Dak Lak រក្សាអត្តសញ្ញាណវប្បធម៌ Ede

Chia sẻ

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយ នឹងការឃោសនារបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សិប្បករ ព្រឹទ្ធាចារ្យភូមិ មេភូមិ ... ប្រជាជននៅក្នុងភូមិជាច្រើននៃជនជាតិ Ede ក្នុងខេត្ត Dak Lak បានរក្សានិងលើកតម្កើងអត្តសញ្ញាណរបស់ជនជាតិខ្លួន។ មកដល់ភូមិរបស់ជនជាតិ Ede ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ និងជ្រួតជ្រាបនូវតម្លៃវប្បធម៌ពិសេស របស់ជនរួមជាតិនៅទីនេះ។

Dak Lak រក្សាអត្តសញ្ញាណវប្បធម៌ Ede - ảnh 1ក្រុមគងឃ្មោះមួយក្នុងចំណោមក្រុមគងឃ្មោះពីរនៃភូមិ Ako Dhong (ក្រុង Buon Ma Thuot) (រូបថត៖ Hoai Thu/TTXVN)

នៅភូមិ Sut M'dung ឃុំ Chu Sue ស្រុក Chu M'ga កំឡុងពេលទំនេរពីការងារ ក្រុមសិល្បៈរបស់ភូមិបាននាំគ្នាហាត់រាំច្រៀង ជួនកាលវាយគងឃ្មោះ ជួនកាលផ្លុំខ្លុយ និងច្រៀងអំពីវរៈកថា...។ មិនត្រឹមតែសម្តែងជូនប្រជាជនក្នុងភូមិប៉ុណ្ណោះទេ ការសម្តែងទាំងនេះក៏ត្រូវបានសម្តែងជូនភ្ញៀវទេសចរ សូម្បីតែនៅឆាកសម្តែងធំៗសម្រាប់ជួបប្រាស្រ័យទាក់ទងទៀតផងដែរ។ សិប្បករ Y Muc Nie, សិប្បករ Y Von Nie និង សិប្បករ Ama Y Dam បានចែករំលែកថា៖

“នោះជាការស្វាគមន៍ភ្ញៀវចូលផ្ទះរបស់ខ្លួន។ ដងដាក់ទឹកពេញក្នុងពាង  ហើយចាប់ផ្តើមវាយគង់ឃ្មោះ ដើម្បីប្រកាសព័ត៌មាន”។

“ក្រុមសម្តែងគងឃ្មោះរបស់យើងមានមោទនភាពណាស់ដែលបានសម្តែងគ្រប់ទីកន្លែងដើម្បីឱ្យអ្នករាល់គ្នាបានយល់កាន់តែច្បាស់អំពីវប្បធម៌ជាតិរបស់យើង”។

“ជាធម្មតាខ្ញុំរៀនលេងនៅរសៀលថ្ងៃពុធ និងថ្ងៃសុក្រ ដោយតាចាស់ៗក្នុងភូមិបង្រៀន  ដូច្នេះខ្ញុំអាចហាត់លេងឱ្យស៊ាំនឹងដៃ”។

យោងតាមលោកស្រី Pham Thi Thu អនុប្រធានឃុំ Chu Sue អាជ្ញាធរឃុំកំពុងធ្វើការជាមួយប្រជាជនដើម្បីអភិរក្សវប្បធម៌គងឃ្មោះ និងអភិរក្សវប្បធម៌របស់ជនជាតិភាគតិច។ ព្រោះថា ការរក្សានិងលើកកម្ពស់តម្លៃប្រពៃណីរួមចំណែកលើកកម្ពស់ជីវភាពខាងស្មារតីរបស់ប្រជាជន៖

“ជីវភាពខាងសម្ភារៈត្រូវតែដើរទន្ទឹមគ្នាជាមួយវប្បធម៌។ នៅទីនេះ យើងបន្តលើកតម្កើងស្មារតីរបស់យើងបន្ទាប់ពីម៉ោងធ្វើការយ៉ាងលំបាក។ យើង ជួបជុំគ្នា មនុស្សពេញវ័យលេងគងឃ្មោះ ក្មេងៗត្រលប់មកពីសាលារៀនវិញហើយឃើញបរិយាកាសសប្បាយរីករាយ ដូច្នេះបាននាំគ្នាចូលរួមថ្នាក់លេងគងឃ្មោះ។ បើមានការគាំទ្រឧបត្ថម្ភពីរដ្ឋ ពិតណាស់ថា យើងនឹងផ្សព្វផ្សាយនិងរក្សាបានអត្តសញ្ញាណវប្បធម៌ជនជាតិខ្លួនជាពុំខាន”។

Dak Lak រក្សាអត្តសញ្ញាណវប្បធម៌ Ede - ảnh 2អ្នកទេសចរថតរូបជាមួយនារីនៅភូមិ Akô Dhông (ក្រុង Buon Ma Thuot) (រូបថត៖ daidoanket.vn)

ភូមិ Ako Thong សង្កាត់ Tan Loi ទីក្រុង Buon Ma Thuot គឺជាភូមិជនជាតិ Ede ដ៏ស្រស់ស្អាតបំផុតមួយក្នុងខេត្ត Dak Lak ហើយក៏ជាភូមិជនជាតិភាគតិចដ៏ទាក់ទាញបំផុតនៅតំបន់ Tay Nguyen ដែលមានទម្រង់ផ្ទះជាង ៣០ ខ្នង ស្ថិតយ៉ាងសុខសាន្តនៅក្រោមម្លុប់ឈើខៀវស្រងាត់ត្រជាក់ត្រជុំ។  ប្រជាជន Ede នៅទីនេះបានសម្របខ្លួនទៅនឹងជីវភាពសម័យទំនើប ប៉ុន្តែនៅតែរក្សាបាននូវវប្បធម៌ប្រពៃណីស្ទើរតែដដែល ជាមួយនឹងផ្ទះឈើ បែនទឹក និងគងឃ្មោះ។ លោក Y Pin Bling និងលោក Xac Ly ប្រជាជននៅភូមិ Ako Thong បានឲ្យដឹងថា៖ 

“ភូមិជាច្រើនបានប្តូរទៅធ្វើផ្ទះបេតុងព្រោះវាស្រួលនិងលឿន។  ប៉ុន្តែភូមិនេះចង់រក្សាទំនៀមទម្លាប់នៃការសង់ផ្ទះឈើតាមទំនៀមទម្លាប់របស់ជនជាតិ Ede ដែរ”។

“ពេលមកដល់ភូមិ Ako Thong ក្រៅពីការទស្សនាផ្ទះល្វែងបែបប្រពៃណី យើងក៏អាចសម្របខ្លួនទៅជាមួយសំឡេងគងឃ្មោះក្នុងស្រុក ការនិទានរឿង ការរាំ និងបើកភ្លើង ជំរុំនៅទីនេះ”។

មានពេលមួយ ជនជាតិ Ede នៅ Ako Thong មានបំណងរុះរើផ្ទះឈើវែងៗ ដើម្បីសង់ផ្ទះទំនើប ថែមទាំងលក់ឈុតគងឃ្មោះទៀតផង។ ប៉ុន្តែនៅពេលនោះ ព្រឹទ្ធាចារ្យភូមិ Ama H'Rin និងអាជ្ញាធរមូលដ្ឋានបានកៀងគរប្រជាជននៅក្នុងភូមិឱ្យរួមដៃគ្នារក្សានូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ។ អន្តរាគមន៍ទាន់ពេលវេលានោះបានបង្កើតឡើងភូមិ Ako Thong ដែលនៅដដែលដូចសព្វថ្ងៃនេះ។ លោក Vu Van Hung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានចាត់ទុកថា ការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជនជាតិគឺជាភារកិច្ចសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វប្បធម៌ក្នុងុមូលដ្ឋាន៖

“ទីក្រុងបានចេញសេចក្តីសម្រេចជំនាញមួយ ហើយត្រូវបានអនុវត្តន៍តាមរយៈសេចក្តីសម្រេចចិត្តប្រចាំឆ្នាំផងដែរ។ យើងបានកសាងផែនការអភិរក្ស និងជាពិសេសផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់ជនជាតិនៅក្នុងភូមិជនជាតិភាគតិច Ede ចំនួន ៣៣។ នេះជាលក្ខខណ្ឌអំណោយផលយ៉ាងខ្លាំងក្នុងការលើកកម្ពស់អត្តសញ្ញាណវប្បធម៌នៅទីក្រុង Buon Ma Thuot”។

កាលពីឆ្នាំមុន វិស័យវប្បធម៌ កីឡា និងទេសចរណ៍នៃខេត្ត Dak Lak បានរៀបចំសកម្មភាពជាច្រើនដូចជា៖ ការបណ្តុះបណ្តាល ការបង្រៀនអំពីវប្បធម៌អរូបីនៅក្នុងភូមិ និងការស្តារឡើងវិញនូវពិធីប្រពៃណីមួយចំនួនរបស់សហគមន៍ជនជាតិផងដែរ។ ទន្ទឹមនឹងនោះ ខេត្តបានជួយឧបត្ថម្ភប្រជាជនក្នុងការអភិវឌ្ឍគំរូទេសចរណ៍សហគមន៍ ដើម្បីជួយប្រជាជន Ede អភិវឌ្ឍសេដ្ឋកិច្ច និងជួយអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីផងដែរ៕

ប្រតិកម្មទៅវិញ