ទីក្រុងហាណូយជាតំបន់ដែលមានលំហរវប្បធម៌ច្នៃប្រឌិតច្រើនជាងគេក្នុងប្រទេស ដោយមានកន្លែងច្នៃប្រឌិតចំនួន ១២៤។ នេះគឺជាសញ្ញាវិជ្ជមានដែលបង្ហាញពីការអភិវឌ្ឍនៃលំហរវប្បធម៌ច្នៃប្រឌិតក្រោយរយៈពេល ៥ ឆ្នាំ ចូលរួមបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ និងការអនុវត្តគំនិតផ្តួចផ្តើមតាមការសន្យាដើម្បីជំរុញសកម្មភាពរចនានិងច្នៃប្រឌិត។
វិថីដើរថ្មើជើង Hoan Kiem។ (រូបថត៖ VNA) |
លេចធ្លោគឺសកម្មភាពអភិវឌ្ឍន៍តំបន់ផ្លូវដើរថ្មើជើង និងលំហរវប្បធម៌សិប្បកម្មច្នៃប្រឌិតនៅក្នុងទីក្រុង។ ក្នុងឆ្នាំ ២០១៩ ទីក្រុងហាណូយមានផ្លូវដើរថ្មើជើងតែ ២ កន្លែងប៉ុណ្ណោះ គឺផ្លូវដើរថ្មើជើង Hoan Kiem និងផ្លូវដើរថ្មើជើង Trinh Cong Son ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ទីក្រុងហាណូយបានអភិវឌ្ឍន៍ទីតាំងចំនួន ៤ ផ្សេងទៀត រួមមាន៖ ផ្លូវដើរថ្មើជើងនិងផ្លូវផ្កានៅក្នុងតំបន់នគរ Bac An Khanh; ផ្លូវដើរថ្មើជើងនៅកំពែងបុរាណ Son Tay; ផ្លូវអាហារពេលរាត្រី និងវិថីដើរថ្មើជើង Ngu Xa; ផ្លូវដើរថ្មើជើង Tran Nhan Tong ឧទ្យាន Thong Nhat។ អ្នកស្រី Nguyen Thi Thuy រស់នៅទីរួមខេត្ត Son Tay បានឲ្យដឹងថា៖
“ការបើកផ្លូវដើរថ្មើជើងមានអត្ថប្រយោជន៍ជាច្រើន។ អំពីវប្បធម៌ យើងមានកន្លែងដើម្បីប្រាស្រ័យទាក់ទងគ្នា; ជាកន្លែងប្រមូលផ្តុំមនុស្ស និងបង្កើតឱកាសសម្រាប់យុវជន ក៏ដូចជាមនុស្សគ្រប់វ័យចំណាយពេលវេលាលើសកម្មភាពជាក់ស្តែង ទំនាក់ទំនងជាមួយធម្មជាតិ និងជាមួយមនុស្សជុំវិញខ្លួន។ ខ្ញុំមានបំណងថា មិនត្រឹមតែ Son Tay ប៉ុណ្ណោះទេ ថែមទាំងតំបន់ Thach That, Phuc Tho ឬទីតាំងផ្សេងណាក៏អាចរៀបចំកម្មវិធីសមរម្យបែបនេះ”។
ការរៀបចំពិធីបុណ្យវប្បធម៌ និងព្រឹត្តិការណ៍លេចធ្លោអំពីសកម្មភាពច្នៃប្រឌិតរបស់រដ្ឋធានីបានទាក់ទាញមជ្ឈដ្ឋានអ្នកច្នៃប្រឌិត និងប្រជាជនចូលរួមយ៉ាងច្រើនកុះករ ក្នុងនោះមានព្រឹត្តិការណ៍លេចធ្លោដូចជា៖ ពិធីបុណ្យវប្បធម៌ប្រជាប្រិយក្នុងជីវភាពសហសម័យឆ្នាំ ២០១៩ ឆ្នាំ ២០២០; មហោស្រពច្នៃប្រឌិត និងរចនាវៀតណាមឆ្នាំ ២០២០; សប្ដាហ៍រចនាវៀតណាមឆ្នាំ ២០២១ ឆ្នាំ ២០២២... ព្រឹត្តិការណ៍ទាំងនេះ រួមមានកិច្ចសន្ទនាជំនាញ ការតាំងពិពណ៌ ការសម្តែងសិល្បៈ ការចូលរួមលេងល្បែងច្នៃប្រឌិត... ដែលបានទាក់ទាញប្រជាជនចូលរួមយ៉ាងច្រើនកុះករ ព្រមទាំងក៏ទីលានលេងថ្មីថ្មោង និងទាក់ទាញសម្រាប់អ្នកដែលធ្វើការក្នុងវិស័យវប្បធម៌សិល្បៈរបស់រដ្ឋធានី។ វិចិត្រករ Nguyen Hoang Quoc Anh បានឲ្យដឹងថា៖
“ខ្ញុំជាពលរដ្ឋម្នាក់នៃខ័ណ្ឌ Hoan Kiem ហើយក៏ជាកូនម្នាក់របស់ហាណូយដែរ ដូច្នេះគ្មានអ្វីដែលធ្វើឲ្យខ្ញុំសប្បាយរីករាយនិងមានកិត្តិយសជាងការរួមចំណែកមិនត្រឹមតែសម្រាប់ទីក្រុងហាណូយប៉ុណ្ណោះទេ ថែមទាំងសម្រាប់សហគមន៍ជុំវិញដោយស្នាដៃសិល្បៈ តាមរយៈគម្រោងវប្បធម៌សិល្បៈទៀតផង”។
តន្ត្រីករ Quoc Trung អគ្គអ្នកដឹកនាំរឿងនៃមហោស្រពតន្ត្រីអន្តរជាតិ Monsoon។ (រូបថត៖ VOV) |
កន្លែងច្នៃប្រឌិតវប្បធម៌ជាច្រើនរបស់រដ្ឋធានីដើរតួនាទីជាមជ្ឈមណ្ឌលផ្សព្វផ្សាយ និងតភ្ជាប់សិល្បករ អ្នកច្នៃប្រឌិតជាមួយសហគមន៍ បង្កើតអត្តសញ្ញាណ និងភាពទាក់ទាញសម្រាប់តំបន់នគរដោយផ្អែកលើតម្លៃប្រពៃណី។ ក្នុងនោះ មានកន្លែងដែលបានក្លាយជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍សិល្បៈអន្តរជាតិល្បីៗជាច្រើនផងដែរ។ តន្ត្រីករ Quoc Trung អគ្គអ្នកដឹកនាំរឿងនៃមហោស្រពតន្ត្រីអន្តរជាតិ Monsoon ជាព្រឹត្តិការណ៍ មួយក្នុងចំណោមព្រឹត្តិការណ៍វប្បធម៌របស់វៀតណាមដែលទាក់ទាញការចូលរួមរបស់សិល្បករអន្តរជាតិយ៉ាងច្រើនកុះករបានឲ្យដឹងថា៖
“ចាប់ពីឆ្នាំ ២០២៣ មក នៅខ័ណ្ឌ Hoan Kiem យើងខ្ញុំបានរកឃើញមធ្យោបាយដែលយើងខ្ញុំអាចរួមបញ្ចូលនូវការឧទ្ទេសនាមពីស្នាដៃច្នៃប្រឌិត របស់បណ្ដាសិល្បករ ជាពិសេសសិល្បករវ័យក្មេងទៅកាន់អ្នករៀបចំក្នុងតំបន់និងអន្តរជាតិ។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏បានឧទ្ទេសនាមអំពីកន្លែងវប្បធម៌ និងបេតិកភណ្ឌនៃខ័ណ្ឌ Hoan Kiem ដល់ភ្ញៀវទេសចរ និងទស្សនិកជនផងដែរ”។
ទីក្រុងហាណូយបានចេញគោលនយោបាយជាច្រើនដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងកសាងទីក្រុងច្នៃប្រឌិត។ រហូតមកដល់បច្ចុប្បន្ន លំហរច្នៃប្រឌិតនៅទីក្រុងហាណូយបានដំណើរការលើវិស័យជាច្រើនដូចជា៖ ការរចនា សិល្បៈទស្សនីយភាព ស្ថាបត្យកម្ម តន្ត្រី ការសម្តែងសិប្បកម្មវិចិត្រសិល្បៈ ការបោះពុម្ពផ្សាយ ការថតរូប ភាពយន្ត…ដែលបានរួមចំណែក នាំមកនូវកម្លាំងរស់ដល់ទីក្រុង និងជាកាតាលីករសម្រាប់ការអភិវឌ្ឍនៃឧស្សាហកម្មច្នៃប្រឌិតផងដែរ។ សាស្ត្រាចារ្យរង បណ្ឌិត Bui Hoai Son សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌ និងអប់រំរបស់រដ្ឋសភាបានសង្កត់ធ្ងន់ថា៖
“ការរីកសាយភាយស្មារតីច្នៃប្រឌិតដល់មនុស្សគ្រប់គ្នាគឺមានសារៈសំខាន់ណាស់។ រដ្ឋធានីហាណូយគឺជាទីក្រុងច្នៃប្រឌិត ដូច្នេះបរិយាកាសច្នៃប្រឌិតបានបង្កើតកន្លែងច្នៃប្រឌិត ចាប់ពីអ្នកច្នៃប្រឌិត រហូតដល់កត្តាទាំងអស់ដែលនឹងជួយទីក្រុងហាណូយមិនត្រឹមតែរក្សាបាននូវស្មារតីច្នៃប្រឌិតប៉ុណ្ណោះទេ ថែមទាំងប្រែក្លាយគំនិតច្នៃប្រឌិតទាំងនោះទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់រដ្ឋធានីក្នុងប៉ុន្មានឆ្នាំខាងមុខផងដែរ”។
ដោយមានគោលដៅយកវប្បធម៌ និងភាពច្នៃប្រឌិតជាស្នូលនៃការអភិវឌ្ឍ ដែលជាគន្លឹះនៃការរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុងនោះ ហាណូយកំពុងអភិវឌ្ឍន៍ជាជំហានៗ និងពង្រីកប្រសិទ្ធភាពនៃកន្លែងច្នៃប្រឌិតវប្បធម៌សិល្បៈ។ តាមនោះ អះអាងនូវឋានៈរបស់រដ្ឋធានីសម្បូរទៅដោយប្រពៃណីវប្បធម៌ និងស្មារតីច្នៃប្រឌិត នាំហាណូយក្លាយជាអ្នកត្រួសត្រាយក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ឧស្សាហកម្មច្នៃប្រឌិត រួមចំណែក ក្នុងការកសាងរដ្ឋធានីវប្បធម៌-អរិយធម៌-ទំនើប សក្តិសមជាមជ្ឈមណ្ឌលនយោបាយវប្បធម៌នៃប្រទេសជាតិទាំងមូល៕