អ្នកបណ្ដុះបណ្ដាលសិស្សានុសិស្សដណ្ដើមបានជ័យលាភីអន្តរជាតិ

Chia sẻ
(VOVWORLD) - ប្រសូត្រនៅឆ្នាំ ១៩៨២ លោកស្រី Mai Chau Phuong អ្នកគ្រូបង្រៀន គីមីវិទ្យាមួយរូប នៅសាលាវិទ្យាល័យជំនាញ Lam Son ខេត្ត Thanh Hoa ត្រូវបានប្រៀបប្រដូចជាអ្នកផ្កល់ចំណង់ចំណូលចិត្តវិទ្យាសាស្ត្រដល់សិស្សានុសិស្ស។ 
អ្នកបណ្ដុះបណ្ដាលសិស្សានុសិស្សដណ្ដើមបានជ័យលាភីអន្តរជាតិ - ảnh 1លោកស្រី Mai Chau Phuong អ្នកគ្រូបង្រៀន ផ្នែកគីមីវិទ្យាមួយរូប នៅសាលាវិទ្យាល័យជំនាញ Lam Son

ជាមួយនឹងការយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ប្រកបដោយវិទ្យាសាស្ត្រក្នុងការសិក្សាស្រាវជ្រាវ និងបង្រៀននោះ អ្នកគ្រូបានជួយបណ្ដុះបណ្ដាល និងបំភ្លឺក្ដីសុបិនសម្រាប់សិស្សានុសិស្សជាច្រើនរូប ឲ្យទទួលបានជ័យលាភីកំពូលៗជាច្រើនក្នុងបណ្ដាការប្រឡងថ្នាក់តំបន់ និងអន្តរជាតិផងដែរ។ លោកស្រី Mai Chau Phuong អ្នកគ្រូបង្រៀន ផ្នែកគីមីវិទ្យាមួយរូប នៅសាលាវិទ្យាល័យជំនាញ Lam Son តែងតែចំណាយកម្លាំងកាយចិត្តអស់ពីចិត្តថ្លើម ច្នៃប្រឌិតជួយសិស្សានុសិស្សឱ្យមានក្តីស្រឡាញ់ និងចំណង់ចំណូលចិត្តចំពោះផ្នែកគីមីវិទ្យា។ ក្រោមការបង្ហាត់បង្រៀនរបស់អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ទទួលបានជ័យលាភីក្នុងការប្រឡងសិស្សពូកែថ្នាក់ជាតិ និងអន្តរជាតិ។ ប្អូន Nguyen Duc Anh សិស្សជំនាញខាងគីមីវិទ្យាម្នាក់ នៅសាលាវិទ្យាល័យជំនាញ Lam Son បានចែករំលែកថា៖ “នៅពេលឈានជើងចូលបន្ទប់ពិសោធន៍ អ្នកគ្រូតែងតែរំលឹកប្អូនថា ត្រូវប្រុងប្រយ័ត្នជានិច្ច។ អ្នកគ្រូបានបង្រៀនប្អូននូវវិធីសិក្សាគីមីវិទ្យា ចាប់ពីចំណេះដឹងដ៏សាមញ្ញបំផុត ក្រោយមកប្អូននឹងត្រិះរិះចេញនូវរូបមន្តដែលទាក់ទងផ្សេងទៀត ហើយនៅចុងបញ្ចប់ ប្អូនអាចទន្ទិញចាំចំណេះដឹងទាំងនេះជាប្រព័ន្ធ។ ដូច្នេះប្អូនអាចធ្វើលំហាត់មេរៀនយ៉ាងងាយស្រួល។ វិធីបង្រៀនរបស់អ្នកគ្រូ Phuong បានជួយប្អនយល់កាន់តែច្បាស់លាស់អំពីគីមីវិទ្យា ក៏ដូចជាជួយផ្តល់ឱ្យប្អូននូវទំនុកទុកចិត្តជាក់លាក់នៅពេលចូលរួមការប្រឡងថ្នាក់ជាតិ និងអន្តរជាតិផងដែរ”។

ជាពិសេសនៅពេលបង្រៀនដល់ក្រុមនិស្សិតពូកែផ្នែកគីមីវិទ្យានោះ អ្នកគ្រូ Mai Chau Phuong  តែងតែ យកចិត្តទុកដាក់លើការធ្វើការពិសោធសម្រាប់សិស្សានុសិស្ស។  តាមរយៈលំហាត់ពិសោធន៍ចំណេះដឹងទ្រឹស្តីអំពីគីមីវិទ្យាដែលមានតែនៅក្នុងសៀវភៅសិក្សាប៉ុណ្ណោះ គឺត្រូវបានបង្ហាញយ៉ាងរស់រវើក ដោយជួយសិស្សានុសិស្សមានការយល់ដឹងកាន់តែច្បាស់លាស់អំពីមុខវិទ្យា
គីមីវិទ្យា ដើម្បីអភិវឌ្ឍន៍ការយល់ដឹងសម្រាប់សិស្សានុសិស្ស។ អ្នកគ្រូ Mai Chau Phuong  បានឲ្យដឹងថា៖ “ចំពោះសិស្សានុសិស្ស ដែលចូលរួមបណ្ដាការប្រឡងសិស្សពូកែថ្នាក់ជាតិនិងអន្តរជាតិនោះ ខ្ញុំបានជ្រើសរើសយកសិស្សានុសិស្សណា ដែលមានការយល់ដឹងលេចធ្លោ។ ដូច្នេះហើយ ខ្ញុំបានស្វែងយល់អំពីសិស្សានុសិស្សឆ្នើមតាំងពីថ្នាក់ទី ១០  ដើម្បីរៀបចំវិធីបណ្តុះបណ្តាលផ្ទាល់សម្រាប់ប្អូនៗ។ ពោលគឺខ្ញុំបានរៀបចំកម្មវិធីបង្រៀនដាច់ដោយឡែក មេរៀនដាច់ដោយឡែក  កន្លែងអង្គុយដាច់ដោយឡែក និងមេរៀនប្រលងដាច់ដោយឡែក។ ដូច្នេះហើយ សិស្សានុសិស្សត្រូវឆ្លើយតបនឹងកម្មវិធីសិក្សា ដែលត្រូវបានអ្នកគ្រូដាក់ចេញសម្រាប់ឆ្នាំសិក្សា។  អាស្រ័យហេតុនេះនាពេលអនាគត សិស្សានុសិស្សអាចមានសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវដោយខ្លួនឯង ព្រមទាំងមានទំនុកទុកចិត្តចូលរួមការប្រឡងថ្នាក់ជាតិ និងអន្តរជាតិផងដែរ”។

អ្នកបណ្ដុះបណ្ដាលសិស្សានុសិស្សដណ្ដើមបានជ័យលាភីអន្តរជាតិ - ảnh 2លោកស្រី Mai Chau Phuong ជាមួយសិស្សានុសិស្ស

ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ក្រោមការណែនាំរបស់អ្នកគ្រូ Mai Chau Phuong នោះ សាលាវិទ្យាល័យជំនាញ Lam Son មានសិស្សចំនួន ២ នាក់ ទទួលបានមេដាយមាស សិស្សមួយនាក់ទៀតទទួលបានមេដាយប្រាក់អូឡាំពិកអន្តរជាតិផ្នែកគីមីវិទ្យានិ ស្សិតចំនួន ៥ នាក់ទទួលបានរង្វាន់សិស្សពូកែជើងឯកថ្នាក់ជាតិផ្នែកគីមីវិទ្យា និងការប្រឡងច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រួមទាំងពានរង្វាន់ថ្នាក់ជាតិជាច្រើនទៀត។ ពានរង្វាន់ទាំងនេះបានរួមចំណែកបង្កើតសមិទ្ធិផលដ៏ត្រចះត្រចង់ជាច្រើនរបស់សាលា វិទ្យាល័យជំនាញ Lam Son ព្រមទាំងអះអាងនូវឋានៈរបស់ផ្នែកអប់រំខេត្ត Thanh Hoa។ លោកគ្រូឆ្នើម Chu Anh Tuan នាយកវិទ្យាល័យឯកទេស Lam Son បានបញ្ជាក់ថា៖ “អ្នកគ្រូ Mai Chau Phuong ជាមនុស្សម្នាក់ដែលមានសមត្ថភាពនិង ទេពកោសល្យក្នុងការបំប៉ន និងជួយលើកទឹកចិត្តដល់សិស្សានុសិស្សជាមួយនឹងរបៀបធ្វើដាច់ដោយឡែក ពិសេស និងផ្លាស់ប្ដូវជានិច្ច ឲ្យសមស្របនឹងសិស្សានុសិស្សគ្រប់រូប។ ស្នាដៃ និងរបៀបធ្វើទាំងនេះរបស់អ្នកគ្រូ បានរីកសុះសាយដល់មិត្តរួមការងារក្នុងសាលា ក៏ដូចជាសាលាឯកទេសនៅក្នុង និងក្រៅខេត្តមកសិក្សារៀនសូត្រ ក៏ដូចជាចែករំលែកបទពិសោធន៍ផងដែរ។

អស់រយៈពេលជាង ១៥ ឆ្នាំប្រកបរបរជាអ្នកគ្រូមួយរូប លោកស្រី Phuong តែងតែខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីហាត់ពត់លត់ដំខ្លួន ធ្វើជាគំរូដ៏ភ្លឺសម្រាប់សិស្សានុសិស្សធ្វើតាម។ ជាមួយនឹងការចូលរួមវិភាគទាន ចំពោះវិស័យអប់រំក្នុងខេត្តនោះ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ អ្នកគ្រូ Mai Chau Phuong មានកិត្តយស ដោយត្រូវបានប្រធានរដ្ឋជូនមេដាយពលកម្មថ្នាក់ទី ៣ ។ នេះគឺជាកម្លាំងចលករ សម្រាប់ អ្នកគ្រូ Mai Chau Phuong បន្តផ្ដល់ចំណង់ចំណូលចិត្តគីមីវិទ្យាដល់សិស្សានុសិស្ស ក៏ដូចជារីយសុះសាយស្មារតីសិក្សារៀនសូត្រ និងច្នៃប្រឌិតដល់មិត្តរួមការងារ របស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ