ប្រភព៖ Pinterest |
របាយការណ៍របស់ក្រុមហ៊ុន Google, Temasek និង Bain & Company បានបង្ហាញថា ឆ្នាំ ២០២០ ទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់វៀតណាម ឈរលំដាប់ទី ៣ នៅអាស៊ីអាគ្នេយ៍ ដោយសម្រេចបាន ៧ ពាន់លានដុល្លារអាមេរិក ហើយគ្រាន់តែនៅពីក្រោយឥណ្ឌូណេស៊ី (៣២ ពាន់លានដុល្លារ) និងថៃ (៩ ពាន់លានដុល្លារ) តែប៉ុណ្ណោះ។ Google ព្យាករណ៍ថា ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមដល់ឆ្នាំ ២០២៥ អាចទទួលបានអត្រាកំណើនខ្ពស់បំផុតនៅក្នុងតំបន់ ប្រហែល ៣៤%។ ជាមួយនឹងអត្ថប្រយោជន៍នៃការចំណាយទាប ប៉ុន្តែតភ្ជាប់បានទៅនឹងទីផ្សារពិភពលោក ពាណិជ្ជកម្មអេឡិចត្រូនិចទំនងជានិន្នាការដែលកំពុងអភិវឌ្ឍន៍នៅក្នុងបរិបទបច្ចុប្បន្ន។
បញ្ហាចោទឡើងគឺថា ប្រសិនបើអ្នកមិនអនុវត្តន៍បច្ចេកវិទ្យាឌីជីថលយ៉ាងឆាប់រហ័សនោះ ការនាំចូលនិងនាំចេញនៅតែជាទីលានដោយឡែករបស់សហគ្រាសទ្រង់ទ្រាយធំៗ ខណៈដែល អាជីវកម្មភាគច្រើននៅវៀតណាម មានទ្រង់ទ្រាយតូចនិងមធ្យម ហើយមិនទាញយកអត្ថប្រយោជន៍ពីឱកាសថ្មីៗទាល់តែសោះ។ បច្ចុប្បន្ន នៅតែមានអាជីវកម្មជាច្រើន ជាពិសេសសហគ្រាសធុនតូចនិងមធ្យមនៅវៀតណាម មិនចាប់អារម្មណ៍នឹងដំណើរការផ្លាស់ប្តូរឌីជីថលឬពិបាកនៅពេលអនុវត្តន៍។
មូលហេតុគឺដោយសារ សហគ្រាសធុនតូចនិងមធ្យមរបស់វៀតណាម មិនសូវមានឱកាសក្នុងការទទួលបានបច្ចេកវិទ្យាឌីជីថល មិនទាន់បានបំពាក់ដោយផ្នត់គំនិតអាជីវកម្មនៅលើវេទិកាឌីជីថល កង្វះការយល់ដឹងពីចំណង់ចំណូលចិត្តរបស់អតិថិជនក៏ដូចជា កង្វះយុទ្ធសាស្រ្តអាជីវកម្មលើមូលដ្ឋានឌីជីថលផងដែរ។
លោក Do Hoang Hai នាយកក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Wincom បាននិយាយថាតាមពិត បច្ចុប្បន្ននេះ មានអង្គភាពអាជីវកម្មជាច្រើន កំពុងជួបប្រទះបញ្ហា ក្នុងការកំណត់គោលដៅផ្លាស់ប្តូរឌីជីថល ហើយមិនដឹងថាត្រូវចាប់ផ្តើមពីចំណុចណា? ដើម្បីដោះស្រាយបញ្ហានេះ យោងទៅតាមលោក Do Hoang Hai គឺគួរតែមានគំរូអភិវឌ្ឍន៍ជាក់លាក់អំពីការផ្លាស់ប្តូរឌីជីថលនេះ។
“ការផ្លាស់ប្តូរឌីជីថលបានប្រព្រឹត្តទៅយ៉ាងខ្លាំងនៅក្នុងប្រទេសផ្សេងៗ ដូចជាសិង្ហបុរី ម៉ាឡេស៊ីនិងថៃ។ រដ្ឋាភិបាលរបស់ប្រទេសទាំងនោះ តែងតែមានកម្មវិធីជាក់លាក់ជាច្រើន ដើម្បីជួយដល់អង្គភាពអាជីវកម្មលើសមត្ថភាព ជួយពួកគេទាក់ទងផ្ទាល់នឹងទីផ្សារ រហូតដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ជាដើម។ ដូច្នេះ ទំនងជានាពេលអនាគតដ៏ខ្លីខាងមុខ វៀតណាមនិងតំបន់ក៏នឹងមើលឃើញមានបញ្ហាច្បាស់លាស់ផងដែរ ពោលគឺអង្គភាពអាជីវកម្ម ចាំបាច់ត្រូវមានទិសដៅអនុវត្តជាក់ស្តែង”។ នេះបើយោងតាមលោក Do Hoang Hai។
លោក Nguyen Ngoc Dung អនុប្រធានសមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម (រូបថត៖ cafef.vn) |
លោក Nguyen Ngoc Dung អនុប្រធានសមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមបានអះអាងថា ពាណិជ្ជកម្មអេឡិចត្រូនិកគឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយសំខាន់ៗ ដើម្បីជួយដល់សកម្មភាពរបស់អង្គភាពអាជីវកម្មរបស់សហគ្រាស។ ហេតុដូច្នេះ ការផ្លាស់ប្តូរឌីជីថលនៅក្នុងសហគ្រាសជាកត្តាចាំបាច់ ដើម្បីបំពេញតាមតម្រូវការថ្មីនាពេលបច្ចុប្បន្ននេះ៖ “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយកម្មវិធីសម្រាប់សកម្មភាពទិញឥវ៉ាន់ ក៏ដូចជាការធ្វើអន្តរកម្មតាមរយៈឧបករណ៍ចល័តនិងស្មាតហ្វូន គឺការផ្លាស់ប្តូរត្រូវតែបន្សាំទៅនឹងខ្លឹមសារទាំងអស់។ ដូច្នេះ អាជីវកម្មមិនត្រឹមតែផ្លាស់ប្តូរក្នុងវិស័យបង្កើតគេហទំព័រ ដើម្បីផ្សព្វផ្សាយផលិតផលប៉ុណ្ណោះទេ ប៉ុន្តែ បរិស្ថានវិទ្យាទាំងមូលសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកក៏ត្រូវផ្លាស់ប្តូរនិងអភិវឌ្ឍទៅក្នុងកម្ពស់ថ្មីផងដែរ ក្នុងនោះមានបញ្ហាភ័ស្តុភារ ការនាំចូលនិងនាំចេញតាមអ៊ិនធឺរណែតក៏ដូចជាការបញ្ជូនទំនិញរបស់យើងក៏ត្រូវតែបំពេញផងដែរ”។
យោងតាមលោក Nguyen Kim Hung នាយកស្តីទីនៃវិទ្យាស្ថានវិទ្យាសាស្ត្រអភិបាលកិច្ចពាណិជ្ជកម្មនិងសេដ្ឋកិច្ចឌីជីថលវៀតណាមថា ដើម្បីគាំទ្រដល់អង្គភាពអាជីវកម្មផ្លាស់ប្តូរឌីជីថល ក្រៅពីយន្តការ គោលនយោបាយមក ប្រភពជំនួយដើម្បីជួយអង្គភាពអាជីវកម្មជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថលខ្លាំងក៏មានសារៈសំខាន់ណាស់ផងដែរ។
“ខ្ញុំមិនដែលឃើញអ្នកណាម្នាក់និយាយអំពីដើមទុនឌីជីថលទេ ធនាគារមិនអោយក្រុមហ៊ុនបច្ចេកវិទ្យាខ្ចីដើមទុនទេ ព្រោះគេមិនដឹងថាវាជាអ្វី ហើយធនាគារក៏មិនអោយក្រុមហ៊ុនធម្មតាខ្ចីដើមទុន ដើម្បីវិនិយោគលើបច្ចេកវិទ្យា។ តើអ្នកណាជាអ្នកផ្តល់ដើមទុនសម្រាប់ប្លុកនោះ ហើយការផ្លាស់ប្តូរឌីជីថលវាត្រូវតែមានប្រភពធនធាន។ ម្យ៉ាងវិញទៀត ដើម្បីឲ្យសហគ្រាសមានមូលនិធិវិនិយោគបច្ចេកវិទ្យា ចាំបាច់ត្រូវធ្វើវិសោធនកម្មនូវក្រឹត្យរបស់រដ្ឋាភិបាល ហើយការផ្លាស់ប្តូរឌីជីថល ត្រូវមានដើមទុនទើបអនុវត្តន៍បានដែរ”។ នេះបើយោងតាមលោក Nguyen Kim Hung។
ទន្ទឹមនឹងប្រភពធនធានមនុស្សបច្ចេកវិទ្យាខ្ពស់ ប្រភពដើមទុនដើម្បីទ្រទ្រង់អង្គភាពអាជីវកម្មផ្លាស់ប្តូរឌីជីថលក៏ជាបញ្ហាដែលត្រូវរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ពិសេស។ ការដែលត្រូវមានដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នេះនឹងជួយឲ្យគោលដៅផ្លាស់ប្តូរឌីជីថលរបស់វៀតណាមក្លាយទៅជាការពិតនាពេលខាងមុខជាពុំខាន៕