អភិរក្សនិងផ្សព្វផ្សាយបេតិកភណ្ឌចម្រៀងប្រជាប្រិយ Quan ho Bac Ninh

Chia sẻ

(VOVWORLD) - ចម្រៀងប្រជាប្រិយ quan ho Bac Ninh គឺជាប្រភេទតន្ត្រីដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ។ ក្នុងប៉ុន្មានថ្ងៃនេះ ចម្រៀងប្រជាប្រិយ quan ho  Bac Ninh ត្រូវបានសម្តែងនៅពិធីបុណ្យ Lim ដែលជាពិធីបុណ្យដើមនិទាឃរដូវដ៏ល្បីល្បាញនៅភាគខាងជើង។ ដើម្បីអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌នេះ ខេត្ត Bac Ninh បានមានវិធីសាស្ត្រអនុវត្តន៍ប្រកបដោយលក្ខណៈច្នៃប្រឌិតជាច្រើន។

អភិរក្សនិងផ្សព្វផ្សាយបេតិកភណ្ឌចម្រៀងប្រជាប្រិយ Quan ho Bac Ninh - ảnh 1អភិរក្សនិងផ្សព្វផ្សាយបេតិកភណ្ឌតន្ត្រីប្រជាប្រិយ Quan ho  Bac Ninh (រូបថត៖ baochinhphu.vn)

អំឡុងពេលកន្លងមកនេះ Bac Ninh បានផ្តោតលើការកសាងគំរូនៃថ្នាក់រៀន quan ho និងក្លឹបពន្លកឬស្សី quan ho។ នៅទីនោះ ថ្នាក់បន្ទាប់ទទួលមរតកពីថ្នាក់មុន ដោយរួមគ្នារក្សាភាពរឹងមាំនូវចង្វាក់ច្រៀងតាមរយៈជំនាន់នីមួយៗ។

រៀងរាល់ថ្ងៃព្រហស្បត្តិ៍ និងថ្ងៃសៅរ៍ អាគារវប្បធម៌ភូមិ Lo Bao ឃុំ Noi Due ក្លាយជាកន្លែងជួបជុំក្មេងៗ ក្នុងក្លឹប quan ho Bac Ninh។ ប្អូនៗ កុមារជាច្រើនមានអាយុត្រឹមតែ៥ ឆ្នាំប៉ុណ្ណោះ ហើយទំនុកច្រៀងមិនទាន់ច្បាស់នៅឡើយ ប៉ុន្តែពួកគេនៅតែចង់រៀន។ បងប្អូនប្រុសស្រីបានណែនាំយ៉ាងអស់ពីចិត្តដល់កុមារអំពីរបៀបស្លៀកពាក់តាមប្រពៃណី និងរបៀបអាកប្បកិរិយាគួរសម។ ប្អូន Nguyen Phuong Uyen ក្លឹបពន្លកឬស្សី quan ho នៃអាគារវប្បធម៌ភូមិ Lo Bao បានចែករំលែកថា៖ “ក្នុងពេលរៀនបែបនេះ ខ្ញុំមិនត្រឹមតែបានរៀនច្រៀងប៉ុណ្ណោះទេ លោកយាយ អ្នកមីង ថែមទាំងបានជួយកែកំហុសរបស់ខ្ញុំ ជួយខ្ញុំនូវចំណេះដឹងថ្មីៗ និងជួយឱ្យខ្ញុំច្រៀងបានកាន់តែល្អ និងច្រៀងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។

ជាមួយការជក់ចិត្តវិធីប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធិរបស់បងប្អូនប្រុសស្រី ក្លឹប quan ho កាន់តែទាក់ទាញកុមារមួយចំនួនធំឱ្យចូលរួមផងដែរ។

“ខ្ញុំបានរៀនច្រៀង quan ho តាំងពីយូរយារណាស់មកហើយ ហើយខ្ញុំមានអារម្មណ៍សប្បាយខ្លាំងណាស់។ កាលខ្ញុំនៅតូច ខ្ញុំបានលឺលោកតា លោកយាយច្រៀងចម្រៀងQuan ho ទើបខ្ញុំទៅរៀន ហើយពិតជាចូលចិត្ត ហើយចង់ច្រៀងបានពូកែដូចជំនាន់មុនៗដែរ”។

“ពីដំបូងខ្ញុំមិនចូលចិត្តរៀនប៉ុន្មានទេ ប៉ុន្តែបន្ទាប់ពីបានសិក្សា ខ្ញុំពិតជាចូលចិត្ត ហើយឥឡូវនេះខ្ញុំមិនបានសម្រាកមួយថ្ងៃណាមួយទេ”។

អភិរក្សនិងផ្សព្វផ្សាយបេតិកភណ្ឌចម្រៀងប្រជាប្រិយ Quan ho Bac Ninh - ảnh 2វគ្គហ្វឹកហាត់របស់សមាជិកក្លឹបquan ho ពន្លកឬស្សី Lao Bao (រូបថត៖ dantocmiennui.vn)

Bac Ninh គឺជាមូលដ្ឋានដំបូងគេក្នុងប្រទេសអនុវត្តគោលនយោបាយជួយឧបត្ថម្ភប្រចាំខែសម្រាប់សិប្បករ និងជំនួយហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់ភូមិ quan ho ដើម និងអនុវត្តភូមិ quan ho ដើម្បីបង្កើតកម្លាំងជំរុញដ៏មានតម្លៃសម្រាប់លើកកំពស់គុណភាពក្នុងការអភិរក្សបេតិកភណ្ឌនៅតំបន់ដី Kinh Bac។ ទោះយ៉ាងណាក៏ដោយ ដោយក្តីស្រលាញ់ និងមោទនភាពចំពោះបទចម្រៀងប្រជាប្រិយ quan ho នៃស្រុកកំណើត សិប្បករជាច្រើនសុខចិត្តរៀបចំថ្នាក់រៀនដោយឥតគិតថ្លៃ។ សិប្បករ Nghiem Thi Tinh ក្លឹប quan ho ភូមិ Lo Bao ឃុំ Noi Due បានឲ្យដឹងថា៖ “ចាប់តាំងពីចម្រៀង  quan ho ត្រូវបានអង្គការ UNESCO លើកតម្កើងជាបេតិកភណ្ឌវប្បធម៌អរូបី ខ្ញុំឃើញថា ទំនួលខុសត្រូវរបស់សិល្បៈករ សិល្បៈការិនីកាន់តែធ្ងន់ទៅៗ។ ទន្ទឹមនឹងនោះ ខ្ញុំក៏ប្រមូលចង្វាក់ quan ho ដែលនៅតែបន្សល់ទុកក្នុងចំណោមប្រជាជន យកមកបង្រៀនដល់ក្មេងៗ ជំនាន់ក្រោយ”។

មិនត្រឹមតែបង្រៀនតាមរយៈក្លឹបពន្លកឬស្សីប៉ុណ្ណោះទេ ការបង្រៀនចម្រៀងប្រជាប្រិយ quan ho បានក្លាយទៅជាកម្មវិធីសិក្សាគ្រប់កម្រិតសម្រាប់សិស្សានុសិស្សក្នុងខេត្ត Bac Ninh ទៀតផង។ គិតមកដល់ពេលនេះ ខេត្តទាំងមូលមានសាលារៀនដែលមាន ៦០០ ក្លឹប quan ho។ លោក Nguyen Xuan Trung អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Bac Ninh បានអះអាងថា៖ “យើងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្លឹប quan ho ដែលនាំមកនូវលទ្ធផលល្អណាស់ក្នុងការអភិរក្ស ថែរក្សា និងលើកតម្កើងតម្លៃបទចម្រៀងប្រជាប្រិយ quan ho Bac Ninh ។ ក្នុងពេលខាងមុខនេះ យើងក៏នឹងបន្តផ្តល់ការណែនាំអំពីរបៀបដែលក្លឹបអាចដំណើរការបានប្រសើរជាងមុន”។

ចាប់តាំងពីសន្និសីទវប្បធម៌ជាតិឆ្នាំ ២០២១ Bac Ninh គឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានដំបូងគេដែលរៀបចំសន្និសីទវប្បធម៌ខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយធនធានវប្បធម៌របស់ខេត្តនេះ រួមទាំងបទចម្រៀងប្រជាប្រិយសំខាន់ៗ ទៀតផង។  ការបង្កើត និងអភិរក្សក្លឹបពន្លកឫស្សី quan ho នឹងជួយឱ្យចម្រៀង quan ho មានកម្លាំងរស់រឹងមាំ និងយូរអង្វែង និងកាន់ការរីកសុះសាយពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ