ជាងសិប្បកម្មធ្វើការនៅក្នុងរោងសិប្បកម្មធ្វើកញ្ចក់មួយ នៅភូមិ Giap Long ឃុំ Thong Nhat។ (រូបថត៖ VOV) |
នៅក្រោមកំដៅពន្លឺព្រះអាទិត្យជិត ៤០ អង្សាសេ នៅក្នុងរោងសិប្បកម្មតូចមួយនៅភូមិ Giap Long ឃុំ Thong Nhat លោក Dang Van Tho កំពុងផ្ដោតអារម្មណ៍ បង្កើតផលិតផលប្រពៃណីចេញពីបាតដៃរបស់គាត់ផ្ទាល់។ ដោយត្រូវបានឪពុកបង្រៀនរបរធ្វើកញ្ចក់តាំងពីនៅក្មេង មកទល់ពេលនេះ លោក Tho បានផ្សាភ្ជាប់នឹងមុខរបរនេះអស់រយៈពេលជិត ៤០ ឆ្នាំហើយ៖
“ខ្ញុំចាំថា កាលខ្ញុំមានអាយុ ៦-៧ឆ្នាំ ខ្ញុំបានឃើញឪពុកធ្វើការហើយ។ ពេលខ្ញុំអាយុ ១៣ឆ្នាំ ខ្ញុំចាប់ផ្តើមរៀនរបរនេះ។ កាលពីមុន ការងារមានលក្ខណៈសាមញ្ញណាស់ ដោយប្រើប្រេងនិងចំហាយទឹក ឥឡូវនេះប្រើឧស្ម័នហ្គាស និងអុកស៊ីហ្សែន។ ពីមុន សឹងតែធ្វើបំពង់ផ្ទុកថ្នាំប៉ុណ្ណោះ ឥឡូវនេះយើងខ្ញុំបានកែលម្អ និងរៀនសូត្រដើម្បីលើកកំពស់ជំនាញ និងធ្វើឡើងផលិតផលជាច្រើនប្រភេទ គ្រួសារមួយផលិតផលមួយ”។
គោលការណ៍ទូទៅនៃមុខរបរធ្វើកញ្ចក់នេះ គឺការដុតរលាយកញ្ចក់ ហើយបន្ទាប់មកជាងសិប្បកម្មនឹងប្រើដៃដើម្បីបង្វិល និងផ្លុំដើម្បីបង្កើតរូបរាងតាមគំនិតរបស់គាត់។ ដើម្បីបង្កើតផលិតផលជាទីគាប់ចិត្ត និងស្រស់ស្អាត ជាងសិប្បកម្ម ត្រូវតែធ្វើការក្នុងលក្ខខ័ណ្ឌលំបាក នៅក្បែរឡដុតដែលមានសីតុណ្ហភាពរហូតដល់ ១០០០ អង្សារសេ ដូច្នេះហើយ ក្រៅពីភាពប៉ិនប្រសប់ ក៏ចាំបាច់ត្រូវមានការអត់ធ្មត់ និងការផ្តោតអារម្មណ៍ខ្លាំងផងដែរ។ ព្រោះពេលពួកគាត់ត្រូវធ្វើការនៅក្បែរអណ្ដាតភ្លើងជាបន្តបន្ទាប់បែបនេះ គ្រាន់តែកំហុសតូចតាចមួយ ក៏អាចបង្កគ្រោះថ្នាក់បានដែរ។ ដូច្នេះ មានតែអ្នកដែលស្រឡាញ់អាជីពពិតប្រាកដទេ ទើបហ៊ានលះបង់ដើម្បីប្រកបរបរនេះយូរអង្វែង។ លោក Dang Van Tho និងលោកស្រី Ta Thi Nga ជាងសិប្បកម្មផ្លុំកញ្ចក់នៅឃុំ Thong Nhat បានចែករំលែកថា៖
“ពិបាកបំផុតនោះគឺរាល់ពេលដែលខ្ញុំអង្គុយធ្វើការក្នុងរដូវក្ដៅ ពិតជាពិបាកខ្លាំងណាស់ ហើយមានអារម្មណ៍នឿយហត់ម៉ែនទែន។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំតែងតែគិតថា ខ្ញុំបានប្រកបរបរនេះជិត ៤០ ឆ្នាំមកហើយ ដូច្នេះមិនអាចឈប់បានទេ”។
“ត្រូវថែរក្សាមុខរបរនេះជានិច្ច កុំឱ្យវាសាបសូន្យបាត់បង់ទៅ។ ហើយត្រូវតែកែលម្អគុណភាពនៃផលិតផលជានិច្ចដើម្បីឱ្យផលិតផលរបស់យើងអាចធានាបាននូវគុណភាព”។
ការធ្វើកញ្ចក់ដោយគ្រឿងចក្រ។ (រូបថត៖ VOV) |
កាលពីមុន គ្រប់ដំណាក់កាលទាំងអស់ត្រូវបានធ្វើដោយដៃ គុណភាពនៃផលិតផលពឹងផ្អែកទាំងស្រុងលើបច្ចេកទេស និងបទពិសោធន៍ រួមផ្សំជាមួយនឹងទេពកោសល្យនៃបាតដៃ និងកម្រិតសោភ័ណភាពរបស់ជាងសិប្បកម្ម។ សព្វថ្ងៃនេះ ដើម្បីធានាបាននូវគុណភាពផលិតផល និងឆ្លើយតបនឹងតម្រូវការទីផ្សារ គ្រួសារជាច្រើននៅក្នុងឃុំបានវិនិយោគលើគ្រឿងម៉ាស៊ីនទំនើបៗ។ លោក Luong Van Trai ម្ចាស់រោងផលិតកញ្ចក់ឃុំ Thong Nhat បានឲ្យដឹងថា៖
“យើងបាននាំយកម៉ាស៊ីនមកជំនួសកម្មករតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ ម៉ាស៊ីនទាំងអស់ត្រូវបាននាំចូលពីបរទេស និងផលិតតាមផលិតផលដែលគេបញ្ជាទិញ។ ការប្រើប្រាស់ម៉ាស៊ីននឹងផលិតបាននូវផលិតផលច្រើនជាង ធានាគុណភាព និងតម្លៃលក់ក៏ទាបជាងដែរ”។
ការប្រើប្រាស់គ្រឿងម៉ាស៊ីនទំនើបបានជួយគ្រួសារផលិតកម្ម បង្កើនផលិតភាពជាច្រើនដងដោយមិនត្រូវការកម្មករច្រើនពេកទេ។ ទោះជាយ៉ាងណាក៏ដោយ ឧបករណ៍ទាំងនេះអាចបំពេញបានតែផលិតផលសាមញ្ញប៉ុណ្ណោះ សម្រាប់ផលិតផលស្មុគស្មាញដែលត្រូវការលម្អិតជាច្រើន គឺមិនអាចខ្វះបាតដៃប៉ិនប្រសប់ និងការផ្លុំផ្ទាល់ពីជាងសិប្បកម្ម។ លោក Luong Van Trai បានឲ្យដឹងបន្ថែមទៀតថា៖
“បច្ចេកទេសរបស់ជាងសិប្បកម្ម គឺសំខាន់បំផុតព្រោះយើងធ្វើដោយដៃមុនពេលម៉ាស៊ីនជំនួស ដូច្នេះយើងនៅតែធ្វើតាមវិធីសាស្ត្ររបស់ខ្លួន។ សម្រាប់របរសិប្បកម្មនេះ បច្ចេកទេសមនុស្សគឺសំខាន់ជាងអ្វីៗទាំងអស់”។
មុខរបរធ្វើកញ្ចក់ប្រពៃណីនេះ មានលក្ខណៈបុរាណពិតម៉ែន ប៉ុន្តែវាបង្កប់នូវសញ្ញាសម្គាល់មួយដែលមិនអាចសាបសូន្យទៅបានទេ។ គ្មានភាពឆើតឆាយទេ ជាងសិប្បកម្មធ្វើកញ្ចក់នៅឃុំ Thong Nhat មានភាពស្រស់ស្អាតជានិមិត្ដរូបរបស់កម្មករសុទ្ធសាធ នោះគឺ ភាពឧស្សាហ៍ព្យាយាមនិងភាពសាមញ្ញ៕