ប្រជាសាសនិកចូលរួមសកម្មភាពសាសនានៅក្រុមប្រូតេស្តង់ជនជាតិ Mong ភូមិ Na Ca។ (រូបថត៖ Ngoc Anh) |
ភូមិ Na Ca មានក្រុមប្រូតេស្តង់ចំនួន ២ នោះគឺក្រុមប្រូតេស្តង់ជនជាតិ Mong និងក្រុមប្រូតេស្តង់ជនជាតិ Dao។ សកម្មភាពសាសនារបស់ក្រុមទាំងពីរសុទ្ធតែប្រតិបត្តិតាមច្បាប់។ អាជ្ញាធរមូលដ្ឋានក៏តែងតែបង្កើតលក្ខខណ្ឌអំណោយផលដល់ប្រជាពលរដ្ឋក្នុងការធ្វើសកម្មភាពសាសនាផងដែរ។ លោក Ma The Sy ប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក Pac Miau បានឲ្យដឹងថា៖
“ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន អាជ្ញាធរបានណែនាំបែបបទសម្រាប់ការចុះបញ្ជីធ្វើសកម្មភាពសាសនាប្រមូលផ្ដុំ។ ក្រោយពីទទួលបានការណែនាំ ប្រធានក្រុមអនុវត្តន៍តាមបែបបទដើម្បីចុះឈ្មោះជាមួយអាជ្ញាធរ។ ជារៀងរាល់ឆ្នាំ ក្រុមចុះបញ្ជីធ្វើសកម្មភាពជាក់ស្ដែង ឲ្យអាជ្ញាធរមូលដ្ឋានអនុម័ត និងរៀបចំការអនុវត្ត។ យើងខ្ញុំក៏បានឧបត្ថម្ភប្រជាជនភូមិ Na Ca នូវថវិកាចំនួន ៣ ពាន់លានដុង (ជាង ១២០ ពាន់ដុល្លារអាមេរិក) ដោយផ្តោតលើការកសាងផ្លូវនិងកូនឈើពូជ”។
ពិធីបង្ហាញមុខគំរូ "ក្រុមសាសនាគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់ដោយខ្លួនឯង"។ |
កាលពីខែមិថុនាកន្លងទៅ គណៈកម្មាធិការប្រជាជនទីរួមស្រុក Pac Miauបានបង្ហាញមុខគំរូ "ក្រុមសាសនាគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ដោយខ្លួនឯង"។ គំរូនេះជួយឱ្យប្រជាពលរដ្ឋកាន់សាសនាកាន់តែមានសាមគ្គីភាព យល់ច្បាស់អំពីព័ត៌មានទាក់ទងនឹងជំនឿសាសនា ក៏ដូចជាបទប្បញ្ញត្តិផ្សេងៗទៀត។ នៅភូមិ Na Ca គំរូក្រុមសាសនាគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ដោយខ្លួនឯង របស់ក្រុមប្រូតេស្តង់ជនជាតិ Mong រួមមានមនុស្ស ៦ នាក់ ដឹកនាំដោយលោក Hoang Van Sung ប្រធានក្រុម។ លោក Hoang Van Sung បានឲ្យដឹងថា៖
“គំរូក្រុមសាសនាគ្រប់គ្រងក្រុមសន្តិសុខ និងសណ្តាប់ធ្នាប់ដោយខ្លួនឯង គឺសំដៅបង្កើនតួនាទីគ្រប់គ្រងរបស់មន្ត្រីសាសនាក្នុងក្រុមនោះ ដើម្បីលើកកម្ពស់កម្លាំងចម្រុះរបស់ប្រជាជនគ្រប់ស្រទាប់ ចូលរួមការពារសន្តិសុខមាតុភូមិ។ ហើយឃោសនាដល់អ្នកកាន់សាសនាអំពីគោលនយោបាយ និងច្បាប់របស់រដ្ឋ បទប្បញ្ញត្តិអំពីជំនឿសាសនា និងការកសាងជនបទថ្មីផងដែរ”។
ពិធីប្រគល់ជូនគម្រោង "ពន្លឺសន្តិសុខ"។ |
ដោយសារតែនៅតំបន់ឆ្ងាយដាច់ស្រយាល ការធ្វើដំណើរជួបការលំបាកជាច្រើន ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនចូលរួមសកម្មភាពសាសនា នគរបាលស្រុក Bao Lam បានលើកសំណើរហើយទទួលបានការយល់ព្រមពីថ្នាក់ដឹកនាំនគរបាលខេត្ត Cao Bang ដោយផ្ដល់ថវិកាដើម្បីអនុវត្តន៍គម្រោង "ពន្លឺសន្តិសុខ” សម្រាប់ក្រុមប្រូតេស្តង់ចំនួន ៣ នៅក្នុងស្រុក រួមមាន៖ ក្រុមប្រូតេស្តង់ជនជាតិ Mong នៅភូមិ Na Ca ទីរួមស្រុក Pac Miau; ក្រុមប្រូតេស្តង់ជនជាតិ Dao ភូមិ Na Heng ឃុំ Nam Quang; ក្រុមប្រូតេស្ដង់ Khuoi Duong ភូមិ Na Heng ឃុំ Nam Quang ជាមួយនឹងបរិមាណអំពូលសូឡាសរុបចំនួន ៤០។ កាលពីមុន ពេលដែលមិនទាន់មានភ្លើង ប្រជាពលរដ្ឋជួបការលំបាកជាច្រើនក្នុងការធ្វើដំណើរ ប៉ុន្តែនៅពេលដែលមានភ្លើងហើយ ប្រជាពលរដ្ឋធ្វើដំណើរកាន់តែងាយស្រួល ហើយមានលក្ខខណ្ឌអំណោយផលសម្រាប់ធ្វើពលកម្ម និងផលិតកម្មផងដែរ។ គម្រោង "ពន្លឺសន្តិសុខ" ត្រូវបានអនុវត្តន៍ដំបូងគេនៅក្នុងភូមិ Na Ca។
ការយកចិត្តទុកដាក់ និងការគាំទ្ររបស់អាជ្ញាធរមូលដ្ឋាន ជួយឱ្យប្រជាជននឹងនរចិត្តធ្វើផលិតកម្ម បង្កបង្កើនផល រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច។ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងទាំងខាងសម្ភារៈ និងខាងស្មារតី។ លោក Hoang Duc Lanh រស់នៅភូមិ Na Ca បានឲ្យដឹងថា៖
“សកម្មភាពសាសនាប្រព្រឹត្តទៅជារៀងរាល់ថ្ងៃអាទិត្យ។ បងប្អូនមកច្រៀងចំរៀងសាសនា អានព្រះគម្ពីរ និងស្តាប់ធម្មទេសនា។ បើអ្នកកាន់សាសនាប្រូតេស្តង់ អ្នកត្រូវតែបោះបង់អំពើអាក្រក់។ ក្នុងឱកាសបុណ្យណូអែល ថ្នាក់ដឹកនាំទីរួមស្រុក និងស្រុកក៏មកចូលរួមទទួលអំណរផងដែរ។ គ្រួសារខ្ញុំចិញ្ចឹមគោ ជ្រូក ធ្វើស្រែចំការ ហើយមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ហូបចុកនិងរស់នៅ។ អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ជួយគ្រួសារក្រីក្រខ្ចីទុនសម្រាប់ផលិតកម្ម និងអាជីវកម្ម សាងសង់ផ្លូវតូចៗសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរបានយ៉ាងងាយស្រួល”។
ដោយមានការយកចិត្តទុកដាក់ និងការណែនាំពីអាជ្ញាធរមូលដ្ឋាន ប្រជាជន និងប្រជាសាសនិកនៅភូមិ Na Ca បានចូលរួមយ៉ាងសកម្មក្នុងចលនាសន្តិសុខសង្គមដែលបំផុសឡើងដោយមូលដ្ឋាន រស់នៅល្អទាំងខាងផ្លូវលោក និងផ្លូវធម៌ និងរួមចំណែកកសាងភូមិសាសនាប្រកបដោយភាពសុខសាន្តត្រាណនិងសម្បូរធូធារ៕