ភូមិផលិតចង្ក្រានដីឥដ្ឋ Phu Tho នៅខេត្តអានយ៉ាង

Chia sẻ

(VOVWORLD) - ចង្ក្រានដីឥដ្ឋ គឺជាផលិតផលដ៏ពិសេសដោយឡែកនៃតំបន់ទន្លេបឹងបួរភាគខាងត្បូង។ អស់រយៈពេលជាង ១០០ ឆ្នាំមកហើយ ភូមិ Phu Tho (ខេត្តអានយ៉ាង) គឺជាកន្លែងថែរក្សាមុខរបរសិប្បកម្មប្រពៃណីនេះ។

ភូមិផលិតចង្ក្រានដីឥដ្ឋ Phu Tho នៅខេត្តអានយ៉ាង - ảnh 1គ្រួសារផលិតចង្ក្រានដីឥដ្ឋនៅភូមិ Phu Tho ខេត្ត អានយ៉ាង។ (រូបថត៖ VOV)

ភូមិចង្ក្រាន Phu Tho ត្រូវបានសម្គាល់ដោយជួរចង្រ្កានដីឥដ្ឋដែលត្រូវបានគេយកទៅហាលថ្ងៃ។ នេះជាភូមិប្រកបរបរធ្វើចង្ក្រានដីឥដ្ឋ ដែលធ្លាប់មានទូកកប៉ាល់ចេញចូលយ៉ាងមមាញឹក ដើម្បីយកទំនិញ និងដឹកទៅកាន់ Can Tho, Vinh Long និង Hau Giang សម្រាប់លក់។ លោក Nguyen Van Do ម្ចាស់សិប្បកម្មផលិតចង្ក្រានដីឥដ្ឋនៅឃុំ Phu Tho ស្រុក Phu Tan ខេត្ត An Giang បាននិយាយថា៖

“ខ្ញុំប្រកបរបរនេះបាន ៣ ជំនាន់ហើយ តាំងពីជំនាន់ជីតា ដល់ម្តាយខ្ញុំ ហើយឥឡូវដល់ខ្ញុំ។ កម្មករដែលធ្វើការស៊ីឈ្នួលឱ្យខ្ញុំក៏មានអាយុស្មើខ្ញុំដែរ។ ទោះការងារនេះចំណេញតិចក៏ខ្ញុំនៅតែធ្វើ”។

ដំណាក់កាលរីកចម្រើនដ៏ខ្លាំងរបស់ភូមិចង្ក្រានដីឥដ្ឋ Phu Tho បានចាប់ផ្តើមនៅក្នុងប៉ុន្មានឆ្នាំបន្ទាប់ពីឯកភាពប្រទេសជាតិ (១៩៧៥) ប៉ុន្តែរីកចម្រើនបំផុតគឺនៅឆ្នាំ ១៩៧៩។ នៅពេលនោះ Phu Tho មានប្រជាជនជាង ១០០ គ្រួសារដែលបើកសិប្បកម្មធ្វើចង្ក្រានដីឥដ្ឋ ដើម្បីលក់ចេញទៅគ្រប់ទីកន្លែង។ លោក Nguyen Van An ប្រជាពលរដ្ឋនៅឃុំ Phu Tho ស្រុក Phu Tan បានឲ្យដឹងថា៖

“មុខរបរនេះមានអាយុកាលជាង ១០០ ឆ្នាំមកហើយ ពីមុនវារីកចម្រើនខ្លាំងណាស់ មានមនុស្សធ្វើយ៉ាងច្រើន ព្រោះពួកគេអាចរកចំណូលបានដោយមុខរបរនេះ។ ប្រសិនបើពេលនោះរដ្ឋវិនិយោគ មានប្រភពវត្ថុធាតុដើម និងសហករណ៍ គឺមុខរបរនេះនឹងរីកចម្រើនជាងនេះទៅទៀត”។

នៅពេលនោះ ជាមធ្យម កម្មករម្នាក់ៗបានស្មូនចង្ក្រានអតិបរមា ៣០ ចង្ក្រានក្នុងមួយថ្ងៃ។ តាមការប៉ាន់ស្មានថា ជារៀងរាល់ឆ្នាំ ភូមិចង្ក្រាន Phu Tho ផ្គត់ផ្គង់ដល់ទីផ្សារនូវចង្ក្រានដីឥដ្ឋជាង ៣៦ ម៉ឺនចង្ក្រាន។ ជាពិសេសក្នុងរដូវបុណ្យតេត កម្មករត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីឆ្លើយតបនឹងការបញ្ជាទិញ។ អ្នកស្រី Tran Ngoc Minh កម្មការិនីស្មូនចង្ក្រានដីឥដ្ឋនៅឃុំ Phu Tho ស្រុក Phu Tan បានរៀបរាប់ថា៖

“មុខរបរនេះគឺជាមុខរបរប្រពៃណី របស់ជីតាខ្ញុំ ដែលបន្សល់ទុកឲ្យឪពុកខ្ញុំ ហើយឥឡូវដល់នាងខ្ញុំ។ ខ្ញុំចូលចិត្តរបរនេះណាស់ ពេលបុណ្យតេតមកដល់ម្ដងៗ ផលិតមិនទាន់ពេលសម្រាប់លក់ទេ។ ពីព្រោះពេលបុណ្យតេតមក គេតែងតែប្ដូរចង្ក្រានថ្មី”។

បច្ចុប្បន្ននេះ ជាមួយនឹងការអភិវឌ្ឍសង្គមដែលមិនអាចចៀសផុតបាន ចង្ក្រានដីឥដ្ឋដែលដាក់នៅជ្រុងផ្ទះបាយក្នុងគ្រួសារនីមួយៗ នៅតំបន់ដីសណ្តទន្លេ Cuu Long ត្រូវបានជំនួសជាបណ្ដើរៗដោយចង្ក្រានហ្គាស និងចង្រ្កានអគ្គីសនី។ ទីផ្សារចង្ក្រានដីឥដ្ឋក៏បានបង្រួមតូចផងដែរ។ ភូមិចង្ក្រាន Phu Tho បច្ចុប្បន្នមានប្រជាជនតែ៣០គ្រួសារប៉ុណ្ណោះដែល ប្រកបរបរស្មូនចង្ក្រានដីឥដ្ឋដើម្បីបំពេញតម្រូវការប្រជាជនមួយចំណែក ដែលនៅតែប្រើចង្ក្រានប្រភេទនេះ។ ឈ្មួញដែលទិញចង្រ្កានភាគច្រើននាំយកទៅកាន់ខេត្តឆ្ងាយៗដូចជា Tien Giang, Ca Mau, Soc Trang និង Dong Thap។ អ្នកស្រី Nguyen Ngoc Thuong ម្ចាស់សិប្បកម្មផលិតចង្ក្រានដីឥដ្ឋឃុំ Phu Tho ស្រុក Phu Tan បានឲ្យដឹងថា៖

“ឈ្មួញនៅមូលដ្ឋានយកទៅលក់នៅតំបន់ផ្សេងទៀត មិនថាខ្ញុំផលិតបានប៉ុន្មានទេ ក៏យកទាំងអស់ដែរ។ ប៉ុន្តែក្នុងខែដែលវាលក់ដាច់ ខ្ញុំប្រមូលទំនិញសម្រាប់ឈ្មួញពីរបីនាក់ប៉ុណ្ណោះ ចំណែកក្នុងខែដែលលក់មិនដាច់ ខ្ញុំបែងចែកឲ្យឈ្មួញជាច្រើនទៀតដើម្បីលក់។តម្លៃគឺមធ្យមទេ ថ្ងៃតេតក៏ដូចថ្ងៃធម្មតាដែរ គឺតម្លៃតែមួយប៉ុណ្ណោះ”។

នាពេលកន្លងមក ស្រុក Phu Tan មានដំណោះស្រាយជាច្រើនដើម្បីជួយឧបត្ថម្ភគ្រួសារប្រកបរបរធ្វើចង្ក្រានដីឥដ្ឋប្រពៃណី ឲ្យមានលក្ខខណ្ឌទទួលបានប្រាក់កម្ចីដើម្បីអភិវឌ្ឍន៍ផលិតកម្ម។ ទន្ទឹមនឹងនោះ ប្រជាជនក្នុងភូមិក៏បានខិតខំប្រឹងប្រែងវិនិយោគលើការប្រើប្រាស់គ្រឿងចក្រ និងបច្ចេកវិទ្យា ដើម្បីកែលម្អ និងលើកកំពស់គុណភាពផលិតផល ហើយថែរក្សាការអភិវឌ្ឍមុខរបរប្រពៃណីនៃមូលដ្ឋានផងដែរ។ ភូមិចង្ក្រាននេះនៅតែរក្សាបាននូវរបរសិប្បកម្មរបស់ខ្លួនក្នុងលំហូរទំនើប និងមានសក្តានុពលក្នុងការអភិវឌ្ឍទេសចរណ៍វប្បធម៌សហគមន៍។ លោក Mai Quoc Viet អនុប្រធានឃុំ Phu Tho បានឲ្យដឹងថា៖

“ការថែរក្សាភូមិស្មូនចង្ក្រានដីឥដ្ឋ គឺដើម្បីរក្សាភូមិរបរសិប្បកម្មប្រពៃណីដែលជីដូនជីតាបានបន្សល់ទុកមក និងរក្សាជីវភាពរស់នៅរបស់ពលករ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ចំណែកគ្រួសារទាំង៣០ដែលនៅតែប្រកបរមុខរបរនេះ គឺអាជ្ញាធរមូលដ្ឋានមានការយកចិត្តទុកដាក់យ៉ាងខ្លាំង។ យើងខ្ញុំបានពិនិត្យមើលប្រភពដើមទុនរបស់ធនាគារគោលនយោបាយដើម្បីផ្តល់កម្ចី ជួយប្រជាជនអភិវឌ្ឍន៍ភូមិសិប្បកម្ម”។

ទោះបីជាបានឆ្លងកាត់សម័យកាលដ៏រុងរឿងរបស់ខ្លួនក៏ដោយ ប៉ុន្តែចង្ក្រានដីឥដ្ឋ Phu Tho នៅតែបង្កប់នូវតម្លៃខាងស្មារតីដ៏ធំធេង ព្រោះវាត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងទំនៀមទម្លាប់ របស់អ្នកស្រុកភាគខាងត្បូង ហើយជាខ្សែតភ្ជាប់រវាងអតីតកាល និងបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ