“ខ្ញុំមានគំនិតផ្ដួចផ្ដើមជាច្រើន ប៉ុន្តែអ្វីដែលគួរឱ្យខ្ញុំពេញចិត្តបំផុតគឺការផ្លាស់ប្តូរល្បឿនចលនារបស់ម្ជុលដើម្បីចាក់កាវ ដែលជួយបន្ទាត់កាវស្មើៗគ្នានិងមិនលិចធ្លាយ។ បន្ទាប់ពីបង្ហើយរួច ផលិតផលដែលមិនខូច ផ្តល់ឱ្យអតិថិជននូវផលិតផលដ៏ល្អបំផុត។ គំនិតផ្តួចផ្តើមទាំងនេះនឹងកាត់បន្ថយកម្លាំងពលកម្មរបស់កម្មករកម្មការិនី កាត់បន្ថយការខ្ជះខ្ជាយសម្ភារៈ និងបង្កើនប្រសិទ្ធភាពផលិតកម្មរបស់ក្រុមហ៊ុន”។
“គំនិតផ្តួចផ្តើម និងការកែលម្អទាំងនេះ ទោះបីជាវាគ្រាន់តែផ្លាស់ប្តូរប្រតិបត្តិការមួយ ឬទីតាំងមួយក៏ដោយ ក៏រួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយអត្រាខូច និងការសន្សំសម្ចៃកម្លាំងពលកម្ម។ ខ្ញុំខិតខំព្យាយាមកែលម្អពីអ្វីៗដ៏តូចតាចបំផុត។ ប្រសិនបើចង់មានគំនិតផ្តួចផ្តើម និងការកែលម្អ យើងត្រូវតែយកចិត្តទុកដាក់ដល់ការងារ ហើយគោរពតាមតម្រូវការមូលដ្ឋានបំផុត”។
លោក Nguyen Xuan Doan និង លោក Nguyen Quang Phu ជាបុគ្គលពីរនាក់ក្នុងចំណោមបុគ្គលឈានមុខគេក្នុងចលនាច្នៃប្រឌិតនៃក្រុមហ៊ុនចំកាត់ LG Innotek (សួនឧស្សាហកម្ម Trang Due - Hai Phong)។ (រូបថត៖ VOV) |
ខាងលើគឺជាការសំណេះសំណាលរបស់កម្មករ Nguyen Xuan Doan និង Nguyen Quang Phu ជាបុគ្គលពីរនាក់ក្នុងចំណោមបុគ្គលឈានមុខគេក្នុងចលនាច្នៃប្រឌិតនៃក្រុមហ៊ុនចំកាត់ LG Innotek (សួនឧស្សាហកម្ម Trang Due - Hai Phong)។ គំនិតផ្តួចផ្តើមរបស់គេ បានជួយអាជីវកម្មសន្សំសម្ចៃទឹកប្រាក់រាប់ពាន់លានដុង ព្រមទាំងរួមចំណែកសន្សំកម្លាំងពលកម្ម និងបង្កើនប្រសិទ្ធភាពការងារទៀតផង។ នេះគឺជាលទ្ធផលនៃការដែលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនចំកាត់ LG Innotek (ក្រុមហ៊ុនផលិតម៉ូឌុលកាមេរ៉ានៅសួនឧស្សាហកម្ម Trang Due - Hai Phong) រក្សាការរៀបចំកិច្ចពិភាក្សាជាមួយកម្មករកម្មការិនី។ ជារៀងរាល់ខែ កម្មករកម្មការិនីនឹងស្នើឡើងគំនិតផ្ដួចផ្ដើមដើម្បីបង្កើនប្រសិទ្ធភាពការងារ។ គំនិតទាំងនេះត្រូវបានសំយោគ និងវាយតម្លៃពីថ្នាក់ការិយាល័យនិងនាយកដ្ឋាន។ ប្រសិនបើអាចធ្វើទៅបាន ក្រុមហ៊ុននឹងគាំទ្រការអនុវត្ត។
ចំណែកនៅក្រុមហ៊ុនចំកាត់ Toyota Boshoku Hai Phong (សួនឧស្សាហកម្មជប៉ុន - ហាយហ្វុង) កម្មករ Chu Anh Tu ត្រូវបានគេស្គាល់ដល់ជាគំរូឆ្នើមមួយរូបដោយមានភាពច្នៃប្រឌិតក្នុងការងារ។ មិនត្រឹមតែមាន “ការប្រមូលផ្ដុំ” គំនិតផ្តួចផ្តើម ដែលនាំមកនូវប្រាក់ចំណេញរាប់ពាន់លានដុងដល់សហគ្រាសប៉ុណ្ណោះទេ លោក Chu Anh Tu ក៏ទទួលបានប័ណ្ណសរសើរសម្រាប់ការច្នៃប្រឌិតក្នុងការងារ ចំនួនបីដងពីសហព័ន្ធពលកម្មវៀតណាម។ លោក Tu បាននិយាយថា ជាមួយនឹងលក្ខណៈរបស់ក្រុមហ៊ុនផលិតពោងសុវត្ថិភាពនៅក្នុងរថយន្ត គំនិតផ្តួចផ្តើមដែលលោកបានដាក់ចេញ គឺដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់សម្រាប់កម្មករកម្មការិនី បំបាត់ប្រតិបត្តិការមិនចាំបាច់ និងសន្សំសម្ចៃថ្លៃដើមផលិតកម្ម។
“អាជីវកម្មរបស់យើងខ្ញុំតែងតែកោតសរសើរភាពច្នៃប្រឌិត។ ប្រសិនបើអាចជួយសមាជិកម្នាក់ៗនៃក្រុមហ៊ុន កាត់បន្ថយតែ ១ វិនាទី ឬសន្សំអ្វីមួយ ក៏ជាគំនិតច្នៃប្រឌិតដែរ។ ក្នុងនាមជាប្រធានផ្នែក ខ្ញុំនិងសហការីក្រោមឱវាទ បានលើកគំនិត និងការកែលម្អជាច្រើន ដើម្បីសម្រេចគោលដៅដែលបានដាក់ចេញព្រមទាំងលើកកម្ពស់ស្មារតីពលកម្មរបស់ប្រជាជនវៀតណាមផងដែរ”។
អ្នកស្រី Nguyen Thi Thu Hien មកពីក្រុមហ៊ុនចំកាត់ Bumhan Vina Heavy Industries។ (រូបថត៖ VOV) |
ក្នុងចំណោមបុគ្គលជា “អ្នកមានគំនិតផ្ដួចផ្ដើមដ៏លេចធ្លោ” នៅទីក្រុង Hai Phong ក៏មានការរួមវិភាគទានពីកម្មការិនីផងដែរ ក្នុងនោះមានអ្នកស្រី Nguyen Thi Thu Hien ក្រុមហ៊ុនចំកាត់ Bumhan Vina Heavy Industries ដែលមានជំនាញខាងផលិតរចនាសម្ព័ន្ធដែកធំស្វិត។ អ្នកស្រី Hien បានទទួលប័ណ្ណសរសើរ និងកិត្តិនាមជា "វិស្វការិនីឆ្នើម" ជាច្រើនដងពីក្រុមហ៊ុន។ អ្នកស្រី Nguyen Thi Thu Hien បានចែករំលែកថា៖
“ខ្ញុំបានសិក្សារៀនសូត្រ និងសន្សំចំណេះដឹងដោយខ្លួនឯង ដើម្បីគ្រប់គ្រងការងារ ក៏ដូចជារៀនកូដតាមស្តង់ដារអន្តរជាតិ។ នៅពេលដែលកើតមានបញ្ហាណាមួយទាក់ទងនឹងការរចនា ខ្ញុំតែងតែផ្តល់អាទិភាពដល់វឌ្ឍនភាព។ ព្រោះថា ការពន្យារពេលបន្តិចបន្តួចមួយក្នុងការសម្រេចចិត្ត នឹងបណ្ដាលឲ្យកម្មករកម្មការិនីរាប់ពាន់នាក់ត្រូវរង់ចាំ ឬផ្អាកការងារនៅការដ្ឋានសាងសង់។ ដូច្នេះហើយ ខ្ញុំតែងតែប្ដេជ្ញាចិត្តស្វែងយល់ពីផលិតផលឲ្យបានច្បាស់ និងធ្វើការសម្រេចចិត្តឲ្យបានឆាប់រហ័ស សន្សំសម្ចៃថ្លៃដើម ពេលវេលា និងសម្ភារៈ”។
កាលពីឆ្នាំមុន កម្មករកម្មការិនីនៅទីក្រុង Hai Phong មានគំនិតផ្តួចផ្តើម និងការច្នៃប្រឌិតរាប់ពាន់ ដែលជួយកាត់បន្ថយការចំណាយ កម្លាំងពលកម្ម និងលើកកំពស់ប្រសិទ្ធភាពការងារ ក្នុងនោះ មានគំនិតផ្តួចផ្តើម និងដំណោះស្រាយដែលទទួលបានប័ណ្ណសរសើរពីសហព័ន្ធពលកម្មវៀតណាម។ គំនិតផ្ដួចផ្ដើមទាំងនេះ មិនត្រឹមតែនាំមកនូវផលប្រយោជន៍ដល់អាជីវកម្ម និងកម្មករកម្មការិនីប៉ុណ្ណោះទេ ថែមទាំងអះអាងនូវស្មារតីព្យាយាមធ្វើពលកម្ម ការច្នៃប្រឌិត និងការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់មជ្ឈដ្ឋានកម្មករ Hai Phong និយាយដោយឡែក និងកម្មករវៀតណាមនិយាយរួមផងដែរ៕