ភូមិប្រកបរបរប្រពៃណីនៅ Yen Bai អភិវឌ្ឍន៍សេដ្ឋកិច្ច

Chia sẻ

(VOVWORLD) - ខេត្ត Yen Bai បច្ចុប្បន្នមានភូមិប្រកបរបរនិងរបរប្រពៃណីចំនួន ១៥ ដែលផ្តោតលើវិស័យចំនួន ៤ គឺ៖ ការកែច្នៃ អភិរក្សកសិ រុក្ខនិងជលផល;ការផលិតទំនិញសិប្បកម្មវិចិត្រសិល្បៈ; ការធ្វើប្រព្រឹត្តកម្មនិងកែច្នៃវត្ថុធាតុដើម ដើម្បីបម្រើដល់ផលិតកម្មជនបទ; ការផលិតគ្រឿងឈើ ផ្តៅ ឫស្សី សេរ៉ាមិច វាយនភណ្ឌ និងមេកានិច។ ភូមិរបរទាំងនេះបានបង្កើតការងារជាច្រើន និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន រួមចំណែកនាំឃុំជាង ៧០% នៅ Yen Bai សម្រេចបានបទដ្ឋានជនបទថ្មី។

ភូមិប្រកបរបរប្រពៃណីនៅ Yen Bai អភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1ប្រជាជននៅឃុំ Bao Hung ស្រុក Tran Yen ខេត្ត Yen Bai ប្រមូលផលតែ Bat Tien។
រូបថត៖ TTXVN

ខេត្ត Yen Bai មានជនជាតិជាង ៣០ រស់នៅជាមួយគ្នា។ អាស្រ័យលើតំបន់នីមួយៗ ទំនៀមទំលាប់នីមួយៗ ជនជាតិនីមួយៗបានបង្កើតមុខរបរប្រពៃណី ដែលបង្កប់នូវតម្លៃវប្បធម៌និងជីវភាពរស់នៅក្នុងផលិតផលនីមួយៗ។

នៅទូទាំងឃុំ Bao Hung ស្រុក Tran Yen ចំការតែ Bat Tien ពណ៌បៃតងលាតសន្ធឹងធំល្វឹងល្វើយតាមជម្រាលភ្នំ។ ឃុំទាំងមូលមានគ្រួសារផលិតតែជាង ៣០០ គ្រួសារលើផ្ទៃដីជាង ១០០ ហិកតា ដែលសុទ្ធសឹងតែជាពូជតែថ្មី ក្នុងនោះភាគច្រើនគឺតែ Bat Tien ប្រកបដោយគុណភាពខ្ពស់។ កសិករនៅទីនេះបានបង្កើតផលិតផលតែ OCOP មួយប្រភេទ (កម្មវិធីឃុំមួយផលិតផលមួយ) ដោយមានម៉ាកយីហោ មិនត្រឹមតែលក់ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងមានស្តង់ដារគ្រប់គ្រាន់សម្រាប់នាំចេញទៅអឺរ៉ុបទៀតផង។ លោក Vu Ngoc Te ជាមនុស្សម្នាក់ដែលបានផ្សាភ្ជាប់នឹងដើមតែអស់រយៈពេលជិត ៥០ ឆ្នាំ បានចែករំលែកថា ដើម្បីមានផលិតផលតែឆ្ងាញ់ គឺត្រូវតែយកចិត្តទុកដាក់ជានិច្ចតាំងពីដំណាក់កាលថែទាំ កែច្នៃរហូតដល់ការប្រមូលផលតែ៖

“ពេលប្រមូលផលតែ យើងត្រូវរៀបចំបុគ្គលិកពីថ្ងៃមុន ក្រៅពីសមាជិកគ្រួសារ ត្រូវសុំអ្នកជិតខាងមកជួយ តាមរបៀបផ្លាស់ប្តូរការងារទៅវិញទៅមក ដែលមានន័យថា ថ្ងៃនេះយើងប្រមូលផ្ដុំមកជួយផ្ទះនេះ ហើយថ្ងៃស្អែកទៅផ្ទះផ្សេងទៀត។ ហើយត្រូវបេះតែតាំងពីព្រឹកព្រលឹម ដោយសារបន្ទាប់ពីព្រះអាទិត្យរះ គុណភាពតែមិនសូវល្អទៀតទេ។ ពេលរសៀល ត្រឹមតែផ្តោតលើការកែច្នៃប៉ុណ្ណោះ”។

ក្នុងពេលជាមួយគ្នានោះ ឃុំ Gioi Phien ត្រូវបានគេស្គាល់ដល់ថា ជាភូមិរបរជនបទដំបូងគេនៃទីក្រុង Yen Bai ដែលមានប្រពៃណីដាំនិងកែច្នៃមីសួសាគូ។ ភូមិរបរនេះនាបច្ចុប្បន្នប្រជាជនចំនួន ៦៨ គ្រួសារដែលចូលរួមធ្វើផលិតកម្មអាជីវកម្មមីសួ ហើយផ្គត់ផ្គង់ផលិតផលដល់ទីផ្សារប្រហែល ៤០០ - ៤៥០ តោនជារៀងរាល់ឆ្នាំ នាំមកនូវប្រាក់ចំណូលជិត ៣០ ពាន់លានដុង (ជិត ១,៣ លានដុល្លារអាមេរិក) រួមចំណែកបង្កើតការងារនៅនឹងកន្លែង បង្កើតប្រាក់ចំណូលដោយស្ថេរភាពសម្រាប់ពលករប្រចាំស្រុករាប់រយនាក់។ អាស្រ័យលើការផលិតមីសួសាគូ គ្រួសារជាច្រើនមានជីវភាពសម្បូរធូរធារ ដោយទទួលបានចំណូលពី ៥០ ទៅ ៧០លានដុងក្នុងមួយឆ្នាំ (២១០០-២៩០០
ដុល្លារអាមេរិក)។ លោកស្រី Pham Thi Thu Ha សមាជិកាសហករណ៍មីសួសាគូ Gioi Phien បានឲ្យដឹងថា៖

“ភូមិរបរមីសួ Gioi Phien មានតាំងពីយូរយារណាស់មកហើយ។ កាលពីមុននេះ ដូនតាបានឆ្លៀតយកដីតាមមាត់ទន្លេក្រហម ដើម្បីដាំមើមសាគូសម្រាប់បម្រើការចិញ្ចឹមសត្វ ក្រោយមកប្រែទៅធ្វើមីសួ ប៉ុន្តែដំបូងឡើយ ត្រឹមតែផលិតដោយដៃប៉ុណ្ណោះ បន្ទាប់មកយើងខ្ញុំបានអភិវឌ្ឍន៍ទៅជាភូមិរបរ ហើយរហូតដល់ឆ្នាំ ២០១៣ ត្រូវបានទទួលស្គាល់ជាភូមិរបរសិប្បកម្ម។ ចំនួនគ្រឹះស្ថានផលិតកម្មបានថយចុះ ប៉ុន្តែបរិមាណផលកើនឡើង ហើយទំហំក៏កាន់តែធំដែរ”។

ភូមិប្រកបរបរប្រពៃណីនៅ Yen Bai អភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 2ការអភិវឌ្ឍមុខរបរធ្វើគំនូរត្បូង។ (រូបថត៖ VOV)

ខេត្ត Yen Bai ក៏មានភាពល្បីល្បាញដោយត្បូងពេជ្រដ៏មានតម្លៃជាច្រើនប្រភេទដូចជា៖ ត្បូងទទឹម និងត្បូងកណ្ដៀងជាដើម។ ពីគុណសម្បត្តិនេះ ជាច្រើនទស្សវត្សរ៍មកហើយ ប្រជាជននៅស្រុក Luc Yen បានចាប់ផ្តើមកែច្នៃ ឆ្លាក់និងភ្ជាប់ត្បូងទៅជាវត្ថុអនុស្សាវរីយ៍ និងតាំងលម្អ។ នាបច្ចុប្បន្ននៅ Luc Yen មានភូមិប្រកបរបរកែច្នៃ ឆ្លាក់ត្បូងនិងធ្វើគំនូរត្បូង ជាមួយនឹងមុខទំនិញនិងផលិតផលរាប់សិបមុខនៅទីរួមស្រុក Yen The និងឃុំ Yen Thang, Lieu Do, Minh Tien, Tan Linh, Vinh Lac ... ក្នុងតម្លៃចាប់ពីរាប់សិបលានដុងរហូតដល់រាប់ពាន់លានដុងក្នុងមួយផលិតផល។ អ្នកស្រី Nguyen Thi Ly Van ជាអ្នកប្រកបរបរធ្វើគំនូរត្បូងដែលមានបទពិសោធន៍ជាច្រើនបាននិយាយថា៖

“ដើម្បីធ្វើបានគំនូរដ៏ពេញលេញមួយផ្ទាំង អ្នកត្រូវឆ្លងកាត់ ៣ ដំណាក់កាល រួមទាំងការជ្រើសរើសត្បូង ការបង្កើតរូបរាង និងចាក់កាវទើបបានសម្រេច។ នេះជាការងារល្អិតល្អន់ណាស់ អ្នកណាដែលប្រញាប់ពេក មិនអាចធ្វើបានទេ។ ក្រៅពីនេះក៏ទាមទារឱ្យអ្នកធ្វើត្រូវមានការគិតគូរផងដែរ បើអ្នកណាមានភាពច្នៃប្រឌិត និងទេពកោសល្យសិល្បៈ នឹងបង្កើតគំនូរកាន់តែស្អាត”។

មុខរបរប្រពៃណីនៅខេត្តភ្នំ Yen Bai មានតាំងពីច្រើនជំនាន់មកហើយ ដោយជាផ្នែកមួយនៃវប្បធម៌ជនជាតិ។ មុខរបរប្រពៃណីទាំងនេះក៏កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានផងដែរ។ លោក Nguyen Duc Dien នាយករងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Yen Bai បានឲ្យដឹងថា៖

“តម្លៃដ៏ធំបំផុតនៃភូមិរបរនាពេលបច្ចុប្បន្ននេះគឺការលើកកម្ពស់តម្លៃប្រពៃណី និងសក្តានុពលនៃផលិតផលប្រចាំស្រុក ពោលគឺបង្កើតផលិតផល OCOP ពីផលិតផលភូមិរបរទាំងនេះ។ ក្រៅពីនោះ ផ្សាភ្ជាប់ភូមិរបរជាមួយសេដ្ឋកិច្ចទេសចរណ៍ ក៏ដូចជាសកម្មភាពវប្បធម៌ប្រពៃណី ដើម្បីកសាងគុណភាពជីវិតខាងសម្ភារៈនិងស្មារតីនៅតំបន់ជនបទ”។

ភូមិរបរនៅ Yen Bai កំពុងផ្លាស់ប្តូរដើម្បីធ្វើសមាហរណកម្ម បង្កើតផលិតផលដែលទទួលមរតកនូវលក្ខណៈលេចធ្លោ និងបទពិសោធន៍ប្រពៃណី  បង្កប់នូវរចនាប័ទ្មទំនើបផង ហើយបំពេញតម្រូវការទីផ្សារផងដែរ។ នេះក៏ជាវិធានការសម្រាប់ភូមិរបរនៅ Yen Bai អភិវឌ្ឍប្រកបដោយចីរភាព បង្កើតការងារ និងប្រាក់ចំណូលស្ថិរភាពសម្រាប់ប្រជាជន៕

ប្រតិកម្មទៅវិញ