នៅក្នុងសិក្ខាសាលានាពេលថ្មីៗនេះ របស់វិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម (AVPI) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Adelaide ប្រទេសអូស្ត្រាលី សេដ្ឋវិទូមួយចំនួនធំបានបញ្ចេញមតិដូចគ្នាថា៖ វៀតណាមមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកែលម្អបរិយាកាសពាណិជ្ជកម្ម និងវិនិយោគ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វៀតណាមបានអនុវត្តកំណែទម្រង់សំខាន់ៗ ដើម្បីកែលម្អសកម្មភាពធ្វើអាជីវកម្ម ដូចជាការជួយសម្រួលនីតិវិធីរដ្ឋបាល និងបង្កើនតម្លាភាពក្នុងដំណើរការគ្រប់គ្រង។
វៀតណាមចូលរួមចំណែកក្នុងកំណើននៃតំបន់
លោក Leigh Howard នាយកប្រតិបត្តិនៃក្រុមហ៊ុន Asialink Business បានឲ្យដឹងថា ក្នុងរយៈពេល ១០ ឆ្នាំមកនេះ លោកបានមកដល់វៀតណាមជាច្រើនលើក និងបានមើលឃើញការផ្លាស់ប្តូរនិងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកែលម្អបរិយាកាសពាណិជ្ជកម្មនិងវិនិយោគ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Don Farrell បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបានវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធ ហើយនេះមានសារៈសំខាន់ខ្លាំងណាស់ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ជាពិសេស វៀតណាមបានកសាងវប្បធម៌វិជ្ជមានក្នុងសកម្មភាពធ្វើអាជីវកម្ម។ ដូច្នេះ វៀតណាមដើរតួនាទីយ៉ាងសំខាន់ និងរួមចំណែកដល់កំណើននៃតំបន់៖
រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Don Farrell ។ រូបថត៖ VOV |
យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ឆ្នាំ ២០៤០ ព្យាករណ៍ថា GDP របស់តំបន់នឹងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ ពីកម្រិត ៣,៦ ពាន់ពាន់លានដុល្លារអាមេរិក ឡើងដល់ជិត ១៤ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០៤០។ ហើយវៀតណាមគឺជាកម្លាំងចលករមួយដែលបានរួមចំណែកដល់កំណើននេះ ជាមួយនឹងអត្រាកំណើន GDP ត្រូវបានព្យាករណ៍ពី ៥% ទៅ ៧% ក្នុងមួយឆ្នាំ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៤០។ ចំនួនគ្រួសារនៅវៀតណាមដែលមានប្រាក់ចំណូលសមរម្យលើសពី ១៥ ពាន់ដុល្លារ នឹងកើនឡើងប្រហែល២០ លាននាក់បន្ថែមទៀតនៅឆ្នាំ ២០៤០។ នៅពេលនោះ ចំនួនអ្នកប្រើប្រាស់ដែលជាវណ្ណៈកណ្តាលនៅវៀតណាមនឹងខ្ពស់ជាងទ្វេដង បើធៀបនឹងចំនួនអ្នកប្រើប្រាស់ក្នុងប្រទេសអូស្ត្រាលីនាពេលបច្ចុប្បន្ននេះ។
លោកស្រី Louise Adams នាយិការប្រតិបត្តិនៃក្រុមហ៊ុន Aurecon ប្រទេសអូស្ត្រាលីបានអះអាងថា អត្រាកំណើនប្រកបដោយនិរន្តរភាពជាបន្តបន្ទាប់របស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំកន្លង មក គឺជាសូចនាករដែលបង្ហាញពីកំណើនយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ច៖ “ខ្ញុំគិតថាហេតុផលសម្រាប់កំណើនជាបន្តបន្ទាប់នេះ គឺដោយសារតែវៀតណាមកំពុងក្លាយជាមជ្ឈមណ្ឌលផលិតកម្មពិភពលោក។ ក្រៅពីនេះ ក៏មានការរួមចំណែកពីកត្តាផ្សេងទៀតដូចជា កម្រិតជំនាញល្អ ប្រជាជនវ័យក្មេង ប្រព័ន្ធអប់រំល្អ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ វៀតណាមក៏បើកចំហកាន់តែខ្លាំង តាមរយៈការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយដៃគូអន្តរជាតិ... ហើយប្រការទាំងនេះបានបង្កើតសមិទ្ធផលរបស់វៀតណាម”។
លោកស្រី Louise Adams នាយិការប្រតិបត្តិនៃក្រុមហ៊ុន Aurecon។ រូបថត៖ VOV |
ឆ្លៀតឱកាសដើម្បីវៀតណាមឈានទៅឆ្ងាយ
សមិទ្ធិផលដែលសម្រេចបាននាពេលថ្មីៗនេះ បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់វៀតណាមមានកម្លាំងផ្ទៃក្នុង និងប្តេជ្ញាចាប់យកឱកាសនាពេលខាងមុខ។ ដើម្បីអាចបង្កើតរបកគំហើញបាន លោក Layton Pike សហស្ថាបនិកនៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាមបានចាត់ទុកថា៖
លោក Layton Pike សហស្ថាបនិកនៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម។ រូបថត៖ VOV |
“បើទោះបីជាមានអត្រាកំណើនគួរឱ្យរំភើបក៏ដោយ វៀតណាមត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក ជាពិសេសលើការអភិវឌ្ឍធនធានមនុស្សដែលសមស្របតាមតម្រូវការ និងមានគុណភាពខ្ពស់។ វៀតណាមត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសផ្នែកឧត្តមសិក្សាក្នុងស្រុក។ ខ្ញុំគិតថាអ្នកមានឱកាសជាច្រើននៅក្នុងបញ្ហានេះ ក៏ដូចជានៅក្នុងការស្រាវជ្រាវនិងនវានុវត្តន៍ ដូចជា គ្រឿងអេឡិចត្រូនិក ឬកសិកម្ម”។
យោងតាមលោកស្រី Louise Adams នាយិការប្រតិបត្តិនៃក្រុមហ៊ុន Aurecon ប្រទេសអូស្ត្រាលីបានចាត់ទុកថា ឱកាសកំពុងតែមាន ហើយការខិតខំប្រឹងប្រែងរបស់វៀតណាមកំពុងស្ថិតលើមាគ៌ាជោគជ័យ៖ “យើងបានឮរដ្ឋមន្ត្រីវៀតណាមនិយាយថា អ្នកចង់ដើរតួនាទីកាន់តែធំនៅក្នុងទីផ្សារពិភពលោក និងប្រកួតប្រជែងដោយខ្លួនឯងក្នុងវិស័យថ្មីៗដូចជា ការផ្លាស់ប្តូរថាមពល សេដ្ឋកិច្ចបៃតង ការថែទាំសុខភាពរបស់ប្រជាជន និងកសាងអនាគតដ៏រុងរឿង។ ជាមួយនឹងចំណេះដឹងរបស់ខ្ញុំអំពីប្រទេសវៀតណាម ខ្ញុំជឿជាក់ថា បើអ្នកមានមហិច្ឆតា អ្នកនឹងសម្រេចបាននូវអ្វីដែលអ្នកចង់បាន”។
ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ការចាប់យកឱកាសនិងទាញយកឧត្តមភាពរបស់ខ្លួន វៀតណាមនឹងដើរតួនាទីកាន់តែធំនៅក្នុងទីផ្សារពិភពលោក ដើម្បីកសាងអនាគតដ៏រុងរឿង៕