេទខ្លះ អ្នកត្រូវចូលទៅក្នុងព្រៃជ្រៅដើម្បីស្វែងរក។ ខ្ញុំត្រៀមខ្លួនជាស្រេចចែករំលែករូបមន្តផ្សំថ្នាំ ជាមួយប្រជាជននៅក្នុងភូមិ ប៉ុន្តែបងប្អូនជាច្រើននិយាយថា ពួកគេមិនអាចចាំរុក្ខជាតិឱសថទាំងអស់ដែលខ្ញុំបានណែនាំបានទេ។ថ្នាំខ្លះត្រូវការរុក្ខជាតិតែមួយដើម ប៉ុន្តែមានថ្នាំខ្លះទៀត ដែលតម្រូវឱ្យផ្សំរុក្ខជាតិរាប់រយប្រភេទ ដូច្នេះមនុស្សជាច្រើននៅតែត្រូវមករកខ្ញុំដើម្បីទទួលថ្នាំ”។

បច្ចុប្បន្ននេះ ក្នុងវ័យ ៧០ឆ្នាំ លោកស្រី Minh ក៏មានបំណងចង់ប្រគល់ជូនកូនចៅវិញ ដើម្បីកុំឲ្យមុខរបរផ្សំឱសថបុរាណបាត់បង់ទៅនោះទេ។ អ្នកស្រី Ninh Thi Thang នៅឃុំ Minh Cam ស្រុក Ba Che ខេត្ត Quang Ninh ដែលជាកូនស្រីរបស់លោកស្រី Duong Thi Minh បានចែករំលែកថា ទោះបីជាម្តាយរបស់លោកស្រីបានណែនាំពីរុក្ខជាតិឱសថជាច្រើនប្រភេទក៏ដោយ ប៉ុន្តែលោកស្រីផ្ទាល់មិនអាចចងចាំរូបមន្តផ្សំឱសថបុរាណទាំងអស់របស់ក្រុមគ្រួសារបានទេ។

“ម្តាយរបស់ខ្ញុំក៏បានណែនាំខ្ញុំអំពីរុក្ខជាតិឱសថដែរ ប៉ុន្តែខ្ញុំមិនអាចចាំរូបមន្តពិបាកទាំងអស់បានទេ។ ខ្ញុំចាំតែរុក្ខជាតិព្យាបាលជំងឺសាមញ្ញប៉ុណ្ណោះ។ ខ្ញុំត្រូវខិតខំព្យាយាមរៀនសូត្រ រហូតដល់ពេលដឹងច្បាស់ថា រុក្ខជាតិឱសថណាព្យាបាលជំងឺអ្វី ទើបហ៊ានផ្សំថ្នាំ”។

Ba Che ជាស្រុកខ្ពង់រាបមួយនៅភាគឦសានខេត្ត Quang Ninh ដែលមានជួរភ្នំខ្ពស់ ជាកន្លែងមានរុក្ខជាតិឱសថដ៏មានតម្លៃជាច្រើននៅក្នុងធម្មជាតិ។ ក្នុងចំណោមប្រភេទរុក្ខជាតិសរុបជាងមួយពាន់ប្រភេទដែលបានចុះបញ្ជីនៅ Ba Che មានរុក្ខជាតិឱសថរហូតដល់ទៅ ៣០ ប្រភេទដែលមានតម្លៃខ្ពស់។ ពីរុក្ខជាតិឱសថដ៏មានតម្លៃទាំងនោះ បងប្អូនជនជាតិ Tay នៅទីនេះបានផ្សំថ្នាំព្យាបាលជំងឺដ៏មានប្រសិទ្ធភាពជាច្រើន។ លោកស្រី Tran Thi Cuu នៅភូមិ Bac Xa ឃុំ Dap Thanh ស្រុក Ba Che ខេត្ត Quang Ninh បានឲ្យដឹងថា៖

“ខ្ញុំលក់រុក្ខជាតិឱសថជាច្រើនប្រភេទដូចជា យិនស៊ិន ជាពិសេសនៅ Be Che មានមើម Ba Kich។ ខ្ញុំបានចូលក្នុងព្រៃដើម្បីស្វែងរករុក្ខជាតិឱសថទាំងនេះដោយខ្លួនឯង។ ប្រភេទនីមួយៗមានរបៀបប្រើប្រាស់ខុសៗគ្នាដូចជា ដាំថ្នាំយកទឹកផឹក ប្រើជាថ្នាំងូតទឹក ឬថ្នាំត្រាំជើង។ រុក្ខជាតិឱសថរបស់គ្រួសារខ្ញុំ អតិថិជននៅវាលទំនាបក៏ស្គាល់ដែរ ហើយគេទូរស័ព្ទមកខ្ញុំ សុំផ្ញើតាមប្រៃសណីយ៍”។

សព្វថ្ងៃនេះ រួមជាមួយវេជ្ជសាស្ត្រទំនើប គឺវេជ្ជសាស្ត្របុរាណក៏រួមចំណែកយ៉ាងសំខាន់ក្នុងការថែទាំសុខភាពរបស់ប្រជាជនផងដែរ។ ដូច្នេះហើយ ឱសថបុរាណរបស់ជនជាតិ Tay ស្រុក Ba Che ខេត្ត Quang Ninh និយាយដោយឡែក និងជនជាតិភាគតិចនិយាយរួម គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រៃភ្នំ។ តាមនោះ ជួយប្រជាជនមានមនសិកាថែរក្សាព្រៃឈើធម្មជាតិដែលរួមចំណែកនាំមកនូវតម្លៃសេដ្ឋកិច្ចជូនប្រជាជន៕

ប្រតិកម្មទៅវិញ