ក្លឹបសិល្បៈ Hong Mi សម្ដែងនៅឯផ្សារ Bac Ha។ |
ដោយមានប្រភពដើមចេញពីក្លឹបគែន Bac Ha ក្នុងឆ្នាំ ២០១៩ ក្លឹបសិល្បៈប្រជាប្រិយ Hong Mi ត្រូវបានបង្កើតឡើង យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត Lao Cai ដើម្បីបម្រើភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍។ បច្ចុប្បន្ន ក្លឹបមានសមាជិកចំនួន ២០ នាក់ ចែកចេញជា ៣ ក្រុម ហើយបានសម្ដែងជាប្រចាំនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យជារៀងរាល់សប្ដាហ៍ នៅតាមកន្លែងទេសចរណ៍នានា។ លោក Giang A Hai ប្រធានក្លឹបសិល្បៈប្រជាប្រិយ Hong Mi បានឲ្យដឹងថា៖
“ជាមួយនឹងភាពក្លៀវក្លានិងកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនគ្រប់គ្នានៅក្នុងក្លឹប យើងខ្ញុំទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីភ្ញៀវទេសចរ។ នោះគឺជាក្ដីសប្បាយរីករាយ និងជាកម្លាំងចលករដើម្បីឲ្យយើងខ្ញុំបន្តខិតខំ។ ដោយរីករាយជាមួយនឹងការសម្តែងសិល្បៈបែបបុរាណប្រចាំស្រុក ភ្ញៀវទេសចរមានការចាប់អារម្មណ៍ និងចូលចិត្តយ៉ាងខ្លាំង។ មានការសម្ដែងដែលយើងខ្ញុំអញ្ជើញភ្ញៀវទេសចរមករាំជាមួយគ្នាដែរ។ នោះគឺជាការប្រាស្រ័យទាក់ទងជាមួយភ្ញៀវទេសចរបាន បង្កើតអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរ ដូច្នេះពួកគេចូលចិត្តខ្លាំងណាស់”។
សមាជិកនៃក្លឹបសិល្បៈប្រជាប្រិយ Hong Mi ភាគច្រើនជាកូនសិស្ស ថ្វីត្បិតតែមិនទាន់ឆ្លងកាត់ការបណ្ដុះបណ្ដាលនៅសាលាតន្ត្រីក៏ដោយ ប៉ុន្តែនៅពេលចូលក្លឹបនេះ ពួកគេត្រូវបានបណ្តុះបណ្តាល និងបង្រៀនឱ្យចេះលេងឧបករណ៍ភ្លេង រាំ និងច្រៀង.. បច្ចុប្បន្ននេះ សមាជិកក្លឹបទាំង ២០ នាក់អាចសម្តែងយ៉ាងស្ទាត់ជំនាញនៅលើឆាក។ ប្អូន Giang Thi Chung Thuy សមាជិកនៃក្លឹបសិល្បៈប្រជាប្រិយ Hong Mi បានចែករំលែកថា៖
“ខ្ញុំចូលរួមក្លឹបសិល្បៈប្រជាប្រិយ Hong Mi បានជិត ២ ឆ្នាំហើយ។ ការសម្តែងនៅតាមសាលាគឺសាមញ្ញជាងនៅតាមផ្សារ។ យើងខ្ញុំតែងតែសម្តែងនៅព្រឹកថ្ងៃអាទិត្យនៅភោជនីយដ្ឋាននានាក្នុងស្រុក Bac Ha។ ភ្ញៀវទេសចរជាតិ និងបរទេសចូលចិត្តទស្សនាណាស់។ ខ្ញុំចង់ផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជនជាតិ Mong ដល់ភ្ញៀវទេសចរ”។
សម្រាប់លោក Vu Xeo Seng វិញ ដោយបានចេះផ្លុំខ្លុយតាំងពីកុមារភាព នៅពេលចូលក្លឹបសិល្បៈប្រជាប្រិយ Hong Mi ហើយត្រូវបានបណ្តុះបណ្តាលបន្ថែមទៀត ដូច្នេះជំនាញរបស់គាត់ត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកច្រើនតែសម្តែងជាមួយក្រុមនៅផ្សារ Bac Ha។ លោក Vu Xeo Seng បានឲ្យដឹងថា៖
“នាថ្ងៃសៅរ៍ ខ្ញុំទៅសម្តែងនៅផ្សាររាត្រី Bac Ha ចំណែកថ្ងៃអាទិត្យ ទៅសម្ដែងនៅកន្លែងទេសចរណ៍ ភ្ញៀវទេសចរចូលចិត្តទស្សនាខ្លាំងណាស់។ ខ្ញុំចង់ផ្សព្វផ្សាយវប្បធម៌ជនជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីឲ្យភ្ញៀវទេសចរដែលមកទីនេះអាចយល់ដឹងកាន់តែច្បាស់អំពីអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong”។
មកដល់ផ្សារ Bac Ha ហើយបានទស្សនាក្លឹបសិល្បៈប្រជាប្រិយ Hong Mi សម្ដែងសិល្បៈ លោក Ta Bach Lam ភ្ញៀវទេសចរម្នាក់នៅខេត្ត Vinh Phuc មានអារម្មណ៍ថា៖
“នេះជាលើកទី៣ហើយ ដែលខ្ញុំទៅផ្សារ Bac Ha។ ខ្ញុំមានអារម្មណ៍ថា គេមានរបាំស្អាត ហើយសំលៀកបំពាក់ប្លែកៗណាស់។ ឧបករណ៍ភ្លេងរបស់ជនជាតិ Mong ដូចជា ខ្លុយ គែន.. ក៏មានលក្ខណៈពិសេសដែរ។ ខ្ញុំមានអារម្មណ៍ថាប្រជាជននៅទីនេះរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong បានយ៉ាងល្អ”។
ក្លឹបសិល្បៈ Hong Mi គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពឈានមុខគេក្នុងសកម្មភាពសម្តែងវប្បធម៌សិល្បៈនៅស្រុក Bac Ha ខេត្ត Lao Cai។ កាលពីខែមីនាកន្លងទៅ នៅឯផ្សាររាត្រី Bac Ha កម្មវិធីផ្លាស់ប្តូរសិល្បៈវៀតណាម-ឥណ្ឌាត្រូវបានប្រារព្វធ្វើឡើងដោយទាក់ទាញប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់មកចូលរួមនិងទស្សនា។ ក្លឹបសិល្បៈប្រជាប្រិយ Hong Mi បានរួមចំណែកអភិរក្សនិងផ្សព្វផ្សាយវប្បធម៌ជនជាតិ Mong ដល់ប្រជាជននិងភ្ញៀវទេសចរទាំងជិតនិងឆ្ងាយ៕