តំបន់ហ្គាហ្សាភាគខាងជើងកំពុងប្រឈមមុខនឹងសោកនាដកម្មមនុស្សធម៌

QUANG DUNG
Chia sẻ

(VOVWORLD) - នៅចុងសប្តាហ៍មុននេះ ទីភ្នាក់ងារមនុស្សធម៌និងសុខាភិបាលរបស់អង្គការសហប្រជាជាតិបានព្រមានថា តំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើងកំពុងប្រឈមមុខនឹងគ្រោះសោកនាដកម្មមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅពេលដែលប្រជាជនទាំងស្រុងក្នុងតំបន់នេះ ស្ថិតនៅចំពោះមុខហានិភ័យនៃការស្លាប់ដោយសារការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល ព្រមទាំងរងការឡោមព័ទ្ធដ៏យូរថ្ងៃក្នុងស្ថានភាពរស់នៅកាន់តែអាក្រក់ទៅៗ។

តំបន់ហ្គាហ្សាភាគខាងជើងកំពុងប្រឈមមុខនឹងសោកនាដកម្មមនុស្សធម៌ - ảnh 1កន្លែងស្តុកសម្ភារៈពេទ្យនៃមន្ទីរពេទ្យ Kamal Adwan ត្រូវបានបំផ្លាញកំឡុងពេលការឡោមព័ទ្ធ និងស្វែងរករបស់កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃទី ២៥ ខែតុលា (រូបថត៖ AFP)

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៦ ខែតុលា ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា ប្រព័ន្ធសុខាភិបាលនិងទីជម្រកស្ទើរតែទាំងអស់នៅតំបន់ហ្គាហ្សាភាគខាងជើង រងការបំផ្លិចបំផ្លាញ ដែលនាំឱ្យមានហានិភ័យមិនមានជនស៊ីវិលប៉ាឡេស្ទីននៅតំបន់នេះទៀតទេ។

ហានិភ័យគ្មានវត្តមានជនស៊ីវិលប៉ាឡេស្ទីនទៀតឡើយ

ជូនដំណឹងពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាភាគខាងជើង លោកស្រី Joyce Msuya អគ្គលេខាធិការរងស្តីទីទទួលបន្ទុកកិច្ចការមនុស្សធម៌និងអ្នកសម្របសម្រួលសង្គ្រោះបន្ទាន់របស់ OCHA បានឲ្យដឹងថា មន្ទីរពេទ្យស្ទើរតែទាំងអស់នៅក្នុងតំបន់នេះរងការវាយប្រហារ ហើយបុគ្គលិកពេទ្យត្រូវបានចាប់ខ្លួន។ ទីជម្រកក៏ត្រូវរងការដុតបំផ្លាញផងដែរ។ យោងតាមប្រភពព័ត៌មានមួយចំនួនពីអង្គការសហប្រជាជាតិ ឥឡូវនេះមានជនស៊ីវិលប៉ាឡេស្ទីនប្រហែល ១០ម៉ឺននាក់ ត្រូវបានឡោមព័ទ្ធនៅក្នុងតំបន់តូចមួយក្នុងលក្ខខណ្ឌដែលមិនទទួលបានការផ្គត់ផ្ទង់របស់របរជាតម្រូវ ការធម្មតាបំផុតនៃអាហារ និងសុខភាព។

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ២៧ ខែតុលា ក៏បានបញ្ជាក់អំពីស្ថានភាពដ៏អាក្រក់នាពេលបច្ចុប្បន្ននៅតំបន់ហ្គាហ្សាភាគខាងជើង ហើយបានឲ្យដឹងថា មន្ទីរពេទ្យ Kamal Adwan ដែលជាមន្ទីរពេទ្យចុងក្រោយដែលនៅតែប្រតិបត្តិការនៅតំបន់ហ្គាហ្សាភាគខាងជើង កំពុងជួបបញ្ហាកង្វះការផ្គត់ផ្គង់ ជាពិសេសបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានវាយឆ្មក់លើមន្ទីរពេទ្យនេះនៅថ្ងៃទី ២៥ ខែតុលា។ នេះគឺជាកន្លែងដែលអ្នកជំងឺប្រហែល ៦០០ នាក់កំពុងត្រូវបានព្យាបាល ខណៈដែលបុគ្គលិកពេទ្យជាច្រើននាក់ និងអ្នកផ្សេងទៀតកំពុងស្នាក់នៅក្នុងមណ្ឌលនេះផងដែរ។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា ការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យចុងក្រោយនៅភាគខាងជើងតំបន់ហ្គាហ្សានេះ បានធ្វើឱ្យវិបត្តិផ្នែកវេជ្ជសាស្រ្តកាន់តែធ្ងន់ធ្ងរឡើងក្នុងបរិបទដែលអ្នកជំងឺជិត ២០០ នាក់ត្រូវការការព្យាបាលជាបន្ទាន់ ហើយក្នុងពេលជាមួយគ្នានេះ បានអាក់ខានដល់ដំណាក់កាលចុងក្រោយនៃយុទ្ធនាការចាក់វាក់សាំងជំងឺស្វិតដៃជើងនៅហ្គាហ្សា។ ហានិភ័យនេះក៏ត្រូវបានឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា អាស៊ី និងប៉ាស៊ីហ្វិក លោក Khaled Khiari ព្រមាននៅថ្ងៃទី ២៨ តុលា ក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីមជ្ឈិមបូព៌ា។

តំបន់ហ្គាហ្សាភាគខាងជើងកំពុងប្រឈមមុខនឹងសោកនាដកម្មមនុស្សធម៌ - ảnh 2ហ្គាហ្សាកំពុងទទួលរងការខ្វះខាតស្បៀងអាហារ មនុស្សជាច្រើនប្រឈមនឹងការអត់ឃ្លាន (រូបថត៖ KT)

“ការពន្យារពេលក្នុងដំណាក់កាលចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងនៅហ្គាហ្សាខាងជើង ធ្វើឱ្យអាយុជីវិតកុមាររាប់ពាន់នាក់ប្រឈមនឹងហានិភ័យ។ ស្ថានភាពរស់នៅក្នុងតំបន់ហ្គាហ្សាភាគខាងជើង ជាពិសេសនៅជុំវិញតំបន់ Jabalya, Beit Lahiya និង Beit Hanoun កំពុងក្លាយជាកន្លែងដែលមិនអាចទ្រាំទ្របានឡើយ”។

យោងតាមអ្នកសង្កេតការណ៍ ប្រការដែលធ្ងន់ធ្ងរជាងនេះសម្រាប់តំបន់ហ្គាហ្សាខាងជើង គឺការវិវឌ្ឍន៍បច្ចុប្បន្នបង្ហាញថា ភាគីអ៊ីស្រាអែលកំពុងមានការគិតគូ អំពីការបែងចែកតំបន់នេះ និងតំបន់ហ្គាហ្សានៅសេស សល់ តាមនោះ អាចដំណើរការយុទ្ធនាការបង្ខំឱ្យជនស៊ីវិលប៉ាឡេស្ទីនចាកចេញពីតំបន់នេះជាអចិន្ត្រៃយ៍ ដោយហេតុនេះ បង្កើតតំបន់ការពារសន្តិសុខថ្មីមួយសម្រាប់អ៊ីស្រាអែល។ លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានព្រមានថា៖ “ការចូលទៅកាន់តំបន់ហ្គាហ្សាភាគខាងជើងបច្ចុប្បន្នមានកំហិតខ្លាំងណាស់។ ស្ទើរតែគ្មានជំនួយបានទៅដល់តំបន់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារការរឹតបន្តឹងខុសច្បាប់ ដែលធ្វើឲ្យមនុស្សជាច្រើនប្រឈមនឹងការអត់ឃ្លាន។ ការប្រាស្រ័យទាក់ទងជាមួយពិភពខាងក្រៅក៏មានកម្រិតខ្លាំងដែរ ស្ថានភាពនៅហ្គាហ្សាខាងជើងកាន់តែយ៉ាប់យ៉ឺនពីមួយថ្ងៃទៅមួយថ្ងៃតាមរបៀបដែលមិនអាចនឹកស្មានដល់ ហើយគោលនយោបាយ និងអាកប្បកិរិយារបស់រដ្ឋាភិបាលអ៊ីស្រាអែលគំរាមកំហែងបោះសម្អាត ប្រជាជនប៉ាឡេស្ទីនចេញពីតំបន់នេះ”។

បង្កើនភាពតានតឹងរវាងអ៊ីស្រាអែលនិងអង្គការសហប្រជាជាតិ

កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការដាក់សម្ពាធលើគ្រប់ភាគី ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែល សំដៅឆ្លើយតបទៅនឹងស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាភាគខាងជើងកាន់តែមានភាពលំបាកជាង នៅពេលដែលកាលពីថ្ងៃទី ២៨ ខែតុលា រដ្ឋសភាអ៊ីស្រាអែលបានបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ហាមឃាត់ទីភ្នាក់ងារសង្គ្រោះនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ធ្វើប្រតិបត្តិការនៅលើទឹកដីអ៊ីស្រាអែល។ ជាមួយនឹងការសម្រេចចិត្តនេះពីសភាអ៊ីស្រាអែល UNRWA នឹងមិនត្រូវបានអនុញ្ញាតឱ្យបញ្ជូនអ្នកតំណាង ផ្តល់សេវាកម្ម ឬធ្វើសកម្មភាពណាមួយដោយផ្ទាល់ ឬដោយប្រយោលនៅលើទឹកដីអ៊ីស្រាអែលឡើយ មានន័យថា ទីភ្នាក់ងារនេះនឹងស្ទើរតែមិនអាចចូលទៅកាន់តំបន់ណាមួយទៀតសោតរបស់ ហ្កាហ្សាស្ទ្រីបតាមផ្លូវគោក ហើយការដឹកជញ្ជូនទំនិញចូលកាន់តំបន់ហ្គាហ្សាខាងជើងនឹងកាន់តែពិបាកជាង។

តំបន់ហ្គាហ្សាភាគខាងជើងកំពុងប្រឈមមុខនឹងសោកនាដកម្មមនុស្សធម៌ - ảnh 3កាលពីថ្ងៃទី២៨ ខែតុលា សភាអ៊ីស្រាអែលបានបោះឆ្នោតអនុម័តច្បាប់ហាមឃាត់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ពីប្រតិបត្តិការក្នុងទឹកដីអ៊ីស្រាអែល (រូបថត៖ REUTERS)

ឆ្លើយតបទៅនឹងចំណាត់ការថ្មីរបស់អាជ្ញាធរអ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy បានឲ្យដឹងថា ការចោទប្រកាន់របស់អ៊ីស្រាអែលប្រឆាំងនឹងបុគ្គលិក UNRWA កាលពីដើមឆ្នាំនេះ ត្រូវបានស៊ើបអង្កេតយ៉ាងម៉ត់ចត់ ហើយគ្មានហេតុផលដើម្បីបង្ហាញពីភាពត្រឹមត្រូវរបស់អ៊ីស្រាអែលក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយ UNRWA ដែលភាគីអង់គ្លេសចាត់ទុកថាដើរបញ្ច្រាសជាមួយផលប្រយោជន៍ផ្ទាល់ខ្លួនអ៊ីស្រាអ៊ែលនេះឯង។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Mathew Miller បានលើកឡើងថា អាជ្ញាធរសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតចំពោះអ៊ីស្រាអែលអំពីចេតនារបស់ខ្លួនក្នុងការហាមឃាត់ UNRWA ធ្វើប្រតិបត្តិការនៅលើទឹកដីអ៊ីស្រាអែល ហើយប្រឆាំងនឹងរាល់កាយវិការបំបែកតំបន់ហ្គាហ្សាភាគខាងជើង។

“យើងខ្ញុំប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងដើម្បីឡោមព័ទ្ធ បង្អត់អាហារជនស៊ីវិល និងបំបែកតំបន់ហ្គាហ្សាខាងជើងចេញពីតំបន់ហ្គាហ្សាស្ទ្រីប។ យើងខ្ញុំក៏បានបញ្ជាក់យ៉ាងច្បាស់ដល់អ៊ីស្រាអែលថា យើងខ្ញុំចង់បញ្ជូនជំនួយមនុស្សធម៌ទៅដល់ជនស៊ីវិល ហើយយើងចង់ឲ្យជនស៊ីវិលត្រូវបានការពារ”។ 

ប្រទេសជាច្រើនផ្សេងទៀត និងអង្គការអន្តរជាតិក៏បានរិះគន់ការសម្រេចរបស់សភាអ៊ីស្រាអែលក្នុងការហាមឃាត់ UNRWA ដោយចាត់ទុកថា កាយវិការនេះបានដាក់ចេញទម្លាប់ដ៏គ្រោះថ្នាក់មួយ ដើរផ្ទុយនឹងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងបណ្តាលឲ្យប្រជាជន ប៉ាឡេស្ទីនកាន់តែធ្លាក់ចូលទៅក្នុងស្ថានភាពលំបាកវេទនា ជាពិសេសនៅតំបន់ហ្គាហ្សា។ ចំណែក UNRWA ទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការនេះ លោក Adnan Abu Hasna បានបញ្ជាក់ថា ការសម្រេចចិត្តហាមឃាត់ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិមិនឲ្យប្រតិបត្តិការលើទឹកដីអ៊ីស្រាអែល នឹងមានន័យថា ជាការដួលរលំនៃដំណើរការមនុស្សធម៌ទាំងមូលនៅហ្គាហ្សា៕

 

 

 

ប្រតិកម្មទៅវិញ