ក្នុងរយៈពេល ៧៦ ឆ្នាំ ចាប់តាំងពីមានទិវាយុទ្ធជនពិការ - យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៣) បក្ស និងរដ្ឋវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការដឹកនាំ ការបញ្ជាណែនាំក្នុងគោលបំណង បំពេញល្អការងារតបស្នងសងគុណ ក៏ដូចជា ចេញផ្សាយនូវគោលនយោបាយជួយឧបត្ថម្ភយុទ្ធជនពិការ យុទ្ធជនមានជំងឺ សាច់ញាតិយុទ្ធជនពលី ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ ដោយចាត់ទុកថា នេះជាកិច្ចការនយោបាយដ៏សំខាន់ និងត្រូវអនុវត្តន៍ជាប្រចាំ។
ឈាបនដ្ឋានយុទ្ធជនពលីជាតិ ផ្លូវលេខ៩ កាលពីយប់ថ្ងៃទី២៦ កក្កដា ។ រូបថត៖ nhandan.vn |
តបស្នងសងគុណជនមានគុណូបការតាមរយៈសកម្មភាពជាក់ស្តែង
ថ្ងៃទី ២៧ កក្កដានេះ នៅតាមឃុំ សង្កាត់ និងទីប្រជុំជនភាគច្រើនក្នុងខេត្ត Tien Giang ក៏ដូចជាឃុំ សង្កាត់ និងទីប្រជុំជនក្នុងទូទាំងប្រទេស សុទ្ធតែប្រព្រឹត្តទៅនូវសកម្មភាពដុតធូប ទាន ដាក់កម្រងផ្កា នៅឯឈាបនដ្ឋាននិងទីសក្ការៈបូជាយុទ្ធជនពលី។ កម្មាភិបាលនិងប្រជាពលរដ្ឋដែលចូលរួមក្នុងសកម្មភាពទាំងអស់បានចំណាយពេលស្មឹងស្មាតមួយនាទី ដើម្បីរំលឹកដល់ពលីកម្មរបស់យុទ្ធជនពលី ដែលបានលះបង់ដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ។ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធវីរជន និងយុទ្ធជនពលីខេត្ត Tien Giang លោកស្រី Tran Thi Le ប្រជាជនម្នាក់នៅទីក្រុង My Tho បានរំឮកថា៖ “នាងខ្ញុំមានអារម្មណ៍ថា សង្គមសព្វថ្ងៃកាន់តែយកចិត្តទុកដាក់ និងចងចាំដល់វីរៈជន យុទ្ធជនពលី អ្នកដែលលះបង់ជីវិតរបស់ខ្លួនដើម្បីប្រទេសជាតិ។ យើងមានជីវភាពសុខសាន្ត ដ៏កក់ក្ដៅ និងរីករាយដូចសព្វថ្ងៃ យើងមិនអាចបំភ្លេចអ្នកដែលបានពលីជីវិតនោះទេ។ នាងខ្ញុំសង្ឃឹមថា ស្មារតីនៃ "ការតបស្នងសងគុណ" នេះនឹងត្រូវបានរក្សា និងលើកតម្កើងជានិច្ចនាពេលខាងមុខ”។
ខេត្ត Bac Kan ជាខេត្តភាគខាងជើងនៃប្រទេសវៀតណាម បច្ចុប្បន្នមានប្រជាជនមានគុណូបការៈនិងមុខសញ្ញាគោលនយោបាយចំនួនជាង ៣៣.០០០ នាក់ ក្នុងនោះជិត ប្រជាជន៣.០០០ នាក់កំពុងទទួលបានប្រាក់ឧបត្ថម្ភពីថវិការដ្ឋ។ ក្នុងឱកាសថ្ងៃទី ២៧ខែកក្កដាឆ្នាំនេះ សមាជិកសហជីព និងយុវជនរាប់ពាន់នាក់បានចូលរួមក្នុងការជួសជុល ស្តូបអនុស្សាវរីយ៍ និងឈាបនដ្ឋាន; ចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់យុទ្ធជនពិការ យុទ្ធជនជំងឺ ប្រជាជនរងសារធាតុគីមីពុល និងសាចញ្ញត្តិគ្រួសារយុទ្ធជនពលី ...។ នៅ ខេត្ត Cao Bang ស្ថាប័នគ្រប់លំដាប់ថ្នាក់ និងអង្គការមហាជនបានចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារគោលនយោបាយ និងជនមានគុណូបការៈក្នុងខេត្ត។ លោកស្រី Hoang Thi My Hao ប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ច Cao Bang បានឲ្យដឹងថា៖ “ ថ្វីត្បិតតែជាខេត្តដែលមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែជារៀងរាល់ឆ្នាំ Cao Bang នៅតែចំណាយថវិកាជាង ១០ ពាន់លានដុង ដើម្បីទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់មុខសញ្ញាគោលនយោបាយ។ ទោះបីជាមានការលំបាកផ្នែកសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែទស្សនៈរបស់ខេត្តគឺធ្វើយ៉ាងម៉េចដើម្បីប្រជាជនដែលមានគុណូបការៈ ត្រូវមានជីវភាពរស់នៅយ៉ាងហោចណាស់ស្មើនឹងកម្រិតជីវភាពរបស់ប្រជាជនក្នុងតំបន់ផងដែរ”។
សមាជិកសម្ព័ន្ធយុវជនឃុំ Nghien Loan ស្រុក Pac Nam ខេត្ត Bac Kan បានចូលរួមជួយគ្រួសារគោលនយោបាយដាំស្រូវនារដូវក្តៅ។ រូបថត៖ VOV |
អំណោយទានជូនចំពោះជនមានគុណូបការៈគឺជាគោលនយោបាយអនុគ្រោះពិសេស របស់វៀតណាម
អំណោយទានជូនប្រជាជនមានគុណូបការៈចំពោះបដិវត្តន៍ គឺជាគោលនយោបាយអនុគ្រោះពិសេសដែលបង្កប់នូវគុណធម៌ “ផឹកទឹក នឹកដល់ប្រភពដើម” របស់បក្សនិងរដ្ឋ សសម្រាប់អ្នកដែលបានពលីជីវិត និងលះបង់ដើម្បីបុព្វហេតុបដិវត្តន៍។ រហូតមកដល់ពេលនេះ ប្រទេសទាំងមូលបានបញ្ជាក់ពីប្រជាជនជាង ៩,២ លាននាក់ដែលមានគុណូបការៈ ដែលក្នុងនោះប្រជាជនជាង ១,៣ លាននាក់មានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ។ ក្នុងមួយឆ្នាំៗ មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ច ផ្តល់ប្រាក់បំណាច់មួយដង ពី ៦ ទៅ ៨ពាន់ករណី ដោយបញ្ជូនជនមានគុណូបការៈជាង ៥៨ម៉ឺននាក់ ទៅសម្រាកលំហែកាយថែទាំសុខភាពជាប្រចាំ។ កម្រិតស្ដង់ដារនៃប្រាក់ឧបត្ថម្ភ និងប្រាក់ជំនួយអនុគ្រោះសម្រាប់អ្នកដែលមានគុណូបការៈត្រូវកើនឡើងស្របតាមដំណើការកែសម្រួលប្រាក់ខែគោល។ ថ្មីៗនេះ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ រដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៥៥ ដោយកំណត់កម្រិតស្តង់ដារប្រាក់ឧបត្ថម្ភអនុគ្រោះ សម្រាប់ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍បានកើនឡើងពី ១.៦២៤.០០០ ដុង ទៅ ២.០៥៥.០០០ ដុង។ ជាទូទៅ ក្នុងអំឡុងដំណាក់កាល ២០១២-២០២២ បក្សនិងរដ្ឋបានចំណាយថវិកាជាង ៣៥៧ ពាន់ពាន់លានដុង ដើម្បីអនុវត្តរបបគោលនយោបាយសម្រាប់ប្រជាជនដែលមានគុណូបការៈ និងសាច់ញាតិព្រមទាំងក្រុមគ្រួសារជនមានគុណូបការៈ។
យុវវ័យនគបាលខេត្ត Cao Bang បោះសម្អាតឈាបនដ្ឋានយុទ្ធជនពលី។ រូបថត៖ VOV |
រហូតមកដល់ពេលនេះ ៩៩% នៃគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍ មានកម្រិតជីវភាពស្មើ ឬខ្ពស់ជាងកម្រិតជីវភាពមធ្យមរបស់ប្រជាជននៅក្នុងស្រុក ហើយចំនួន ៩៩% នៃឃុំ និងសង្កាត់បានបំពេញល្អរបបយុទ្ធជនពិការ និងយុទ្ធជនពលី។ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Nguyen Ba Hoan បានឲ្យដឹងថា៖ “ការងារសង្គមភាវូបនីយកម្មចំពោះការថែទាំ ចិញ្ចឹមបីបាច់ជនមានគុណូបការៈត្រូវបានអនុវត្តន៍យ៉ាងល្អគួរឲ្យកត់សម្គាល់។ ការកៀរគរអង្គការសង្គម និងហិរញ្ញប្បទានជួយរួមចំណែកថែទាំជនមានគុណូបការៈ បម្រើនិងថែទាំដល់វីរៈអ្នកម្តាយវៀតណាម បន្ទាប់មកថែទាំឈាបនដ្ឋាននិងទីសក្ការៈបូជាយុទ្ធជនពលី នៅតាមមូលដ្ឋានមួយចំនួន ត្រូវបានអនុវត្តដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពីស្បុរសជន ធុរកិច្ច និងបុគ្គលនានា។ ក្នុងឱកាសនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ និងបានចំណាយប្រាក់រាប់រយពាន់លានដុងពីថវិកាមជ្ឈិម និងមូលដ្ឋាន រួចគៀងគរពីប្រភពផ្សេងៗតាមរយៈរណសិស្សមាតុភូមិវៀតណាម សមាគម សហគ្រិន ដើម្បីថែទាំ ចិញ្ចឹមបីបាច់ថែរក្សាជនមានគុណូបការៈ”។
អំណោយទានជូនប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ គោលនយោបាយពិសេសរបស់បក្ស និងរដ្ឋវៀតណាម ត្រូវបានអនុវត្តយ៉ាងទូលំទូលាយក្នុងរយៈពេល ៧៦ ឆ្នាំកន្លងមក។ ការយកចិត្តទុកដាក់លើជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់បក្ស និងរដ្ឋជូនប្រជាជនដែលមានគុណូបការចំពោះបដិវត្តន៍ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខសង្គម ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ៕