សញ្ញាសម្គាល់ក្នុងសកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភាវៀតណាមឆ្នាំ ២០១៨

Chia sẻ
(VOVWORLD) -២០១៨ គឺជាឆ្នាំដ៏រស់រវើក និងមានសញ្ញាសម្គាល់ជាច្រើន ក្នុងសកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភាវៀតណាម។ រដ្ឋសភាទទួលបានជោគជ័យក្នុងការជំរុញទំនាក់ទំនងសភាទ្វេភាគី និងពហុភាគី រូមចំណែកជាមួយបក្ស និងរដ្ឋរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ក៏ដូចជាលើកកម្ពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ។
សញ្ញាសម្គាល់ក្នុងសកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភាវៀតណាមឆ្នាំ ២០១៨ - ảnh 1 សន្និសីទវេទិកាអន្តរសភាអាស៊ីប៉ាស៊ីហ្វិកលើកទី ២៦ (APPF 26)

សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភាគឺជាក្របខ័ណ្ឌកិច្ចការបរទេសសំខាន់ ក្នុងសកម្មភាពការទូតទូទៅរបស់វៀតណាម។ ដោយមានគោលមាគ៌ាកិច្ចការបរទេសរបស់បក្ស និងរដ្ឋ ជាពិសេសគឺស្មារតីសកម្មយ៉ាងម្ចាស់ការក្នុងបណ្ដាសកម្មភាពកិច្ចការបរទេសពហុភាគីនោះ រដ្ឋសភាវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងវេទិកាអន្តរសភានៅក្នុងតំបន់ និងអន្តរជាតិ។

អះអាងនូវឋានៈនៅវេទិកាពហុភាគី

ឆ្នាំ២០១៨ រដ្ឋសភាវៀតណាមនៅតែបន្តជាសមាជិកដ៏សកម្មរបស់អង្គការសភាពហុភាគីជាច្រើនដូចជា៖ សហភាពអន្តរសភាពិភពលោក (IPU) សហភាពអន្តរសភាអាស៊ាន  (IPA) សហភាពអន្តរសភាសហគមប្រើប្រាស់ភាសារបារាំង (IPF) ជាដើម។ ក្នុងឆ្នាំ ២០១៨ កន្លងទៅ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមសកម្មភាពជាច្រើនរបស់ មហាសន្និបាតិ សហភាពអន្តរសភាពិភពលោក (IPU) លើកទី ១៣៨ នៅប្រទេសស្វ៊ីស និងចូលរួមសន្នសីទប្រធានរដ្ឋសភាអាស៊ីអឺរ៉ុប (MSEP) លើកទី ៣ នៅប្រទេសទួរគី។

លើសពីនេះទៅទៀត រដ្ឋសភាវៀតណាមក៏បានទទួលរៀបចំដោយម្ចាស់ការនូវបណ្ដាសមហាសន្និបាតនៃវេទិកាអន្តរសភានានា។ ជាពិសេសគឺការរៀបចំសន្និសីទវេទិកាអន្តរសភាអាស៊ីប៉ាស៊ីហ្វិកលើកទី ២៦ (APPF 26) ប្រកបដោយជោគជ័យ។ វេទិកានេះទទួលបានការចូលរួមរបស់តំណាងអន្តរជាតិចំនួន ៣៥៦ រូប ក្នុងនោះមានប្រធានរដ្ឋសភា  និងអនុប្រធានរដ្ឋសភាជាច្រើនរូប នៃបណ្ដាប្រទេស។ ក្រោមការសម្របសម្រួលរបស់រដ្ឋសភាវៀតណាមនោះ (APPF 26) បានអនុម័តលើសេចក្ដីប្រកាសទីក្រុងហាណូយស្ដីពី "ចក្ខុវិស័យថ្មីនៃទំនាក់ទំនងភាពជាដៃគូសភា អាស៊ី - ប៉ាស៊ីហ្វិក" ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃថា៖

“សេចក្ដីប្រកាសទីក្រុងហាណូយមានសារៈសំខាន់ ដែលកំណត់ចក្ខុវិស័យថ្មីរបស់ APPF ក្រោយរយៈពេល ២៥ ឆ្នាំ បង្កើត និងអភិវឌ្ឍន៍។ សេចក្ដីប្រកាសនេះបានអះអាងនូវចក្ខុវិស័យថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូអន្តរសភា ដាក់ចេញភារកិច្ចនានាដែល APPF ចាំបាច់អនុវត្តន៍ ក៏ដូចជាជំរុញ APPF អនុវត្តន៍រាល់សកម្មភាពអភិវឌ្ឍន៍ដោយចីរភាព គ្របដណ្ដប់ និងបង្កើនការតភ្ជាប់សេដ្ឋកិច្ចតំបន់។ នារយៈពេលខាងមុខ APPF ចាំចាច់ត្រូវបន្តផ្លាស់ប្ដូរថ្មីនូវខ្លឹមសាររបៀបវារៈ រួមសហការយ៉ាងជិតស្និទ្ធិថែមទៀតជាមួយអង្គការពហុភាគីនានា ដូចជា៖APEC និងយន្តការសហប្រតិបត្តិការផ្សេងៗទៀត“។

ជំរុញទំនាក់ទំនងទ្វេភាគី

 ២០១៨ ក៏ជាឆ្នាំដែលកត់សម្គាល់ជោគជ័យជាច្រើន ក្នុងទំនាក់ទំនងសភាទ្វេភាគី។ រដ្ឋសភាវៀតណាមបានទទួលស្វាគមន៍គណប្រតិភូសភាជាន់ខ្ពស់ជាង ៣០ ក្រុម នៃបណ្ដាប្រទេសមកបំពេញទស្សនកិច្ច។ ទន្ទឹមនឹងនេះ វៀតណាមក៏បានបញ្ជូនគណប្រតិភូជាង ៣០ ក្រុម ទៅបំពេញទស្សនកិច្ច និងផ្លាស់ប្ដូរ
បទពិសោធន៍ជាមួយបណ្ដាប្រទេស។ លោក Nguyen Van Giau ប្រធានគណកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមបានឲ្យដឹងថា៖

“នេះគឺជាឆ្នាំ ផ្លាស់ប្ដូរគណប្រតិភូជាន់ខ្ពស់ទ្វេភាគីយ៉ាងសម្បូរបែប។ បណ្ដាដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា ជាពិសេសគឺដំណើរទស្សនកិច្ចនៅប្រទេសហូឡង់ ទួរគី និងកូរ៉េខាងត្បូង បាននាំមកនូវលទ្ធផលជាក់ស្ដែង។ នៅក្នុងដំណើរទស្សនកិច្ចទាំងនេះ សកម្មភាពរបស់ប្រធានរដ្ឋសភាមិនត្រឹមតែជំរុញទំនាក់ទំនងរវាង សភានៃប្រទេសទាំងពីរប៉ុណ្ណោះទេ រដ្ឋភានៃប្រទេសទាំងពីរថែមទាំងបង្កើនទំនាក់ទំនងដើម្បីរួមដំណើរជាមួយរដ្ឋាភិបាលទៀតផង ជាពិសេសគឺ ក្នុងដំណើរការអនុវត្តន៍កិច្ចព្រមព្រៀងទ្វេភាគី“។

នាឆ្នាំ ២០១៨ រដ្ឋសភាវៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេស ក្នុងនោះមានកិច្ចព្រមព្រៀង ជាមួយ Duma ជាតិរុស្ស៊ី។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា៖

“ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតគណៈកម្មការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និង Duma ជាតិរុស្ស៊ី។ នេះគឺជាលើកទីមួយហើយ ដែលរដ្ឋសភាវៀតណាមបានបង្កើតយន្តការសហប្រតិបត្តិការអន្តរសភាទ្វេភាគីជាមួយសភានៃប្រទេសដទៃទៀត ប្រការនេះបានបង្ហាញនូវការជឿទុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំនៃភាគីទាំងពីរ ក៏ដូចជាការប្ដេជ្ញាចិត្តជំរុញទំនាក់ទំនងសភារវាងប្រទេសទាំងពីរផងដែរ។

នាបច្ចុប្បន្ននេះ សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភាវៀតណាមកំពុងប្រឈមនឹងឱកាស និងការសាកល្បងដ៏ធំធេង។ ឱកាសធំបំផុតគឺឋានៈរបស់វៀតណាមត្រូវបានលើកកម្ពស់នៅក្នុងតំបន់ និងអន្តរជាតិ។ ទន្ទឹមនឹងនេះ ការសាកល្បងធំបំផុតគឺ ត្រូវរក្សាបរិយាកាសសន្តិភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ ហេតុដូច្នេះហើយ រដ្ឋសភាវៀតណាមគប្បីផ្តោតលើការពង្រឹងទំនាក់ទំនងសភាជាមួយ ប្រទេសជិតខាង និងប្រទេសអាស៊ាននានា ក៏ដូចជា
ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយ និងមិត្តប្រពៃណី ដើម្បីអនុវត្តន៍ល្អនូវភារកិច្ចសំខាន់នេះផងដែរ៕

ប្រតិកម្មទៅវិញ