អភិរក្សនិងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោក-បរមរាជវាំងថាំងឡុង

Chia sẻ

(VOVWORLD) -បេតិកភណ្ឌវប្បធម៌ពិភពលោក បរមរាជវាំងថាំងឡុង គឺជាប្រព័ន្ធកេរដំណែលវប្បធម៌ ប្រវត្តិសាស្ត្រពិសេស ត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រះរាជវាំងថាំងឡុង- - ហាណូយ។ សំណង់ស្ថាបត្យកម្មដ៏ធំសម្បើមនេះត្រូវបាន សាងសង់ក្នុងសម័យប្រវត្តិសាស្ត្រជាច្រើន ហើយជាកេរដំណែលដ៏សំខាន់បំផុតនៅក្នុងប្រព័ន្ធកេរដំណែលទាំងមូលនៅវៀតណាម។ ដូច្នេះហើយ ការងារអភិរក្ស និងលើកតម្កើងតម្លៃបរមរាជវាំងថាំងឡុង យ៉ាងម៉េចដើម្បីសក្តិសម នឹងលើកកម្ពស់បេតិកភណ្ឌ តែងតែត្រូវបានអាជ្ញាធរទីក្រុងហាណូយ អ្នកវិទ្យាសាស្ត្រ និងស្ថាប័នពាក់ព័ន្ធ ផ្តោតការយកចិត្តទុកដាក់។

អភិរក្សនិងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោក-បរមរាជវាំងថាំងឡុង - ảnh 1បរមរាជវាំងថាំងឡុង (រូបថត៖ TTXVN)

ព្រះបរមរាជវាំងថាំងឡុង (ស្ថិតនៅអាគារលេខ ១៨ ផ្លូវ Hoang Dieu ទីក្រុងហាណូយ) ត្រូវបានក្រុមអ្នកស្រាវជ្រាវ និងអ្នកបុរាណវត្ថុវិទ្យាជីកគាស់កកាយ ក្នុងឆ្នាំ ២០០២ លើផ្ទៃដីសរុប ១៩.០០០ ម៉ែត្រការ៉េ ដែលជាការជីកគាស់កកាយធំបំផុតនៅវៀតណាម និងតំបន់អាស៊ីអាគ្លេយ៍ទាំងមូលនាគ្រានោះ។ ការជីកគាស់កកាយនោះ បានបង្ហាញស្នាកស្នាមនៃព្រះបរមរាជវាំងថាំងឡុង ក្នុងដំណើរការប្រវត្តិសាស្ត្រអូសបន្លាយតាមរយៈ ១៣ សតវត្ស ពេញមួយរាជវង្ស Ly, Tran, Le, Mac និង Nguyen (១០១០-១៩៤៥) ជាមួយនឹងបេតិកភ័ណ្ឌនិងវប្បធម៌ច្រើនស្រទាប់។ នាខែសីហា ឆ្នាំ ២០១០ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) បានអនុម័តលើសេចក្តីសម្រេចចិត្តមួយ ដោយទទួលស្គាល់ប្រព័ន្ធបរមរាជវាំងថាំងឡុង-ហាណូយ  ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ លោក Christian Manhart ប្រធានតំណាងការិយាល័យ UNESCO ប្រចាំនៅវៀតណាមបានអះអាងថា៖ ព្រះបរមរាជវាំងថាំងឡុង បង្ហាញពីការផ្លាស់ប្តូរវប្បធម៌ និងឥទ្ធិពលជាច្រើន តាមរយៈ ១៣ សតវត្ស ទូទាំងតំបន់អាស៊ី។

ចាប់តាំងពីការជីកគាស់កកាយបុរាណវត្ថុវិទ្យាលើកដំបូង  និងជាពិសេសបន្ទាប់ពីការទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកមក ព្រះបរមរាជវាំងថាំងឡុង តែងតែទទួលបានការយកចិត្តទុកដាក់ជាពិសេសពីភ្នាក់ងារគ្រប់គ្រងរដ្ឋ ក៏ដូចជាអ្នកវិទ្យាសាស្ត្រជាតិនិងអន្តរជាតិ។ របាយការណ៍ក្នុងសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ ក្រោមប្រធានបទ “រយៈពេល ២០ ឆ្នាំនៃការស្រាវជ្រាវដើម្បីអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌ ព្រះបរមរាជវាំងថាំងឡុង” បានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាពេលថ្មីៗនេះ ដោយបញ្ជាក់យ៉ាងច្បាស់ថា៖ បន្ទាប់ពីត្រូវបានអង្គការ UNESCO ចុះបញ្ជី ក្នុងឆ្នាំ ២០១០ បេតិកភណ្ឌនេះត្រូវបានលើកតម្កើងតាមទម្រង់ជាច្រើន ការជីកគាស់កកាយបុរាណវត្ថុបានបន្តបង្ហាញអាថ៌កំបាំងបន្ថែមទៀតអំពីព្រះបរមរាជវាំង ថាងឡុង។ គួរកត់សំគាល់ថា រហូតមកដល់ពេលនេះ ការប្តេជ្ញាចិត្តចំនួន ៨ របស់នាយករដ្ឋមន្ត្រីវៀតណាមចំពោះគណៈកម្មាធិការបេតិកភណ្ឌពិភពលោកស្តីពីតំបន់បេតិកភណ្ឌ ព្រះបរមរាជវាំងថាំងឡុង ត្រូវបានទីក្រុងហាណូយ និងស្ថាប័នពាក់ព័ន្ធអនុវត្តប្រកបដោយប្រសិទ្ធភាព។ សាស្ត្រាចារ្យរង លោកបណ្ឌិត Tran Duc Cuong ប្រធានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាម និងលោកបណ្ឌិត Phan Thanh Hai សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌជាតិបានអះអាងថា៖

“កាលពី២០ឆ្នាំមុន និងជាពិសេសរយៈពេល ជាង១០ឆ្នាំមកនេះ ជាក់ស្តែងគឺ ១២ឆ្នាំ ចាប់តាំងពីឆ្នាំ២០១០ ខណៈដែលព្រះបរមរាជវាំងថាំងឡុង ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក អាចនិយាយបានថា ការអភិរក្ស   និងស្រាវជ្រាវ ដើម្បីបន្តអភិរក្ស និងផ្សព្វផ្សាយគុណតម្លៃនៃបរមរាជវាំងថាំងឡុង - ហាណូយ ត្រូវបានអនុវត្តដោយភាពបន្ទាន់ និងប្រសិទ្ធភាពខ្ពស់”។

“ប្រការដែលសំខាន់បំផុតនៅទីនេះ គឺរួមជាមួយនឹងការលេចឡើងនៃបេតិកភណ្ឌបែបនេះ ការយល់ដឹងនៃការអភិរក្សនិងការលើកកម្ពស់បេតិកភណ្ឌត្រូវបានពង្រឹងកាន់តែខ្លាំងឡើងទាំងនៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋក៏ដូចជានៅក្នុងសហគមន៍។ ទាំងនេះមានសារៈសំខាន់ណាស់ ហើយខ្ញុំគិតថានេះគឺជាគន្លឹះដើម្បីជួយទីក្រុងហាណូយក៏ដូចជាប្រជាជនវៀតណាមទូទៅអាចរក្សា និងលើកតម្កើងតម្លៃនៃបរមរាជវាំង Thang Long ឲ្យកាន់តែប្រសើរឡើង”។

អភិរក្សនិងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោក-បរមរាជវាំងថាំងឡុង - ảnh 2តំបន់មជ្ឈមណ្ឌលនៃព្រះបរមរាជវាំងថាំងឡុង (រូបថត៖ Vietnam+)

យោងតាមទស្សនៈរួមរបស់អ្នកវិទ្យាសាស្ត្រជាតិនិងអន្តរជាតិជាច្រើន ការស្រាវជ្រាវ អភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌ គឺជាដំណើរការរយៈពេលវែង ដែលទាមទារឱ្យមានការរៀបចំផែនការ និងអនុវត្តប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ។ តាមទស្សនៈនេះ សាស្ត្រាចារ្យបណ្ឌិត Ueno Kunikazu សាកលវិទ្យាល័យ នារី Naza - ជប៉ុនបានចាត់ទុកថា ការបន្តដំណើរការស្រាវជ្រាវបុរាណវត្ថុសម្រាប់បរមរាជវាំងថាំងឡុង គឺមានសារៈសំខាន់ណាស់។ ដោយសារតែការស្រាវជ្រាវកាន់តែច្រើននឹងរកឃើញបញ្ហាថ្មីកាន់តែច្រើន ដែលជាភស្តុតាងច្បាស់លាស់នៃប្រវត្តិសាស្រ្តរបស់បរមរាជវាំងថាំងឡុង   ជាហេតុ បន្តលើកកម្ពស់តម្លៃលេចធ្លោជាសាកលនៃបេតិកភណ្ឌនេះ។

តាមទស្សនៈរបស់ទីភ្នាក់ងារគ្រប់គ្រង លោក Nguyen Thanh Quang នាយកមជ្ឈមណ្ឌលបេតិកភណ្ឌបរមរាជវាំងថាំងឡុង - ហាណូយ បានឲ្យដឹងថា៖ ផែនការគ្រប់គ្រងសម្រាប់បរមរាជវាំងថាំងឡុង ដំណាក់កាល ២០២១-២០២៥ ទិសដៅដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដោយឈរលើមូលដ្ឋានវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការគ្រប់គ្រងតំបន់បរមរាជវាំងថាំងឡុង ឆ្នាំ ២០១៣ ព្រមទាំងវិភាគស្ថានភាពបច្ចុប្បន្ននៃតំបន់បេតិកភណ្ឌនៅក្នុង រយៈពេលបច្ចុប្បន្ន។ ពីទីនោះ ចាត់វិធានការដើម្បីធានាប្រភពដើម និងលក្ខណៈពេញលេញតំបន់បរមរាជវាំងថាំងឡុង  ជាឃ្លាំងចំណេះដឹងពិតប្រាកដអំពីបុរាណវត្ថុវិទ្យា វប្បធម៌ ដែលទាក់ទងនឹងដំណើរការប្រវត្តិសាស្ត្ររបស់វៀតណាម”។

“ប្រសិនបើតម្រង់ទិសដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥ គឺបរមរាជវាំងថាំងឡុង គឺជាគោលដៅសំខាន់របស់ទីក្រុងហាណូយ។ អនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ០៩ របស់ទីក្រុងហាណូយ យើងប្តេជ្ញារក្សាបេតិកភណ្ឌ ដោយមានមុខងារ ៣ យ៉ាងគឺ ថែរក្សា ជួសជុល និងលើកតម្កើងតម្លៃនៃបរមរាជវាំងថាំងឡុង ដើម្បីឱ្យបេតិកភណ្ឌនេះជាទ្រពសម្បត្តិសម្រាប់បច្ចុប្បន្នកាល និងសម្រាប់អនាគតកាល”។

ថ្លែងក្នុងសិក្ខាសាលា “រយៈពេល ២០ ឆ្នាំនៃការស្រាវជ្រាវដើម្បីអភិរក្ស និងលើកកំពស់បេតិកភណ្ឌបរមរាជវាំងថាំងឡុង” លោក Lazare Eloudou Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃការអនុវត្តគម្រោងរបស់រដ្ឋាភិបាលទីក្រុងហាណូយនេះ។ លទ្ធផលនៃសកម្មភាពស្រាវជ្រាវ និងអភិរក្សលើកកំពស់គុណតម្លៃនៃបរមរាជវាំងថាំងឡុង ដែលជាកេរដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏មានសារសំខាន់ ចំពោះប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់វៀតណាម។

លទ្ធផលនៃការស្រាវជ្រាវ អភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ គឺជាមូលដ្ឋាន និងគ្រឹះដ៏រឹងមាំសម្រាប់តំបន់បេតិកភណ្ឌពិភពលោក បរមរាជវាំង ថាំងឡុង ឆ្ពោះទៅកាន់ដំណាក់កាលបន្ទាប់ ដែលជាការតម្រង់ទិសដើម្បីសម្បត្តិបេតិកភណ្ឌពិភពលោកនេះឈានចូលដំណាក់កាលបន្ត នោះគឺក្លាយទៅជាឧទ្យានវប្បធម៌ប្រវត្តិសាស្ត្រ   ដែលជាគោលដៅប្រកបដោយសុវត្ថិភាព ស្រស់ស្អាត និងបង្កប់នូវស្លាកស្នាមវប្បធម៌ និងប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយដែលមានអាយុកាលរាប់ពាន់ឆ្នាំ៕

ប្រតិកម្មទៅវិញ