អាស៊ីស្វែងរកតួនាទីដឹកនាំក្នុងពិភពអស្ថិរភាព

Chia sẻ
(VOVWORLD) - ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ខែឧសភា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កិច្ចប្រជុំ"អនាគតអាស៊ី" Nikkei លើកទី ២៩ ឆ្នាំនេះផ្តោតសំខាន់ទៅលើការពិភាក្សាអំពីតួនាទីដឹកនាំរបស់អាស៊ីក្នុងពិភពលោកមួយដែលកាន់តែស្មុគស្មាញ ដែលបណ្តាលមកពីអស្ថិរភាពភូមិសាស្ត្រនយោបាយ និងវិបត្តិអាកាសធាតុ។
អាស៊ីស្វែងរកតួនាទីដឹកនាំក្នុងពិភពអស្ថិរភាព - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំអនាគតអាស៊ីលើកទី ២៨ រូបថត៖ VNA

ក្នុងនាមជាវេទិកាប្រចាំឆ្នាំជួរមុខក្នុងតំបន់ដើម្បីពិភាក្សាស្ដីពីរាល់បញ្ហាសេដ្ឋកិច្ច នយោបាយរបស់អាស៊ី កិច្ចប្រជុំ"អនាគតអាស៊ី" Nikkei លើកទី ២៩  មានប្រធានបទ"ភាពជាអ្នកដឹកនាំរបស់អាស៊ីក្នុងពិភពលោកអស្ថិរភាព" ។

ហានិភ័យសេដ្ឋកិច្ច

ក្នុងរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចដែលបានប្រកាសនាថ្ងៃទី ១៦ខែឧសភា អង្គការសហប្រជាជាតិបានវាយតម្លៃថាសេដ្ឋកិច្ចអាស៊ីជាទូទៅគឺមានសុទិដ្ឋិនិយម ជាពិសេសគឺក្នុងតំបន់អាស៊ីបូព៌ា (អាស៊ីប៉ែកឦសាន និងអាស៊ីអាគ្នេយ៍)។ ជាក់ស្ដែង អង្គការសហប្រជាជាតិបានព្យាករណ៍ថា ខឿនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ាជាទូទៅនឹងសម្រេចបានកំណើន ៤,៦% ក្នុងឆ្នាំនេះ និង ៤,៥ % នាឆ្នាំក្រោយ។ លទ្ធផលនេះត្រូវបានពង្រឹងដោយតម្រូវការក្នុងស្រុកយ៉ាងខ្លាំងក្លា វិស័យទេសចរណ៍បន្តងើបឡើងវិញ ហើយការនាំចេញទំនិញមានសញ្ញាកែលម្អ។ ក្នុងការព្យាករណ៍កាលពីខែមេសា លោក Krishna Srinivasan នាយកទីភ្នាក់ងារអាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានវាយតម្លៃស្រដៀងគ្នានេះដែរ៖

“កម្លាំងចលករកំណើននៃខឿនសេដ្ឋកិច្ចអាស៊ីចាប់ពីពីឆមាសទីពីរឆ្នាំ ២០២៣ បន្តបានបង្ហាញឱ្យឃើញនៅឆ្នាំនេះ។ យើងខ្ញុំព្យាករណ៍ថាសេដ្ឋកិច្ចអាស៊ីមានកំណើន ៤,៥% ក្នុងឆ្នាំនេះ ពោលគឺខ្ពស់ជាង ០,៣ %បើធៀបនឹងការព្យាករណ៍កាលពីខែតុលាឆ្នាំមុន។ ជាទូទៅ អាស៊ីនឹងចូលរួមចំណែក ៦០% ដល់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះ”។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបានចាត់ទុកថា នាបច្ចុប្បន្ននេះនៅតែមានកត្តាជាច្រើនដែលគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចអាស៊ី ជាពិសេសគឺការដែលអត្រាការប្រាក់ខ្ពស់ត្រូវរក្សាក្នុងរយៈពេលយូរនៅតាមខឿនសេដ្ឋកិច្ចដ៏ធំៗរបស់ពិភពលោក។ សេដ្ឋកិច្ចវិទូ Koichi Fujishiro នៃវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life (ជប៉ុន) បានវាយតម្លៃថា ការដេលរូបប័ណ្ណដុល្លារអាមេរិកមានតម្លៃខ្ពស់ ព្រោះថាធនាគារកណ្តាលអាមេរិក (FED) បានរក្សាអត្រាការប្រាក់ខ្ពស់ ដែល កំពុងជះឥទ្ធិពលអវិជ្ជមានដល់យថាទស្សន៍សេដ្ឋកិច្ចជប៉ុន និងខឿនសេដ្ឋកិច្ចអាស៊ី

អាស៊ីស្វែងរកតួនាទីដឹកនាំក្នុងពិភពអស្ថិរភាព - ảnh 2នាយកផ្នែកអាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) Krishna Srinivasan ។ រូបថត៖ IMF/TTXVN

មួយចំនួនផ្សេងទៀតពឹងផ្អែកយ៉ាងខ្លាំងលើថាមពល និងល្បៀងអាហារនាំចូល។ ដូច្នេះហើយ ក្នុងកិច្ចប្រជុំ ការពិភាក្សាស្ដីពីគោលនយោបាយសេដ្ឋកិច្ច និងរូបិយវត្ថុម្ចាស់ការជាងរបស់អាស៊ីនាពេលអនាគតនឹងក្លាយទៅជាខ្លឹមសារគួរឲ្យកត់សម្គាល់។ លោក Tauhid Ahmed នាយកប្រតិបត្តិវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុឥណ្ឌូនេស៊ីបានវាយតម្លៃថា៖

“ជាក់ស្ដែង រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចាប់ផ្តើមអនុវត្តន៍គោលនយោបាយបញ្ឈប់ការប្រើប្រាស់លុយដល្លារ។ បញ្ហាស្នូលនៅទីនេះគឺការយល់ព្រមប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងសេវាកម្ម ឧទាហរណ៍ថា ពាណិជ្ជកម្មរវាងឥណ្ឌូនេស៊ី និងម៉ាឡេស៊ី និងសិង្ហបុរីអាចត្រូវបានប្រតិបត្តិជារូបិយប័ណ្ណរបស់ប្រទេសទាំងនេះ ឬវាអាចប្រើប្រាក់ប្រាក់រូពៀរបស់ឥណ្ឌូនេស៊ី ជំនួសឱ្យប្រាក់ដុល្លារអាមេរិក ឬ ដោះដូរពាណិជ្ជកម្មជាមួយចិនតាមរយៈប្រាក់យន់ (RMB)” ។

ហានិភ័យអាកាសធាតុនាពេលអនាគតក្រៅពីបញ្ហាសេដ្ឋកិច្ច បច្ចេកវិទ្យា និងសន្តិសុខ ប្រធានបទមួយដែលគ្រោងថានឹងចំណាយពេលវេលាពិភាក្សាដ៏ច្រើនក្នុងកិច្ចប្រជុំ "អនាគតនៃអាស៊ី" ឆ្នាំនេះ

គឺការកសាងយន្តការរួមរវាងបណ្តាប្រទេសអាស៊ីដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ប្រធានបទនេះកាន់តែមានភាពបន្ទាន់ នៅពេលដែលរបាយការណ៍របស់អង្គការឧតុនិយមពិភពលោក (WMO) នាថ្ងៃទី ២៣ ខែមេសា បានបង្ហាញថា អាស៊ីគឺជាតំបន់ដែលរងគ្រោះមហន្តរាយធម្មជាតិច្រើនបំផុតនៅលើពិភពលោកកាលពីឆ្នាំមុន ដែលបណ្តាលឱ្យមានការបាត់បង់អាយុជីវិត និងការខូចខាតយ៉ាងធំធេង ដល់ខឿនសេដ្ឋកិច្ច។ យោងតាមរបាយការណ៍របស់ WMO បានឲ្យដឹងថា អាស៊ីបានកត់ត្រាគ្រោះមហន្តរាយចំនួន ៧៩ លើក  ទាក់ទងនឹងព្រឹត្តិការណ៍ឧតុនិយមកាលពីឆ្នាំមុន។ ជាង ៨០% នៃគ្រោះមហន្តរាយទាំងនេះគឺទឹកជំនន់ និងព្យុះ ដែលបានឆក់យកជីវិតមនុស្សជាង ២០០០ នាក់។ របាយការណ៍របស់អង្គការនេះក៏បានបញ្ជាក់ថា អាស៊ីកំពុងឡើងកម្តៅយ៉ាងឆាប់រស័សជាងកម្រិតមធ្យមរបស់ពិភពលោក។

មុន និងក្រោយពេលប្រព្រឹត្តិទៅកិច្ចប្រជុំអាស៊ីក៏កំពុងឆ្លងខែមេសាដ៏ក្ដៅបំផុតក្នុងប្រវត្តិសាស្ត្រជាមួយរលកកំដៅយ៉ាងស្អុះស្អាប់លាតសន្ធឹងពីអាស៊ីខាងត្បូង (ឥណ្ឌា បង់ក្លាដែស) ដល់អាស៊ីបូព៌ា (ថៃ ហ្វីលីពីន វៀតណាម) ព្រមទាំងមានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅចិន UAE អូម៉ង់ អាហ្គានីស្ថាន។ យោងតាមអ្នកវិទ្យាសាស្ត្រអាកាសធាតុថៃលោក Petch Manopawitr បានឲ្យដឹងថា នាពេលអនាគតអាស៊ីត្រូវគិតគូពីតំបន់ណាមួយដែលមិនអាចរស់នៅបានដោយសារ ការប្រែប្រួលអាកាសធាតុ៖

 “គំរូអំពីតំបន់ដីដែលមិនអាចរស់នៅបានកំពុងខិតមកជិតហើយ ព្រោះថាយើងប្រហែលជាមិនអាចស៊ាំនឹងអាកាសធាតុក្តៅស្អុះស្អាប់នាបច្ចុប្បន្នបានឡើយ។ យើងគិតថា យើងអាចស៊ាំនឹងអាកាសធាតុក្ដៅ  ប៉ុន្តែជាមួយនឹងសីតុណ្ហភាពក្ដៅស្អុះស្អាប់រយៈពេលយូរដូចបច្ចុប្បន្ន ខ្ញុំគិតថា យើងត្រូវរៀបចំឲ្យប្រជាជនស៊ាំនឹងហានិភ័យផងដែរ”។

យោងតាមក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថាវត្តមានរបស់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសដែលកំពុងប្រទះនឹងរលកកំដៅដ៏ស្អុះស្អាប់ក្នុងកិច្ចប្រជុំឆ្នាំនេះ ដូចជា៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin ឧបនាយករដ្ឋមន្ត្រីកម្ពុជាលោក ស៊ុន ចាន់ថុលនឹងជួយឱ្យកិច្ចពិភាក្សាស្តីពីវិបត្តិអាកាសធាតុនៅអាស៊ីកាន់តែត្រូវបានផ្តោតសំខាន់ជាងផងដែរ៕

ប្រតិកម្មទៅវិញ