សកម្មភាពជាប្រចាំរបស់គម្រោង "ឡើងព្រៃ" មានគោលបំណងបង្កើតលំហតភ្ជាប់មរតកសិល្បៈអតីតកាលជាមួយនឹងជីវភាពសិល្បៈសហសម័យ ពង្រីកទៅអន្តរជាតិ។ (រូបថត៖ VOV2) |
នាពេលថ្មីៗនេះ លោក Nguyen Quoc Hoang Anh នាយក ស្ថាបនិកវេទិកាវប្បធម៌សិល្បៈ “ឡើងព្រៃ” ត្រូវបានសាធារណជនស្រឡាញ់សិល្បៈ ជាពិសេសយុវជន ស្គាល់ដល់ជាមួយនឹងការច្នៃប្រឌិតថ្មីថ្មោង និងប្រកបដោយដង្ហើមសហសម័យ។ ជាមួយគំនិតសិល្បៈប្រកបដោយភាពច្នៃប្រឌិត លោក Hoang Anh បានរួមបញ្ចូលភាសាថ្មីនៃតន្ត្រីហ៊ីបហប និងអេឡិចត្រូនិចទៅក្នុងសិល្បៈល្ខោន tuong, cheo, និង ca tru។ លោកបានទទួលជោគជ័យក្នុងការនាំឱ្យមនុស្សចាស់វិលត្រឡប់ទៅរកការចងចាំបុរាណកាលឡើងវិញ ខណៈដែលយុវជនមានអារម្មណ៍ទាក់ទាញចំពោះសិល្បៈប្រពៃណី។ លោក Nguyen Quoc Hoang Anh បានចែករំលែកថា៖
“ដើម្បីអាចដើរឆ្ងាយបាន ដើម្បីឱ្យមានទីបង្អែកមួយ មានជំនឿមួយ យើងត្រឹមតែអាចទៅដោយវប្បធម៌ ដោយអ្វីដែលជិតស្និទ្ធយើងបំផុត។ ហើយខ្ញុំបានជ្រើសរើសរឿងល្ខោនប្រពៃណី តន្ត្រីប្រពៃណី។ ប្រការនោះបានជួយឲ្យខ្ញុំមានទំនុកចិត្តឈានទៅមុខ”។
កាលពីខែសីហាកន្លងទៅ ទស្សនិកជននៅរដ្ឋធានីហាណូយ បានរីករាយជាមួយនឹងរឿងល្ខោន tuong ដោយមានចំណងជើងថា “ប្រឈមមុខនឹងភាពគ្មានទីបញ្ចប់” របស់លោក Nguyen Quoc Hoang Anh។ នេះគឺជាគម្រោងមួយដែលត្រូវបានអនុវត្តន៍ដោយក្រុម “ឡើងព្រៃ” សហការជាមួយរោងល្ខោន Tuong វៀតណាម ដើម្បីទាក់ទាញទស្សនិកជនក្មេងៗ។
“ប្រការដែលគួរឲ្យចាប់អារម្មណ៍នៃរឿងល្ខោននេះ គឺការសន្ទនារវាងរបាំសហសម័យលោកខាងលិច និងរបាំប្រពៃណីវៀតណាម ជាពិសេសសិល្បៈ Tuong។ ក្នុងតួនាទីជានាយកសិល្បៈ ក៏ដូចជាអ្នកសរសេរសេណារីយ៉ូ ខ្ញុំចង់បង្ហាញពីការគោរពរបស់ខ្ញុំចំពោះបេតិកភណ្ឌវប្បធម៌ប្រចាំតំបន់ ជាពិសេសសិល្បៈ Tuong។ ខ្ញុំចង់ដាក់វាឱ្យស្មើជាមួយនឹងសិល្បៈសហសម័យលោកខាងលិច ជាក់ស្ដែងគឺរបាំសហសម័យ។ យើងខ្ញុំមើលឃើញភាពទំនើបក្នុងប្រពៃណី។ ប្រហែលជាយើងចូលទៅក្នុងប្រពៃណីកាន់តែជ្រាលជ្រៅ យើងនឹងឃើញភាពទំនើបកាន់តែច្បាស់ ហើយយើងស្រាប់តែយល់ឃើញថា អ្វីៗគ្រប់បែបយ៉ាងដែលយើងចង់ស្វែងរក ចង់ផ្លាស់ប្ដូរ ចង់ច្នៃប្រឌិត គឺពិតជាមានស្រាប់ហើយនៅក្នុងវប្បធម៌វៀតណាម ហើយអ្វីដែលយើងបានធ្វើ គឺត្រឡប់មកវិញ”។
យុវជននៃគម្រោង "សន្ទនាជាមួយប្រពៃណី" និងសិប្បករភូមិអាយ៉ងទឹក Dao Thuc។
(រូបថត៖ Facebook) |
នៅក្នុងទិដ្ឋភាពមួយផ្សេងទៀត ការធ្វើឌីជីថលបេតិកភណ្ឌវប្បធម៌បានអះអាងតួនាទីកាន់តែសំខាន់ នៃវិធីសាស្រ្តអភិរក្ស ថែរក្សាបេតិកភណ្ឌដ៏សមស្របមួយនៅក្នុងសង្គមឌីជីថលនាពេលបច្ចុប្បន្ននេះ ដោយជួយឱ្យមនុស្សនៅឆ្ងាយមានឱកាសខិតជិតមកបេតិកភណ្ឌ ដូចជាការទស្សនាដោយផ្ទាល់អញ្ចឹង។ “សន្ទនាជាមួយប្រពៃណី” គឺជាគម្រោងទំនាក់ទំនងសម្រាប់ភូមិរបរសិប្បកម្មប្រពៃណីនៅទីក្រុងហាណូយ ដែលរួមចំណែកថែរក្សានិងផ្សព្វផ្សាយតម្លៃនៃភូមិរបរសិប្បកម្មប្រពៃណីនៅទីក្រុង តាមរយៈការបង្ហោះការសន្ទនារវាងបណ្ដាជំនាន់នៅក្នុងភូមិសិប្បកម្ម តាមនោះនិទានរឿងប្រវត្តិសាស្ត្រប្រកបដោយអត្ថន័យ។ កញ្ញា Ly Phuong Mai និស្សិតឆ្នាំទី ៤ នៃសាលាវិទ្យាសាស្ត្រអន្តរផ្នែក និងសិល្បៈ (សាកលវិទ្យាល័យជាតិហាណូយ) សមាជិកទទួលបន្ទុកផ្នែកទំនាក់ទំនងសម្រាប់គម្រោង "សន្ទនាជាមួយប្រពៃណី" បាននិយាយថា៖
“តាមរយៈគម្រោង យើងខ្ញុំចង់បង្កើតការសន្ទនារវាងបណ្ដាជំនាន់ដើម្បីឱ្យសហគមន៍ សិប្បករ និងអ្នកប្រកបរបរផ្ទាល់ខ្លួន អាចសំណេះសំណាលនិងពិភាក្សាគ្នាអំពីការផ្លាស់ប្តូរពីប្រពៃណីទៅទំនើប។ យើងខ្ញុំចង់បង្កើតអ្វីដ៏ជិតស្និទ្ធដោយបង្កើតឃ្លាំងឯកសារមួយសម្រាប់អ្នកជំនាញ យុវជន និងអ្នកដែលចាប់អារម្មណ៍ដល់វប្បធម៌ភូមិសិប្បកម្មឲ្យបានដឹង។ គម្រោងនេះបានចាប់ផ្តើមជាមួយនឹងការផ្សាយផ្ទាល់នៅហ្នឹងភូមិសិប្បកម្ម និងកន្លែងផលិត។ មនុស្សម្នាមានការចែករំលែកគួរឲ្យទាក់ទាញជាច្រើនអំពីរបៀបដែលពួកគេធ្វើការប្រចាំថ្ងៃ បន្ទាប់មក យើងខ្ញុំបានថតវីដេអូ ហើយមិនកែសម្រួលទេ ត្រឹមតែបែងចែកវាទៅជាភាគតូចៗដើម្បីបង្ហោះតាមអ៊ីនធឺណិត”។
លោក Nguyen Quoc Hoang Anh ជាមួយនឹងវេទិកាវប្បធម៌សិល្បៈ “ឡើងព្រៃ” ឬគម្រោងទំនាក់ទំនង “សន្ទនាជាមួយប្រពៃណី” គ្រាន់តែជាវិធីចំនួនពីរយ៉ាងដែលមជ្ឈដ្ឋានយុវជនកំពុងអនុវត្តន៍ ដើម្បីរួមចំណែកអភិរក្ស និងផ្សព្វផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌របស់ប្រទេសជាតិ។ ជាមួយនឹងភាពច្នៃប្រឌិត និងភាពក្លៀវក្លា យុវជនជំនាន់បច្ចុប្បន្នអាចស្នងបន្តប្រពៃណីជាមួយនឹងការច្នៃប្រឌិតថ្មីៗ៕