ភាពយន្តឯកសារ "កុមារក្នុងអ័ព្ទ" បានជាប់ចំណាត់ថ្នាក់កំពូល ១៥ នៃពានរង្វាន់ Oscars ២៩២៣ (ប្រភព៖ Fanpage Children of the Mist) |
"កុមារក្នុងអ័ព្ទ" គឺជាភាពយន្តឯកសារដែលនិយាយអំពីដំណើរធំដឹងក្តីរបស់ Di ក្មេងស្រីជនជាតិ H'Mong មកពី Sa Pa (Lao Cai) ពោលគឺចាប់ពីនាងមានអាយុ ១២ ឆ្នាំរហូតដល់ពេលពេញក្រមុំ។ នៅក្នុងខ្សែភាពយន្តនេះ អ្នកដឹកនាំរឿងស្រីរូបនេះ បានដំណាលពីរឿងរ៉ាវនៃជម្លោះរវាងទំនៀមទម្លាប់បុរាណ និងតម្លៃនាសម័យទំនើប នៅក្នុងកន្លែងដែលក្មេងៗមកពីវប្បធម៌ប្រពៃណីក៏បានស្គាល់ដល់ពិភពខាងក្រៅផងដែរ។ ជាមួយនឹងរយៈពេលជិត ១០០ នាទី ខ្សែភាពយន្តនេះ គឺជាដំណើររំជួលចិត្ត ដែលឆ្លុះបញ្ចាំងពីកុមារភាពដ៏លំបាកលំបិនរបស់ក្មេងស្រីតូច Di ក្នុងការប៉ះទង្គិច និងជម្លោះរវាងតម្លៃវប្បធម៌ប្រពៃណី និងសម័យទំនើប។ ទាំងនោះជាបញ្ហាប្រឈមដែលក្មេងស្រីជនជាតិភាគតិចជាច្រើនត្រូវជួបប្រទះ ក្នុងសង្គមបច្ចុប្បន្ន។
នៅលើ Screen Daily ផលិតករភាពយន្ត Marya E. Gates បានសរសេរថា ខ្សែភាពយន្ត “កុមារក្នុងអ័ព្ទ” សាបព្រួសគ្រាប់ពូជសម្រាប់អនាគតដែល Di ប៉ងប្រាថ្នា ប៉ុន្តែមិនបានសន្យាជាមួយនាង ឬទស្សនិកជនថា តើ Di អាចសម្រេចបានដែរឬទេ។ ខ្សែភាពយន្តនេះ មិនមែនជាការវិនិច្ឆ័យលើទំនៀមទម្លាប់របស់ជាតិសាសន៍មួយនោះទេ ហើយទន្ទឹមនឹងនោះក៏បង្ហាញពីទិដ្ឋភាពផ្សេងៗគ្នាជាច្រើននៃបញ្ហា។ នៅទីបញ្ចប់ ខ្សែភាពយន្តនេះគឺដូចជាការក្រើនរំលឹកដល់មនុស្សម្នាក់ៗថា ពិភពលោកពោរពេញទៅដោយមនុស្សស្រីដូចជា Di និងក្តីសង្ឃឹមថា ពួកគេអាចមានអនាគតភ្លឺស្វាងជាងនេះដែរ”។
ចែករំលែកអំពីដំណើរនៃការដឹកនាំខ្សែភាពយន្តនេះ អ្នកដឹកនាំរឿងស្រី Ha Le Diem បាននិយាយថា នេះជាគម្រោងផ្ទាល់ខ្លួនដែលនាងត្រៀមធ្វើអស់រយៈពេល ៤ ឆ្នាំ (២០១៧-២០២០) នៅ Sa Pa។ ដើម្បីផលិតភាពយន្តនេះ អ្នកដឹកនាំរឿងស្រីជនជាតិ Tay រូបនេះ ត្រូវទៅមកជាច្រើនដងពី Bac Kan (ស្រុកកំណើតរបស់នាង) ឬហាណូយ ទៅ Sa Pa។
“ពេលថតរឿងនេះ ក្នុងមួយឆ្នាំខ្ញុំត្រូវទៅ Sa Pa ពី៥ ដល់ ៦ ដងនៅពេលផ្សេងៗគ្នា ដូចជា មុនបុណ្យតេត កំឡុងបុណ្យតេត និងក្រោយបុណ្យតេត ឬមុន កំឡុងពេល និងក្រោយវិស្សមកាលរដូវក្តៅ; មុន កំឡុងពេល និងក្រោយពេលប្រមូលផលស្រូវ ជាដើម។ ពេលខ្លះ ត្រូវចំណាយរយៈពេលវែងបំផុតគឺមួយខែ។ ប៉ុន្តែមួយខែអាចថតបានតែ៥-៦ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែក្នុងរយៈពេល ៥-៦ ថ្ងៃនោះ មានថ្ងៃដែលអាចថតបានតែពេលព្រឹក មានថ្ងៃដែលអាចថតបានតែពេលរសៀល ល្ងាច ឬថ្ងៃត្រង់។ ពោលគឺគ្មានថ្ងៃថតពេញមួយថ្ងៃទេនោះទេ”។
មុនពេលពានរង្វាន់អូស្ការលើកទី៩៥ រឿង “កុមារក្នុងអ័ព្ទ” របស់អ្នកដឹកនាំរឿងស្រី Ha Le Diem បានឈ្នះពានរង្វាន់អន្តរជាតិធំៗជាច្រើនដូចជា៖ "អ្នកដឹកនាំរឿងឆ្នើមបំផុត" និងរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យសម្រាប់ប្រភេទស្នាដៃភាពយន្តដំបូង។ នៅមហោស្រពភាពយន្តឯកសារដ៏ធំបំផុតនៅលើពិភពលោក; ខ្សែភាពយន្តឯកសារអាស៊ីអាគ្នេយ៍ឆ្នើមនៅមហោស្រពភាពយន្តបាលីម៉ាកាយ៉ា (ឥណ្ឌូនេស៊ី)។ ប៉ុន្តែផលិតករភាពយន្តដំបូងនេះ (“កុមារក្នុងអ័ព្ទ”) បានបង្កើតតុល្យភាពដោយ បំបែកអារម្មណ៍របស់នាងចេញពីសាច់រឿងដ៏រំជួលចិត្តរបស់ក្មេងស្រីជនជាតិ Mong ម្នាក់ដែលជាប់គាំងក្នុងវ័យកុមារភាព និងវ័យពេញវ័យ រវាងប្រពៃណី និងសម័យទំនើប នៅជនបទដាច់ស្រយាលវៀតណាម”។
អ្នកដឹកនាំរឿង Ha Le Diem |
ដើម្បីសម្រេចបាននូវភាពជោគជ័យទាំងនោះ អ្នកដឹកនាំរឿងស្រីវ័យក្មេងជនជាតិ Tay រូបនេះបានចំណាយពេលជាច្រើនថ្ងៃ ហើយមិនអាចបំភ្លេចបានតួអង្គសំខាន់គឺ កុមារី Di ជាមួយសាច់ញាតិ និងមិត្តភក្តិរបស់នាង។ អ្នកដឹកនាំរឿង Ha Le Diem បានចែករំលែកថា៖ “ពេលថតរឿងហ្នឹង ខ្ញុំមានកាមេរ៉ាតែមួយគត់សម្រាប់ថត។ ពេលខ្ញុំតាម Di ទៅថត ខ្ញុំទៅបុណ្យនិទាឃរដូវជាមួយមិត្តភ័ក្តិ ខ្ញុំទៅពេញមួយថ្ងៃ ពេលខ្លះឡើងដល់ ៤០-៥០ គីឡូម៉ែត្រក្នុងមួយថ្ងៃ។ ធ្វើដំណើរបែបនេះ អ្នកមិនអាចយកកាបូបស្ពាយ ឬឆ័ត្រមកជាមួយបានទេ គឺគ្រាន់តែយកលុយ និងថ្មកាមេរ៉ាពីរមកជាមួយខ្លួនប៉ុណ្ណោះ។ សម្លៀកបំពាក់ក៏ជ្រើសរើសរបស់សាមញ្ញ ងាយបោកគក់ ងាយស្ងួត និងមិនសើមទឹក”។
បច្ចុប្បន្ននេះ ទោះបីជាក្លាយជាអ្នកដឹកនាំរឿងវ័យក្មេងដ៏ល្បីមួយរូបក៏ដោយ ក៏ Ha Le Diem នៅតែរៀន និងបំប៉ន់ជំនាញរបស់ខ្លួនជានិច្ច តាមរយៈសិក្ខាសាលាឯកសារ ឆ្ពោះទៅកាន់មហោស្រពភាពយន្តអន្តរជាតិជាច្រើនទៀត និងទទួលបានបទពិសោធន៍ពីអ្នកដឹកនាំក្នុង និងក្រៅប្រទេស។ បំណងប្រាថ្នារបស់ Ha Le Diem គឺអាចនាំយករឿងដែលមានសាច់រឿងពិតៗ និងរំជួលចិត្តអំពីជីវិត និងប្រជាជននៅតំបន់ព្រៃភ្នំរបស់វៀតណាម ឲ្យបានច្រើនទៀត។ លើសពីអ្នកផ្សេងទៀត នាងយល់អំពីបញ្ហាប្រឈមដែលយុវនារីរស់នៅតំបន់ព្រៃភ្នំជួបប្រទះ ហើយក្រោកឡើងដើម្បីផ្លាស់ប្តូរជីវិតរបស់ខ្លួន។ ហើយក្នុងនាមជាអ្នកដឹកនាំរឿង នាងមិនត្រឹមតែជាអ្នកនិទានរឿងប៉ុណ្ណោះទេ ថែមទាំងរួមដំណើរ "ក្នុងអ័ព្ទ" ជាមួយនឹងតួអង្គផ្ទាល់ខ្លួនរបស់នាងផងដែរ៕