សមាជិកនៃក្លឹប Then ចាប៉ី Tinh Tay Nguyen ភាគច្រើនជាជនជាតិ Tay, Nung នៅភាគខាងជើងវៀតណាមធ្វើចំណាក់ស្រុកដល់តំបន់ Tay Nguyen ធ្វើសេដ្ឋកិច្ច
|
បានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយមានសមាជិក ១៣ នាក់គ្រប់វ័យអាយុ ឥឡូវនេះ ក្លឹបច្រៀងចម្រៀង Then - ចាប៉ី Tinh មានសមាជិកចូលរួមកាន់តែច្រើន។ ពួកគេគឺជាជនជាតិ Tay និង Nung នៅតាមបណ្តាខេត្តភាគខាងជើងដូចជា Cao Bang, Bac Kan, Tuyen Quang, Lang Son ដែលធ្វើចំណាក់ស្រុកទៅកាន់ខេត្ត Dak Lak ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចថ្មីតាំងពីទសវត្ស ៨០ ដល់ ៩០ នៃសតវត្សរ៍ចុងក្រោយនេះ។ ការនឹករលឹកស្រុកកំណើតបានតភ្ជាប់ពួកគេជាមួយគ្នា នាំពួកគេខិតមកជិតគ្នា ដើម្បីបន្ធូស្រាលការនឹកដល់ស្រុកកំណើត។ ចាប់តាំងពីពេលនោះមក ក្លឹបច្រៀងចម្រៀង Then - ចាប៉ី Tinh ត្រូវបានបានបង្កើតឡើង។ ជាប្រចាំ សមាជិកនៃក្លឹប ចាប៉ី Tinh Tay Nguyen តែងតែបានជួបជុំគ្នានិងហាត់ច្រៀង។
លោក Nguyen Van Thanh ជាជនជាតិ Nung មានដើមកំណើតនៅឃុំ Hong Viet ស្រុក Hoa An ខេត្ត Cao Bang បានរស់នៅតំបន់ Tay Nguyen ជាមួយកូនចៅយូរណាស់មកហើយ។ ទោះបីឆ្នាំនេះលោកមានអាយុ ៧៦ ឆ្នាំហើយក៏ដោយ ប៉ុន្តែជារៀងរាល់ខែ លោកតែងតែជិះម៉ូតូដោយខ្លួនឯងឆ្លងកាត់ផ្លូវឆ្ងាយពីស្រុក Cu Kuin (Chu Quynh) ទៅកាន់ Buon Me Thuot ដើម្បីចូលរួមសកម្មភាពនៃក្លឹប។ មុននោះនៅឆ្នាំ ២០១៧ លោកទើបតែរៀនច្រៀងចម្រៀង Then និងលេងចាប៉ី Tinh។ លោក Hoang Van Thanh បានសំណេះសំណាលថា៖ “ខ្ញុំចាស់ហើយ ប៉ុន្តែជាជនជាតិ Tay, Nung មិនចេះលេងចាប៉ី Tinh គឺមិនបានទេ។ ខ្ញុំសម្រេចចិត្តទិញចាប៉ី ដើម្បីរៀនដោយខ្លួនឯង។ រហូតដល់ ២-៣ ឆ្នាំឯណោះ ទើបខ្ញុំចេះលេងតែម្តង។ ប៉ុន្តែ អ្វីដែលខ្ញុំជក់ចិត្តបំផុត នោះគឺការដាក់ពាក្យថ្មីអំពីទីកន្លែងរស់នៅសហគមន៍។ បទចម្រៀងល្អៗ ដែលខ្ញុំតែងនិពន្ធឡើងទៅដល់ ៥ ដល់ ៦ បទហើយ។ បទទាំងនេះ ភាគច្រើននិយាយអំពីមនោសញ្ចេតនារបស់ប្រជាជនឆ្លងកាត់សង្គ្រាមរហូតទៅដល់អំឡុងពេលកសាងជីវភាពរស់នៅថ្មី”។
សមាជិកនៃក្លឹបតែងតែជួបជុំគ្នាដើម្បីសំណេះសំណាល ចែករំលែកបទពិសោធន៍និងរៀនសូត្រពីគ្នាទៅវិញទៅមក |
តំបន់ Tay Nguyen មានប្រជាជនជនជាតិ Tay និង Nung ជិត ៥ ម៉ឺននាក់។ ចលនានៃការច្រៀងទំនុកច្រៀង Tay លេងចាប៉ី Tinh នៅលើតំបន់ដី Bazan ពោរពេញទៅដោយពន្លឺថ្ងៃនិងមានខ្យល់ ដូច្នេះមានការអភិវឌ្ឍយ៉ាងខ្លាំង ជាមួយនឹងការបង្កើតក្លឹបច្រៀងចម្រៀង Then - ចាប៉ី Tinh តែម្តង។ ក្នុងនាមជាអនុប្រធានក្លឹប ហើយខ្លួនជាបុរសវ័យក្មេងម្នាក់ដែលមានចំណង់ចំណូលចិត្តខាងការច្រៀងទំនុកច្រៀង Then ចាប៉ី Tinh លោក Dam Duc Chinh តែងតែបារម្ភថា៖ “ដោយសារតែក្លឹបច្រៀងចម្រៀង Then ចាប៉ី Tinh Buon Me Thuot ទើបបានបង្កើតថ្មី ហេតុដូច្នេះ ពិតជាជួបការលំបាកយ៉ាងខ្លាំង ហើយការស្រាវជ្រាវទំនុកចម្រៀង Then បុរាណមិនសូវបានប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀត ជំនាន់វ័យក្មេងមានការយល់ដឹងតិចតួចអំពីចរិតនិងវប្បធម៌របស់ជនជាតិដើម Tay និង Nung យើង តាមនោះ ការបង្រៀនក៏ជួបប្រទះនឹងការលំបាកជាច្រើនដែរ។ យើងកំពុងកសាងផែនការបង្រៀនសម្រាប់យុវជនឱ្យយល់ដឹង រៀនបាន និងការពារថែរក្សាថែមទាំងផ្សព្វផ្សាយវប្បធម៌ Tay, Nung នៅតាមតំបន់ Tay Nguyen ផង”។
ដោយទទួលបានការយកចិត្តទុកដាក់និងជួយទំនុកបំរុងពីមជ្ឈមណ្ឌលវប្បធម៌កីឡានិងទេស ចរណ៍នៃទីក្រុង Buon Me Thuot ក្លឹបមានសមាជិកចូលរួមកាន់តែច្រើនឡើងៗ។ ជារៀងរាល់ខែម្តង សមាជិកពីចាស់ដល់ក្មេង សុទ្ធតែនាំគ្នាប្រមូលផ្តុំនៅ Buon Me Thuot ដើម្បីហាត់ច្រៀងបទចម្រៀង Then ថ្មីជាមួយគ្នា សំណេះសំណាលជាមួយគ្នា ឬ សួរសុខទុក្ខគ្នាទៅវិញទៅមក។ ការបង្កើត Fanpage មួយដែលមានឈ្មោះថា “ក្លឹបច្រៀងចម្រៀង Then-ចាប៉ី Tinh Buon Me Thuot” មិនត្រឹមតែជួយសមាជិកក្នុងការតាមដានព័ត៌មាននិងកាលវិភាគបច្ចុប្បន្នភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងងាយស្រួលផ្លាស់ប្តូរមតិ សិក្សាពីគ្នាទៅវិញទៅមក និងតភ្ជាប់ទំនាក់ទំនងជាមួយក្រុម Tay, Nung ផ្សេងទៀតនៅក្នុងទីក្រុងហូជីមិញ តំបន់ណាមបូខាងកើត និងនៅភាគខាងជើងទៀតផង។ លោកស្រី Luan Thi Lien ប្រធានក្លឹបច្រៀងចម្រៀង Then នៃមជ្ឈមណ្ឌលវប្បធម៌កីឡានិងទេសចរណ៍ទីក្រុង Buon Me Thuot ខេត្ត Dak Lak បានចែករំលែកថា៖ “យើងខ្ញុំមានបំណងផ្សព្វផ្សាយចម្រៀង Then កាន់តែទូលំទូលាយទូទាំងតំបន់ Tay Nguyen, Dac Lak។ យើងសង្ឃឹមថា សិល្បៈច្រៀងចម្រៀង Then នៅ Viet Bac នឹងឈរទល់មុខគ្នាជាមួយគងឃ្មោះ E de ក្នុងកំឡុងពេលពិធីបុណ្យទាន។ យើងខ្ញុំក៏សង្ឃឹមថា គ្រប់លំដាប់ថ្នាក់ផ្តោតការយកចិត្តទុកដាក់ ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ប្រទេសជាតិជារៀងរហូត”។
នៅឆ្នាំ ២០១៩ ពិធីអនុវត្តចម្រៀង Then របស់ជនជាតិ Tay, Nung នៅវៀតណាម ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ នេះជាដំណឹងល្អសម្រាប់វប្បធម៌វៀតណាម។ ថ្វីត្បិតដូច្នេះក៏ដោយ នៅពីក្រោយភាពរីករាយនិងមោទនភាព នៅតែមានការព្រួយបារម្ភមួយចំនួន ជាមួយនឹងសំណួរ: តើត្រូវធ្វើដូចម្តេច ដើម្បីការអនុវត្តន៍បេតិកភណ្ឌចម្រៀង Then ត្រូវបានអភិរក្សនិងពង្រីកនូវតម្លៃ ស្របតាមកម្ពស់នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ? យ៉ាងណាមិញ រួមជាមួយសហគមន៍ជនជាតិ Tay និង Nung នៅទូទាំងប្រទេស សមាជិកនៃក្លឹបច្រៀងចម្រៀង Then ចាប៉ី Tinh បានចូលរួមយ៉ាងសកម្មក្នុងការអភិរក្សវប្បធម៌អរូបីតាមរយៈសកម្មភាព សហគមន៍របស់ខ្លួនផងដែរ៕