អាមេរិកចាប់ផ្ដើមអនុវត្តន៍ផែនការដកទ័ពចេញពីអាហ្គានីស្ថាន

Chia sẻ

(VOVWORLD) - នាថ្ងៃទី២៥ ខែមេសា លោកឧត្តមសេនីយ៍ទោ Austin Scott Miller មេបញ្ជាការ យោធាកំពូលអាមេរិកប្រចាំអាហ្គានីស្ថាន បានជូនដំណឹងថា អាមេរិកនិងអង្គការសន្ធិ សញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានចាប់ផ្ដើមដកទ័ពចេញពីអាហ្គានីស្ថាន។ សេចក្ដី ជូនដំណឹងនេះត្រូវបានចាត់ទុកជាការបោះជំហានអនុវត្តការសន្យាដកទ័ពចេញ ពីសមរភូមិអាស៊ីខាងត្បូងមួយនេះ ដែលលោកប្រធានាធិបតី Joe Biden បាននាំចេញមុន នោះ។

យោងតាមសេចក្ដីជូនដំណឹងរបស់លោកមេបញ្ជាការយោធាកំពូលអាមេរិកប្រចាំអាហ្គានីស្ថានរូបនេះថា សម្ព័ន្ធភាពយោធាអន្តរជាតិបានចាប់ផ្ដើមដកទ័ពចេញពីមូល ដ្ឋានជាច្រើននៅអាហ្គានីស្ថាន ហើយបន្ទាប់ពីដកទាំងស្រុង ពួកគេនឹងផ្ទេរប្រគល់មូលដ្ឋាន សឹកទាំងអស់ជូនកងកម្លាំងប្រដាប់អាវុធរបស់អាហ្គានីស្ថានតែម្ដង។ សេចក្ដីជូន ដំណឹងខាងលើត្រូវបាននាំចេញ ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីអគ្គលេខាធិការ ណាតូ លោក Jens Stoltenberg បង្ហើបផែនការនៃប្លុកយោធានេះ អំពីការចាប់ផ្ដើម ដកទ័ពចេញពីអាហ្គានីស្ថានចាប់តាំងពីថ្ងៃទី១ ឧសភា ហើយដំណើរការនេះនឹងត្រូវ បានសម្រេចរួចរាល់ក្នុងរយៈពេលពីរបីខែ។
បញ្ឈប់សង្គ្រាមដែលខាតបង់ធំសម្បើមនៅសមរភូមិអាស៊ីខាងត្បូង
អាមេរិកបានបំផុសសង្គ្រាមនៅអាហ្គានីស្ថានកាលពីឆ្នាំ២០០១ បន្ទាប់ពីការវាយ ប្រហារភេរវកម្មសំដៅទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងញូវយ៉ក ថ្ងៃទី១១ ខែកញ្ញា នៅឆ្នាំដដែល។ ២០ឆ្នាំបានកន្លងផុតទៅ ជាមួយនឹងប្រធានាធិបតី ៣ ជំនាន់ ប្រទេស អាមេរិកបានចំណាយលើសមរភូមិអាស៊ីខាងត្បូងនេះ ទឹកប្រាក់ជាង ២.០០០ ពាន់លាន ដុល្លាអាមេរិក បណ្ដាលឲ្យទាហានអាមេរិកបាត់បង់ជីវិតចំនួន ២៣៥៥ នាក់ រួមជាមួយ ទាហានរងរបួសរាប់ពាន់នាក់ទៀត។ ទោះជាយ៉ាងនេះក្ដី ប៉ុន្តែគោលដៅប្រែក្លាយ អាហ្គានីស្ថានទៅជាប្រទេសមានខឿនប្រជាធិបតេយ្យដោយស្ថិរភាព នៅតែមិនអាច សម្រេចបានទាល់តែសោះ។
ការសម្រេចចិត្តដកទ័ពចេញពីអាហ្គានីស្ថាននឹងបញ្ឈប់សង្គ្រាមវែងបំផុតក្នុង ប្រវត្តិសាស្ត្ររបស់អាមេរិក ដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពរវាងរដ្ឋបាលអតីត ប្រធានាធិបតីលោក Donald Trump ជាមួយកម្លាំងតាលីបង់មុននោះ។ តាមការសន្យា ដំបូង អាមេរិកនឹងដកកម្លាំងទ័ពនៅសេសសល់ទាំងអស់ (ចំនួនទាហានប្រមាណ ២៥០០-៣៥០០នាក់) ចេញពីអាហ្គានីស្ថាន មុនថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។ ប៉ុន្តែ រដ្ឋបាលប្រធានាធិបតី លោក Joe Biden បានឡើងសម្លេងជាច្រើនលើកច្រើនសារ ហើយថា ទំនងជាមិនអាចសម្រេចទាន់ពេលតាមកាលកំណត់នេះឡើយ។ ចុងបញ្ចប់ នា ថ្ងៃទី១៤ ខែមេសា កន្លងទៅ លោកប្រធានាធិបតី Biden បានប្រកាសផែនការលម្អិតអំពីការដកទ័ពអាមេរិកទាំងស្រុងចេញពីអាហ្គានីស្ថានមុនថ្ងៃទី១១ ខែកញ្ញា ឆ្នាំនេះ ពោលគឺចំឱកាសខួបគម្រប់ ២០ ឆ្នាំនៃករណីវាយប្រហារភេរវកម្ម ថ្ងៃទី១១ កញ្ញា ឆ្នាំ ២០០១។ លោកប្រធានាធិបតី Biden ក៏បានបញ្ជាក់ផងដែរថា នឹងដោះស្រាយឲ្យដល់ ឬសគល់នូវបញ្ហាដកទ័ពចេញពីអាហ្គានីស្ថាន មិនទុកឲ្យបញ្ហានេះក្លាយទៅជាបន្ទុក ធ្ងន់របស់អ្នកស្នងតំណែងឡើយ។
ហានិភ័យនិងបញ្ហាប្រឈម
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃទី២៥ ខែមេសា លោកឧត្តមសេនីយ៍ទោ Austin Scott Miller បានអះអាងថា កងកម្លាំងអាមេរិកនឹងដកទ័ព ហើយផ្ទេរប្រគល់មូលដ្ឋាន ឧបករណ៍ជូនកងទ័ពអាហ្គានីស្ថាន ប្រកបដោយសណ្ដាប់ធ្នាប់។ កងកម្លាំងអាមេរិកនិង សម្ព័ន្ធភាពយោធាមានសមត្ថភាពនិងវិធានការគ្រប់គ្រាន់ដើម្បីការពារខ្លួនឯងក្នុង ដំណើរការដកទ័ព ព្រមទាំងនឹងបន្តជួយទ្រទ្រង់កងទ័ពរបស់រដ្ឋាភិបាលអាហ្គានីស្ថាន ផងដែរ។ ជាពិសេស លោកមេបញ្ជាការយោធាកំពូលអាមេរិកប្រចាំអាហ្គានីស្ថានរូប នេះ បានសង្កត់ធ្ងន់ថា ខ្លួនបានព្រមានតាលីបង់ពីផលវិបាកគ្រោះមហន្តរាយ ប្រសិនបើក ម្លាំងឧទ្ទាមនេះវិលត្រឡប់ទៅរកអំពើហឹង្សាវិញ។
មុននោះ កងទ័ពអាមេរិកបានសម្រេច ពន្យាពេលប្រតិបត្តិការរបស់ក្រុមកលយុទ្ធ នាវាដឹកយន្តហោះចម្បាំង Dwight Eisenhower នៅមជ្ឈឹមបូព៌ា ហើយចាត់បញ្ជូនយន្ត ហោះទម្លាក់គ្រាប់បែក B-52 មកតំបន់នេះបន្ថែមទៀត ដើម្បីអមដំណើរការដកទ័ព ចេញពីអាហ្គានីស្ថានផងដែរ។
បើតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ បណ្ដាកាយវិកាខាងលើបានបង្ហាញឲ្យឃើញ ថា កងទ័ពអាមេរិកយល់ដឹងច្បាស់ពីហានិភ័យនិងបញ្ហាប្រឈម ចំពោះដំណើរការដក ទ័ព ក៏ដូចជាស្ថិរភាពនាអនាគតនៅអាហ្គានីស្ថាន។ ក្នុងពេលជាមួយគ្នានោះ អ្នកជំនាញ សន្តិសុខជាច្រើន ក៏បានព្រមានថា តាលីបង់ប្រហែលជាមិនទុកឲ្យកងទ័ពអាមេរិកនិង សម្ព័ន្ធភាពចាកចេញពីអាហ្គានីស្ថានដោយសន្តិភាពឡើយ។ ជាពិសេស នៅថ្ងៃទី២៦ ខែមីនា កន្លងទៅ តាលីបង់បានប្រកាសថា នឹងវាយប្រហារទៅលើកងកម្លាំងអាមេរិក ដែលនៅតែមានវត្តមាននៅអាហ្គានីស្ថាន ប្រសិនបើអាមេរិកមិនអនុវត្តការសន្យាដក ទ័ពមុនថ្ងៃទី១ ខែឧសភា តាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែកុម្ភៈ ឆ្នាំ២០២០ ក្រោមរដ្ឋបាលលោកប្រធានាធិបតី Donald Trump។ ហេតុដូច្នេះ គ្មានអ្វី ធានាថា ការដកទ័ពរបស់អាមេរិកចេញពីអាហ្គានីស្ថាននឹងប្រព្រឹត្តទៅយ៉ាងរលូនឡើយ ហើយតើគោលដៅបញ្ចប់សង្គ្រាមវែងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកអាចក្លាយទៅជា ការពិតបានដែរឬអត់៕

ប្រតិកម្មទៅវិញ