ឈុតឆាកក្នុងខ្សែភាពយន្តខ្លី "មិត្តរួមបន្ទប់" របស់អ្នកដឹកនាំរឿង Nguyen Le Hoang Viet។ រូបថត៖ VOV |
ដោយមានការធំដឹងក្ដីពីខ្សែភាពយន្តខ្នាតខ្លីដែលឈ្នះពានរង្វាន់អន្តរជាតិនោះ អ្នកដឹកនាំរឿង Nguyen Le Hoang Viet (កើតក្នុងឆ្នាំ ១៩៩១) ចាត់ទុកថា ការចូលរួមមហោស្រពភាពយន្តអន្តរជាតិ នាំមកនូវឱកាស និងបទពិសោធន៍ជាច្រើនសម្រាប់ផលិតករភាពយន្តឯករាជ្យ៖
“ការចូលរួមមហោស្រពភាពយន្ត គឺជាឱកាសមួយសម្រាប់ផលិតករភាពយន្តដើម្បីឧទ្ទេសនាមខ្សែភាពយន្តរបស់ខ្លួនទៅកាន់ទស្សនិកជនយ៉ាងទូលំទូលាយ។ នៅមហោស្រពភាពយន្ត យើងអាចជួបជាមួយផលិតករភាពយន្តដែលមានបទពិសោធន៍ច្រើនជាងខ្លួន។ ពេលខ្លះ យើងក៏អាចជួបប្រាស្រ័យជាមួយផលិតករភាពយន្តវ័យក្មេងផងដែរ។ នោះគឺជាបទពិសោធន៍ដែលជួយយើងតភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជន ដែលតែងតែមានការកោតសរសើរយ៉ាងខ្លាំងចំពោះស្នាដៃនានាក្នុងមហោស្រពភាពយន្ត”។
មហោស្រពភាពយន្តជាកន្លែងប្រមូលផ្តុំមនុស្សដែលធ្វើការក្នុងឧស្សាហកម្មភាពយន្ត។ ពួកគេមកទីនេះដើម្បីស្វែងរកភាពយន្តដ៏សមស្របសម្រាប់បណ្តាញចែកចាយរបស់ពួកគេ។ មហោស្រពភាពយន្តអាចតភ្ជាប់ផលិតករភាពយន្តជាមួយអ្នកចែកចាយដ៏សមស្រប តាមនោះជួយផលិតករភាពយន្តទទួលបានចំណេញ និងមានឱកាសវិនិយោគឡើងវិញ។
ឈុតឆាកនៃភាពយន្តឯកសារ "កុមារក្នុងអ័ព្ទ" របស់អ្នកដឹកនាំរឿងស្ត្រីវ័យក្មេង Ha Le Diem ។ រូបថត៖ VOV |
អ្នកដឹកនាំរឿងស្ត្រីវ័យក្មេង Ha Le Diem ជាមួយខ្សែភាពយន្តឯកសារ "កុមារនៅក្នុងអ័ព្ទ" បានឈ្នះពានរង្វាន់ "អ្នកដឹកនាំរឿងឆ្នើមបំផុត" នៅក្នុងប្រភេទ "ពានរង្វាន់អន្តរជាតិសម្រាប់ខ្សែភាពយន្តដំបូង” នៅឯមហោស្រពភាពយន្តឯកសារអន្តរជាតិ Amsterdam (IDFA) ឆ្នាំ ២០២១។ IDFA គឺជាមហោស្រពភាពយន្តឯកសារដ៏ធំបំផុតនាបច្ចុប្បន្ន ដែលទាក់ទាញផលិតករភាពយន្តឯកសារជុំវិញពិភពលោក។ ពីទីនេះ ខ្សែភាពយន្តរបស់អ្នកដឹកនាំរឿង Ha Le Diem ត្រូវបានទស្សនិកជនអន្តរជាតិជាច្រើនស្គាល់ដល់ ហើយត្រូវបានចាក់បញ្ចាំងនៅប្រទេសជាច្រើន។ អ្នកដឹកនាំរឿង Ha Le Diem បានចែករំលែកថា៖
“IDFA បានជួយឧបត្ថម្ភខ្ញុំច្រើន ចាប់ពីពេលដែលខ្សែភាពយន្តនេះស្ថិតក្នុងដំណាក់កាលផលិត និងក្រោយការផលិត។ ក្រោយរយៈពេល ៣ ឆ្នាំ មក ខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅមហោស្រពភាពយន្តជាង ២០០ និងនៅតាមរោងកុនធំៗនៅសហរដ្ឋអាមេរិក បារាំង តៃវ៉ាន់ (ចិន) និងសិង្ហបុរី”។
យោងតាមលោក Antonio Termenini នាយកមហោស្រពភាពយន្តអាស៊ីនៅទីក្រុងរ៉ូម ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ភាពយន្តវៀតណាមជាច្រើនមានគុណភាពល្អ និងខ្លឹមសារទាក់ទាញ។ លោក Antonio Termenini ក៏ចាត់ទុកដែរថា ការរៀបចំមហោស្រពភាពយន្តអន្តរជាតិ នឹងជួយផលិតករភាពយន្តវៀតណាមអភិវឌ្ឍន៍បន្ថែមទៀត៖
“ថ្មីៗនេះ វៀតណាមមានមហោស្រពភាពយន្តអន្តរជាតិជាច្រើនទៀត ដែលជាប្រការគួរឲ្យលើកទឹកចិត្ត។ កំណើតនៃមហោស្រពភាពយន្តអន្តរជាតិទីក្រុងហូជីមិញ ឬមហោស្រពភាពយន្តអាស៊ីនៅទីក្រុង Da Nang គឺជាទីធ្លាលេងដ៏មានប្រយោជន៍។ សម្រាប់ខ្ញុំ គុណភាពគឺសំខាន់ជាងបរិមាណ”។
យោងតាមអ្នករិះគន់ភាពយន្ត លោក Le Hong Lam មហោស្រពភាពយន្តមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ដល់ផលិតករភាពយន្តប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីឲ្យសាធារណជនយល់ដឹងបន្ថែមអំពីវិស័យភាពយន្តក្នុងស្រុក ក៏ដូចជាភាពយន្តពិភពលោកផងដែរ។ មហោស្រពភាពយន្តគឺជាឱកាសដើម្បីសាធារណជនអាចទស្សនាភាពយន្តរបស់ផលិតករភាពយន្តឯករាជ្យ និងចូលរួមក្នុងជំនួបសន្ទនាជាមួយអ្នកដឹកនាំរឿង និងផលិតករភាពយន្តផងដែរ។
“ការរៀបចំមហោស្រពភាពយន្តអន្តរជាតិមានសារៈសំខាន់ណាស់ ពីព្រោះនេះជាកន្លែងដែលផលិតករភាពយន្តឯករាជ្យ និងផលិតករភាពយន្តសិល្បៈមានឱកាសអភិវឌ្ឍន៍ និងលើកកំពស់ឋានៈផលិតករភាពយន្ត។ ទន្ទឹមនឹងនោះ នៅឯមហោស្រពភាពយន្តអន្តរជាតិ ក៏មានសិក្ខាសាលានិងកម្មវិធីឧបត្ថម្ភជាច្រើនសម្រាប់ផលិតករភាពយន្តផងដែរ។ នេះជាឱកាសសម្រាប់ផលិតករភាពយន្តវ័យក្មេងដើម្បីស្វែងរកមូលនិធិសម្រាប់គម្រោងភាពយន្តរបស់ខ្លួន”។
បើធៀបនឹងទម្រង់សិល្បៈដទៃទៀត ភាពយន្តគឺជាស្ពានដែលនាំវប្បធម៌វៀតណាមទៅកាន់ពិភពលោកយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពបំផុត។ ការនាំយកភាពយន្តទៅចូលរួមមហោស្រពភាពយន្ត គឺជាឱកាសសម្រាប់អ្នកដឹកនាំរឿងវ័យក្មេង ដើម្បីឧទ្ទេសនាម ជួបប្រាស្រ័យនិងសិក្សាពីប្រទេសដែលមានឧស្សាហកម្មភាពយន្តដ៏ជឿនលឿនលើពិភពលោក៕