ប្លង់លំអិតនៃស្ថាបត្យកម្មនៃផ្ទះបុរាណមួយចំនួននៅភូមិ Cu Da (ប្រភព៖ qdnd.vn) |
ភូមិបុរាណទាំង៦ ដែលត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍នេះ ត្រូវបានវិទ្យាស្ថានអភិរក្សបេតិកភ័ណ្ឌធ្វើការស្ទង់មតិ ស៊ើបអង្កេតនិងឧទ្ទេសនាមដោយផ្សាភ្ជាប់ នូវព័ត៌មានអំពីប្រវត្តិសាស្ត្រ វប្បធម៌ក៏ដូចជាប្លង់លំអិតអំពីស្នាដៃស្ថាបត្យកម្ម រួមទាំងមានរូបថតរស់រវើកទៀតផង។ បណ្ឌិត ស្ថាបត្យករ លោក Hoang Dao Cuong នាយកវិទ្យាស្ថានអភិរក្សបេតិកភណ្ឌ បានឲ្យដឹងថា៖ “ភូមិ Phuoc Tich និងភូមិ Cu Da នៅរក្សាបានផ្ទះបុរាណចំនួន ២៦ ខ្នង ភូមិ An Truyen នៅរក្សាបានផ្ទះបុរាណចំនួន ៧ ខ្នង និងភូមិ HanhThien នៅរក្សាបានផ្ទះបុរាណចំនួន ១០ ខ្នង ហើយសំណង់សាសនា ទេសភាពជុំវិញភូមិនីមួយៗ និងផ្លូវថ្នល់តាមភូមិនៅរក្សាបានសភាពដដែល។ យើងខ្ញុំគិតថា ទាំងនេះគឺជារូបភាពច្បាស់បំផុតនៃភូមិបុរាណនៅភាគខាងជើងឬភាគកណ្តាលវៀតណាម។ ដោយហេតុនេះ យើងមិនត្រឹមតែមានមូលដ្ឋានវិទ្យាសាស្ត្រក្នុងការថែរក្សាភូមិបុរាណប៉ុណ្ណោះទេ ថែមទាំងជួយយើងឱ្យទទួលមរតកនិងពង្រីកគុណតម្លៃដែលមានស្រាប់ផងដែរ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍនៃជីវភាពសម័យថ្មីផងនិងបំពេញតាមប្រពៃណីយ៉ាងល្អប្រសើរដែលជីដូនជីតាយើងបន្សល់ទុកមកផង”។
ភូមិទាំងអស់ដែលបានតាំងបង្ហាញនៅឯពិព័រណ៍នេះ សុទ្ធតែបានផ្សាភ្ជាប់ទៅនឹងទន្លេបង្កើត ភាពស្និទ្ធស្នាលរវាងមនុស្សនិងធម្មជាតិក៏ដូចជាបង្កប់នូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌និងស្ថាបត្យកម្មឆ្នើម។ សាស្ត្រាចារ្យ រង បណ្ឌិត Dang Van Bai សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌជាតិបានឲ្យដឹងថា៖ “តាមរយៈការតាំងពិព័រណ៍ពិព័រណ៍នេះ បានផ្តល់ជូនអ្នកទស្សនានូវទិដ្ឋភាពទូទៅនិងការយល់ដឹងជាមូលដ្ឋានបំផុតអំពីភូមិបុរាណរបស់វៀតណាមនិងទាំងកេរដំណែលរូបីយនិងអរូបី មាននៅក្នុងភូមិបុរាណយ៉ាងដូចម្ត៉េច។ នាពេលបច្ចុប្បន្ននេះមានភូមិបុរាណជាច្រើនដែលត្រូវបាត់បង់ ហេតុដូច្នេះ ការតាំងពិព័រណ៍នេះក៏អាចជាសារដើម្បីរំលឹកថា ថ្វីត្បិតតែការអភិវឌ្ឍសេដ្ឋកិច្ចឬនគរូបនីយកម្មយ៉ាងណាក៏ដោយ ប៉ុន្តែស្ថាបត្យកម្មនិងបេតិកភណ្ឌវប្បធម៌របស់ភូមិបុរាណត្រូវតែថែរក្សានិងការពារជានិច្ច”។
នៅពេលទស្សនាការតាំងពិព័រណ៍នេះ អ្នកទស្សនាមានអារម្មណ៍ថា ពួកគេកំពុងរស់នៅក្នុងផ្នត់ផ្ទះបុរាណ ដែលមានទំនៀមទម្លាប់ប្រពៃណី ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម។ លោក Tong Van Tin អ្នកទស្សនាពិព័រណ៍បានសម្តែងនូវចំណាប់អារម្មណ៍ថា៖ “ខ្ញុំឃើញថា ស្នាដៃទាំងនេះបានបង្កប់នូវព្រលឹងភូមិ វៀត និងលក្ខណៈជនជាតិខ្ពង់ខ្ពស់។ តាមរយៈតាំងពិព័រណ៍នេះ យើងហាក់ដូចជាបានរួមគ្នារំលឹកពីប្រពៃណីហើយក៏នាំគ្នាបារម្ភថា តើធ្វើយ៉ាងម៉េចដើម្បីរក្សានិងពង្រីកបានការអប់រំបែបប្រពៃណីដ៏ស្រស់ស្អាតនិងមានតម្លៃបែបនេះ”។
អ្នកទស្សនាពិព័រណ៍ (ប្រភព៖ baovanhoa.vn) |
តាមរយៈរូបថតនីមួយៗដែលបានបង្ហាញ អ្នកទស្សនាអាចមើលឃើញពីភាពខុសគ្នានៃភូមិបុរាណនីមួយៗ ដោយមិនមានការភាន់ច្រលំឡើយ។ បណ្ឌិត Tran Hau Yen The នៃសាកលវិទ្យាល័យវិចិត្រសិល្បៈនៃប្រទេស វៀតណាមបានសំណេះសំណាលថា៖ “នៅតាមភូមិនានាដែលបានតាំងបង្ហាញនៅទីនេះ ភាគច្រើនខ្ញុំបានទៅទស្សនាផ្ទាល់ភ្នែកហើយ។ ក្រឡេកមើលលើស្នាដៃទាំងនេះ គឺបង្ហាញពីនិមិត្តរូបនៃស្ថាប័ត្យកម្ម។ ឧទាហរណ៍ៈ នៅពេលយើងមកដល់ភូមិ យើងនឹងឃើញសាលាភូមិនិងវត្តអារ៉ាមជាដើម។ ជាក់ស្តែងគឺ នៅក្នុងពិព័រណ៍នេះ ប្រវត្តិភូមិត្រូវបានកត់ត្រា ដំណើរការសាងសង់ត្រូវបានកត់ត្រា ក៏ដូចជាសញ្ញាសម្គាល់ស្ថាបត្យកម្មដ៏ពិសេសរបស់ភូមិនីមួយៗផង”។
ភូមិប្រពៃណីរបស់វៀតណាមមានរចនាសម្ព័ន្ធជាប់គ្នានៃការរៀបចំនិងអភិបាលកិច្ចសង្គម។ នៅទីនោះភូមិនីមួយៗ អាស្រ័យលើបរិយាកាសសង្គមធម្មជាតិ នឹងមានរចនាសម្ព័ន្ធផ្សេងគ្នា រួមចំណែកដល់ភាពចម្រុះនិងលក្ខណៈពិសេសដោយឡែករបស់ភូមិវៀតណាម។ នៅប្រទេសវៀតណាមមានភូមិចំនួន ៤ ដែលត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ដជាតិ រួមមាន៖ ភូមិ Duong Lam (នៃទីក្រុងហាណូយ); ភូមិ Phuoc Tich (នៅខេត្ត Thua Thien-Hue); ភូមិ Loc Yen (នៅខេត្ត Quang Nam); ភូមិ Dong Hoa Hiep (នៅខេត្ត Tien Giang)។ ការតាំងពិព័រណ៍ស្ថាបត្យកម្មភូមិប្រពៃណីវៀតណាមលើកនេះ ទោះបីជាណែនាំត្រឹមតែ ៦ ភូមិក៏ដោយក៏នៅតែមានអត្ថន័យដ៏ធំធេងក្នុងការថែរក្សានិងអភិរក្សនូវតម្លៃរបស់ភូមិប្រពៃណីវៀតណាមផងដែរ៕