ក្រុមសិល្បៈយីកេ Soc Trang សម្តែងរឿង នាង សេដា នៅក្នុងមហោស្រពសិល្បៈល្ខោនយីកេខ្មែរណាមបូ លើកទី ១ ឆ្នាំ ២០១៣ |
យោងទៅតាមអ្នកស្រាវជ្រាវវប្បធម៌ជនជាតិជាច្រើនថា ទោះបីជានៅមានមតិខុសគ្នាអំពីអ្នកបង្កើត ក៏ដូចជាទីកន្លែងកំណើតនៃសិល្បៈយីកេខ្មែរណាមបូ ជាពិសេសនៅតាមតំបន់ណាមបូនៃខេត្ត Tra Vinh, Soc Trang ឬ Kien Giang ប៉ុន្តែអាចបញ្ជាក់បានថាសិល្បៈល្ខោនយីកេ បានកើតចេញពីតម្រូវការស្រឡាញ់សិល្បៈរបស់ប្រជាជនខ្មែរនៅភាគខាងត្បូង នាប៉ុន្មានឆ្នាំដើមសតវត្សទី ២០។ សាច់រឿងក្នុងឆាកល្ខោន ច្រើនតែយកលំនាំពីរឿងនិទាននិងរឿងព្រេងប្រជាប្រិយខ្មែរផង។ ទោះបីជាសាច់រឿងសម្តែងអំពីអ្វីក៏ដោយ ប៉ុន្តែក្នុងរឿងយីកេតែងតែ បែងចែកទៅជាពីរក្រុមមខុសៗគ្នា៖ ភាពស្មោះត្រង់ - អគតិនិយម ល្អ - អាក្រក់ គោរពនូវអំពើល្អ ថ្កោលទោសលើអំពើអាក្រក់ ជាមួយនឹងបាវចនានៃសេចក្តីល្អឈ្នះលើអាក្រក់ ធ្វើអំពើល្អ ជៀសផុតអំពើអាក្រក់ ធ្វើអ្វីដែលត្រឹម ត្រូវជៀសផុតអំពើខុសឆ្គង់។
យ៉ាងណាមិញ សាច់រឿងយីកេតែងសាមញ្ញ មានខ្លឹមសារសម្បូរបែប និងពោរពេញទៅដោយលក្ខណៈអប់រំផងដែរ។ ជាមួយនឹងសិល្បៈយីកេ ប្រជាជនខ្មែរបានយល់ដឹងពីការរួមបញ្ចូលសមិទ្ធិ ផលសិល្បៈរបស់ជនជាតិដទែទៀត ដោយស្មារតីនៃការបើកចំហរចក្ខុវិស័យដើម្បីបង្កើតប្រភេទសិល្បៈដ៏វិសេសវិសាលរបស់ជនជាតិខ្លួន។ សិល្បៈករ Dao Chuong អតីតប្រធានក្រុមសិល្បៈខ្មែរខេត្ត Kien Giang បានឲ្យដឹងថា៖ “ឆាកល្ខោនយីកេ តែងតែរក្សាក្បាច់រាំពិសេសផ្ទាល់ខ្លួន។ សិល្បៈល្ខោនប្រពៃណីដែលធ្វើតាមរចនាបថសម័យទំនើបសុទ្ធតែត្រូវបរាជ័យ។ ហេតុដូច្នេះហើយ ឆាកល្ខោនយីកេ អាចវិលត្រឡប់ទៅរកទម្រង់បែបប្រពៃណីទើបអភិវឌ្ឍន៍បាន”។
សិល្បៈល្ខោនយីកេ គឺជាម្ហូបខាងព្រលឹងវិញ្ញាណដែលមិនអាចខ្វះបាននៅក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅតំបន់វាលសណ្ដទន្លេ Cuu Long។ ល្ខោនយីកេ បានសម្តែងជាញឹកញាប់តាមវត្តខ្មែរ ក្នុងឱកាសបុណ្យទានឬក្នុងសកម្មភាពវប្បធម៌ របស់សហគមន៍ខ្មែរ។ ការសម្តែងយីកេ តែងតែទាក់ទាញបណ្តាជនជាតិ និងភ្ញៀវទេសចរមួយមកទស្សនា។ ហេតុដូច្នេះសិល្បៈល្ខោនយីកេ មិនត្រឹមតែបំពេញតម្រូវការកំសាន្តរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការតភ្ជាប់ សហគមន៍នៅក្នុងពេលមានសកម្មភាពជួបប្រាស្រ័យវប្បធម៌រួមទៀតផង។
ការសម្តែងយីកេនៅមហោស្រពយីកេនិងរបាំនៃតំបន់វាលសណ្តរទន្លេ Cuu Long |
មានវត្តមានមុននេះជាង ១០០ ឆ្នាំកន្លងមកនេះ ល្ខោនយីកេបានបញ្ជាក់ពីជំហរនៃទម្រង់សិល្បៈនេះនៅក្នុងជីវភាពវប្បធម៌និងស្មារតីរបស់ជនជាតិខ្មែរនៅភាគខាងត្បូង។ ថ្វីត្បិតដូច្នេះក៏ដោយ នៅក្នុងបរិបទសាកលភាវូបនីយកម្មបច្ចុប្បន្ននេះ ការផ្ទុះនៃប្រភេទកម្សាន្តទំនើប ភាពទាក់ទាញនៃមធ្យោបាយសោតទស្សន៍ ដូច្នេះ ល្ខោនយីកេ កំពុងប្រឈមមុខនឹងឧបសគ្គជាច្រើន។ ជាមួយគ្នានោះ សិប្បករ និងសិល្បករជើងចាស់កាន់តែតិចទៅៗ ខណៈពេលដែល ក្រុមសិល្បៈករសិល្បការិនីជំនាន់ក្រោយមិនទទួលការបណ្តុះបណ្តាលឱ្យបានល្អឡើយ។ បណ្ឌិតតន្រ្តីករ Son Ngoc Hoang ប្រធានសមាគមតន្ត្រីករវៀតណាមនៅខេត្ត Soc Trang បានលើកឡើងថា ក្រៅពីគោលនយោបាយអភិរក្សបេតិកភណ្ឌរបស់រដ្ឋាភិបាលមក តំបន់នានាត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់ក្រុមអ្នកនិពន្ធ អ្នកដឹកនាំរឿងនិងតារាសម្តែងផងដែរ៖ “ដោយឡែកសម្រាប់ក្រុមសិល្បៈអាជីព ដោយរដ្ឋគ្រប់គ្រងនិងផ្តល់ប្រភពថវិកា សម្រាប់ការវិនិយោគក្នុងការហាត់សមនិងទិញឧបករណ៍ទំនើប។ សម្រាប់ក្រុមអ្នកសម្តែង គប្បីទទួលបានប្រាក់កម្រៃគួរជាទីលើកទឹកចិត្តទើបជាកម្លាំងចលករជំរុញពួកគេឲ្យជាក់ចិត្តនឹងការសម្តែង។ ក្រៅពីនោះ ត្រូវបើកវគ្គបណ្តុះបណ្តាលសម្រាប់ថ្នាក់ស្នងមរតក ព្រោះក្រុមសិល្បៈករជើងចាស់មានអាយុកាន់តែចាស់ផងដែរ”។
ទម្រង់សិល្បៈល្ខោនយីកេត្រូវបានគេទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ និងជាប្រភេទសិល្បៈសំដែងប្រជាប្រិយនៅឆ្នាំ ២០១៤ ហើយបានក្លាយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជនខ្មែរភាគខាងត្បូងនិងរបស់វៀតណាម។ ដូច្នេះទម្រង់សិល្បៈនេះ ចាំបាច់ត្រូវថែរក្សា លើកកម្ពស់និងលើកស្ទួយថែមទៀតនាពេលបច្ចុប្បន្ននិងទៅអនាគត៕