"ការសន្ទនា"៖ តាំងពិព័រណ៍ដែលបំផុសគំនិតពីសិល្បៈម្រ័ក្សណ៍ខ្មុក

Chia sẻ

(VOVWORLD) - ការតាំងពិព័រណ៌ក្រោមប្រធានបទថា “ការសន្ទនា” ជាមួយស្នាដៃវិចិត្រកម្មចម្រុះពណ៌ និងមានរចនាបទប្លែកៗ ដែលត្រូវបានគួបផ្សំរវាងម្រ័ក្សណ៍ខ្មុក តន្ត្រី និងវីដេអូសិល្បៈ 3D កំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ នេះគឺជាកន្លែងដែលទស្សនិកជនអាចគយគន់ដោយផ្ទាល់នូវវត្ថុធាតុថ្មីៗដែលត្រូវបានបង្កើតឡើងពីសិល្បៈម្រ័ក្សណ៍ខ្មុកប្រពៃណី។

"ការសន្ទនា"៖ តាំងពិព័រណ៍ដែលបំផុសគំនិតពីសិល្បៈម្រ័ក្សណ៍ខ្មុក - ảnh 1សមាជិក ៣ នាក់នៃក្រុមវិចិត្រករវ័យក្មេង De.lac។

“ការសន្ទនា” គឺជាការតាំងពិពណ៌ដំបូងរបស់ក្រុមវិចិត្រករ De.lac យកលំនាំគម្រោងសិល្បៈបំផុសគំនិតពីម្រ័ក្សណ៍ខ្មុក ដែលរួមមានសមាជិក ៣ នាក់៖ វិចិត្រករ Truong Hoang Hai វិចិត្រករ Nguyen Quang Vu និងវិចិត្រករ VFX Nguyen Doan Quang Huy។

នៅក្នុងបន្ទប់តាំងពិព័រណ៌ដ៏ពោរពេញទៅដោយលក្ខណៈប្រពៃណីវៀតណាមនៅសាលាភូមិ Nam Huong (នៅទីក្រុងហាណូយ) ស្នាដៃត្រូវបានបង្កើតឡើងដោយផ្អែកលើការរួមផ្សំនៃម្រ័ក្សណ៍ខ្មុកជាមួយនឹងវត្ថុធាតុជាច្រើនប្រភេទ ដោយពណ៌នាអំពីភាពស្រស់ស្អាតនៃធម្មជាតិ ផ្កាឈូក និងស្ពាន Long Bien ដែលជានិមិត្តរូបវប្បធម៌ប្រវត្តិសាស្ត្រនៃរដ្ឋធានី... វិចិត្រករ Nguyen Quang Vu សមាជិកក្រុមវិចិត្រករវ័យក្មេង De.lac បានឲ្យដឹងថា៖

“យើងប្រើឈ្មោះ "ការសន្ទនា" ពីព្រោះសមាជិកក្រុមមានបុគ្គលិកលក្ខណៈនិងរសជាតិសោភ័ណភាពខុសពីគ្នា។ ការរួមបញ្ចូលគ្នារវាងការស្រាវជ្រាវទាំងនោះ និងសិល្បៈរបស់សមាជិកម្នាក់ៗ នឹងបង្កើតឡើងការសន្ទនាអំពីសិល្បៈ ក្នុងគោលបំណងរួមបញ្ចូលគ្នាលក្ខណៈបុគ្គលទាំងនោះទៅជាស្នាដៃរួម។ De.lac មានបំណងចង់បង្ហាញសារថ្មីមួយ ចង់ឲ្យយុវជនវៀតណាមទូទៅ និងមិត្តភក្តិបរទេសនិយាយដោយឡែក មានឱកាសយល់កាន់តែច្បាស់អំពីសិប្បកម្មម្រ័ក្សណ៍ខ្មុកប្រពៃណីរបស់វៀតណាម”។

"ការសន្ទនា"៖ តាំងពិព័រណ៍ដែលបំផុសគំនិតពីសិល្បៈម្រ័ក្សណ៍ខ្មុក - ảnh 2គំនូរម្រ័ក្សណ៍ខ្មុកមួយចំនួនត្រូវបានតាំងបង្ហាញនៅការតាំងពិព័រណ៍ "ការសន្ទនា"។

វិចិត្រករវ័យក្មេងទាំង ៣ នាក់ សុទ្ធតែមានការជក់ចិត្តនឹងការស្រាវជ្រាវ ការច្នៃប្រឌិត និងសាកពិសោធន៍ម្រ័ក្សណ៍ខ្មុកលើវត្ថុធាតុផ្សេងៗជាច្រើនដូចជា ផ្លាស្ទិចកែច្នៃឡើងវិញ សូត្រ ស្បែក លោហធាតុ... វិចិត្រករ Truong Hoang Hai បញ្ចប់ការសិក្សានៅដេប៉ាតឺម៉ង់គំនូរវិចិត្រកម្ម; វិចិត្រករ Nguyen Quang Vu បញ្ចប់ការសិក្សានៅដេប៉ាតឺម៉ង់ក្រាហ្វិក; ចំណែកវិចិត្រករ Nguyen Doan Quang Huy មានជំនាញខាងសិល្បៈ 3D និងកម្មវិធី Visual។ មនុស្សម្នាក់ៗ ដោយមានជំនាញរៀងៗខ្លួន បានធ្វើឡើងវិញនូវស្នាដៃម្រ័ក្សណ៍ខ្មុក ដោយនាំមកនូវភាពស្រស់ស្អាតប្លែកៗសម្រាប់គំនូរនីមួយៗ។ ក្នុងនាមជាអ្នកពិគ្រោះយោបល់និងរួមដំណើរជាមួយវិចិត្រករវ័យក្មេង លោកគ្រូ Nguyen The Son បានវាយតម្លៃថា៖

“ពីការខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មីខ្លួនឯង ក៏ដូចជាសាកល្បងវត្ថុធាតុថ្មី និងវិធីសាស្រ្តអភិក្រមថ្មី ក្រុម de.lac បានរកឃើញវិធីសាស្រ្តអភិក្រមថ្មីចំពោះម្រ័ក្សណ៍ខ្មុក។ នៅទីនេះ គេមិនប្រើជ្រុងប្រពៃណីទៀតទេ។ ស្នាដៃជាច្រើនបានប្រើផ្លាស្ទិចកែច្នៃ។ ប្រការនេះបើកទិសដៅថ្មី ឆ្ពោះទៅរកអ្វីៗដែលមានតម្លៃជាងនេះទៅទៀត។ ការត្រិះរិះរបស់មជ្ឈដ្ឋានយុវជននាពេលបច្ចុប្បន្ននេះ មិនមែនជាសិល្បៈសុទ្ធសាធទៀតទេ ប៉ុន្តែបានចាប់ផ្តើមផ្សាភ្ជាប់ជាមួយនឹងរឿងរ៉ាវអំពីសង្គម រួមទាំងបរិស្ថានផងដែរ”។

យោងតាមវិចិត្រករ បណ្ឌិត Tran Hau Yen The បានឲ្យដឹងថា “ការសន្ទនា” មិនត្រឹមតែនាំមកនូវទស្សនវិស័យថ្មីអំពីសិល្បៈម្រ័ក្សណ៍ខ្មុកប៉ុណ្ណោះទេ ថែមទាំងផ្សាភ្ជាប់ជាមួយនឹងកត្តាវប្បធម៌ និងប្រវត្តិសាស្ត្រទៀតផង នៅពេលដែលការតាំងពិព័រណ៌ត្រូវបានប្រារព្ធឡើងនៅ សាលាភូមិ Nam Huong ដែលជាសាលាភូមិដោយមានអាយុកាលរាប់រយឆ្នាំ នៅទីក្រុងហាណូយ។

“សាលាភូមិ Nam Huong បានក្លាយជាអាសយដ្ឋានវប្បធម៌នៃខ័ណ្ឌ Hoan Kiem។ ការរៀបចំនៅទីនេះបង្ហាញពីការយល់ដឹងថ្មីរបស់ខ័ណ្ឌ Hoan Kiem ក៏ដូចជាការរួមដំណើររបស់សិល្បករ នៅពេលចាប់ផ្តើមនាំយកសកម្មភាពសិល្បៈចូលទៅក្នុងសាលាភូមិ។ តាមពិតទៅ មុខងារនៃសាលាភូមិ ក្នុងអំឡុងច្រើនសតវត្ស ក៏ជាទីកន្លែងរៀបចំសកម្មភាពវប្បធម៌សិល្បៈផងដែរ មិនត្រឹមតែជាកន្លែងធ្វើសក្ការៈបូជា និងរៀបចំពិធីបុណ្យប៉ុណ្ណោះទេ។ នៅទីក្រុងហាណូយ ជាពិសេសខ័ណ្ឌ Hoan Kiem នាពេលថ្មីៗនេះ មានគម្រោងជាបន្តបន្ទាប់អំពីការលើកកំពស់តម្លៃនៃសាលាភូមិ។ ក្រុមវិចិត្រករវ័យក្មេង រួមជាមួយនឹងលោកគ្រូ Nguyen The Son បានធ្វើឱ្យសាលាភូមិរស់រានមានជីវិតឡើងវិញ និងនាំសាលាភូមិត្រឡប់ទៅជាអង្គភាពវប្បធម៌វិញ”។

ការតាំងពិព័រណ៍ "ការសន្ទនា" មិនត្រឹមតែបង្កើតការសន្ទនាអំពីសិល្បៈសំដៅបង្កើតភាពសុខដុមរមនាក្នុងភាពចម្រុះប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការភ្ញាក់រឭកនូវលំហរបេតិកភណ្ឌទៀតផង ដើម្បីឱ្យលំហទាំងនេះក្លាយជាផ្ទះរួមសម្រាប់សហគមន៍មនុស្សវ័យក្មេងប្រកបដោយភាពច្នៃប្រឌិត និងស្រឡាញ់សិល្បៈ។ ជាងនេះទៅទៀត វានឹងក្លាយជាកន្លែងតភ្ជាប់សម្រាប់ដំណើរទេសចរណ៍សិល្បៈ ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពច្នៃប្រឌិត និងជាកន្លែងសម្រាប់យុវជនរួមចំណែកលើកកំបស់តម្លៃវប្បធម៌ប្រពៃណីផងដែរ៕

ប្រតិកម្មទៅវិញ