អង្គការសហប្រជាជាតិឆ្ពោះទៅកែទម្រង់និងបង្កើតរូបរាងអនាគតថ្មី

Chia sẻ

(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី១០ ខែកញ្ញា បានបើកសម័យប្រជុំពេញអង្គលើកទី១ នៃនីតិកាលទី ៧៩ ដោយមានការប្តេជ្ញាចិត្តកែទម្រង់ និងធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់បន្ថែមទៀត ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានាអំពីសន្តិភាព និងសន្តិសុខ បរិស្ថាន និងអភិបាលកិច្ចសកល។

អង្គការសហប្រជាជាតិឆ្ពោះទៅកែទម្រង់និងបង្កើតរូបរាងអនាគតថ្មី - ảnh 1មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩។ (រូបថត៖ UN)

នីតិកាលទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA-៧៨) បានបញ្ចប់នៅថ្ងៃទី ១០ ខែកញ្ញានៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។ នាថ្ងៃដដែល (១០ កញ្ញា) នីតិកាលទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានបើកជាផ្លូវការដោយមានប្រធានថ្មីគឺលោក ហ្វីលេម៉ុន យ៉ាង សញ្ជាតិកាមេរូន។

ឆ្នាំនៃការប្រែប្រួលរបស់អង្គការសហប្រជាជាតិ

នៅក្នុងសុន្ទរកថានៅក្នុងសម័យបិទនីតិកាលទី ៧៨ មហាសន្និបាតអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិទើបតែបានឆ្លងកាត់រយៈពេលមួយឆ្នាំនៃចលាចលដ៏ខ្លាំងនៅពេលដែលភាពក្រីក្រ វិសមភាពសង្គម និងជម្លោះបានកើតឡើងនៅទីកន្លែងជាច្រើនលើពិភពលោក ហើយនេះក៏ជាឆ្នាំក្តៅបំផុតដែលផែនដីធ្លាប់ជួបប្រទះផងដែរ។ ជម្លោះនៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងកម្លាំងហាម៉ាស់ ដែលបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន នៅតែស្ថិតក្នុងភាពជាប់គាំងនៅឡើយ ខណៈដែលជម្លោះនៅអ៊ុយក្រែន ហៀបនឹងឈានចូលឆ្នាំទីបី។ លើសពីនេះ សង្គ្រាមស៊ីវិលនៅស៊ូដង់ កុបកម្មនៅប្រទេសហៃទី និងហានិភ័យនៃជម្លោះកាន់តែកើនឡើង នៅក្នុងតំបន់ជាច្រើនទៀតលើពិភពលោក បានដាក់អង្រែករក្សាសន្តិភាព និងសន្តិសុខលើអង្គការសហប្រជាជាតិ។ យោងតាមប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៨ (UNGA-៧៨) លោក Dennis Francis វាមិនមែនជាការបំផ្លើសទេ នៅពេលនិយាយថាការខូចខាតដែលបង្កឡើងដោយមនុស្សជុំវិញពិភពលោកកាលពីឆ្នាំមុន គឺលើសពីការស្រមៃ ដែលបង្ខំឱ្យអង្គការសហប្រជាជាតិ ត្រូវកែលម្អខ្លួនឯងដើម្បីអាចឆ្លើយតបនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញទាំងនេះ។

“អង្គការសហប្រជាជាតិត្រូវបានហាត់ពត់លត់ដំក្នុងផ្សែងភ្លើងនៃសង្រ្គាមធំចំនួនពីរ ជាមួយនឹងសម្បថយ៉ាងស្មោះត្រង់អំពីការការពារមនុស្សជំនាន់ក្រោយពីគ្រោះមហន្តរាយនៃសង្រ្គាម។ ដូច្នេះ អង្គការសហប្រជាជាតិ ត្រូវតែឈានឡើង ដើម្បីបំពេញតាមការទាមទារខ្ពស់បំផុត និងបំពេញបេសកកម្មរបស់ខ្លួនក្នុងការរក្សាសន្តិភាព និងសន្តិសុខ ក្នុងបរិបទដែលជម្លោះបានរីករាលដាលពីអ៊ុយក្រែន និងហៃទីទៅកាន់មជ្ឈិមបូព៌ា និងអាហ្វ្រិក”។

អង្គការសហប្រជាជាតិឆ្ពោះទៅកែទម្រង់និងបង្កើតរូបរាងអនាគតថ្មី - ảnh 2អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម។ (រូបថត៖ Reuters)

ដោយចែករំលែកក្តីបារម្ភនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា ប្រទេសនានាចាំបាច់ត្រូវមានការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សា និងជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយមហិច្ឆិតា ដែលបានអនុម័តពីមុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ ប្រធានអង្គការពហុភាគីដ៏សំខាន់បំផុតរបស់ពិភពលោកក៏បានសង្កត់ធ្ងន់ថា នៅក្នុងនីតិកាលទី ៧៨ កន្លងទៅ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីប្រកាសនយោបាយនៅក្នុងកិច្ចប្រជុំកំពូល SDG កាលពីខែកញ្ញាឆ្នាំមុន។ ព្រឹត្តិការណ៍នេះបង្ហាញថា ការសម្រេច SDGs ទាំង ១៧ គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់ ហើយប្រទេសទាំងអស់ត្រូវចាត់ទុកនេះជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសន្ទនា ដើម្បីជៀសវាងការរុញប្រព័ន្ធអន្តរជាតិឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពដួលរលំ។

“អង្គការសហប្រជាជាតិ ក៏ដូចជាប្រព័ន្ធពហុភាគី ត្រឹមតែដំណើរការប្រកបដោយប្រសិទ្ធភាព លុះត្រាតែប្រទេសជាសមាជិកមានការសន្យាដូចគ្នា។ បញ្ហាប្រឈមដែលមនុស្សជាតិកំពុងប្រឈមមុខនោះមិនមែនថាមិនអាចជំនះបានទេ ប្រសិនបើយើងសហប្រតិបត្តិការជាមួយគ្នា”។

កែទម្រង់និងឆ្ពោះទៅអនាគត

នៅថ្ងៃបិទនីតិកាលទី ៧៨ (ថ្ងៃទី១០ ខែកញ្ញា) មហាសន្និបាតអង្គការសហប្រជាជាតិក៏បានបើកសម័យប្រជុំដំបូងនៃនីតិកាលទី៧៩ (UNGA-៧៩) ផងដែរ។ យោងតាមថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ ភារកិច្ចសំខាន់បំផុតទាំងពីររបស់ UNGA-៧៩ គឺជំរុញការកែទម្រង់ដ៏ខ្លាំងក្លារបស់អង្គការសហប្រជាជាតិ និងការកំណត់រូបរាងអនាគតរួមរបស់ពិភពលោក តាមរយៈកិច្ចប្រជុំកំពូលអនាគតដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក។)

ទាក់ទងនឹងកំណែទម្រង់របស់អង្គការសហប្រជាជាតិ បញ្ហាធំបំផុតនោះគឺការផ្លាស់ប្តូរចំនួនសមាជិក និងយន្តការបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខ ដែលជាស្ថាប័នដ៏មានអំណាចខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ ដែលប្រទេសជាសមាជិកអចិន្ត្រៃយ៍ទាំង ៥ (សហរដ្ឋអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន) មានសិទ្ធិវេតូ។ មុនពេល UNGA-៧៩ ធ្វើឡើង ប្រទេស អង្គការអន្តរជាតិ និងមេដឹកនាំអង្គការសហប្រជាជាតិជាច្រើន រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបន្តអំពាវនាវជាបន្តបន្ទាប់ឱ្យមានការបង្កើនចំនួនសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែត្រឹមត្រូវអំពីសណ្តាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ ព្រមទាំងផ្ដល់អំណាចបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងក្បាលម៉ាស៊ីនធ្វើការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ជាពិសេសគឺការបែងចែកអាសនៈអចិន្ត្រៃយ៍ដល់ទ្វីបអាហ្វ្រិកនៅក្រុមប្រឹក្សាសន្តិសុខ។ កាលពីថ្ងៃទី១៣ ខែកញ្ញា សហរដ្ឋអាមេរិកបានប្រកាសពីការគាំទ្រចំពោះសំណើនេះ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានមានប្រសាសន៍ថា៖

“ក្រោពីអាសនៈសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខសម្រាប់បណ្តាប្រទេសអាហ្វ្រិក សហរដ្ឋអាមេរិកគាំទ្រការបង្កើតអាសនៈសមាជិកអចិន្ត្រៃយ៍ចំនួនពីរបន្ថែមទៀតសម្រាប់ទ្វីបអាហ្វ្រិក។ នេះជាប្រការដែលដៃគូអាហ្វ្រិករបស់យើងខ្ញុំសំណូមពរ ហើយយើងខ្ញុំជឿថា នេះជារឿងត្រឹមត្រូវ”។

ក្រៅពីទ្វីបអាហ្រ្វិក ប្រទេសមួយចំនួនដូចជាឥណ្ឌា ជប៉ុន ប្រេស៊ីល អាល្លឺម៉ង់... ក៏ទទួលបានការគាំទ្រច្រើនសម្រាប់ការកាន់អាសនៈអចិន្ត្រៃយ៍ក្នុងក្រុមប្រឹក្សាសន្តិសុខ ទោះបីជាពួកគេអាចនៅពីក្រោយទ្វីបអាហ្រ្វិកតាមលំដាប់អាទិភាពក៏ដោយ។ ក្នុងពេលជាមួយគ្នានោះ ការផ្លាស់ប្តូរយន្តការបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខដើម្បីដាក់កំហិតលើអំណាចនៃការបោះឆ្នោតវេតូត្រូវបានគេព្យាករណ៍ថា នឹងមានភាពស្មុគស្មាញច្រើន ដោយសារតែការប្រឆាំងពីសមាជិកអចិន្ត្រៃយ៍មួយចំនួននៃក្រុមប្រឹក្សាសន្តិសុខ៕

ប្រតិកម្មទៅវិញ