Xoe Thai - បេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ

Chia sẻ
(VOVWORLD) - ក្នុងសម័យប្រជុំអនឡាញ នាព្រឹកថ្ងៃទី ១៥ ខែធ្នូ នៃសម័យប្រជុំលើកទី ១៦ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី ឯកសារស្តីពីសិល្បៈ Xoe Thai របស់វៀតណាមត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ -UNESCO ចុះបញ្ជីជាបេតិកភណ្ឌអរូបីតំណាងមនុស្សជាតិ។ សប្បាយរីករាយនិងមានមោទនភាពយ៉ាងក្រៃលេងគឺជាអារម្មណ៍របស់ជនរួមជាតិជនជាតិ Thai រាប់លាននាក់ នៅពាសពេញភាគពាយ័ព្យនៃប្រទេសវៀតណាម នៅពេលទទួលបានដំណឹងដ៏ល្អនេះ។
Xoe Thai - បេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ - ảnh 1សិល្បៈ Xoe Thai គឺជាបេតិកភណ្ឌវប្បធម៌អរូបីទី ១៤ របស់វៀតណាម ដែលត្រូវបានអង្គការ UNESCO ផ្តល់កិត្តិយស (រូបថត៖ VOV)

សិល្បៈ Xoe Thai គឺជាបេតិកភណ្ឌវប្បធម៌អរូបីទី ១៤ របស់វៀតណាម ដែលត្រូវបាន UNESCO ផ្តល់កិត្កិនាម។ ការចុះបញ្ជីឯកសារ Xoe Thai ជាបេតិកភណ្ឌអរូបីតំណាងមនុស្សជាតិនាពេលនេះ បញ្ជាក់ពីការវាយតម្លៃខ្ពស់របស់អន្តរជាតិ ចំពោះតម្លៃវប្បធម៌របស់វៀតណាម បង្កើនវត្តមានរបស់វៀតណាមនៅលើផែនទីវប្បធម៌អរូបីនៃពិភពលោក ហើយទន្ទឹមនឹងនោះ រួមចំណែកដល់ការផ្សព្វផ្សាយសម្រាប់គោលដៅអភិវឌ្ឍន៍  អភិរក្សនិងការលើកកម្ពស់តម្លៃបេតិកភណ្ឌដែលអង្គការយូណេស្កូកំពុងជំរុញ។  អ្នកស្រី Hoang Thi Lien មកពីទីក្រុង Son La ខេត្ត Son La បានឲ្យដឹងថា៖ សិល្បៈ Xoe មានប្រជាប្រិយភាពខ្លាំងណាស់ ដូចបាយហូបនិងទឹកផឹករបស់ប្រជាជន Thai ជារៀងរាល់ថ្ងៃអញ្ជឹង។  ឥឡូវនេះ Xoe Thai ត្រូវបានពិភពលោកទាំងមូលទទួលស្គាល់ ហើយប្រការនេះនឹងជាមូលដ្ឋានសម្រាប់ប្រភេទរបាំនេះគងវង្សជារៀងរហូតជាមួយពេលវេលា។ “ក្នុងនាមខ្ញុំជាកុលបុត្រកុលធីតា របស់ Son La ខ្ញុំមានអារម្មណ៍ថា គឺមានមោទនភាពណាស់ដែលសិល្បៈ Xoe របស់យើងត្រូវបាននាំយកផ្សព្វផ្សាយពាសពេញពិភពលោក។ ខ្ញុំជាមនុស្សម្នាក់ដែលស្រលាញ់សិល្បៈ ឧស្សាហ៍ចេញទៅ

សម្តែងក្នុងកម្មវិធីជាច្រើន យើងក៏នាំយកបទចម្រៀងជាច្រើនបទទៅសម្តែងក្នុងកម្មវិធីនានា ដែលពួកយើងចូលរួមផងដែរ។ ការសម្តែងរបស់យើងខ្ញុំ ទទួលបានការកោតសរសើរពីទស្សនិកជន។ ចាប់ពីក្បាច់រាំ ពីការធ្វើចលនា ពីសំលៀកបំពាក់របស់ជនជាតិ Thai  ខ្ញុំមានអារម្មណ៍ថា មានមោទនភាពខ្លាំងណាស់”។

សិប្បករ Dieu Thi Sieng នៅឃុំ Nghia An ទីរួមខេត្ត  Nghia Lo ខេត្ត Yen Bai ដែលជាអ្នកជក់ចិត្តដិតអារម្មណ៍ក្នុងការបង្រៀននិងអភិរក្សរបាំ Xoe ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ បាននិយាយថា៖ ជនជាតិ Thai នៅ Muong Lo (ខេត្ត Yen Bai ) ដែលទីនេះត្រូវបានចាត់ទុកជាស្រុកកំណើតរបស់ជនជាតិ Thai នៅភូមិភាគពាយ័ព្យ មានគោលគំនិតថា “មិនមាន Xoe គឺមិនសប្បាយចិត្តទេ មិនមាន Xoe ស្រូវមិនលូតលាស់ល្អដែរ ហើយមិនមាន Xoe មិនអាចក្លាយទៅជាគូរស្រករគ្នាឡើយ”។ នោះហើយជាមូលហេតុដែលនៅក្នុងពិធីបុណ្យសប្បាយណាមួយ របាំ Xoe តែងតែទទួលបានការពេញនិយមជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះទេ សាមគ្គីភាពក្នុងសហគមន៍ហាក់ដូចជាកាន់តែស៊ីជម្រៅ ការងារកាន់តែរលូន និងងាយស្រួលជាងមុនទៀតផង។ ជាមួយនឹងអត្ថន័យនោះ សិល្បៈ Xoe គឺនៅមិនដាច់ដោយឡែកពីជីវភាពប្រចាំថ្ងៃ និងសកម្មភាពនានា ហើយតែងតែមានវត្តមាននៅក្នុងពិធីបុណ្យសហគមន៍ ពិធីសាសនា និងសកម្មភាពវប្បធម៌របស់ប្រជាជនជនជាតិ Thai ផងដែរ។ នៅទីក្រុង Muong Lo មានសិប្បកររាប់ពាន់នាក់ដែលអាចសម្តែង  Xoe ហើយ Muong Lo បច្ចប្បន្នក៏បាននាំ សិល្បៈ Xoe Thai ដាក់បញ្ចូលបង្រៀននៅតាមសាលារៀន ដោយមានបំណងចង់ឱ្យមនុស្សជំនាន់ក្រោយបន្តស្រលាញ់និងយកចិត្តទុកដាក់ថែរក្សាសម្រស់វប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្លួន។ ការដែលអង្គការ UNESCO  បានចុះបញ្ជី Xoe Thai ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ មិនត្រឹមតែជាសេចក្តីរីករាយ និងមោទនភាពប៉ុណ្ណោះទេ ប៉ុន្តែអ្វីៗដែលសំខាន់ជាងនេះទៅទៀត គឺ Xoe Thai នឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយជាងនៅក្នុងសហគមន៍។ លោកស្រី Dieu Thi Sieng បានសំណេះសំណាលថា៖ “ពេលដែលសិល្បៈ Xoe Thai របស់ជនជាតិយើងត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ គឺខ្ញុំមិនបានរកឃើញអ្វីប្រៀបផ្ទឹមបានឡើយ គឺមានអារម្មណ៍រំភើបនិងមោទនភាពខ្លាំងណាស់។ ជីដូនជីតាបានបន្សល់ទុកឲ្យយើងរបាំបែបនេះ កូនចៅជំនាន់ក្រោយត្រូវបន្តបង្ហាត់បង្រៀនទៅកូនចៅជំនាន់ក្រោយ កុំឲ្យប្រភេទរបាំនេះសាបសូន្យទៅ”។

Xoe Thai - បេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ - ảnh 2សិល្បៈ Xoe មិនដែលដាច់ពីជីវភាពនិងសកម្មភាពប្រចាំថ្ងៃទេ ហើយតែងតែមានវត្តមាននៅក្នុងពិធីបុណ្យសហគមន៍ ពិធីសាសនា និងសកម្មភាពវប្បធម៌របស់ជនជាតិ Thai ផងដែរ (រូបថត៖ VOV)

Xoe មានន័យថា ការរាំ ជាមួយនឹងចលនាដែលតំណាងសកម្មភាពរបស់មនុស្សក្នុងពិធីបុណ្យទាន សកម្មភាពវប្បធម៌និងក្នុងជីវភាពការងារ។ សិល្បៈ Xoe Thai ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីជាតិតាំងពីឆ្នាំ ២០១៣។ បច្ចុប្បន្ននេះ Xoe Thai ត្រូវបានរីកសុះសាយហើយច្រើនជាងគេនៅ Muong Lo (Yen Bai), Muong So (Lai Chau),  Muong Lay និងទីក្រុង Dien Bien Phu (ខេត្ត Dien Bien) ស្រុក Thuan Chau (ខេត្ត Son La)។ យោងតាមលោក Nguyen Hoang Hiep អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dien Bien ព្រឹត្តិការណ៍ដែលអង្គការ UNESCO បានចុះបញ្ជីសិល្បៈ Xoe Thai ក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិគឺមានអត្ថន័យពិសេស ដែលបំផុសមោទនភាពរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងជំរុញឲ្យយុវជនជំនាន់ក្រោយឱ្យយកចិត្តទុកដាក់បន្ថែមទៀតចំពោះបេតិកភណ្ឌ លើកកម្ពស់ការយល់ដឹង និងសកម្មភាពជាក់ស្តែងដើម្បីការពារភាពរឹងមាំនៃបេតិកភណ្ឌវប្បធម៌អរូបីនៅក្នុងសហគមន៍។ ទន្ទឹមនឹងនោះ ក៏ដាក់ចេញទំនួលខុសត្រូវចំពោះមូលដ្ឋានដែលមានជនជាតិ Thai មួយចំនួនធំរស់នៅ សម្រាប់ការបន្តថែរក្សានិងលើកតម្កើងតម្លៃសិល្បៈ Xoe Thai ក្នុងសង្គមទំនើប៖ “វិស័យវប្បធម៌ - កីឡានិងទេសចរណ៍ខេត្ត Dien Bien មានក្តីសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលរបាំ Xoe Thai ត្រូវបានអង្គការ UNESCO ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ។ យោងតាមទិសដៅដែលត្រូវបានវិស័យវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Dien Bien ដាក់ចេញគឺ មិនត្រឹមតែនៅក្នុងពិធីបុណ្យទានប៉ុណ្ណោះទេ ថែមទាំងនៅក្នុងភូមិទេសចរណ៍វប្បធម៌ ពោលគឺ រាល់ពេលមានព្រឹត្តិការណ៍ ឬពិធីបុណ្យទាននានាសុទ្ធតែនាំសិល្បៈ Xoe មកសម្តែងជានិច្ច។ មុននេះយើងក៏បានរក្សារបៀបនេះ ហើយឥឡូវនេះនៅតែបន្ត។ នាពេលខាងមុខ ក្រៅពីព្រឹត្តិការណ៍នានាក្នុងខេត្ត នៅភូមិវប្បធម៌វៀតណាម យើងក៏នឹងអញ្ជើញសិប្បករមកសម្តែងក្បូក្បាច់ Xoe ដើម្បីណែនាំដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ”។

បច្ចុប្បន្ននេះ នៅតាមបណ្តាខេត្ត Yen Bai, Son La, Dien Bien និង Lai Chau បានសម្របសម្រួលដើម្បីរៀបចំពិធីទទួលវិញ្ញាបនបត្រចុះបញ្ជីសិល្បៈ Xoe Thai ក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ  នៅឆ្នាំ២០២២។ នេះនឹងប្រាកដថាជាពិធីបុណ្យដ៏រីករាយរបស់ជនជាតិ Thai ភាគពាយ័ព្យ ហើយសិល្បៈ Xoe Thai នឹងត្រូវបានសម្តែង ដើម្បីស្វាគមន៍ភ្ញៀវមកពីទាំងជិតទាំងឆ្ងាយ ដូចជាទំនៀមទម្លាប់ និងបដិសណ្ឋារកិច្ចស្រឡាញ់រាប់អានសហគមន៍ជនជាតិតាំងពីច្រើនជំនាន់មក៕

ប្រតិកម្មទៅវិញ