ថ្នាក់រៀនភាសា Thai នៅស្រុក Than Uyen។ (រូបថត៖ VOV) |
នៅក្នុងបរិយាកាសដ៏កក់ក្ដៅនៃថ្នាក់រៀននៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈស្រុក Than Uyen ជាទៀងទាត់ ២ វគ្គក្នុងមួយថ្ងៃ ថ្នាក់រៀនភាសា Thai ដោយមានសិស្ស ៣០ នាក់ក្នុងវ័យអាយុខុសៗគ្នា ប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ផុសផុល។ អ្នកស្រី Dieu Thi Ngan សិស្សម្នាក់ក្នុងថ្នាក់រៀនបានឲ្យដឹងថា៖
"តាំងពីមុនមក បងប្អូននិងឪពុកម្ដាយខ្ញុំចេះតែនិយាយភាសាជនជាតិ Thaiប៉ុណ្ណោះ ប៉ុន្តែមិនចេះសរសេរអក្សរទេ។ តាមរយៈថ្នាក់រៀននេះ ខ្ញុំចង់ក្រេបយកចំណេះដឹងជាច្រើន និងចេះសរសេរអក្សរដើម្បីអាចបង្រៀនទៅកូនៗរបស់ខ្ញុំនៅពេលក្រោយ”។
ដោយមានមោទនភាព និងការគោរពចំពោះអត្តសញ្ញាណវប្បធម៌ជនជាតិខ្លួន សិប្បកឆ្នើម Lo Van Soi នៅឃុំ Muong Cang ស្រុក Than Uyen គ្រូបង្រៀននៃថ្នាក់រៀន មិនថាភ្លៀងឬពន្លឺថ្ងៃទេ តែងតែមកថ្នាក់រៀនជារៀងរាល់ថ្ងៃ ដើម្បីបង្រៀនដោយអស់ពីចិត្តនូវភាសានិយាយនិងអក្សររបស់ជនជាតិខ្លួនដល់សិស្សានុសិស្ស។
“ប្រសិនបើយើងចង់ចេះនិយាយបាន យើងត្រូវតែចេះអក្សរជាមុនសិនទើបយល់ច្បាស់ពីអត្ថន័យរបស់ភាសា Thai។ ខ្ញុំព្រួយបារម្ភថា អក្សររបស់ជនជាតិខ្លួន ត្រូវបាត់បង់ទៅ ដូច្នេះខ្ញុំចង់បង្រៀនដល់ក្មេងៗជំនាន់ក្រោយ។ ខ្ញុំបានសរសេរសៀវភៅឡើងវិញ ដោយមានស្នាដៃជាង ៣០ ក្បាល ដើម្បីអភិរក្ស និងបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ”។
ថ្នាក់រៀនការរចនាសំលៀកបំពាក់ជនជាតិ Kho Mu។ (រូបថត៖ VOV) |
ថ្នាក់រៀនការរចនាសំលៀកបំពាក់ជនជាតិ Kho Mu ក៏ត្រូវបានបើកនៅផ្ទះវប្បធម៌ភូមិ Me ឃុំ Ta Gia ស្រុក Than Uyen ផងដែរ។ សិស្សានុសិស្សជាង ៣០ នាក់ ចាប់ពីកុមារីរហូតដល់ស្ត្រីវ័យកណ្តាល ទាំងអស់បានផ្ទៀងស្តាប់ដោយយកចិត្តទុកដាក់ និងធ្វើតាមជំហាននីមួយៗរបស់អ្នកគ្រូ។ អ្នកស្រី Phong Thi Dung សិស្សក្នុងថ្នាក់បានសម្តែងថា៖
“បន្ទាប់ពីបានចូលរួមថ្នាក់រៀននេះ សិស្សនឹងចេះដេរសម្លៀកបំពាក់ជនជាតិ Kho Mu។ អាស្រ័យហេតុនេះ រក្សាបាននូវអត្តសញ្ញាណរបស់ជនជាតិខ្លួន។នាងខ្ញុំសង្ឃឹមថា កូនចៅជំនាន់ក្រោយក៏នឹងអាចរក្សាបាននូវអត្តសញ្ញាណវប្បធម៌ជនជាតិដែរ”។
លោក Quang Van Truong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ta Hua ស្រុក Than Uyen បានឲ្យដឹងថា៖
«បច្ចុប្បន្ន សំលៀកបំពាក់សម័យដើមរបស់ជនជាតិ Kho Mu លែងមានទៀតទេ ហើយក្មេងជំនាន់ក្រោយ មិនចេះរបៀបដេរសម្លៀកបំពាក់ជនជាតិខ្លួនដែរ។ តាមរយៈការស៊ើបអង្កេតស្ថានភាពជាក់ស្តែងនៅក្នុងភូមិ អាជ្ញាធរឃុំបានស្នើទៅគណៈកម្មាធិការប្រជាជនស្រុក Than Uyen បើកថ្នាក់បង្រៀនការរចនាសំលៀកបំពាក់ជនជាតិ Kho Mu។ យើងខ្ញុំសង្ឃឹមថា លោកគ្រូអ្នកគ្រូនឹងបង្រៀនសិស្សនូវចំណេះដឹង របៀបរចនាគំរូ ហើយសិស្សនឹងចេះពីរបៀបកាត់ដេរសំលៀកបំពាក់ពេញលេញមួយសម្រាប់របស់ជនជាតិ Kho Mu”។
ចាប់ពីឆ្នាំ ២០២១ មក ទីភ្នាក់ងារជំនាញនៅស្រុក Than Uyen បានបើកថ្នាក់បណ្តុះបណ្តាល និងបំប៉នវិជ្ជាជីវៈរាប់សិបថ្នាក់ ដើម្បីបង្រៀនវប្បធម៌ប្រពៃណីដោយផ្សារភ្ជាប់នឹងសកម្មភាពទេសចរណ៍ សម្រាប់បងប្អូនជនជាតិភាគតិចក្នុងតំបន់។ ពីថ្នាក់រៀនទាំងនោះ ជនរួមជាតិបានលើកកំពស់ការយល់ដឹងអំពីការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។ លោកស្រី Luong Thi Ty ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Than Uyen បានឲ្យដឹងថា៖
“ដើម្បីរក្សាបាននូវតម្លៃប្រពៃណីដ៏ល្អប្រសើររបស់បណ្ដាជនជាតិ ទីភ្នាក់ងារជំនាញរបស់យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានការយកចិត្តទុកដាក់ និងការណែនាំពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន។ ធ្វើយ៉ាងណាដើម្បីឲ្យសិស្សអាចទទួលបានអត្ថប្រយោជន៍ និងគោលនយោបាយពេញលេញនៅពេលចូលរួមក្នុងថ្នាក់បង្រៀន? យើងខ្ញុំក៏សង្ឃឹមដែរថា ប្រជាជនស្រុក Than Uyen អាចលើកកំពស់ស្មារតីសាមគ្គីភាព ដើម្បីរួមគ្នាថែរក្សានិងពង្រីកតម្លៃប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិខ្លួន”។
ដោយឈរលើមូលដ្ឋាននៃការស្ទាបស្ទង់ ការទទួលមរតក និងការឯកភាពរបស់ប្រជាជន ស្រុក Than Uyen បានបង្កើតសហករណ៍ត្បាញចរបាប់នៅឃុំ Muong Cang; រក្សាក្រុមសម្តែងសិល្បៈមហាជននៅតាមភូមិ និងទីប្រជុំជន; បង្កើតក្លឹបអភិរក្សវប្បធម៌សិល្បៈប្រជាប្រិយ... ការអភិរក្ស ថែរក្សា និងពង្រីកលក្ខណៈស្រស់ស្អាតនិងតម្លៃវប្បធម៌ប្រជាប្រិយជាប្រពៃណីរបស់បណ្ដាជនជាតិនៅស្រុក Than Uyen បានបំពេញតាមតម្រូវការប្រជុំជីវភាព ផ្លាស់ប្តូរវប្បធម៌ និងជីវភាពខាងវិញ្ញាណរបស់ប្រជាជន៕