ទីក្រុង Hai Phong ខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ

Chia sẻ
(VOVWORLD) - គិតត្រឹមខែសីហាឆ្នាំ ២០២១ ទីក្រុង Hai Phong ទាក់ទាញបានទឹកប្រាក់ចំនួន ២,៨ ពាន់លានដុល្លារអាមេរិកពីប្រភពវិនិយោគបរទេស (FDI) កើន ៣,៧ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញ នេះគឺជាលទ្ធផលគួឲ្យកត់សម្គាល់ ដោយនាំទីក្រុង Hai Phong ឲ្យក្លាយទៅជា “ ចំណុចភ្លឺ” មួយក្នុងការទាក់ទាញទុន FDI របស់ប្រទេសទាំងមូល។ ក្រៅពីការគ្រប់គ្រងជំងឺរាតត្បាតយ៉ាងល្អប្រសើរនោះ ទីក្រុង Hai Phong មានរបៀបធ្វើថ្មីជាច្រើន ជាពិសេសគឺក្នុងការធ្វើកំណែទម្រង់រដ្ឋបាលពង្រីកមណ្ឌលឧស្សាហកម្មនិងបណ្ដុំឧស្សាហកម្ម ដើម្បីទទួលស្វាគមន៍វិនិយោគិនផងដែរ។
 
 
ទីក្រុង Hai Phong ខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ - ảnh 1ក្រុមហ៊ុន LG Display Vietnam Co. , Ltd (Hai Phong) បានទទួលវិញ្ញាបនប័ត្រចុះឈ្មោះវិនិយោគ (រូបថត៖ VOV)

នៅចុងខែសីហាកន្លងទៅ សម្ព័ន្ធក្រុមហ៊ុន LG (កូរ៉េខាងត្បូង) បានបោះទុន ចំនួន ១,៤ ពាន់លានដុល្លារអាមេរិកបន្ថែមទៀតចូលទៅក្នុងក្រុមហ៊ុន“ បុត្រសម្ព័ន្ធ” របស់ខ្លួនគឺគម្រោង LG Display នៅទីក្រុង Hai Phong ដោយបានតម្លើងទុនវិនិយោគនៅទីក្រុង Hai Phong ឡើង ៤,៦៥ ពាន់លានដុល្លារ អាមេរិកហើយក្លាយទៅជាគម្រោងFDI ដ៏ធំបំផុតនៅ ទីក្រុងនេះ។ មុននេះ នាដើមឆ្នាំ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត LG Display វៀតណាម  (Hai Phong) ក៏បានវិនិយោគទឹកប្រាក់ចំនួន ៧៦៥ លានដុល្លារអាមេរិកបន្ថែម ដើម្បីជំរុញខ្លាំងការផលិត អេក្រង់OLED TV, OLEDប្លាស្ទិកសម្រាប់ឧបករណ៍ និងអេក្រង់ LCD ...។

ទីក្រុង Hai Phong បានគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ នៅមូលដ្ឋានយ៉ាងល្អប្រសើរ ជាពិសេសគឺផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតតាមមណ្ឌលឧស្សាហកម្ម។ នេះគឺជាលក្ខខ័ណ្ឌ ផង និងជាកម្លាំងចលករផង ដែលជួយវិនិយោគិនមានអារម្មណ៍នឹងនរចិត្ត។ លោក Park Jae Hongអគ្គនាយករងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត LG Display វៀតណាម (Hai Phong) បានឲ្យដឹងថា៖

“យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់ទីក្រុង Hai Phong។ នេះគឺជាមូលដ្ឋានគ្រឹះ សម្រាប់សហគ្រាសដូចជាLG DISPLAY មានអារម្មណ៍នឹងនរចិត្តផលិតកម្ម។ ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន LG និយាយរួម និងក្រុមហ៊ុន LG Display និយាយដោយឡែក មានអារម្មណ៍សប្បាយរីករាយ ខណៈពេលដែលពលករទទួលបានការចាក់វ៉ាក់សាំងហើយមានសុខភាពល្អធម្មតា ដើម្បីរក្សាផលិតកម្ម។ នេះគឺជាប្រការល្អប្រសើរផងដែរ”។

 ដើម្បីជំនះពុះពារលើជំងឺរាតត្បាតកូវីដ ១៩ ដែលមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ នារយៈពេលកន្លងទៅ ថ្នាក់ដឹកនាំទីក្រុង ក្រសួង ស្ថាប័នមានសមត្ថកិច្ចរបស់ទីក្រុង Hai Phong បានធ្វើការសន្ទនាសំដៅដោះស្រាយការលំបាកជូនសហគ្រាស។ គណៈគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចទីក្រុង Hai Phong បានជំរុញខ្លាំងការធ្វើកំណែទម្រង់បែបបទរដ្ឋបាល ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីជំរុញការវិនិយោគជាមួយសហគ្រាស។ លោក Bui Ngoc Hai អនុប្រធានគណៈគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចទីក្រុង Hai Phong បានឲ្យដឹងថា៖ “យើងខ្ញុំត្រូវរៀបចំផែនការសម្រាប់ឆ្នាំថ្មីដោយមានគោលដៅទាក់ទាញទុនយ៉ាងតិចគឺ ៣ ពាន់លានដុល្លារអាមេរិកទៀតដូច្នេះយើងត្រូវត្រៀមរៀបចំរាល់លក្ខណៈសម្រាប់ឆ្នាំក្រោយតាំងពីពេលនេះតទៅ។ យើងខ្ញុំបានផ្តោតសំខាន់លើត្រៀមរៀបចំកសាងមណ្ឌលឧស្សាហកម្មថ្មី ក្នុងនោះមានដីធ្លី និងដោះស្រាយបញ្ហាផ្ទះស្នាក់នៅជូនពលករផងដែរ”។

ទីក្រុង Hai Phong ខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ - ảnh 2សកម្មភាពចាក់វ៉ាក់សាំងជូនពលករ (រូបថត៖ VOV)

នៅក្នុងជំនួបធ្វើការជាមួយគណៈគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចទីក្រុង Hai Phong នាពេលថ្មីៗនេះ លោក Tran Luu Quang លេខាគណៈកម្មាធិការបក្សទីក្រុងHai Phong បានសង្តត់ធ្ងន់ថា ទីក្រុង Hai Phong ចាំបាច់ត្រូវពង្រីករាល់គុណសម្បត្តិអំពីទីតាំងភូមិសាស្ត្រនិងប្រព័ន្ធដឹកជញ្ជូនសម្បូរបែប ព្រលានយន្តហោះកំពង់ផែផ្លូវគោក។ លោកបានអះអាំងថា៖ “ វិនិយោគិនមានចំណាប់អារម្មណ៍លើប្រការចំនួន ២ គឺ៖ ពលករ ជាពិសេសគឺពលករដែលមានគុណភាពខ្ពស់ និងឥរិយាបថប្រព្រឹត្តិរបស់អាជ្ញាធរ។ យើងខ្ញុំកំពុងត្រូវការវិនិយោគិនសម្រាប់ការអភិវឌ្ឍ។ តាមគោលការរួម យើងគឺជាអ្នកបម្រើវិនិយោគិន។ អំពីពលករ គឺចាំចាច់ត្រូវជំរុញខ្លាំងការកសាងផ្ទះស្នាក់នៅ ដើម្បីទាក់ទាញពលករជាច្រើនថែមទៀតពីបណ្ដាមូលដ្ឋានផងដែរ”។

នាបច្ចុប្បន្នទីក្រុងHai Phong មានមណ្ឌលឧស្សាហកម្មចំនួន ១២ ដែលកំពុងប្រតិបត្តិការ។ ជាមួយនឹងបាវចនា ទាក់ទាញវិនិយោគិនធំ ៗ នៅលើពិភពលោកនោះ ក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥ ទីក្រុងHai Phong នឹងសាងសង់មណ្ឌលឧស្សាហកម្មថ្មីចំនួន ១៥ ទៀត  ដែលមានផ្ទៃដីសរុបជាង ៦២០០ ហិកតា។ នេះគឺជាបុព្វបទ សម្រាប់ទីក្រុងHai Phong សម្រេចបានគោលដៅទាក់ទាញទុន FDI ចំនួន ៥ ពាន់លានដុល្លារអាមេរិក/ឆ្នាំក្នុងរយៈពេល ៥ ឆ្នាំខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ