សីលធម៌បដិវត្តគឺជាសេចក្តីថ្លៃថ្នូរបំផុត

Chia sẻ

(VOVWORLD) -  អញ្ជើញដឹកនាំសម័យប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការមជ្ឈឹមបក្ស ទទួលបន្ទុកការបង្ការ ប្រ យុទ្ធប្រឆាំងអំពើពុករលួយ ដែលប្រារព្ធនាថ្ងៃទី ២៥ វិច្ឆិកា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានលើកឡើងថា ការដោះស្រាយនិងដាក់វិន័យលើកម្មាភិបាលរាប់រយនាក់រួមទាំងសមាជិកការិយាល័យនយោបាយនិងសមាជិកមជ្ឈឹមបក្សក្នុងអាណត្តិនីតិកាលទី ១២ របស់បក្ស ហាក់ដូចជាការព្រមាននិងជាការដាស់ស្មារតីអញ្ជឹង។ សូម្បីតែនៅពេលដែល សន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ជិតនឹងប្រព្រឹត្តទៅក៏ដោយ ក៏ការងារវិន័យរបស់បក្សនៅតែបន្តបានអនុវត្តន៍ដដែល។

សីលធម៌បដិវត្តគឺជាសេចក្តីថ្លៃថ្នូរបំផុត - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីការប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ២៥ ខែវិច្ឆិកា។

មុននេះ នៅក្នុងសុន្ទរកថានៅឯសន្និបាតកម្មាភិបាលទូទាំងប្រទេស ដើម្បីបូកសរុបការងារត្រៀមរៀបចំមហាសន្និបាតបក្សភាគនៅគ្រប់ជាន់ថ្នាក់ អគ្គលេខាបក្ស ប្រធានរដ្ឋ   លោក Nguyen Phu Trong បានចំណាយពេលច្រើនដើម្បីក្រើនរំលឹកដល់ជួរកម្មាភិបាលស្នូលរបស់បក្ស ឲ្យត្រូវរក្សាសីលធម៌បដិវត្តជានិច្ច ប្រយុទ្ធប្រឆាំងនឹងរាល់ការស្តែងចេញលក្ខណៈបុគ្គល ហើយបំពេញទំនួលខុសត្រូវរបស់ខ្លួន ចំពោះមុខបក្សនិងចំពោះមុខប្រជាជន។ ការរក្សាសីលធម៌បដិវត្តនិងវិន័យបក្ស មិនត្រឹមតែជាកង្វល់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ប៉ុណ្ណោះទេ ថែមទាំងជាការយកចិត្តទុកដាក់រួមរបស់ប្រជាជនវៀតណាមគ្រប់រូបទៀតផង។

រហូតមកដល់បច្ចុប្បន្ននេះ ក្នុងការងាររៀបចំកម្មាភិបាល បក្សកុម្មុយនិស្តវៀតណាមតែងតែផ្តោតលើការបណ្តុះបណ្តាល និងបង្កលក្ខណៈងាយស្រួលសម្រាប់បុគ្គលណាដែលមានទេពកោសល្យ មានគុណធម៌ល្អ ក្នុងការចូលរួមចំណែកជួយប្រទេសជាតិ ប៉ុន្តែក៏មានភាពតឹងរឹងក្នុងការដាក់វិន័យសម្រាប់ករណីរំលោភបំពានច្បាប់ផងដែរ។ អស់រយៈពេលជិត ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មីមក បក្សកុម្មុយនិស្តវៀតណាមបានផ្សព្វផ្សាយនិងដឹកនាំការអនុវត្តសេចក្តីសម្រេចចិត្ត សេចក្តីណែនាំ និងបទបញ្ជា ជាច្រើនលើការងាររៀបចំកម្មាភិបាល។ ហេតុដូច្នេះ បក្សមិនដែលមានជួរកម្មាភិបាលដែលទទួលបានការបណ្តុះបណ្តាលល្អ មានសមត្ថភាព និងមានបរិយាកាសធ្វើការអំណោយផលដូចពេលបច្ចុប្បន្ននោះឡើយ។ ថ្វីត្បិតដូច្នេះក៏ដោយ ក៏មានប្រការគួរឱ្យព្រួយបារម្ភផងដែរ ដោយសារតែការចុះខ្សោយអំពីសតិអារម្មណ៍នយោបាយ សីលធម៌និងរបៀបរស់នៅក្នុងចំណោមកម្មាភិបាលនិងបក្ខជនមួយចំនួនធំ ហើយមិនទាន់ត្រូវបានរុញច្រានថយក្រោយទាល់តែសោះ។

សីលធម៌បដិវត្តគឺជាសេចក្តីថ្លៃថ្នូរបំផុត - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងសុន្ទរកថាបិទសន្និបាតលើកទី ១១ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១២ (រូបថត៖ nhandan.com.vn)

ដូច្នេះ នៅឯសន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ១២ បានចេញសេចក្តីសម្រេចចិត្តស្តីពីការពង្រឹងការកសាងនិងកែសម្រួលបក្ស ដោយរាំងស្កាត់និងរុញថយក្រោយការចុះខ្សោយនៃសតិអារម្មណ៍នយោបាយ ក្រមសីលធម៌ របៀបរស់នៅ ផ្ទៃក្នុង។ ភារកិច្ចនិងដំណោះស្រាយដែលត្រូវអនុវត្តយ៉ាងតឹងរឹង គឺ “រឹតបន្តឹងវិន័យក្នុងបក្ស អនុវត្តយ៉ាងម៉ឺងម៉ាត់គោលការណ៍នៃអង្គការបក្ស  បក្ខជនល្មើសច្បាប់ត្រូវដាក់វិន័យយ៉ាងឆាប់រហ័ស ធានាភាពត្រឹមត្រូវ តម្លាភាពនិងយុត្តិធម៌”។ ដោយមានការបញ្ជាណែនាំពីគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ លេខាធិការដ្ឋាន ដោយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ដឹកនាំផ្ទាល់នោះ ការងារកសាងនិងកែតម្រូវបក្ស ត្រូវបានអនុវត្តយ៉ាងខ្លាំងក្លានិងខ្ជាប់ខ្ជួន។ ករណីស្មុគស្មាញជាច្រើន និងអូសបន្លាយរយៈពេលវែង  ក៏ត្រូវបាននាំយកបំភ្លឺម្តងមួយៗ ហើយដោះស្រាយត្រឹមត្រូវ។  

អញ្ជើញថ្លែងនៅក្នុងសុន្ទរកថាបិទនៃសន្និបាតលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២ នៅពេលលើកឡើងពីការដាក់វិន័យកម្មាភិបាល អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “ជាការឈឺចាប់ណាស់ ប៉ុន្តែមិនអាចមិនធ្វើបានឡើយ គ្មានវិធីផ្សេងទៀតទេ! ទាំងអស់នេះ សម្រាប់បុព្វហេតុរួមរបស់បក្ស របស់ប្រទេសជាតិនិងរបស់ប្រជាជន។ នេះគឺជាមេរៀនដ៏ជ្រាលជ្រៅ និងមេរៀនថ្លៃណាស់ សម្រាប់យើងទាំងអស់គ្នា។ សំណូមពរឲ្យសមាជិក សមាជិកា គណៈកម្មាធិការមជ្ឈឹមបក្ស និងមន្រ្តីរដ្ឋការ បក្ខជន ម្នាក់ៗ ត្រូវមើលខ្លួនឡើងវិញ កែខ្លួនឱ្យឆ្ងាយពីកំហុសដែលបណ្តាលផលវិបាកមិនអាចទាយទុកជាមុនបាន”។ ប្រការល្អគឺលទ្ធផលក្នុងការកសាងនិងកែសម្រួលបក្សបានពង្រឹងទំនុកចិត្តរបស់ប្រជាជនលើបក្សនិងរដ្ឋ បង្កើតប្ញទ្ធានុភាពថ្មីនិងស្មារតីថ្មី ក្នុងដំណើរការរៀបចំនិងអនុវត្តសេចក្តីសម្រេចចិត្ត  ទៅក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីប្រទេសវៀតណាមមានរចនាសម្ព័ន្ធ សក្តានុពល កិត្យានុភាពនិងឋានៈដូចសព្វថ្ងៃ។

ជាមួយនឹងសមិទ្ធិផលធំធេងនិងអត្ថន័យប្រវត្តិសាស្ត្រ ដែលប្រទេសជាតិដណ្តើមបានក្នុងរយៈពេល ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ជាពិសេសក្នុងអាណត្តិមហាសន្និបាតលើកទី ១២ កាន់តែបង្ហាញច្បាស់ថែមទៀតថា រាល់ការងាររបស់បក្សរួមទាំងវិន័យលើកម្មាភិបាល តែងតែចេញពីស្ថានការណ៍ជាក់ស្តែង ដើម្បីគោលបំណងរួមនៃបុព្វហេតុបដិវត្តដើម្បីឱ្យបក្សសក្តិសមនឹងការស្រឡាញ់ពីប្រជាជន ដើម្បីកម្មាភិបាលនីមួយៗ ជាអ្នកបម្រើរបស់ប្រជាជនយ៉ាងពិតប្រាកដ៕

ប្រតិកម្មទៅវិញ