សហភាពអឺរ៉ុបនិងបញ្ហាប្រឈមចំពោះការផ្លាស់ប្ដូរថ្មី ៣០ ឆ្នាំក្រោយពីសន្ធិសញ្ញា Maastricht

Chia sẻ

(VOVWORLD) - ៣០ ឆ្នាំក្រោយពីសន្ធិសញ្ញា Maastricht ចូលជាធរមាន (ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣) ដែលនាំឲ្យសហគមន៍អ៊ឺរ៉ុបក្លាយទៅជាសហភាពអឺរ៉ុបដែលមានសេដ្ឋកិច្ចខ្លាំងមាំមួន ហើយមានឥទ្ធិពលនយោបាយជាសកលនោះ ប្លុកនេះកំពុងប្រឈមមុខនឹងការទាមទារឲ្យត្រូវតែកែទម្រង់លើគ្រប់ជ្រុងជ្រោយ និងដាច់ខាត ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ។

សហភាពអឺរ៉ុបនិងបញ្ហាប្រឈមចំពោះការផ្លាស់ប្ដូរថ្មី ៣០ ឆ្នាំក្រោយពីសន្ធិសញ្ញា Maastricht - ảnh 1រដ្ឋមន្ត្រីអឺរ៉ុបបានចុះហត្ថលេខាលើសន្ធិសញ្ញា Maastricht ក្នុងឆ្នាំ ១៩៩២។
(រូបថត៖ Independent)

សន្ធិសញ្ញា Maastricht ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ១៩៩២ ប៉ុន្តែចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។ នេះគឺជាឯកសារប្រវត្តិសាស្ត្រមួយ ដែលប្រែក្លាយមហិច្ឆតារបស់មេដឹកនាំអឺរ៉ុបជំនាន់មុនៗ ទៅជាការពិត នោះគឺកសាងអឺរ៉ុបទៅជាសហភាពសេដ្ឋកិច្ច-នយោបាយដ៏ឯកភាពមួយ មិនត្រឹមតែឈប់នៅការចែករំលែកទីផ្សាររួមប៉ុណ្ណោះទេ។

៣០ ឆ្នាំនៃការអភិវឌ្ឍគួរឲ្យកត់សម្គាល់

៣០ ឆ្នាំក្រោយពីការចាប់បដិសន្ធិមក សហភាពអឺរ៉ុប (EU) មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ នៅពេលសន្ធិសញ្ញា Maastricht ចូលជាធរមាន (ខែវិច្ឆិកា ១៩៩៣) EU មានប្រទេសសមាជិកចំនួន ១២ ដែលមានផលិតផលក្នុងស្រុកសរុប (GDP) ជាង ៦,៧ ទ្រីលានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ សហភាពអឺរ៉ុបបានកើនឡើងជិត ២,៥ ដងទាំងចំនួនសមាជិក (ប្រទេសចំនួន ២៧) និងកម្លាំងសេដ្ឋកិច្ច នៅពេលដែល GDP នៃប្លុកនេះគិតត្រឹមចុងឆ្នាំមុនសម្រេចបានជាង ១៦,៦ ទ្រីលានដុល្លារអាមេរិក។

គម្រោងប្រកបដោយមហិច្ឆតាដែល EU បានដាក់ចេញ កាលពី៣ទសវត្សរ៍មុនភាគច្រើនត្រូវបានអនុវត្តន៍រួចរាល់។ ក្តីស្រមៃនៃការកសាងរូបិយប័ណ្ណអឺរ៉ុបរួម បានក្លាយជាការពិតនៅក្នុងឆ្នាំ ២០០២ នៅពេលដែលប្រាក់អឺរ៉ូត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយជំនួសបន្តិចម្តងៗនឹងរូបិយប័ណ្ណជាតិនៃប្រទេសនានា ហើយសព្វថ្ងៃនេះបានក្លាយជារូបិយប័ណ្ណរួមរបស់ប្រទេសសមាជិក EU ចំនួន ២០ ហើយជារូបិយប័ណ្ណខ្លាំងទី២លើពិភពលោកបន្ទាប់ពីប្រាក់ដុល្លារអាមេរិក (USD)។

សញ្ញាសម្គាល់ដ៏សំខាន់មួយទៀតរបស់ EU ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងទៅ គឺការសម្រេចបាននូវគោលគំនិតអំពី "ពលរដ្ឋអឺរ៉ុប"។ ពលរដ្ឋជាង ៤០០ លាននាក់នៃប្រទេស EU ទាំងអស់ ឥឡូវនេះមានសេរីភាពក្នុងការផ្លាស់ទីដោយគ្មានការរារាំងនៅក្នុងដែនដី EU ទាំងស្រុង អាស្រ័យដោយមានកិច្ចព្រមព្រៀង Schengen (មានសុពលភាពចាប់ពីឆ្នាំ ១៩៩៥) ដែលបានជួយលុបបំបាត់របាំងព្រំដែនរវាងបណ្តាប្រទេស EU ហើយអនុញ្ញាតឲ្យចាយរូបិយប័ណ្ណរួមគឺប្រាក់អឺរ៉ូ និងមានសេរីភាពក្នុងការរស់នៅ ធ្វើការនៅក្នុងប្រទេស EU ផ្សេងទៀត ដោយសារការកែទម្រង់យុត្តិធម៌រួមរបស់ប្លុក។

សំខាន់ជាងនេះទៅទៀត ជោគជ័យដ៏ធំបំផុតរបស់ EU ចាប់តាំងពីការអនុវត្តសន្ធិសញ្ញា Maastricht មក ប្រហែលជាប្លុកនេះបានពង្រីកលំហភូមិសាស្ត្រ និងនយោបាយរបស់ខ្លួន។ ប្រទេសថ្មីចំនួន ១៦ បានចូលជាសមាជិក EU ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមក ហើយទោះបីជាព្រឹត្តិការណ៍ Brexit (២០១៦) បានអង្រួនប្លុកនេះអស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ប៉ុន្តែការចូលជាសមាជិក EU នៅតែជាការទាក់ទាញដ៏ធំសម្រាប់ប្រទេសរាប់សិបផ្សេងទៀតនៅអឺរ៉ុបខាងកើត និងតំបន់ Balkan ខាងលិចនាបច្ចុប្បន្ន។ ប្រទេសទាំងនេះប្រហែលជាបានមើលឃើញនូវអ្វីៗដែលបានកើតឡើងនៅបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល-បូព៌ា ដែលបានចូលជាសមាជិក EU មុននោះ នៅពេលដែលសមាជិកភាព EU បានជំរុញការកែទម្រង់សង្គមគ្រប់ជ្រុងជ្រោយ ហើយនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដ៏ថ្កុំថ្កើង។ ឧទាហរណ៍គឺប្រទេសប៉ូឡូញ ដែលបានកត់ត្រាថា GDP របស់ខ្លួនកើនឡើងជិតបីដងចាប់តាំងពីបានចូលជាសមាជិក EU នៅឆ្នាំ២០០៤។

កសាងសហភាពអឺរ៉ុបថ្មីដែលមានប្រសិទ្ធភាពនិងជាក់ស្តែងជាងមុន

អាស្រ័យលើជោគជ័យដ៏ធំក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ EU បានពង្រឹងតួនាទីរបស់ខ្លួនជាប៉ូលអំណាចមួយនៅលើពិភពលោក ហើយក្លាយជាគំរូ អង្គការតំបន់ដ៏ល្អឥតខ្ចោះ។ ទោះជាយ៉ាងណាក៏ដោយ វិបត្តិធំៗបានវាយលុកអឺរ៉ុបជាបន្តបន្ទាប់ក្នុងរយៈពេលជាង ១ ទសវត្សរ៍កន្លងមក ចាប់ពីវិបត្តិបំណុលសាធារណៈ (២០០៩-២០១២) វិបត្តិជនភៀសខ្លួន (២០១៥) Brexit (២០១៦) រហូតដល់ជំងឺរាតត្បាតជំងឺកូវីដ-១៩ (២០២០-២០២១) ហើយថ្មីៗនេះ គឺជម្លោះរុស្ស៊ី-អ៊ុយក្រែនបានបង្ខំមេដឹកនាំអឺរ៉ុបឱ្យពិភាក្សាជាបន្ទាន់អំពីការកែទម្រង់គ្រប់ជ្រុងជ្រោយនូវសន្ធិសញ្ញាសសរស្តម្ភរបស់ EU តាមនោះកសាង EU ថ្មីមួយជាមួយនឹងស្ថាប័ននិងយន្តការប្រតិបត្តិការថ្មីដែលមានប្រសិទ្ធភាពនិងលឿនជាងមុន។

សហភាពអឺរ៉ុបនិងបញ្ហាប្រឈមចំពោះការផ្លាស់ប្ដូរថ្មី ៣០ ឆ្នាំក្រោយពីសន្ធិសញ្ញា Maastricht - ảnh 2អធិការបតីអាល្លឺម៉ង់លោក Olaf Scholz។ (រូបថត៖ AFP/TTXVN)

កំណែទម្រង់មួយក្នុងចំណោមកំណែទម្រង់ដ៏សំខាន់បំផុត ដែលត្រូវបានគេឆ្ពោះទៅរកនោះ គឺយន្តការធ្វើសេចក្តីសម្រេចរបស់ EU។ យោងតាមមាត្រានៃសន្ធិសញ្ញា Maastricht ហើយក្រោយមកត្រូវបានកែសម្រួលក្នុងសន្ធិសញ្ញា Lisbon (២០០៧) EU ប្រតិបត្តិការលើយន្តការឯកឆន្ទចំពោះប្រធានបទសំខាន់ៗភាគច្រើនដូចជា៖ ពន្ធ ថវិកា គោលនយោបាយកិច្ចការបរទេស ... ដូច្នេះប្រទេសសមាជិកណាមួយក៏អាចទប់ស្កាត់ការសម្រេចចិត្តទាំងស្រុងរបស់ប្លុក ប្រសិនបើមានការខ្វែងគំនិត។ រឿងនេះបានកើតឡើងជាច្រើនលើកច្រើនសារជាមួយ EU នៅពេលដែលប្រទេសមួយចំនួនបានបោះឆ្នោតវេតូលើការបែងចែកជនភៀសខ្លួនក្នុងឆ្នាំ ២០១៥ ឬរារាំង EU ពីការផ្ដល់ជំនួយដល់អ៊ុយក្រែននាពេលថ្មីៗនេះ។ យោងតាមអធិការបតីអាល្លឺម៉ង់លោក Olaf Scholz យន្តការឯកឆន្ទនេះត្រូវការជំនួស៖

“កំណែទម្រង់ត្រូវតែអនុវត្តន៍ ជាពិសេសចំពោះរចនាសម្ព័ន្ធធ្វើសេចក្តីសម្រេចរបស់ប្លុក។ ខ្ញុំបានបញ្ជាក់ម្តងហើយម្តងទៀតយ៉ាងច្បាស់ថា ការរក្សាយន្តការឯកឆន្ទក្នុងការសម្រេចចិត្តលើបញ្ហានានាដូចជាគោលនយោបាយកិច្ចការបរទេស ឬគោលនយោបាយពន្ធដូចពីមុន គឺមិនអាចទទួលយកបានទៀតទេ។ អឺរ៉ុបចាំបាច់ត្រូវមានលទ្ធភាពធ្វើការសម្រេចចិត្តដោយផ្អែកលើប្រព័ន្ធភាគច្រើន។ មានធ្វើដូច្នេះ ទើបអធិបតេយ្យភាព និងសមត្ថភាពធ្វើសកម្មភាពរបស់អឺរ៉ុបអាចត្រូវបានធានា”។

ក្រៅពីយន្តការឯកឆន្ទ ការកែទម្រង់រចនាសម្ព័ន្ធបែងចែកអំណាចរវាងប្រទេសសមាជិកនៅក្នុងសភាអឺរ៉ុប និងគណៈកម្មាធិការអឺរ៉ុបក៏នឹងជាបញ្ហាប្រឈមដ៏ធំផងដែរ។ បច្ចុប្បន្ននេះ យោងតាមសន្ធិសញ្ញានានារបស់ EU ចំនួនអាសនៈនៃប្រទេស EU មួយក្នុងសភាអឺរ៉ុប ត្រូវបានបែងចែកដោយផ្អែកលើចំនួនប្រជាជនរបស់ប្រទេសនោះ ខណៈដែលនៅក្នុងគណៈកម្មាធិការអឺរ៉ុបវិញ ប្រទេសនីមួយៗនឹងកាន់តំណែងជាសមាជិកគណៈកម្មាធិការមួយ (សមាជិកសរុបចំនួន ២៧ រូប)។ ទោះជាយ៉ាងណាក៏ដោយ យន្តការនេះទំនងជាមិនអាចរក្សាបាន នៅពេលដែលចំនួនប្រទេសសមាជិក EU កើនឡើង ដោយសារតែសភាអឺរ៉ុបមិនអាចមានសមាជិកសភាលើសពី ៧៥១ នាក់ ដែលជាចំនួនអតិបរមាដូចដែលបានចែងក្នុងសន្ធិសញ្ញា Lisbon។ ប្រហាក់ប្រហែលនេះដែរ គណៈកម្មាធិការអឺរ៉ុបក៏ទំនងជាមិនអាចបង្កើតគណៈកម្មាធិការថ្មីៗ ដើម្បីប្រគល់ឲ្យប្រទេសសមាជិកថ្មីទទួលបន្ទុកបាននោះឡើយ ព្រោះវានឹងបណ្ដាលឱ្យក្បាលម៉ាស៊ីនសំពីងសំពោង និងគ្មានប្រសិទ្ធភាព។

នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ EU ត្រូវបង្ខំឱ្យធ្វើកំណែទម្រង់យ៉ាងដាង់ខាតនិងគ្រប់ជ្រុងជ្រោយ ហើយយោងតាមអ្នកជំនាញជាច្រើន ៣០ ឆ្នាំក្រោយពីសន្ធិសញ្ញា Maastricht បានដល់ពេលហើយដើម្បីសហភាពអឺរ៉ុបកសាងសន្ធិសញ្ញាថ្មីមួយ តាមនោះបង្កើតសហភាពមួយដែលមានយន្តការប្រតិបត្តិការជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពជាងមុន ឆ្លើយតបនឹងតម្រូវការនៃអឺរ៉ុបចម្រុះមួយដោយមានល្បឿនអភិវឌ្ឍន៍ផ្សេងៗគ្នា៕

ប្រតិកម្មទៅវិញ