ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ តានតឹងនិងមិនអាចទាយទុកជាមុនបានឡើយ

Chia sẻ

(VOVWORLD) - យុទ្ធនាការបោះឆ្នោតរបស់បេក្ខជនប្រធានាធិបតីអាមេរិកពីររូបគឺលោកស្រី Kamala Harris និងលោក Donald Trump ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ រហូតដល់ប៉ុន្មានថ្ងៃចុងក្រោយ មុនពេលការបោះឆ្នោតជាផ្លូវការប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែវិច្ឆិកា។ ការវិវឌ្ឍន៍ជាក់ស្ដែង បានបង្ហាញពីកត្តាដែលពិបាកទាយទុកជាមុនបានឡើយ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។

ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ តានតឹងនិងមិនអាចទាយទុកជាមុនបានឡើយ - ảnh 1ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ តានតឹងនិងមិនអាចទាយទុកជាមុនបានឡើយ។
(រូបថត៖ Getty)

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មុនពេលការបោះឆ្នោតជាផ្លូវការប្រព្រឹត្តទៅ ទាំងលោកស្រី Kamala Harris និងលោក Donald Trump សុទ្ធតែកំពុងផ្តោតកិច្ចខិតខំប្រឹងប្រែងលើការចលនាសន្លឹកឆ្នោត នៅក្នុងរដ្ឋសមរភូមិនានា ដែលត្រូវបានគេចាត់ទុកថា ជាកន្លែងសម្រេចកំណត់
លើជ័យជម្នះ ជាពិសេសនៅរដ្ឋ Pennsylvania រដ្ឋ Wisconsin និងរដ្ឋ Nevada។

ការរត់ប្រណាំងនាគ្រាចុងក្រោយប្រកបដោយភាពចម្រូងចម្រាស

ដំណាក់កាលប្រកួតប្រជែងចុងក្រោយ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំនេះទាក់ទាញការយកចិត្តទុកដាក់ ដោយឧប្បត្តិហេតុដ៏ចម្រូងចម្រាសជាច្រើន។ ចំណែកខាងលោក Donald Trump ការថ្លែងរបស់វាគ្មិនមួយចំនួនដែលត្រូវបានចាត់ទុកថា ជាការរើសអើងជាតិសាសន៍តម្រង់លើអ្នកបោះឆ្នោត ព័រតូរីកូ និងដើមកំណើតអាមេរិកឡាទីន ក្នុងព្រឹត្តិការណ៍ចលនាការបោះឆ្នោតនៅថ្ងៃទី ២៧ ខែតុលា នៅទីក្រុងញូវយ៉កកំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគណបក្សសាធារណរដ្ឋ។ ក្នុងពេលជាមួយគ្នានោះ គណបក្សប្រជាធិបតេយ្យក៏ត្រូវដោះស្រាយវិបត្តិប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងស្ថានភាព «ធ្លោយមាត់» របស់លោកប្រធានាធិបតី Joe Biden នៅពេលដែលលោកប្រើពាក្យដែលត្រូវបានគេចាត់ទុកថា ជាការប្រមាថដល់អ្នកបោះឆ្នោតដែលគាំទ្រលោក Donald Trump។

ទោះជាយ៉ាងណាក៏ដោយ លោក Darrell West អ្នកជំនាញស្រាវជ្រាវរដ្ឋាភិបាលនៅវិទ្យាស្ថាន Brookings ក្នុងទីក្រុងវ៉ាស៊ីនតោណ បានធ្វើអត្ថាធិប្បាយថា ការប្រឈមមុខដាក់គ្នារវាងលោក Donald Trump និងលោកស្រី Kamala Harris ក្នុងរយៈពេលជិត ៥ ខែកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់ពីប្រៀបរបស់ភាគីនីមួយៗ។

“ប្រធានបទសំខាន់មួយនៅក្នុងការបោះឆ្នោតលើកនេះ ដែលគណបក្សសាធារណរដ្ឋមានប្រៀប គឺគោលនយោបាយអន្តោប្រវេសន៍។ ប្រជាជនអាមេរិកព្រួយបារម្ភអំពីព្រំដែន ដោយគិតថា មានមនុស្សគ្មានឯកសារអត្តសញ្ញាណកម្មច្រើនពេក ឆ្លងព្រំដែន បឺតជញ្ជាក់ធនធានរបស់អាមេរិក ឆក់យកការងារ និងពឹងផ្អែកលើសុខុមាលភាពសង្គមរបស់អាមេរិក។ ពួកគេមិនចូលចិត្តរឿងនេះទេ ហើយនេះគឺជាប្រៀបដ៏ធំសម្រាប់លោក Trump។ ចំណែកខាងគណបក្សប្រជាធិបតេយ្យវិញ ប្រធានបទអំពីការរំលូតកូន និងសិទ្ធិបន្តពូជនិយាយរួម គឺជាប្រធានបទដែលគណបក្សប្រជាធិបតេយ្យមានប្រៀប ខណៈដែលប្រជាជនអាមេរិកភាគច្រើនគាំទ្រលោកស្រី Kamala Harris លើបញ្ហានេះ”។

ទាក់ទងនឹងគោលនយោបាយសេដ្ឋកិច្ច អ្នកជំនាញជាច្រើនចាត់ទុកថា ជាមូលដ្ឋាន គោលនយោបាយសេដ្ឋកិច្ចរបស់បេក្ខជនទាំងពីរមានលក្ខណៈស្រដៀងគ្នាច្រើនជាងការវិវាទខាងក្រៅ។ លោក Mark Weinstock សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Pace ក្នុងទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បានធ្វើអត្ថាធិប្បាយថា៖

“នៅក្នុងទិដ្ឋភាពជាច្រើន គោលនយោបាយសេដ្ឋកិច្ចរបស់បេក្ខជនទាំងពីរគឺស្រដៀងគ្នាជាងអ្វីដែលយើងស្រមើស្រមៃ។ ការចំណាយសម្រាប់កងទ័ព និងថវិកាការពារជាតិនៅក្នុងផែនការទាំងពីរគឺស្រដៀងគ្នា។ បេក្ខជនទាំងពីរគាំទ្រលទ្ធិគាំពារនិយម ហើយគាំទ្រការបង្កើនពន្ធ ចំណុចខុសគ្នាគឺត្រឹមតែនៅកម្រិតណាប៉ុណ្ណោះ”។

ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ តានតឹងនិងមិនអាចទាយទុកជាមុនបានឡើយ - ảnh 2របារសូកូឡាដែលបោះពុម្ពដោយមុខបេក្ខជនប្រធានាធិបតីពីររូប ត្រូវបានលក់នៅហាងមួយក្នុងទីក្រុង New York សហរដ្ឋអាមេរិក។ (រូបថត៖ Reuters)

គម្លាតដ៏ដិតដល់

ការស្ទង់មតិសាធារណៈថ្មីបំផុតនៅសហរដ្ឋអាមេរិក សុទ្ធតែបង្ហាញថា លោកស្រី Kamala Harris និងលោក Donald Trump កំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញនៅទូទាំងប្រទេស និងក្នុងរដ្ឋសមរភូមិនានា ដោយគម្លាតរវាងបេក្ខជនទាំងពីរត្រឹមតែចន្លោះ ១-២% ប៉ុណ្ណោះ ពេលខ្លះលំអៀងទៅរកលោកស្រី Kamala Harris ពេលខ្លះងាកទៅរកលោក Donald Trump។ ទោះជាយ៉ាងណាក៏ដោយ មានចំណុចរួមមួយ ក្នុងការស្ទង់មតិសាធារណៈភាគច្រើន និងការវិភាគអ្នកបោះឆ្នោត គឺការកើនឡើងនៃអនិរភ័យនៅក្នុងសាធារណៈមតិអាមេរិកអំពីការបោះឆ្នោត។ យោងតាមលោក Kirby Goidel សាស្រ្តាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅវិទ្យាស្ថានគ្រប់គ្រងនិងរដ្ឋបាលសាធារណៈ Bush ប្រការនេះគឺអាចយល់បាននៅក្នុងបរិបទនៃការប្រែប្រួលជាច្រើននៅក្នុងខឿននយោបាយអាមេរិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

“តើពលរដ្ឋគួរព្រួយបារម្ភអំពីការបោះឆ្នោតនេះដែរឬទេ? ពិតជាមែន។ នេះនឹងជាការបោះឆ្នោតដែលមានការប្រកួតប្រជែងខ្លាំង។ ការបោះឆ្នោតឆ្នាំ ២០១៦ និង ២០២០ ត្រឹមតែត្រូវបានសម្រេចដោយសន្លឹកឆ្នោតតិចជាង ១០ ម៉ឺនសន្លឹកប៉ុណ្ណោះ។ យើងអាចដាក់ចំនួនអ្នកបោះឆ្នោតទាំងនេះនៅក្នុងពហុកីឡដ្ឋានមួយ ផ្លាស់ទីតាមរដ្ឋនានា និងអាចផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតណាមួយខាងលើ។ ដូច្នេះ នៅពេលដែលការបោះឆ្នោតឆ្នាំនេះស្វិតស្វាញជាងនេះទៅទៀត យើងពិតជាគួរតែព្រួយបារម្ភចំពោះការបោះឆ្នោតលើកនេះមែន”។

សូម្បីតែសមាជិកនៃគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យក៏មានការព្រួយបារម្ភជាងមុនដែរ។ ប្រហែល ៨០% នៃសមាជិកគណបក្សប្រជាធិបតេយ្យដែលបានសួរ បានសម្តែងការព្រួយបារម្ភ កើនឡើងបន្តិចពីប្រហែល ៧៥% នៅក្នុងការបោះឆ្នោតមុន ខណៈដែលប្រហែល ៦៥% នៃសមាជិកគណបក្សសាធារណរដ្ឋក៏មានអារម្មណ៍បែបនេះដែរ កើនឡើង ៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០។ ការព្រួយបារម្ភទាំងនេះភាគច្រើនវិលជុំវិញភាពចម្រូងចម្រាសដែលអាចកើតឡើង ទាក់ទងនឹងលទ្ធផលបោះឆ្នោត ក៏ដូចជាស្ថានការណ៍បែកបាក់គ្នាក្នុងអំឡុងពេលនិងបន្ទាប់ពីការបោះឆ្នោតប្រព្រឹត្តទៅ៕

ប្រតិកម្មទៅវិញ