អភិវឌ្ឍន៍និងផ្សព្វផ្សាយវប្បធម៌អានក្នុងយុគសម័យឌីជីថល

Chia sẻ

(VOVWORLD) - ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃបច្ចេកវិទ្យាជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយជាសំឡេង និងបណ្តាញទំនាក់ទំនងសង្គមជាច្រើន បានជះឥទ្ធិពលដល់ទម្លាប់អានរបស់មនុស្សជាច្រើន។ ដើម្បីជំរុញទឹកចិត្តស្រឡាញ់សៀវភៅ ជាពិសេសក្នុងចំណោមយុវជន សាលារៀន និងមន្ទីរនានានៃទីក្រុង Hai Phong បានរៀបចំសកម្មភាពអានដ៏គួរឱ្យចាប់អារម្មណ៍ និងមានប្រយោជន៍ជាច្រើន។

អភិវឌ្ឍន៍និងផ្សព្វផ្សាយវប្បធម៌អានក្នុងយុគសម័យឌីជីថល - ảnh 1គំរូរថយន្តបណ្ណាល័យចល័តទាក់ទាញសិស្សានុសិស្សជាច្រើននៅ Hai Phong (រូបថត៖ VOV)

រឿងអំពីវីរៈបុរស Pham Ngoc Da ដែលជាវីរបុរសនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រជាជនក្នុងសង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង ហើយជាកូនអ្នកស្រុក Hai Phong និងជាតួអង្គក្នុងស្នាដៃដែលមានឈ្មោះដូចគ្នា និពន្ធដោយសិស្សសាលាបឋមសិក្សា Le Hong Phong (ទីក្រុង Hai Phong) ត្រូវបានបង្ហាញយ៉ាងរស់រវើកក្នុងទម្រង់ឆាកល្ខោន។ ការដើរជាតួអង្គក្នុងសាច់រឿង ធ្វើឲ្យប្អូនៗសិស្សមានអារម្មណ៍កាន់តែជ្រាលជ្រៅអំពីស្នាដៃ ងាយចងចាំព័ត៌មានលម្អិត និងយល់កាន់តែច្បាស់អំពីអត្ថន័យនៃសាច់រឿង។ Nguyen Ngoc Minh សិស្សថ្នាក់ទី៩ នៅសាលាអនុវិទ្យាល័យ Dong Thai ស្រុក An Duong ខេត្ត Hai Phong បានចែករំលែកថា៖ តាមរយៈការជជែកពិភាក្សា និងតាមរយៈសាច់រឿងដែលរៀបរាប់ក្នុងសៀវភៅ ប្អូនកាន់តែស្រឡាញ់សៀវភៅ  ហើយកាន់តែជឿជាក់លើខ្លួនឯង ដើម្បីសម្រែងនូវចំណេះដឹងពីសៀវភៅ៖

“បច្ចុប្បន្ននេះ យើងអាចទទួលបានព័ត៌មានពីប្រភពផ្សេងៗ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ សូម្បីតែទូរស័ព្ទស្មាតហ្វូនក៏ដោយ ក៏យើងអាចអានសៀវភៅផងនិងការកម្សាន្តផង...។ ការពិភាក្សា ការផ្លាស់ប្តូរសៀវភៅ ឬពិព័រណ៍សៀវភៅជួយឱ្យយើងយល់ពីតួនាទីនៃការអាន ក៏ដូចជាសារៈសំខាន់នៃការអាន ក៏ដូចជាត្រូវជ្រើសរើសសៀវភៅបែបណា”?

ក្នុងឆ្នាំសិក្សាកន្លងមកនេះ សាលារៀននៅទីក្រុង Hai Phong បានរៀបចំសកម្មភាពជាច្រើនដើម្បីលើកកំពស់វប្បធម៌អានរបស់សិស្សានុសិស្សដូចជា៖ ណែនាំ និងបង្ហាញសៀវភៅដោយប្រធានបទ “សៀវភៅសម្រាប់ខ្ញុំ, សម្រាប់អ្នក”; រៀបចំពិធីបុណ្យ “អានសៀវភៅ”; ជួបប្រាស្រ័យ ណែនាំពីរបៀបអានសៀវភៅប្រកបដោយប្រសិទ្ធភាព, ការសម្តែងលើឆាកអំពីតួរអង្គនៅក្នុងសៀវភៅសិក្សា...។ ទន្ទឹមនឹងនោះ រៀបចំសិក្ខាសាលា និងពិភាក្សាអំពីវិធីសាស្រ្តជ្រើសរើសសៀវភៅបោះពុម្ព និងសៀវភៅតាមអនឡាញ, វិធីសាស្ត្រអានប្រកបដោយប្រសិទ្ធភាព, វិធីសាស្ត្រប្រើប្រាស់ចំណេះដឹងពីសៀវភៅក្នុងការប្រឡង ក្នុងសកម្មភាពជាក់ស្តែង...។ ដើម្បីលើកទឹកចិត្តសិស្សានុសិស្សឱ្យអានសៀវភៅ សាលារៀននានាក្នុងទីក្រុង Hai Phong បានធ្វើការបណ្តាក់ទុនលើប្រព័ន្ធបន្ទប់អាន ដែលជាសៀវភៅដ៏សម្បូរបែប ដើម្បីបម្រើតម្រូវការអានរបស់ប្អូនៗ។ លោកគ្រូ Nguyen Duc Nam នាយកសាលាអនុវិទ្យាល័យ Hoa Nghia បានឲ្យដឹងថា៖ ក្រៅពីការណែនាំសៀវភៅថ្មីៗ និងលើកទឹកចិត្តសិស្សានុសិស្សក្នុងការអាន សាលាក៏រៀបចំវគ្គណែនាំដោយផ្តល់ឲ្យសិស្សនូវវិធីសាស្រ្ត អានសៀវភៅប្រកបដោយភាពឆ្លាតវៃ ជ្រើសរើសសៀវភៅត្រឹមត្រូវ។

បច្ចុប្បន្ននេះ ការអានសៀវភៅនៅតាមសាលារៀនមានការកើនឡើង។ សាលាក៏រៀបចំការផ្សព្វផ្សាយសម្រាប់សិស្សានុសិស្សដោយមានការអានសៀវភៅដោយផ្ទាល់ជាមួយនឹងការអានសៀវភៅនៅលើវេទិកាឌីជីថល។ សាលាក៏បានលើកទឹកចិត្តដល់ថ្នាក់នីមួយៗឱ្យសាងសង់ជ្រុងបណ្ណាល័យតូចមួយ ដែលក្នុងនោះមានដាក់សៀវភៅ និងកាសែត ដើម្បីបម្រើការបង្រៀន និងការសិក្សារបស់សិស្ស និងលោកគ្រូអ្នកគ្រូ”។

លោក Le Van Kien អនុប្រធានមន្ទីរព័ត៌មាន និងផ្សព្វផ្សាយ Hai Phong បានឲ្យដឹងថា ការជំរុញឱ្យមានចំណង់ចំណូលចិត្តនឹងសៀវភៅនៅក្នុងចំណោមសិស្ស មិនត្រឹមតែជាការងាររបស់គ្រូបង្រៀន និងសាលារៀនប៉ុណ្ណោះទេ ថែមទាំងត្រូវការកសាង និងផ្សព្វផ្សាយចលនាការអានក្នុងសង្គមទាំងមូលទៀតផង។ ដូច្នេះ វិស័យអប់រំ Hai Phong ត្រូវមានទិសដៅសមស្របសម្រាប់ទម្លាប់អានរបស់សិស្ស។

អភិវឌ្ឍន៍និងផ្សព្វផ្សាយវប្បធម៌អានក្នុងយុគសម័យឌីជីថល - ảnh 2ពិព័រណ៍សៀវភៅក៏ត្រូវបានប្រារព្ធឡើងជាទៀងទាត់នៅទីក្រុង Hai Phong ជាមួយនឹងកម្មវិធីជាច្រើនដើម្បីលើកទឹកចិត្តប្រជាជន ជាពិសេសសិស្សានុសិស្សជក់ចិត្តក្នុងការអានសៀវភៅ (រូបថត៖ VOV)

“នៅក្នុងភូមិសាស្ត្រទីក្រុង Hai Phong មន្ទីរព័ត៌មាន និងផ្សព្វផ្សាយ បានសម្របសម្រួលជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាល សហភាពយុវជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ និងតាមកាលកំណត់ រួមចំណែកក្នុងការបង្កើត ចលនាអានសៀវភៅក៏ដូចជាការលើកកម្ពស់វប្បធម៌អាន។ ទន្ទឹមនឹងសៀវភៅបុរាណដែលបោះពុម្ពបានល្អ យើងមានប្រភពសៀវភៅបន្ថែមទៀត នោះគឺសៀវ ភៅអនឡាញ។ តើធ្វើដូចម្តេចដើម្បីខិតជិតសៀវភៅនៅក្នុងយុគសម័យ ឌីជីថល? របៀបជ្រើសរើសសៀវភៅ របៀបអានសៀវភៅឱ្យមានប្រសិទ្ធភាព របៀបដែលយើងប្រមូលព័ត៌មានពីសៀវភៅគឺជាប្រធានបទគួរឱ្យចាប់អារម្មណ៍ណាស់”។

សកម្មភាពលើកកម្ពស់ការអាន តម្រង់ទិសសម្រាប់សិស្សានុសិស្សក្នុងការជ្រើសរើស និងអានសៀវភៅនៅទីក្រុង Hai Phong នាំមកជូនអ្នកអាននូវសេចក្តីរីករាយដ៏មានប្រយោជន៍ ជួយអ្នកអានបង្កើនចំណេះដឹង បម្រើការងារសិក្សា ស្រាវជ្រាវ បណ្តុះចំណេះដឹង។ អាស្រ័យហេតុនេះ រួមចំណែកលើកទឹកចិត្ត និងអភិវឌ្ឍន៍ចលនាអំណានក្នុងសហគមន៍ បង្កើតបរិយាកាសអានអំណោយផល; បង្កើតទម្លាប់អាននៅក្នុងគ្រួសារ សាលារៀន ទីភ្នាក់ងារ និងអង្គការ; រួមចំណែកកសាងសង្គមសិក្សា អប់រំ ពីសេចក្តីស្រឡាញ់ជាតិមាតុភូមិ មោទនភាពជាតិសម្រាប់ពលរដ្ឋម្នាក់ៗ ថែរក្សា និងលើកតម្កើងតម្លៃប្រពៃណីដ៏ថ្លៃថ្លារបស់ទីក្រុង៕

ប្រតិកម្មទៅវិញ