លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គលើកទី៧ (GMS ៧) តាមអ៊ីនធឺណិតក្នុងឆ្នាំ ២០២១។
រូបថត៖ Duong Giang/VNA |
ស្វែងរកដំណោះស្រាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃមហាអនុតំបន់មេគង្គ
កម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ក្រោមគំនិតផ្តួចផ្តើមរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមមានសមាជិកចំនួន ៦ គឺប្រទេសវៀតណាម ឡាវ កម្ពុជា ថៃ និងខេត្តស្វយ័តចំនួនពីរនៃប្រទេសចិនគឺ ក្វាងស៊ី និងយូណាន។
រយៈពេល២២ឆ្នាំចាប់តាំងពីយន្តការកិច្ចសហប្រតិបត្តិការ GMS ត្រូវបានបង្កើតមក ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រទេស GMS ទាំងអស់ ជំនួយពី ADB និងអ្នកផ្ដល់ហិរញ្ញប្បទានផ្សេងៗ ប្រទេសអនុតំបន់មេគង្គ និងប្រទេសចិនសម្រេចបានសមិទ្ធិផលជាច្រើន។ លេចធ្លោនោះគឺវិស័យការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងគម្រោងសហប្រតិបត្តិការធំៗសម្រាប់តំបន់នីមួយៗ ច្រករបៀងសេដ្ឋកិច្ចដូចជា ច្រករបៀងសេដ្ឋកិច្ចខាងជើង-ខាងត្បូង (NSEC), ច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច (EWEC), ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង (SEC)...លើសពីនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS ទាក់ទាញបានដើមទុនយ៉ាងច្រើនសម្រាប់គម្រោងនានា។ កិច្ចសហប្រតិបត្តិការនៅក្នុងមហាអនុតំបន់ទន្លេមេគង្គក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក៏បានកត់ត្រានូវលទ្ធផលវិជ្ជមានលេចធ្លោក្នុងវិស័យដូចជាថាមពល បរិស្ថាន ទេសចរណ៍ ប្រៃសណីយ៍ និងទូរគមនាគមន៍ ពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម និងការអភិវឌ្ឍជនបទ ការអភិវឌ្ឍនគរតាមច្រករបៀងសេដ្ឋកិច្ច ជាដើម។
ទោះជាយ៉ាងណាក៏ដោយ ក្រៅពីសមិទ្ធិផលនានាដែលសម្រេចបាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS នៅតែមានបញ្ហាប្រឈមជាច្រើនដូចជា៖ ចំណុចចាប់ផ្តើមនៃការអភិវឌ្ឍរបស់បណ្តាប្រទេស GMS នៅមានកម្រិតទាប ទុនវិនិយោគសម្រាប់ការអភិវឌ្ឍនៅមានកម្រិត។ លើសពីនេះ បញ្ហាប្រឈមថ្មីៗទាក់ទងនឹងការប្រែប្រួលអាកាសធាតុ បរិស្ថាន សន្តិសុខស្បៀងអាហារ ថាមពលកំពុងប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសសមាជិក។ ដូច្នេះនៅ GMS ៨ ថ្នាក់ដឹកនាំនៃប្រទេសនានានឹងបន្តសម្របសម្រួល និងកែសម្រួលគោលនយោបាយសហប្រតិបត្តិការនៅកម្រិតម៉ាក្រូ ដោយអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុ គោលនយោបាយ ការកសាងសមត្ថភាព ជំនួយបច្ចេកទេស ការចែករំលែកបទពិសោធន៍ និងចំណេះដឹង ការទប់ទល់នឹងសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍធនធានទឹកក្នុងតំបន់មេគង្គក្រោម សន្តិសុខស្បៀងអាហារ ថាមពលកកើតឡើងវិញ ការអភិវឌ្ឍធនធានមនុស្ស។ ល។
វៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គលើកទី៦ (GMS ៦) ឆ្នាំ ២០១៨។ (រូបថត៖ VNA) |
វៀតណាមខិតខំកសាងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ GMS រហូតដល់ឆ្នាំ២០៣០
វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីសហប្រតិបត្តិការ GMS ចាប់តាំងពីកម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ មក។ ការចូលរួមរបស់វៀតណាមបាននាំមកនូវលទ្ធផលវិជ្ជមានជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងបានរួមចំណែកបង្កើនការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ បច្ចុប្បន្នវៀតណាមគឺជាតំណភ្ជាប់ដ៏សំខាន់មួយក្នុងការបង្កើត និងអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចសំខាន់ៗចំនួនបីរបស់ GMS គឺ៖ ច្រករបៀងខាងជើង-ខាងត្បូង ច្រករបៀងខាងកើត-ខាងលិច និងច្រករបៀងឆ្នេរសមុទ្រភាគខាងត្បូង។ ដោយមានការជួយគាំទ្រពីអន្តរជាតិ និងការរួមចំណែករបស់វៀតណាម រហូតមកដល់ពេលនេះ គម្រោង
ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនត្រូវបានសម្រេចរួចរាល់ រួមទាំងផ្លូវចរាចរណ៍ស្នូលដែលត្រូវបានដាក់ឱ្យប្រើប្រាស់ សម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញក្នុង GMS។
ដោយមានប្រៀបខ្លាំងលើគ្រប់ទិដ្ឋភាព និងកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរបស់ខ្លួន វៀតណាមកាន់តែមានតួនាទីលេចធ្លោក្នុងការតភ្ជាប់ប្រទេសក្នុង GMS ព្រមទាំងក៏ជាសមាជិកដ៏សកម្មក្នុងក្រុមយន្តការសហប្រតិបត្តិការជាមួយដៃគូនានានៅក្រៅតំបន់។ វៀតណាមក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបណ្តាញផលិតកម្ម និងខ្សែសង្វាក់តម្លៃបន្ថែមនៅក្នុង GMS ផងដែរ។
ដោយឈរលើមូលដ្ឋាននោះ ក្នុងកិច្ចប្រជុំលើកនេះ វៀតណាមបន្តស្នើយ៉ាងសកម្មនូវខ្លឹមសារសហប្រតិបត្តិការជាក់លាក់ ដោយឈរលើប្រៀបខ្លាំង និងសមត្ថភាពរបស់វៀតណាម ដើម្បីចូលរួមយ៉ាងសកម្មក្នុងកម្មវិធី និងវិស័យជាក់លាក់របស់ GMS និយាយរួម និងជាមួយប្រទេសជាសមាជិកនិយាយដោយឡែក។ ក្នុងនោះ គាំទ្រការចែករំលែកព័ត៌មាន និងការសម្របសម្រួលការប្រើប្រាស់ទឹកទន្លេមេគង្គ កាត់បន្ថយការធ្វើអាជីវកម្មធនធានធម្មជាតិ ការពារព្រៃឈើ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ លើកទឹកចិត្តការប្រើប្រាស់ផលិតផលជីវសាស្ត្រ... ជាពិសេស វៀតណាមនឹងរួមជាមួយថ្នាក់ដឹកនាំ GMS អនុម័តលើយុទ្ធសាស្ត្រអំពីការផ្លាស់ប្ដូរថ្មីសម្រាប់ការអភិវឌ្ឍ GMS រហូតដល់ឆ្នាំ ២០៣០ ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ដើម្បីគោលដៅអភិវឌ្ឍន៍អនុតំបន់មេគង្គប្រកបដោយចីរភាព។
ឆ្លៀតក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាមក៏អញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី១០ (ACMECS 10); កិច្ចប្រជុំកំពូលអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១១ (CLMV ១១)។ នេះជាឱកាសសម្រាប់នាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាំប្រទេសនានាពិភាក្សា និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជំរុញកំណើនសេដ្ឋកិច្ច ពង្រីកឱកាសការងារ និងបង្រួមគម្លាតប្រាក់ចំណូលរវាងបណ្ដាប្រទេសផងដែរ៕