Dak-Yo៖ ចំណុចភ្លឺក្នុងការអភិរក្សនិងផ្សព្វផ្សាយតន្ត្រីប្រពៃណីនៅ Kon Tum

Chia sẻ

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅក្នុងភូមិស្រុកជនជាតិភាគតិចជាច្រើនក្នុងខេត្ត Kon Tum បានលេចឡើងក្រុមតន្រ្តីដែលសមាជិកភាគច្រើនគឺយុវជន យុវជនជំទង់។ លក្ខណៈវិសេសវិសាលនៃក្រុមតន្រ្តីទាំងនេះ គឺប្អូនៗយុវជនបានប្រមូលនិងសម្តែងតន្ត្រីប្រពៃណីនៃជនជាតិរបស់ខ្លួន ដោយស្មារតីសកម្មនិងស្ម័គ្រចិត្ត។ សកម្មភាពជាក់ស្តែងរបស់ក្រុមតន្រ្តីយុវជននេះ បានចូលរួមផ្សព្វផ្សាយពីការស្រឡាញ់តន្ត្រីនិងបានរួមចំណែកក្នុងការអភិរក្សនិងលើកតម្កើងតម្លៃតន្ត្រីប្រពៃណីក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅតំបន់ Tay Nguyen  បានសរសេរអត្ថបទអំពីក្រុមដូរតន្ត្រីរបស់ជនជាតិ Ba Nar,  Ro Ngao នៅភូមិ Dak Yo ឃុំ Ho Moong ស្រុក Sa Thay ខេត្ត Kon Tum។

Dak-Yo៖ ចំណុចភ្លឺក្នុងការអភិរក្សនិងផ្សព្វផ្សាយតន្ត្រីប្រពៃណីនៅ Kon Tum - ảnh 1ក្រុមតន្ត្រីភូមិ Dak Yo ប្រគុំចង្វាក់បទភ្លេងប្រពៃណីរបស់ជនជាតិ Ba Nar សាខា Ro Ngao

ព្រឹកថ្ងៃសៅរ៍រៀងរាល់សប្តាហ៍ ក្រុមតន្រ្តីរបស់យុវជនចំនួន ១៥នាក់ ជនជាតិ Ba Nar សាខា Ro Ngao នៅភូមិ Dak Yo ឃុំ Ho Moong ស្រុក Sa Thay បានប្រមូលផ្តុំគ្នាហាត់សម។ សមាជិកក្រុមតន្ត្រីភាគច្រើនស្ទាត់ជំនាញក្នុងការប្រើតន្ត្រី dinh put វាយគងឃ្មោះ  លេងចាប៉ីថ្ម  to rung និងស្គរ។ លេចធ្លោបំផុតគឺយុវជនដូច A Nao  អាយុ២០ឆ្នាំ ដែលប្អូនបានស្ទាត់ជំនាញឧបករណ៍ភ្លេងភាគច្រើន។

“យើងបានហាត់ដោយខ្លួនឯងជិត ២ ឆ្នាំហើយ។ ពេលហាត់សម យើងហាក់ដូចជាសប្បាយរីករាយខ្លាំងណាស់។ ហើយការលេងឧបករណ៍តន្ត្រីនីមួយៗ គឺមានសម្លេងខុសប្លែកពីគ្នា ពោលគឺ ការលេងចាប៉ី to rung សម្លេងលាន់លឺម្យ៉ាង  និងការលេងចាប៉ីថ្មស្តាប់ទៅដូចជាទឹកជ្រោះភ្នំអញ្ជឹង។ ដោយសារតែចំណង់ចំណូលចិត្តរបស់ខ្លួន ពួកយើងរីករាយក្នុងបណ្តេញតាមប្រភេទឧបករណ៍នេះ”។

ប្រធានក្រុមតន្ត្រីយុវជននៃភូមិ Dak Yo លោក A Chieng អាយុ ២១ ឆ្នាំបានឲ្យដឹងថា  នៅពេលដែលក្រុមតន្រ្តីនេះត្រូវបានបង្កើតឡើងជិត ៣ ឆ្នាំមុនក៏ជួបប្រទះការលំបាកជាច្រើនផងដែរ។ ការរកឃើញអ្នកដែលមានទេពកោសល្យខាងតន្ត្រីគឺពិបាក ហើយការបញ្ចុះបញ្ចូលពួកគេឱ្យចូលរួមក៏រឹតតែពិបាកខ្លាំងណាស់ដែរ។ អ្នកខ្លះកំពុងទៅសាលារៀន អ្នកខ្លះទៀតរវល់នឹងការធ្វើស្រែចម្ការ ហើយថែមទាំងស្ទាក់ស្ទើរមិនចង់ចូលរួម។ យ៉ាងណាមិញ ដោយសារការស្រឡាញ់តន្ត្រីប្រពៃណី និងការលើកទឹកចិត្តពីអ្នកភូមិ ក្រុមតន្ត្រីនេះត្រូវបានបង្កើតឡើងដោយសមាជិកក្មេងជាងគេនៅអាយុ ១៦ឆ្នាំ សមាជិកចាស់ជាងគេនៅអាយុ ២៥ ឆ្នាំ ហើយពួកគេទាំងអស់មិនដែលចូលរៀនវគ្គបណ្តុះបណ្តាលណាមួយឡើយ។ លោក A Chieng បានសំណេះសំណាលថា៖ “ខ្ញុំក៏ដូចអ្នកដទៃដែរ ខ្ញុំមិនចេះលេងភ្លេងទេ។ ខ្ញុំគ្រាន់តែរៀនលេងបណ្តើរៗប៉ុណ្ណោះ។ រាល់ពេលរសៀលពេលខ្ញុំមកទីនេះ ខ្ញុំហាត់គ្រប់ពេល។ ខ្ញុំលេងភ្លេងនេះអោយក្មេងៗផ្សេងទៀត អាចមើលទៅខ្ញុំ បើគេឃើញខ្ញុំលេង ពួកគេនឹងចូលចិត្តលេង ហើយពួកគេនឹងជំនួសខ្ញុំនៅថ្ងៃស្អែកខាពុំខាន”។

Dak-Yo៖ ចំណុចភ្លឺក្នុងការអភិរក្សនិងផ្សព្វផ្សាយតន្ត្រីប្រពៃណីនៅ Kon Tum - ảnh 2ក្រុមតន្ត្រីយុវជនភូមិ Dak Yo

ដោយសារព្យាយាមហាត់សមប្រកបដោយភាពស្វាហាប់ ជាមួយនឹងចំណង់ចំណូលចិត្តទាំងអស់ រហូតមកដល់ពេលនេះក្រុមតន្ត្រីយុវជននៃភូមិ Dak Yo បានធ្វើការប្រគុំតន្ត្រីយ៉ាងរលូនប្រហែល ១០០ បទហើយ។ ក្នុងនោះ មានបទភ្លេងជិត ៥០ បទ ជាបទចម្រៀងប្រជាប្រិយដែលជនជាតិ Ba Bar សាខា Rơ Ngao តែងប្រើក្នុងពិធីបុណ្យទានរបស់សហគមន៍ដូចជា ពិធីបុណ្យអំណរស្រូវថ្មី បុណ្យអំណរទឹក ពិធីឡើងផ្ទះ Rong ថ្មី ជាដើម។ លោក Luyen តន្ត្រីករលេងចាប៉ី To rung បានឲ្យដឹងថា ដើម្បីទទួលបាន “ដើមទុន” ល្អៗដូចសព្វថ្ងៃនេះ សមាជិកក្រុមបានជួបពិភាក្សាគ្នា និងតាំងចិត្ត “យកឈ្នះ” បទចម្រៀងនីមួយៗ។ បន្ទាប់ពីយល់ព្រមចាត់តាំងសមាជិកឱ្យហាត់ដោយឡែក ពីគ្នាជាមួយឧបករណ៍រៀងៗខ្លួន នៅពេលដែលពួកគេស្ទាត់ជំនាញ ទើបប្រមូលផ្តុំក្រុមសម្តែងរួមគ្នា។

“ប្រសិនបើបទចម្រៀងពិបាក គឺត្រូវចំណាយពេលហាត់សមពី ៤ ដល់ ៥ថ្ងៃ ។ ប្រសិនបើ បទភ្លេងនោះខ្លីនិងងាយស្រួល ការហាត់សមចំណាយ ពេល ២ ទៅ ៣ ថ្ងៃតែប៉ុណ្ណោះ។ ក្នុងមួយសប្តាហ៍ត្រូវចំណាយពេលហាត់ពីរថ្ងៃគឺថ្ងៃសុក្រនិងថ្ងៃសៅរ៍បើមានបុណ្យទានគឺត្រូវហាត់ឲ្យបានញឹកញាប់។ ខ្ញុំឃើញថា វប្បធម៌ប្រពៃណីរបស់យើងគឺស្រស់ស្អាតខ្លាំងណាស់”។

ដោយបានផ្សព្វផ្សាយពីការស្រឡាញ់តន្ត្រីប្រពៃណី ក្រុមដូរតន្ត្រីយុវជនភូមិ Dak Yo ទទួលបានការគាំទ្រនិងការលើកទឹកចិត្តពីអ្នកភូមិទាំងជិតទាំងឆ្ងាយ។ ជោគជ័យរបស់ក្រុមតន្រ្តីនេះ គឺជាមូលដ្ឋានសម្រាប់យុវជនភូមិ Dak Yo បង្កើតឡើងក្រុមតន្ត្រីយុវជនភូមិ ដែលមានសមាជិក ១៤ នាក់ ដែលសុទ្ធសឹងជាសិស្ស ហើយសមាជិកក្មេងជាងគេ មានអាយុត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះ។ លោក Tran Cong Thanh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ho Moong ស្រុក Sa Thay បានអះអាងថា នេះជាសញ្ញាល្អក្នុងការអភិរក្សនិងលើកតម្កើងតម្លៃតន្ត្រីប្រពៃណីរបស់ជនជាតិ Ba Nar សាខា Ro Ngao។

“ឃុំនេះក៏មានសិប្បករតិចតួចដែរ ប៉ុន្តែសិប្បករបច្ចុប្បន្នក៏ចាស់ហើយឈឺទៀត។ កុមារនៅទីនេះតែងតែផ្តោតសំខាន់លើការរៀនសូត្រពីវប្បធម៌គងឃ្មោះ ហើយប្រការនេះជាសញ្ញាល្អក្នុងការថែរក្សានិងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់មូលដ្ឋាន”។

ចូលរួមដោយស្មារតីសកម្មនិងស្ម័គ្រចិត្ដ ក្រុមតន្ត្រីយុវជននៃជនជាតិ Ba Nar សាខា Ro Ngao នៅភូមិ Dak Yo ឃុំ Ho Moong ស្រុក Sa Thay ខេត្ត Kon Tum កំពុងរួមចំណែកអភិរក្សនិងផ្សព្វផ្សាយតម្លៃតន្ត្រីប្រពៃណីចូលទៅក្នុ ងជីវភាពប្រចាំថ្ងៃរបស់មនុស្ស។ ចង្វាក់ភ្លេងពិរោះៗ ស្ងើចសរសើរស្នេហារបស់គូស្នេហ៍ មនោសញ្ជេតនាក្នុងគ្រួសារ ការស្រឡាញ់ប្រទេសជាតិមាតុភូមិ តែងតែលាន់លឺរំពងឡើងនៅភូមិ Dak Yo រួមចំណែកលើកស្ទួយនិងបន្ថែមសោភ័ណភាពដល់ជីវភាពវប្បធម៌និងស្មារតីរបស់ប្រជាជននៅទីនេះផងដែរ៕

ប្រតិកម្មទៅវិញ