ស្ពុកថ្វាយផ្ទាំងក្រណាត់ Zèng របស់ជនជាតិ Ta Oi (រូបថត៖ tienphong.vn) |
ពិធីថ្វាយក្រណាត់ Zèng ត្រូវបានជនជាតិ Ta Oi មានការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ការថ្វាយក្រណាត់ Zèng ត្រូវបានអនុវត្តន៍ក្នុងឱកាសពិសេសដូចជាពិធីបុណ្យអំណរស្រូវថ្មីនិងពិធីមង្គលការតាមប្រពៃណីជាដើម។ ការថ្វាយក្រណាត់ Zèng គឺជាសម្រស់វប្បធម៌ប្រពៃណីនិងជាខ្សែតភ្ជាប់និស្ស័យស្នេហ៍ ជួយឲ្យជនជាតិ Ta Oi ម្នាក់ៗ កាន់តែស្រឡាញ់ ថែរក្សានិងផ្សព្វផ្សាយអត្តសញ្ញាណរបស់ជនជាតិខ្លួន។
នៅលើថាសថ្វាយក្រណាត់ Zèng របស់ជនជាតិ Ta Oi, ក្រៅពីគ្រឿងដង្វាយដែលមិនអាចខ្វះបាននោះ ក្រណាត់ Zèng បត់ស្អាតបាត ក៏មានមាន់ស្ងោរមួយ ត្រី ៤ ដាក់លើចានបាយដំណើប ស្រា ២ ពែង ទឹកមួយពែង និងកណ្ដុរពីរក្បាល ចេកមួយស្និតបាយមួយចាននិងនំមួយចំនួនជាម្ហូបប្រចាំរបស់ជនជាតិ Ta Oi ផងដែរ។ ជាពិសេសត្រូវមានអំពៅចំនួន២ដើម អំពៅមួយដើមនៅមានទាំងស្លឹក។ នៅកំពូលគឺដើមឈើព្យួរមានរំយោល ៨ អំបោះ។ គ្រូសែនបានសែនព្រែនអញ្ជើញពពួកទេវតានិងបុព្វបុរសឱ្យធ្វើជាសាក្សីក្នុងពិធីថ្វាយក្រណាត់ Zèng ដើម្បីបួងសួងសូមឲ្យបានត្បាញឡើងក្រណាត់ Zèng ដ៏ស្រស់ស្អាតក៏ដូចជាការលក់បានផលិតផលជាច្រើនពីអាជីពនេះ។ បន្ទាប់ពីពិធីសែនមក ជនជាតិ Ta Oi បានរាំរបាំថ្វាយពពួកទេវតា។ សិប្បករ A Viet Thi Tam បានឲ្យដឹងថា៖ “ប្រសិនបើយើងថ្វាយក្រណាត់ Zèng មួយផ្ទាំងគឺយើងសង្ឃឹមថា ទេវតាប្រទានពរដល់ក្រុមគ្រួសាររបស់យើងត្បាញបានក្រណាត់ Zèng ឱ្យបានយូរមួយជីវិត ពោលគឺពីជំនាន់មួយទៅជំនាន់មួយ។ ក្រណាត់ Zèng ដែលយើងថ្វាយជូនក៏ជាការដឹងគុណដល់អតិថិជនដែលបានស្គាល់ដល់ផលិតផលហើយធ្វើឲ្យផលិតផលនេះកាន់តែមានតម្លៃជាង”។
សិប្បករ Mai Thi Hop មកពីស្រុក A Luoi ខេត្តThua Thien - Hue បាននិយាយថា ពិធីថ្វាយក្រណាត់ Zèng ត្រូវបានជនជាតិ Ta Oi ភាគច្រើនគោរពប្រតិបត្តិ។ នៅក្នុងពិធីមង្គលការ ពេលដែលគ្រួសារកូនកំលោះមកទទួលកូនក្រមុំ តែងតែមានក្រណាត់ Zèng ធំមួយដាក់តាំងនៅក្នុងកន្លែងដ៏សំខាន់និងពិសិដ្ឋបំផុតក្នុងផ្ទះ - ជាកន្លែងដែលគ្រួសារទាំងពីររៀបចំពិធីមង្គលការសម្រាប់គូស្នេហ៍។
“ទោះមិនច្រើនក៏ត្រូវមាន ១ ផ្ទាំងដែរ ហើយពេលទៅផ្ទះរបស់ប្តី ក៏ត្រូវមានមួយផ្ទាំងសម្រាប់បង្ហាញដល់ជីដូនជីតា។ ពេលដែលជីដូនជីតាស្គាល់ផលិតផលនោះ ជីដូនជីតានឹងធ្វើជាសាក្សីនិងប្រទានពរដល់សុភមង្គលរបស់គូស្នេហ៍មួយនេះ”។
សម្រាប់ស្ត្រីជនជាតិ Ta Oi ការបង្កើតក្រណាត់ Zèng ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃ។ ដូច្នេះផ្ទាំង Zèng ណាមួយដែលបុគ្គលប្រើកាលគាត់នៅរស់ នឹងត្រូវកប់ជាមួយពួកគេនៅពេលពួកគេចែកឋានទៅ។ ជាងនេះទៅទៀត ផ្ទាំង Zèng ត្រូវបានជនជាតិ Ta Oi ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយត្រូវបានចាត់ទុកថាជាវត្ថុឧទ្ទិសដល់ទេវតានៅក្នុងគ្រួសារនីមួយៗ។ សិប្បករ A Viet Thi Tam បានចែករំលែក៖ “ពេលថ្វាយបង្គំពិធីបុណ្យ ឬពិធីសំខាន់ យើងត្រូវទុក Zèng មួយផ្ទាំងដោយឡែក ហើយ Zèng នេះមិនពាក់ទេ ត្រឹមតែប្រើសម្រាប់ថ្វាយទេវតានៅក្នុងផ្ទះប៉ុណ្ណោះ។ Zèng មួយផ្ទាំងនេះត្រូវតែរក្សាទុកដោយឡែក មិនត្រូវប្រើ មិនត្រូវធ្វើជាអំណោយ ហើយមិនត្រូវបោកសម្អាតនោះឡើយ”។
សម្រាប់ស្ត្រីជនជាតិ Ta Oi ការតម្បាញឡើងផ្ទាំងក្រណាត់ Zèng មានតួនាទីសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ (រូបថត៖ congthuong.vn) |
ម៉ាកយីហោផ្ទាំងក្រណាត់ Zèng របស់ជនជាតិ Ta Oi មានភាពល្បីល្បាញដោយសារលក្ខណៈវិសេសវិសាលនិងសម្បូរបែបរបស់វា ជាពិសេសអង្កាំដែលត្បាញជាមួយក្រណាត់។ ផ្ទាំង Zèng ណាដែលមានអង្កាំកាន់តែច្រើន នឹងកាន់តែមានតម្លៃ ដែលបង្ហាញពីទេពកោសល្យនិងភាពប៉ិនប្រសប់របស់អ្នកតម្បាញ។
ដើម្បីត្បាញឡើងក្រណាត់ Zèng ដ៏ស្រស់ស្អាត ស្ត្រីជនជាតិ Ta Oi ត្រូវចំណាយពេលច្រើនក្នុងការបែងចែកអំបោះនីមួយៗ ដែលមានទំហំស្មើគ្នា សមស្របតាមគោលបំណងនៃការប្រើប្រាស់។ ជាឧទាហរណ៍ ផ្ទាំងក្រណាត់ Zèng សម្រាប់ប្រើដើម្បីដេរសំលៀកបំពាក់ ចាំបាច់ត្រូវជ្រើសរើសក្រណាត់ស្តើងនិងល្អ ហើយសរសៃរអំបោះក្រាស់ត្រូវបានប្រើសម្រាប់ត្បាញកំរាលព្រំ ឬភួយ។ ប៉ុន្តែ ផលិតផលដ៏ប្រណិត អស្ចារ្យនោះ ត្រូវបានផលិតចេញពីកីត្បាញសាមញ្ញ និងតូចល្មមប៉ុណ្ណោះ។ សិប្បករ A Viet Thi Tam បានឲ្យដឹងថែមទៀតថា៖ “កីតម្បាញរបស់ជនជាតិ Ta Oi មានឫស្សីតូច ៦ ហើយដើមឫស្សី ២ ដើម សម្រាប់ធ្វើឈ្នាន់ ២គូនៅក្រោយខ្នង និងសសរពីរសម្រាប់ត្បាញ។ ប្រសិនបើខ្ញុំផ្លាស់ទីបានស្រួលជាង កន្លែងណាដែលខ្ញុំទៅ ខ្ញុំបានក្រាលកន្ទេល ដើម្បីឲ្យខ្ញុំអង្គុយនៅទីនោះ ហើយត្បាញកាន់តែងាយស្រួល”។
ផលិតផលតម្បាញ Zèng របស់ជនជាតិ Ta Oi ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ក្នុងឆ្នាំ ២០១៧។ ដូច្នេះហើយ មុខរបរតម្បាញ Zèng របស់ជនជាតិ Ta Oi ត្រូវបានអភិរក្សដូចជាទ្រព្យសម្បត្តិប្រណិតរបស់ភូមិ។ សម្រាប់ពួគគេ ការតម្បាញ Zèng ទាក់ទងនឹងពិធីថ្វាយក្រណាត់ Zèng នឹងរួមចំណែកថែរក្សានិងលើកតម្កើងតម្លៃនៃការតម្បាញប្រពៃណី ដែលគួរត្រូវបានប្រគល់ផ្ទេរពីជំនាន់មួយទៅជំនាន់មួយឱ្យជារៀងរហូត៕