គម្រោង "សំឡេងនៃភាតរភាព៖ ស្វែងរកទេពកោសល្យ" បង្កើតឱកាសសម្រាប់សិល្បករ

Chia sẻ

(VOVWORLD) - កាលពីខែកញ្ញាកន្លងទៅ នៅទីក្រុងហាណូយ មូលនិធិវង់តន្រ្តីយុវវ័យពិភពលោក និងវិទ្យាស្ថានវប្បធម៌និងសិល្បៈជាតិវៀតណាម (VICAS) បានរៀបចំពិធីប្រគល់រង្វាន់ដល់បណ្ដាសិល្បករ សកម្មជនវប្បធម៌ច្នៃប្រឌិតវៀតណាម ដែលចូលរួមក្នុងគម្រោង៖ “សំឡេងភាតរភាព៖ ស្វែងរកទេពកោសល្យ"។ គម្រោងនេះគឺសំដៅជំរុញការច្នៃប្រឌិត ការផ្លាស់ប្ដូរថ្មី ជួយឧបត្ថម្ភនិងអភិវឌ្ឍន៍ជំនាញ ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការសម្រាប់បណ្ដាសិល្បករវៀតណាម ក្នុងការអនុវត្តគម្រោងសិល្បៈ។

គម្រោង "សំឡេងនៃភាតរភាព៖ ស្វែងរកទេពកោសល្យ" បង្កើតឱកាសសម្រាប់សិល្បករ - ảnh 1អ្នកនិពន្ធទទួលពានរង្វាន់ពីគណៈកម្មការរៀបចំគម្រោង។ (រូបថត៖ congluan.vn)

ក្រោយរយៈពេល ៣ ខែត្រូវបានបំផុស គណៈកម្មាធិការរៀបចំបានទទួលស្នាដៃចំនួន ៥៨ ចូលរួមក្នុងទម្រង់ចំនួន ៣ រួមមាន៖ សិល្បៈទស្សនីយភាព តន្ត្រី និងល្ខោន។ ស្នាដៃល្អបំផុតចំនួន ៨ ត្រូវបានជ្រើសរើសដោយគណៈកម្មាធិការរៀបចំដើម្បីផ្តល់ពានរង្វាន់។ ក្នុងវិស័យសិល្បៈទស្សនីយភាព គម្រោងនេះបានផ្តល់រង្វាន់ដល់អ្នកនិពន្ធចំនួន ៣ នាក់ រួមមាន៖ កញ្ញា Tran Thao Mien ជាមួយស្នាដៃ “រាត្រីសួស្តី” សិល្បការិនី Bui Bao Tram ជាមួយស្នាដៃ “សត្វល្អិត” សិល្បការិនី Nguyen Thi My Dung ជាមួយស្នាដៃ “ផ្កាថ្មពណ៌ស”; អ្នកនិពន្ធ Bui Duy Manh និង Luu Trong Viet ជាមួយស្នាដៃ "ពិភពក្នុងក្ដីសុបិន"។ ក្នុងវិស័យតន្ត្រី ស្នាដៃទាំងពីរដែលទទួលបានពានរង្វាន់គឺ “របាំបាឡេ Hoai Van Hau - Tran Quoc Toan របស់អ្នកនិពន្ធ Nguyen Ngoc Tu និងស្នាដៃ “ក្លិនផ្កាឈូក Dong Thap” របស់អ្នកនិពន្ធ Nguyen An Nhu។ ជាសិល្បការិនីពិការភ្នែកម្នាក់ កញ្ញា Nguyen An Nhu មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង នៅពេលដែលការសម្តែងរបស់នាងត្រូវបានគណៈកម្មាធិការរៀបចំវាយតម្លៃខ្ពស់ ហើយមានបំណងចង់ឲ្យតន្ត្រីប្រពៃណីត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយ៖

“ការសម្តែងដែលនាងខ្ញុំបានឈ្នះពានរង្វាន់ គឺជាបទភ្លេងចាប៉ី ១៦ ខ្សែ (zither) ដោយមានឈ្មោះថា "ក្លិនផ្កាឈូក Dong Thap" និពន្ធដោយអតីតគ្រូបង្រៀនប្រជាជន Xuan Khai។ ខ្ញុំសង្ឃឹមថា បន្ទាប់ពីការសម្តែងនេះ តន្ត្រីប្រពៃណីវៀតណាមអាចត្រូវបានផ្សព្វផ្សាយទៅកាន់ប្រទេសផ្សេងៗ ឬយ៉ាងហោចណាស់ យុវជនបានមើលឃើញថា នៅតែមានអ្នកដែលកំពុងថែរក្សាវប្បធម៌ និងតន្ត្រីវៀតណាម ហើយពីនោះ ពួកគេនឹងកាន់តែស្រឡាញ់តន្ត្រីវៀតណាមថែមទៀត”។

ដោយបង្កើតការចាប់អារម្មណ៍អាស្រ័យដោយមានភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណៈសិល្បៈដ៏ខ្លាំងក្លា ស្នាដៃ "ល្ខោនកាយវិការត្រឡប់មកវិញ" របស់អ្នកនិពន្ធ Nguyen Hoang Tung និង "រាងកាយបាត់សូន្យ" របស់អ្នកនិពន្ធ Tran Diem Phuong បានឈ្នះពានរង្វាន់ក្នុងវិស័យល្ខោន។ ចែករំលែកអំពីគម្រោង “សំឡេងនៃភាតរភាព៖ ស្វែងរកទេពកោសល្យ” អ្នកនិពន្ធ Nguyen Hoang Tung បានឲ្យដឹងថា៖

“យើងមានសិល្បករដែលមានទេពកោសល្យនៅគ្រប់វ័យ ហើយនិងក្នុងវិស័យសិល្បៈច្រើនណាស់។ ពានរង្វាន់នេះបច្ចុប្បន្នផ្ដោតលើវិស័យតែ ៣ប៉ុណ្ណោះ។ ខ្ញុំគិតថា អាចពង្រីកបន្ថែមទៀតព្រោះសិល្បៈសម្បូរបែបនិងចម្រុះណាស់។ ដូច្នេះ យើងអាចពង្រីកទៅកាន់ផ្នែកជាច្រើនទៀត។ ការលើកទឹកចិត្តខាងស្មារតីគឺមិនអាចកាត់ថ្លៃបាន និងមានអត្ថន័យធំធេង ដោយការដែលពួកគេចូលរួមក្នុងពានរង្វាន់នេះ ដោយពានរង្វាន់ដែលគេទទួលបាន ឬមិនទទួលបាន ឬមើលឃើញអ្នកឈ្នះពានរង្វាន់ដទៃទៀត។ នេះជាការជឿជាក់របស់បណ្ដាសិល្បករ។ ពួកគេនឹងកាន់តែមានទំនុកចិត្តលើអាជីពសិល្បៈរបស់ខ្លួន”។

គម្រោង "សំឡេងនៃភាតរភាព៖ ស្វែងរកទេពកោសល្យ" បង្កើតឱកាសសម្រាប់សិល្បករ - ảnh 2លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Thu Phuong នាយិកាវិទ្យាស្ថានវប្បធម៌ និងសិល្បៈជាតិវៀតណាម ថ្លែងនៅពិធីប្រគល់ពានរង្វាន់។ (រូបថត៖ congluan.vn)

វាយតំលៃខ្ពស់ចំពោះស្នាដៃដែលចូលរួមក្នុងគម្រោង ទាំងគុណភាពសិល្បៈ ក៏ដូចជាភាពច្នៃប្រឌិត និងភាពប្លែកនៃទម្រង់សិល្បៈ លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Thu Phuong នាយិកាវិទ្យាស្ថានវប្បធម៌ និងសិល្បៈជាតិវៀតណាមបាននិយាយថា៖

“ការប្រលងនេះគឺមានលក្ខណៈទម្លុះទម្លាយ ដោយសារតែយុវជនបានជ្រើសរើសតម្លៃប្រកបដោយនិរន្តរភាព បានជ្រើសរើសមើលទៅខាងក្នុងខ្លួន ដើម្បីស្វែងរកគំនិតច្នៃប្រឌិត តភ្ជាប់ជាមួយពិភពលោក ដើម្បីធ្វើឱ្យវាកាន់តែមាននិរន្តរភាព។ សារនៃការប្រឡងនេះ ត្រូវបានបង្ហាញពីឆាកតន្ត្រី និងសិល្បៈទស្សនីយភាព ដោយនាំមកនូវការឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅ នោះគឺការឆ្លុះបញ្ចាំងស្ដីពីជីវិតរបស់យុវជន”។

ចំណែកឯលោកស្រី Meggie Nguyen Vu Hoang Minh នាយិកាក្រុមហ៊ុន Temix Space Vietnam ដែលជាអង្គភាពអមដំណើរគម្រោង “សំឡេងនៃភាតរភាព៖ ស្វែងរកទេពកោសល្យ” បាននិយាយថា៖

“នៅពេលដែលយើងខ្ញុំត្រូវបានទាក់ទងដោយស្ថានទូតអ៊ីតាលី ហើយចូលរួមក្នុងគម្រោងនេះ គោលបំណងតែមួយគត់របស់យើងខ្ញុំគឺធ្វើជាស្ពានវប្បធម៌។ ដើម្បីជួយឧបត្ថម្ភផ្នែកណាមួយដល់សិល្បករ យើងខ្ញុំមានបំណងចង់រួមចំណែកដល់យុវជនវៀតណាមជំនាន់ក្រោយ”។

គម្រោង "សំឡេងនៃភាតរភាព៖ ស្វែងរកទេពកោសល្យ" មិនត្រឹមតែជួយសិល្បករបង្ហាញពីភាពច្នៃប្រឌិត អត្តចរិតខ្លាំងក្លា និងភាពប្លែករបស់ខ្លួនក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលករដើម្បីជួយឱ្យពួកគេជឿជាក់លើផ្លូវដែលបានជ្រើសរើស ក៏ដូចជាតភ្ជាប់ទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសិល្បករអន្តរជាតិក្នុងវិស័យសិល្បៈសហសម័យទៀតផង៕

ប្រតិកម្មទៅវិញ